ខណៈដែលក្រុមហ៊ុន Ford, General Motors និងសូម្បីតែក្រុម Formula 1 បានបង្វែរអ្នកជំនាញរបស់ពួកគេឲ្យមកផលិតម៉ាស៊ីនជំនួយការដកដង្ហើម អំឡុងការផ្ទុះឡើងជំងឺ Covid-19 នេះក្រុមវិស្វករកម្ពុជាមួយក្រុមក៏កំពុងបំពេញភារកិច្ចរបស់ពួកគេដូចគ្នាដែរ។
លោក Allen Dodgson Tan នាយកគម្រោងបច្ចេកវិទ្យាអនុវត្តនៃមូលនិធិ Golden West Humanitarian Foundation (GWHF) បានឲ្យភ្នំពេញប៉ុស្តិ៍ដឹងថាបច្ចុប្បន្នមន្ទីរ ពិសោធន៍ Design Lab របស់ខ្លួនកំពុងប្រើម៉ាស៊ីនបោះពុម្ព 3D ដើម្បីផលិតរបាំងមុខសម្រាប់បុគ្គលិកវេជ្ជសាស្ត្រ និងធ្វើតេស្តម៉ាស៊ីនជំនួយ ការដកដង្ហើមដែលមានតម្លៃទាបសម្រាប់អ្នកដែលឆ្លងវីរុសនេះ។
លោក Tan ថ្លែងថា៖ «តម្លៃផលិតចំណាយត្រឹមតែ ១០០ ដុល្លារប៉ុណ្ណោះក្នុង ១ គ្រឿងដោយបច្ចុប្បន្នម៉ាស៊ីនជំនួយការដកដង្ហើម (LIBV) កំពុងស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្តក្នុងគោលបំណងដោះស្រាយកង្វះម៉ាស៊ីនជំនួយការដកដង្ហើមនៅទូទាំងពិភពលោកហើយជាពិសេសគឺនៅក្នុងប្រទេសកម្ពុជា»។
លោក គង់ ធារ៉ា អាយុ ២៤ ឆ្នាំ និងសម្ព័ន្ធដៃគូមកពីសហរដ្ឋអាមេរិក និងកម្ពុជារួមមានសាជីវកម្ម Cushbots Corporation (US), សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Villanova និង J-Hook Co Ltd (Cambodia) បានរចនាម៉ាស៊ីន LIBV ។
លោក Tan ឲ្យដឹងថា៖ «យើងសង្ឃឹមថាយើងអាចចាប់ផ្តើមផលិតវាក្នុងរយៈពេល ២ ឬ ៣ សប្តាហ៍ទៀត។ ហើយយើងក៏សង្ឃឹមថា ការរចនារបស់យើងនឹងផ្តល់អត្ថប្រយោជន៍សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតដែលធនធានមានកំណត់»។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Patrick Murphy ដែលបានធ្វើទស្សនកិច្ចនៅទីតាំងនេះកាលពីសប្តាហ៍មុនបានមានប្រសាសន៍ថា លោកមានមោទនភាពដែលបានឃើញជនជាតិអាមេរិក និងអង្គការអាមេរិកដើរតួនាទីដើម្បីជួយប្រទេសកម្ពុជាក្នុងការបញ្ឈប់វីរុស Covid-19 នេះ។
លោកបន្ថែមថា កិច្ចខិតខំប្រឹងប្រែងនេះបង្ហាញអំពីភាពជាដៃគូយូរអង្វែង ហើយភ្នាក់ងារសុខភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងសមភាគីកម្ពុជាដែលកំពុងធ្វើការជាមួយគ្នា។
បន្ទប់ពិសោធន៍ Design Lab របស់ GWHF ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដែលជាកន្លែងបោះពុម្ព 3D ធំជាងគេនៅកម្ពុជា។ GWHF ដែលបានបង្កើតកម្មវិធីឯកសារបណ្តុះបណ្តាលថ្នាក់ខ្ពស់ស្តីពីយុទ្ធភណ្ឌ (AOTM) បានទទួលរង្វាន់ផ្នែកគំនិតច្នៃប្រឌិតថ្មី (Innovation Awards Honoree) ក្រោមប្រធានបទ« បច្ចេកវិទ្យាសម្រាប់ពិភពលោកកាន់តែប្រសើរ» ក្នុងពិព័រណ៍ Consumer Electronics Show ឆ្នាំ ២០១៦ នៅទីក្រុង Las Vegas។
វិស្វករចំនួន ៨ នាក់ត្រូវបានបែងចែកជា ២ ក្រុមដោយ ១ ក្រុមមាន ៤ នាក់កំពុងខិតខំធ្វើការយ៉ាងសកម្មក្នុងការផលិតរបាំងមុខសម្រាប់បុគ្គលិកវេជ្ជសាស្ត្រជួរមុខ។ ពួកគេផលិតរបាំងមុខបានចំនួន ៥០ ក្នុង ១ ថ្ងៃ ហើយគ្រោងនឹងផលិតឲ្យបានចំនួន ៣ ០០០។
វិស្វករវ័យក្មេងទាំងនេះបានផ្លាស់ប្តូរវេនគ្នាធ្វើការក្នុងការផលិតរបាំងមុខ (២៤/៧) ដែលនេះគឺជាការប្តេជ្ញាចិត្តមួយដ៏អស្ចារ្យពីក្រុមវិស្វករទាំងនេះ។
លោក Tan លើកឡើងថា៖ «ចំពោះថ្លៃផលិតគឺមានតម្លៃ ៣ ដុល្លារក្នុងមួយឯកតារួមទាំងកម្លាំងពលកម្ម សម្ភារនិងពេលវេលាដំណើរការម៉ាស៊ីន។ នេះគឺមិនរាប់បញ្ចូលការចំណាយលើការគ្រប់គ្រង ឬការជួលអគារ។
លោក Tan ដែលជាប្រធានក្រុមប្រឹក្សាសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាផងដែរនោះបានគូសបញ្ជាក់ថា ឧបករណ៍វេជ្ជសាស្ត្រនេះគឺត្រូវបានប្រើសម្រាប់ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺនេះប៉ុណ្ណោះ។
លោកសង្កត់ធ្ងន់ថា៖ «មានបុគ្គល និងអ្នកមកពីផ្នែកជាច្រើនទៀតបានព្យាយាមទិញរបាំងមុខនេះពីយើងសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្មលក្ខណៈឯកជនរបស់ពួកគេ និងសម្រាប់នាំចេញទៅក្រៅប្រទេស ប៉ុន្តែយើងបានបដិសេធភ្លាមៗ។
លោក ម៉ុក តុងលី (Mork Tongly) អាយុ ២៥ ឆ្នាំម្នាក់ក្នុងចំណោមក្រុមវិស្វករដែលកំពុងធ្វើការនៅទីនោះបាននិយាយថា ម៉ាស៊ីនទាំងនេះតូច ប៉ុន្តែវាអនុញ្ញាតឲ្យយើងផលិតរបាំងមុខបានយ៉ាងល្អ។ ពេលនេះខ្ញុំមានមោទនភាពណាស់ដែលបានធ្វើការ និងជួយប្រទេសរបស់ខ្ញុំដោយប្រើបច្ចេកវិទ្យា»។
លោក Tan បានថ្លែងថា «ម៉ាស៊ីនបោះពុម្ព 3D អនុញ្ញាតឱ្យយើងផលិតនូវផលិតផលប្រកបដោយវិជ្ជាជីវៈ។ គម្រោងនេះបង្ហាញពីរបៀបដែលបដិវត្តន៍ឧស្សាហកម្មទី ៤ អាចផ្តល់ដល់សហគមន៍ដើម្បីឲ្យដោះស្រាយបញ្ហាផ្ទាល់ខ្លួន»។
ការធ្វើមូលដ្ឋាននីយកម្មនៃផលិតកម្មគឺមានសារៈសំខាន់សម្រាប់សន្តិសុខជាតិ ហើយយើងមានកិត្តិយសដែលអាចចូលរួមចំណែកដល់ព្រះរាជាណាចក្រកម្ពុជាទោះក្នុងបរិមាណតិចតួចក៏ដោយ»៕