ធនាគារ​ឯកទេស វីង (​ខេមបូឌា) លីមីតធីត បាន​បោះជំហាន​មួយទៀត​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ដើម្បី​លើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​។

កាលពី​សប្តាហ៍​មុន ធនាគារ​ឯកទេស វីង ដែលជា​អ្នកផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​បាន​ចាប់​ដៃគូ​ជាមួយ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) ដើម្បី​ផ្តល់​ដំណោះស្រាយ​ងាយស្រួល​ក្នុងការ​ទូទាត់​ប្រាក់​ដល់​សមាជិក​របស់​ខ្លួន តាមរយៈ​កម្មវិធី​ស្មាតហ្វូន​វីង​នៅ​តាម​ភ្នាក់ងារ​របស់ខ្លួន​។


ភាព​ជា​ដៃគូ​ថ្មី​នេះ អនុញ្ញាត​ឱ្យ​សមាជិក​របស់ CMA ចំនួន​ ១០១ អាចធ្វើ​ការបង់ប្រាក់រ​បស់​ពួកគេ​តាមរយៈ​សេវាកម្ម​វីង​នៅ​ទូទាំង​ប្រទេស​។


លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វីង មាន​ប្រសាសន៍​ថា​៖ « ជាមួយ​នឹង​វីង ការបង់ថ្លៃ​សមាជិកភាព​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា គឺអាច​ធ្វើ​ទៅ​បាន​ដោយ​ងាយស្រួល ដោយ​លោកអ្នក​គ្រាន់តែ​ប្រើ​ម្រាមដៃ​ចុច​លើ​កម្មវិធី​ស្មាតហ្វូន​វីង ឬ​ទៅ​បង់​តាម​បណ្តាញ​ភ្នាក់ងារ​វីង​ដែល​មាន​នៅ​ទូទាំង​ប្រទេស​»​។


«​យើង​មាន​សេចក្តី​រីករាយ​ក្រៃលែង​ក្នុង​ការធ្វើ​ជា​ដៃគូ​ជាមួយ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ដើម្បី​ពាំនាំ​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត និង​សមត្ថភាព​ដើម្បី​គាំទ្រ​ការរីកចម្រើន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​។


ធនាគារ​ឯកទេស​វីង​ជា​អ្នកផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា​។ រូបថត សហការី


ធនាគារ​ឯកទេស​វីង​ដែលជា​អ្នកផ្តល់​សេវា​ធនាគារ​ចល័ត​នៅ​កម្ពុជា​បាន​ចុះ ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ CMA កាលពី​ថ្ងៃទី​ ៣១ ខែ​មករា​កន្លង​ទៅ ដើម្បី​ប្រកាស​នូវ​ការដាក់​ចេញ​សេវាកម្ម​ថ្មី​នេះ​។

អស់​រយៈពេល​ ១១ ​ឆ្នាំ​កន្លង​មក​នេះ​ធនាគារ​ឯកទេស​វីង​បាន​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ចល័ត​យ៉ាងរឹងមាំ​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ខេត្ត​តាមរយៈ​ការផ្តល់ជូន​នូវ​សេវាកម្ម​ជាច្រើន​ដូចជា ការផ្ទេរ​ប្រាក់ ការទូទាត់​វិក្កយបត្រ ការបញ្ចូល​ទឹកប្រាក់​តាម​ទូរស័ព្ទ និង​ការទូទាត់​សាច់ប្រាក់​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ក្រៅ​ប្រព័ន្ធ​អ៊ីនធឺណិត​។

លោក ផល វ៉ាន់ឌី នាយក​ប្រតិបត្តិ CMA ថ្លែងថា​៖ « ការប្រើប្រាស់​ជម្រើស​នៃ​ការបង់ប្រាក់​ដែល​មាន​បណ្តាញ​រឹងមាំ និង​ប្រកប​ដោយ​សុវត្ថិភាព​បែបនេះ វា​ជា​ការបោះជំហាន​ដ៏សំខាន់​សម្រាប់​យើង ពីព្រោះ​យើង​បាន​ស្វែងរក​មធ្យោបាយ​ជាច្រើន​ដើម្បី​ផ្តល់ជូន​អតិថិជន​របស់​យើង​ប្រកប​ដោយ​ភាពងាយស្រួល​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​»​។

វា​គឺជា​ការផ្លាស់ប្តូរ​មួយ​ដ៏សំខាន់​ពីព្រោះ​ការរៀបចំ​នេះ​នឹង​ជួយ​ដល់​សមាជិក CMA បាន​ប្រមាណ ៨០ ភាគរយ​ដែល​នៅ​តំបន់​ជនបទ ហើយ​ភាគច្រើន​នៃ​ពួកគេ​គឺជា​ស្ត្រី​។

លោក ម៉ានូ រ៉ាចាន់ ថ្លែងថា​៖ «​យើង​ចាត់ទុក​ថា​នេះ​គឺជា​ឱកាស​ដើម្បី​ចាប់​ដៃគូ​ជាមួយ​សមាគម​ដ៏មាន​វិជ្ជាជីវៈ និង​ធំ​បំផុត​មួយ​នៅ​កម្ពុជា​ដែលជា​ការទទួល​ស្គាល់​មួយ​ផ្សេងទៀត​ចំពោះ​ការយក​ចិត្ត​ទុកដាក់​ដល់​អតិថិជន វីង និង​សមត្ថភាព​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ធ្វើឱ្យ​ជីវិត​ប្រជាជន​កម្ពុជា​ក្រីក្រ​រាប់លាន​នាក់​កាន់តែ​ប្រសើរឡើង​»​។

CMA មាន​សមាជិក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​ ១០១​។ រូបថត សហការី

«​ខ្ញុំ​រីករាយ​ណាស់​ដែល​វីង​និង CMA មាន​ចក្ខុវិស័យ​ដូចគ្នា​ក្នុង​ការលើក​កម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​តាមរយៈ​ការផ្តល់​សេវា​ហិរញ្ញវត្ថុ​ងាយស្រួល​ដល់​ប្រជាជន​កម្ពុជា​។ អស់​រយៈពេល​ ១១ ​ឆ្នាំ​កន្លង​មក​នេះ វីង​បាន​ប្តេជ្ញាចិត្ត ដើម្បី​ធានា​ថា ប្រជាជន​កម្ពុជា​ទទួល​បាន​នូវ​ភាពងាយស្រួល និង​សុវត្ថិភាព នៅពេល​ដែល​និយាយ​ដល់​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​»​។

លោក ម៉ានូ រ៉ាចាន់ បាន​បន្ថែមទៀត​ថា​៖ «​វា​គឺជា​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុងការ​ធ្វើឱ្យ​មាន​ភាពខុស​គ្នា​ជា​មូលដ្ឋាន​នៅក្នុង​កម្រិត​ជីវភាព​រស់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដូចជា​ដើម្បី​ឆ្ពោះទៅរក​ការសម្រេច​គោលដៅ​របស់​យើង​ក្នុង​ការបង្កើត​សង្គម​ដែល​មិន​ប្រើ​សាច់ប្រាក់​»​។

លោក​បាន​បន្ថែមទៀតថា CMA បានធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​បាន​ធ្វើជា​គំរូ​ដ៏ល្អ​មួយ​សម្រាប់​ពិភពលោក​ទាំងមូល ដើម្បី​យកតម្រាប់​តាម​ក្នុង​ការផ្តល់​ជូន​នូវ​ភាពងាយស្រួល​ក្នុង​ការទទួល​បាន​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​ទាំង​អ្នកមាន និង គ្មាន​គណនី​ធនាគារ​។

«​វីង​មាន​មោទនភាព​ដែល​ក្លាយជា​ផ្នែក​នៃ​ដំណើរ​ជោគជ័យ​នេះ​តាមរយៈ​សមត្ថភាព​របស់​យើង​ក្នុង​នាម​ជា​ធនាគារ​ឯកទេស​ដែល​ផ្តល់​ការទូទាត់​ប្រាក់​នៅក្នុង​ព្រះរាជាណាចក្រ​»៕