ធនាគារឯកទេសវីង ត្រូវបានទទួលរង្វាន់ជាអន្តរជាតិសម្រាប់ការយកចិត្តទុកដាក់របស់ខ្លួនចំពោះបុគ្គលិកក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩។
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ចំនួន ៣ សម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិយោជិតនៅឆ្នាំ ២០២០ ខណៈពេលមានបញ្ហាប្រឈមនៃជំងឺរាតត្បាត។ ការទទួលស្គាល់ទាំងនេះបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់វីងដើម្បីជំរុញឱ្យមានបរិយាកាសការងារល្អប្រសើរសម្រាប់បុគ្គលិកទាំងអស់ទោះក្នុងកាលៈទេសៈណាក៏ដោយ។
លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេសវីង បានមានប្រសាសន៍ថា៖ «សុវត្ថិភាពរបស់បុគ្គលិកគឺជាអាទិភាពសំខាន់របស់យើង។ ខណៈពេលដែលឆ្នាំ ២០២០ យើងបានប្រឈមនូវបញ្ហាជាច្រើនពីផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតនេះ យើងក៏បានដាក់ចេញនូវវិធានការជាច្រើនដើម្បីធានា ថានិយោជិតរបស់យើងអាចបំពេញភារកិច្ចរបស់ពួកគេប្រកបដោយសុវត្ថិភាព និងស្ថិរភាព»។
នៅក្នុងការទទួលស្គាល់ការខិតខំប្រឹងប្រែងទាំងនេះវីងបានទទួលពានរង្វាន់ «ស្លាកយីហោនិយោជកឆ្នើមនៅកម្ពុជាឆ្នាំ ២០២០» ក្នុងកម្មវិធីប្រគល់រង្វាន់ស្លាកយីហោនិយោជកលើកទី ១៤ ដែលរៀបចំដោយវិទ្យាស្ថាន Employer Branding Institute នៃ World HRD Congress & Stars of the Industry Group។
វីងក៏ត្រូវបានគេទទួលស្គាល់ផងដែរជាមួយនឹងពានរង្វាន់ស្លាកយីហោនិយោជកឆ្នើមអាស៊ី (Asia’s Best Employer Brand award) ក្នុងពិធីដែលបានរៀបចំឡើងដោយស្ថាប័ន World HRD Congress កាលពីខែតុលា ឆ្នាំមុន។
កាលពីពេលថ្មីៗនេះ វីងត្រូវបានផ្តល់កិត្តិយសជាមួយពានរង្វាន់ «ក្រុមហ៊ុនល្អបំផុតរបស់ប្រទេសកម្ពុជា ដើម្បីធ្វើការនៅអាស៊ី» ដោយ HR Asia 2020 សម្រាប់ការប្តេជ្ញាចិត្តរបស់ពួកគេចំពោះនិយោជិត។ នៅក្នុងព្រឹត្តិការណ៍នេះ វីងរួមជាមួយសែលកាតត្រូវបានផ្តល់ជូនដោយទស្សនាវដ្តី Asia HR ដែលជាទស្សនាវដ្តីមួយឈានមុខនៅក្នុងឧស្សាហកម្មនេះ។ ពានរង្វាន់នេះគ្របដណ្តប់ដល់ប្រទេសចិន ហុងកុង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង ថៃ ចិន (តៃវ៉ាន់) វៀតណាម និងមជ្ឈិមបូព៌ា។
ចាប់តាំងពីឆ្នាំមុនមក ដោយអនុលោមទៅតាមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកូវីដ-១៩នៅប្រទេសកម្ពុជា បុគ្គលិកវីងត្រូវបានលើកទឹកចិត្តឱ្យធ្វើការពីផ្ទះដើម្បីរក្សាគម្លាតសង្គមនៅក្នុងការិយាល័យ។ សម្រាប់ការងារនៅក្នុងការិយាល័យវីងផ្តល់ម៉ាស់ និងអាល់កុលដោយឥតគិតថ្លៃហើយបានអនុវត្តការត្រួតពិនិត្យសុខភាពជាប្រចាំ និងការស្ទង់មតិប្រចាំថ្ងៃដែលត្រូវបានអនុវត្តតាំងពីឆ្នាំមុនរហូតដល់បច្ចុប្បន្ន។
ក្រៅពីវិធានការដែលទាក់ទងទៅនឹងកូវីដ១៩ វីងក៏បានបន្តវិនិយោគជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកផងដែរ។
ក្នុងរយៈពេលតែ ១ ឆ្នាំប៉ុណ្ណោះ វីងបានចំណាយពេលជាង ២ ០០០ ម៉ោងក្នុងការបណ្តុះបណ្តាលជំនាញដល់បុគ្គលិកទាំងចាស់ និងថ្មី។ និយោជិតម្នាក់ៗត្រូវបានលើកទឹកចិត្តឱ្យចូលរួមវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអ៊ីនធឺណិតដែលរួមមានវគ្គសិក្សាផ្សេងៗ អំពីការងារប្រចាំថ្ងៃ និងការអភិវឌ្ឍខ្លួនរយៈពេលវែង។ ជារៀងរាល់ឆ្នាំ វីងបង្កើតឱកាសសម្រាប់សិស្សនិស្សិតមកពីស្ថាប័នផ្សេងៗដើម្បីចុះកម្មសិក្សា និងទទួលបាននូវបទពិសោធដ៏មានតម្លៃ។ ជាលទ្ធផលនៃបរិយាកាសការងារដ៏ល្អនៃវីង ៧៦% នៃអ្នកហាត់ការជាមួយវីងបានក្លាយជាបុគ្គលិកពេញម៉ោងនៅក្នុងឆ្នាំ ២០២០ ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីង បានមានប្រសាសន៍ថា៖ «វីងតែងតែប្តេជ្ញាផ្តល់ជូនបុគ្គលិកនូវបទពិសោធល្អបំផុតនៅទីនេះ តាមរយៈការយកចិត្តទុកដាក់ និងបណ្តុះបណ្តាលសមត្ថភាពដល់ពួកគេ។ យើងតែងតែផ្តោតលើការផ្តល់ឱ្យនិយោជិតនូវឱកាសដែលផ្តល់នូវផលប្រយោជន៍សម្រាប់ពួកគេ អាជីវកម្ម និងសហគមន៍ទាំងមូល»។
ការយកចិត្តទុកដាក់ចំពោះសហគមន៍បានស្ថិតនៅក្នុងការតាំងចិត្តរបស់វីងជានិច្ច តាមរយៈការដឹកនាំបុគ្គលិកឱ្យចូលរួមក្នុងសកម្មភាពការទទួលខុសត្រូវសង្គមជាច្រើន។
កាលពីឆ្នាំមុនវីងបានសម្របសម្រួលការរៃអង្គាសប្រាក់សម្រាប់អ្នករត់ម៉ូតូកង់បី និងមគ្គុទេ្ទសក៍ទេសចរណ៍ ដែលរងប៉ះពាល់ដោយកូវីដ១៩ ប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាបសាងសង់ផ្លូវនៅកំពង់ស្ពឺ ឧបត្ថម្ភ គាំទ្រដល់ពលករចំណាកស្រុកកម្ពុជានៅប្រទេសកូរ៉េខាងត្បូង រៀបចំកម្មវិធីបរិច្ចាគឈាមរបស់បុគ្គលិក។
វីងក៏បានសហការជាមួយអង្គការស្នាមញញឹមកម្ពុជា ដើម្បីផ្តល់ការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺ ដែលមានបញ្ហាពិការភាពមុខមាត់ពីកំណើត ការបរិច្ចាគកុំព្យូទ័រយួរដៃ និងសម្ភារផ្សេងៗដើម្បីជួយដល់កុមារដែលកំពុងរស់នៅមជ្ឈមណ្ឌលរក្សាកុមារក្រុមជំនុំដំណឹងល្អពោរពេញកម្ពុជា (FGACCCC) នៅក្នុងខេត្តកំពង់ស្ពឺ គាំទ្រគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទិញវ៉ាក់សាំងកូវីដ ១៩។
វីងក៏បម្រើសេវាផ្តល់មូលនិធិគាំពារសង្គមដល់ប្រជាជនក្រីក្រដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាផងដែរ៕