សហគ្រាស​ផលិត​ឱសថ​ឈាន​មុខ​មួយ​របស់​កម្ពុជា ប៉េប៉េអឹម កំពុង​សម្លឹង​ដល់​ការ​ពង្រីក​ទីផ្សារ​នាំចេញ ​និង​ទីផ្សារ​ក្នុង​ស្រុក

Content image - Phnom Penh Post
ប៉េប៉េអឹម ជាសហគ្រាសផលិតឱសថឈានមុខគេមួយរបស់កម្ពុជា បន្ទាប់ពីដំណើរការអស់រយៈពេល ៦០ ឆ្នាំ។ រូបថត សហការី

បន្ទាប់​ពី​កសាង​កេរ្តិ៍​ឈ្មោះ ​និង​ម៉ាក​យីហោ​ដ៏​រឹងមាំ​នៅ​ក្នុង​អាជីវកម្ម​ឱសថ​រយៈពេល ​៦ ​ទសវត្សរ៍​កន្លង​មក​នេះ សហគ្រាស​ផលិត​ឱសថ ប៉េប៉េអឹម (PPM) កំពុង​សម្លឹង​ទៅ​រក​ការ​បង្កើន​ចំណែក​ទីផ្សារ​ក្នុង​ស្រុក ក៏​ដូចជា​ការ​ពង្រីក​ទីផ្សារ​នាំចេញ​ទៅ​កាន់​ប្រទេស​ថ្មីៗ​ផ្សេង​ទៀត។

សហគ្រាស​ផលិត​ឱសថ ប៉េប៉េអឹម ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស ​កម្ពុជា ជាមួយ​នឹង​ការ​ផលិត ឱសថ​គីណាល់ ជា​ឱសថ​ដំបូង​គេ​បំផុត​របស់​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​១៩៦០ ដោយ​បច្ចុប្បន្ន​សហគ្រាស​ផលិត​ឱសថ ប៉េប៉េអឹម បាន​នាំចេញ​ផលិតផល​បំបាត់​ការ​ឈឺ​ចាប់​នេះ​រួម​នឹង​ផលិតផល​​សុខភាព​ជា​ច្រើន​ទៀត​ ទៅ​កាន់​ប្រទេស​ជា​ច្រើន ដូចជា​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​ ​តំបន់​អាស៊ី​អាគ្នេយ៍ និង​អឺរ៉ុប​ជាដើម​។ គីណាល់​គឺ​ជា​ឱសថ​ដំបូង​គេ​បង្អស់​ដែល​ត្រូវ​បាន​ផលិត​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​ដោយ​លោក​ឱសថ​បណ្ឌិត កុក សុខគីម​។

«​បច្ចុប្បន្ន ចំណែក​ទីផ្សារ​ក្នុង​ស្រុក​របស់​យើង​មាន​ប្រហែល ​៥ ​ភាគរយ ហើយ​យើង​ចង់​បង្កើន​ចំនួន​នេះ​ឲ្យ​បាន​កាន់​តែ​ច្រើន​។ យើង​ចង់​ឱ្យ​ផលិតផល​ក្នុង​ស្រុក​របស់​យើង​កាន់​តែ​មាន​ប្រជាប្រិយភាព​។ ផលិតផល​របស់​យើង​ត្រូវ​បាន​នាំ​ចេញ នេះ​គឺ​ជា​មោទនភាព​របស់​យើង​»​។

Content image - Phnom Penh Post

លោក​ឧកញ៉ា ឱសថ​បណ្ឌិត ហៃ លីអ៊ាង ប្រធាន​អគ្គនាយក​សហគ្រាស​ផលិត​ឱសថ ប៉េប៉េអឹម ថ្លែង​ថា​៖ «វា​ជា​ការ​ល្អ ប្រសិន​បើ​ចំណែក​ទីផ្សារ​ក្នុង​ស្រុក​មាន​លើស​ពី​ ១០ ​ភាគរយ ពី​ព្រោះ​សហគ្រាស​ផលិត​ឱសថ មិន​ត្រឹមតែ​បង្កើត​ការងារ​រួម​ចំណែក​ដល់​សេដ្ឋកិច្ច​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​ដល់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ដើម្បី​ឲ្យ​ពួក​គេ​ចេះ​អភិវឌ្ឍ​ និង​ច្នៃ​ប្រឌិត​ផង​ដែរ​»​។

ក្រៅ​ពី​ឱសថ​គីណាល់ សហគ្រាស​ ប៉េប៉េអឹម ក៏​បាន​បង្កើត​ផលិតផល​ជា​ច្រើន​មុខ​ផ្សេង​ទៀត ដូច​ជា​អាហារ​បំប៉ន វីតាមីន និង​អង់ទីប្យូទិច​ជាដើម ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ចរាចរ​នៅ​ទូទាំង​ប្រទេស​។

«​បន្ទាប់​ពី ​៦០ ​ឆ្នាំ យើង​បាន​ឈរ​យ៉ាង​រឹងមាំ ហើយ​ការ​លក់​ក៏​កំពុង​វិវឌ្ឍ​ទៅ​មុខ​។ យើង​ក៏​បាន​បង្កើន​ផលិតផល​របស់​យើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​។ យើង​បន្ត​ពង្រឹង​ការ​អភិវឌ្ឍ ក៏​ដូច​ជា​ពង្រីក​ទីផ្សារ​របស់​យើង​»​។

លោក​បន្ថែម​ថា​៖ «​ឱសថ​គីណាល់​មិន​ត្រឹម​តែ​ជោគជ័យ​នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គីណាល់​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ពី​អន្តរជាតិ​ផង​ដែរ​»​។

Content image - Phnom Penh Post
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងពិធីអបអរខួប៦០ឆ្នាំនៃការបង្កើតឱសថ​គីណាល់ កាលពីថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៩។

ជាមួយ​នឹង​បុគ្គលិក​ប្រមាណ ​៤០០ ​នាក់ ក្រុមហ៊ុន​បាន​ផលិត​ឱសថ​ និង​ផលិតផល​ផ្សេងៗ​ជា​ច្រើន​ប្រមាណ ​​៥០ ​ប្រភេទ​។

ផ្នែក​មួយ​ទៀត​នៃ​សហគ្រាស ប៉េប៉េអឹម គឺ​ក្រុម​ហ៊ុន Confirel Co., Ltd ដែល​បាន​ផលិត​ និង​អភិវឌ្ឍ​អាហារ​បំប៉ន​ និង​ផលិតផល​សុខភាព​ជា​ច្រើន​ប្រភេទ ក្នុង​នោះ​ក៏​មាន​ផលិតផល​សរីរាង្គ​ជា​ច្រើន ដូច​ជា​ស្ករ​ត្នោត ម្រេច តែ​ម្រេច ដែល​សុទ្ធ​តែ​ផលិត​ឡើង​ពី​វត្ថុ​ធាតុ​ដើម​សរីរាង្គ ដាំដុះ​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​ផ្ទាល់​តែ​ម្តង​។

ផលិតផល​មួយ​ក្នុង​ចំណោម​ផលិតផល​ផ្សេង​ទៀត ដែល​មាន​ការ​គាំទ្រ​ខ្លាំង​គឺ​ ខេម (KEM) ប្រូបាយអូទិក ដែល​ជា​អាហារ​បំប៉ន​បាន​មក​ពី​ការ​បំប្លែង​ពី​ទឹក​រុក្ខជាតិ​ចម្រុះ (Morinda Citrifolia) ​សម្បូរ​ដោយ​ប្រូបាយអូទិក​ល្អៗ​ដែល​វា​មាន​អត្ថប្រយោជន៍​ដ៏​ច្រើន​ដល់​សុខភាព ដូចជា​ប្រឆាំង​ជំងឺ​រលាក​ក្រពះ ព្យាបាល​ជំងឺ​ប្រូស្តាត ប្រឆាំង​បាក់តេរី មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ និង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ដល់​សុខភាព​។

Content image - Phnom Penh Post
លោកឱសថ​បណ្ឌិត ហៃ លី​អ៊ាង ចង់ឲ្យវិស័យឱសថ​របស់​កម្ពុជាក្លាយជាឧស្សាហកម្មដ៏មានសក្តានុពល។

លោក​ឱសថ​បណ្ឌិត ហៃ លីអ៊ាង បន្ថែម​ថា​៖ «​ផលិតផល ខេម គឺ​យើង​នាំចេញ​ស្ទើរ​តែ ៩៥ ភាគរយ​ទៅ​ប្រទេស ​អាហ្វ្រិក ពី​ព្រោះ​គេ​បាន​រក​ឃើញ​ថា ខេម របស់​យើង​បាន​ព្យាបាល​ជំងឺ​ប្រូស្តាត ជា​ផលិតផល​ធម្មជាតិ តម្លៃ​ថោក ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់​»​។​

យោង​តាម​អ្នក​អង្កេត​ក្នុង​ឧស្សាហកម្ម​នេះ​បាន​ឲ្យ​ដឹង​ថា ប្រទេស ​កម្ពុជា ​នាំចូល​ឱសថ​ប្រមាណ ​៩០ ភាគរយ ដែល​មាន​តម្លៃ​ជិត ៣០០ លាន​ដុល្លារ ​ជា​រៀង​រាល់​ឆ្នាំ​។ ក្នុង​នោះ​វិស័យ​ឯកជន​នាំចូល​ឱសថ​មាន​តម្លៃ​ប្រមាណ ​២០០ លាន​ដុល្លារ ​ក្នុង ​១ ឆ្នាំ ខណៈ​រដ្ឋាភិបាល​នាំចូល​ប្រមាណ ១០០ លាន​ដុល្លារ​អាមេរិក​។​

ឱសថ​ដែល​ត្រូវ​បាន​នាំចូល​ភាគ​ច្រើន​មក​ពី​ប្រទេស បារាំង ឥណ្ឌា ចិន រុស្ស៊ី វៀតណាម និង​ថៃ​ជា​ដើម​៕