ហាង​លក់​មាន់​បំពង​ដ៏ល្បីល្បាញ Louisiana Famous Fried Chicken (LFFC) បាន​មកដល់​ទឹកដី​កំណើត​របស់​ម្ចាស់​វា​ហើយ​កាលពី​ឆ្នាំមុន ជាមួយ​នឹង​ការបើក​ហាង​ទី​ ១ ​នៅ​កម្ពុជា​ក្នុង​ផ្សារ​ទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល​។

ប្រវត្តិ​របស់​ហាង​មាន់​បំពង LFFC គឺ​បង្ហាញ​ពី​ជោគជ័យ​របស់​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក ខណៈ​លោក Michael Eng បាន​ទិញ​ខ្សែចង្វាក់​ម្ហូបអាហារ​នេះ​ទាំងមូល​នៅក្នុង​ឆ្នាំ​ ២០០៩ បន្ទាប់ពី​ការខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជិត​ ២ ​ទសវត្សរ៍​។


ការមកដល់​នៃ​ខ្សែចង្វាក់​អាហារ​ឆាប់រហ័ស​អន្តរជាតិ​នៅ​កម្ពុជា​ដែល​មាន​ម្ចាស់​ជា​ជនជាតិខ្មែរ​នេះ​គឺ​វា​បានបង្ហាញ​ពី​ការតស៊ូ និង​បាន​ជំរុញ​ទឹកចិត្ត​លោកស្រី Chan Katarina ដែលជា​អ្នកគ្រប់គ្រង​ហាង​មួយ​នេះ​នៅ​កម្ពុជា​។


«​រឿងរ៉ាវ​របស់​លោក Michael Eng គឺ​ពិតជា​មានការ​ជំរុញ​ទឹកចិត្ត​ខ្លាំងណាស់​។ គ្រប់​ទិដ្ឋភាព​នៃ​ការខិតខំ​ប្រឹងប្រែង​របស់​គាត់ មិន​ត្រឹមតែ​បាន​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​លើក​ទឹកចិត្ត​ដល់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ទៀត​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ​។ ក្រៅពី​ការខិតខំ​ប្រឹងប្រែង លោក​ក៏មាន​ចក្ខុវិស័យ ការប្តេជ្ញាចិត្ត និង​ឆន្ទៈ​ខ្ពស់​ក្នុង​ការកាន់កាប់​ម៉ាក​យីហោ LFFC នេះ​ផងដែរ​»​។


លោកស្រី Chan Katarina


លោកស្រី Katarina បាន​បន្តថា​៖ «​លើសពីនេះ​ទៀត​ការផ្តោត​របស់​គាត់​គឺ​បើក​អាជីវកម្ម​ដែលមាន​ម្ចាស់​ជា​ជនជាតិខ្មែរ ដើម្បី​បំពេញ​នូវ​សេចក្តី​ស្រឡាញ់​របស់គាត់​ចំពោះ LFFC និង​ជា​កេរដំណែល​ខ្មែរ​របស់គាត់​។ វា​បាន​បង្ហាញថា តាមរយៈ​ការខិតខំ​ប្រឹងប្រែង និង​ការតស៊ូ​ព្យាយាម​ធ្វើ​ឱ្យ​ក្តីសុបិន​របស់​មនុស្ស​ម្នាក់​ក្លាយជា​ការពិត​ហើយ​ខ្ញុំ​ចង់​បន្ត​កេរដំណែល​របស់គាត់ ដែល​ជា​ហាង​លក់​មាន់បំពង LFFC នៅ​កម្ពុជា​ដែលជា​មាតុភូមិ​កំណើត​របស់​យើង​»​។


ប្រវត្តិ​ជោគជ័យ​របស់លោក Eng គឺជា​ផ្នែក​មួយ​នៃ​ការខិតខំ​ប្រឹងប្រែង និង​ការប្តេជ្ញាចិត្ត​។ ដោយបាន​មកដល់​សហរដ្ឋ​អាមេរិក​ក្នុង​អាយុ​ទើបតែ​ ១៨ ​ឆ្នាំ ក្នុង​ឆ្នាំ​ ១៩៩២ បន្ទាប់ពី​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម លោក​បាន​ធ្វើការ​ជា​អ្នក​ជូត​សម្អាត​ឥដ្ឋ នៅ​ហាង​លក់​មាន់​បំពង LFFC ក្នុង​ទីក្រុង​ឡូសអេនជឺឡេស រដ្ឋ​កាលីហ្វ័រនីញ៉ា​។

ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍ លោក Eng បាន​ក្លាយជា​ម្ចាស់​ហាង​មាន់​បំពង​ប្រមាណ​ ១០០ ​ហាង​នៃ​ខ្សែចង្វាក់​ទាំងមូល ដោយ​បាន​ទិញយក​ហាង​មាន់​បំពង Louisiana Famous Fried Chicken ពី​ស្ថាបនិក​ឈ្មោះ លោក Joe Dion នៅក្នុង​ឆ្នាំ​ ២០០៩ ។

«​ខ្ញុំ​កើត​នៅក្នុង​ទីក្រុង​ភ្នំពេញ ហើយ​គ្រួសារ​ខ្ញុំ​មិន​សូវ​ធូរធារ​នោះទេ ដូច្នេះ​ខ្ញុំ​មិនបាន​បញ្ចប់​មហាវិទ្យាល័យ​ទេ​។ ដោយ​សង្ឃឹមថា​នឹង​មាន​អនាគត​ល្អ ម្ដាយ​ខ្ញុំ​បាន​ខ្ចីលុយ​គេ ដើម្បី​ឱ្យ​បងស្រី​ខ្ញុំ​ទៅ​សហរដ្ឋអាមេរិក​»​។

«​គាត់​បាន​ចាប់ផ្តើម​ធ្វើការ​ជា​អ្នកគិតលុយ​នៅ​ហាង LFFC ក្នុង​ទីក្រុង​ឡូសអេនជឺឡេស ប្រឹងប្រែង​រកលុយ​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​អាច​គ្រប់គ្រង​ហាង​មួយ​ដោយ​ខ្លួនឯងបាន​។ ខ្ញុំ​មាន​ឱកាស​បាន​ទៅលេង​គាត់ និង​ជួយ​អាជីវកម្ម​របស់​គាត់​។ នៅ​ហាង​នោះ​ហើយ ដែល​ចំណង់​ចំណូលចិត្ត​ចម្អិន​អាហារ​របស់​ខ្ញុំ​បានចាប់ផ្តើម​កើតមានឡើង​»​។

«​ហើយ​ខ្ញុំ​គិតថា ហេតុអ្វី​មិន​បើក ហាង​មាន់​បំពង LFFC នៅក្នុង​ទីក្រុង​ភ្នំពេញ​? ខ្ញុំ​ចង់​ណែនាំ​ប្រជាជន​កម្ពុជា​ឱ្យ​ស្គាល់​រសជាតិ​អាហារ​មាន់​បំពង LFFC ដែលមាន​រសជាតិ​ដ៏ឈ្ងុយឆ្ងាញ់​»​។

លោកស្រី Katarina បន្តថា​៖ «​ខ្ញុំ​ក៏​ចង់​នាំមុខ​ម្ហូប​ភាគ​ខាងត្បូង​មក​ទីផ្សារ​កម្ពុជា និង​ផ្តល់​ឱកាស​ឱ្យ​ប្រជាជន​កម្ពុជា​ដទៃទៀត​ទទួល​បាន​ជោគជ័យ​ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម​ជាមួយ​នឹង​ឱកាស​អាជីវកម្ម​ (​ហ្វ្រេនឆាយ​)​។ ហើយ​បន្ទាប់ពី​ទទួល​បាន​ការយល់ព្រម​ពី​លោក Michael Eng វា​ក៏បាន​ក្លាយជា​ការពិត ដោយ​បាន​បើកហាង LFFC ដំបូង​គេ​នៅ​កម្ពុជា​នៅក្នុង​ផ្សារ​ទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល​»​។

មាន់​បំពង​ដ៏ល្បីល្បាញ​ប្រចាំ​ហាង Louisiana Famous Fried Chicken ។

ស្ថាបនិក LFFC លោក Dion បាន​និយាយ​នៅក្នុង​អត្ថបទ​មាន​ចំណងជើង​ថា​” How Cambodians became kings of beloved South LA fried chicken chain” ដែល​ចុះផ្សាយ​លើ​កាសែត LA Times ក្នុង​ឆ្នាំ​ ២០១៧ ថា​៖ «​ប្រជាជន​កម្ពុជា​គឺជា​ហេតុផល​ដ៏ធំ​មួយ​សម្រាប់​ភាពជោគជ័យ​នៃ​ខ្សែចង្វាក់​នេះ​»​។

លោកស្រី Katarina បាន​លើកឡើង​ថា​៖ «​នៅ​ឆ្នាំ​ ២០០៩, ៩០ ភាគរយ​នៃ​ហាង​ទាំង​ ១០០ ​គឺជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ ហើយ​សព្វថ្ងៃនេះ​មាន​ហាង​សរុប​ចំនួន​ ១៨៥ នៅលើ​ពិភពលោក​»​។

«​យើង​មាន​ហាង​នៅ​ប្រទេស​បូលីវី និង​វៀតណាម​ក៏​ដូចជា​ប្រទេស​កម្ពុជា ប៉ុន្តែ​ភាគច្រើន​គឺ​នៅ​សហរដ្ឋអាមេរិក ស្របពេល​មាន​គម្រោង​បើកហាង​លក់​សិទ្ធិ​ទៅឱ្យ​បណ្តា​ប្រទេស​អាស៊ាន​ និង​ចិន​ផងដែរ​»​។

លោកស្រី Katarina បន្ថែមថា​៖ «​ជំងឺ​កូវីដ​១៩ បាន​ធ្វើឱ្យ​គាំង​ផែនការ​ជាច្រើន រាប់បញ្ចូល​ទាំង​គម្រោង​របស់​យើង​ផងដែរ​។ ប៉ុន្តែ​ឆ្នាំនេះ​យើង​គ្រោង​បើកហាង​បន្ថែមទៀត​រួមជាមួយ​ការផ្សព្វផ្សាយ​ឱកាស​ទទួល​សិទ្ធិ​ធ្វើ​អាជីវកម្ម (​ហ្វ្រេនឆាយ​) សម្រាប់​អ្នកដែល​ចាប់អារម្មណ៍​ក្នុង​អាជីវកម្ម​ម្ហូបអាហារ​ និង​ភេសជ្ជៈ​។ នៅពេល​អនាគត​ដ៏ខ្លី យើង​ក៏មាន​គម្រោង​បើក​សាខា​នៅក្នុង​ខេត្ត​សំខាន់ៗ ដូចជា​ខេត្ត​ព្រះសីហនុ និង​សៀមរាប ជាដើម​»​។

លោក Dion បើកហាង​លក់​មាន់​បំពង LFFC ដំបូងបង្អស់​នៅ South LA ក្នុង​ឆ្នាំ​ ១៩៧៦​។ បុរស​ដែលមាន​ដើមកំណើត​នៅ​រដ្ឋ Michigan អះអាង​ថា លោក​បានទទួល​រូបមន្ត​ពី​ចុងភៅ​លោក Paul Prudhomme មកពី​ទីក្រុង New Orleans ។

«​គ្រឿងផ្សំ​របស់​ជនជាតិ Cajun ត្រូវ​បាន​ធ្វើឡើង​ដោយ​ដៃ​ដោយ​លាយ​ជាមួយ​ម្សៅ​ពិសេស​ដើម្បី​បំពង​សាច់មាន់​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ប្លែក​ពី​មាន់​បំពង​ដទៃ​។ គ្រឿងផ្សំ​ទាំងនេះ​ធ្វើឱ្យ​សាច់មាន់ ​''Cajun Kick''n Chicken'' ទទួល​បាន​ការពេញនិយម​យ៉ាងខ្លាំង​»​។

«​អតិថិជន​ខ្មែរ​ និង​បរទេស​គ្រប់​វ័យ​តែងតែ​ចូលចិត្ត​មាន់​បំពង​របស់​យើង ដែល​ធ្វើឱ្យ​ខ្ញុំ​សប្បាយចិត្ត​ណាស់​។ ភ័ស្តុតាង​ដែល​បង្ហាញថា មាន់​បំពង​របស់​យើង​ឆ្ងាញ់​ប៉ុនណា គឺ​អតិថិជន​បន្ត​មក​ម្តង​ហើយ​ម្តងទៀត​»​។

លោកស្រី Katarina បាន​បញ្ជាក់ថា​៖ «​យើង​ទទួលបាន​សំណើ​ជាច្រើន​ពី​អតិថិជន​ឱ្យ​បើកហាង​បន្ថែមទៀត ដោយ​អ្នកខ្លះ​ថែមទាំង​ស្នើសុំ​ឱកាស​ធ្វើ​អាជីវកម្ម ទិញ​ (​ហ្វ្រេនឆាយ​) ​ពី​យើង​ផងដែរ​។ ដូច្នេះ ខ្ញុំ​គិតថា​មនុស្ស​កាន់តែច្រើន​ជឿជាក់​លើ​រសជាតិ​ដ៏ឈ្ងុយឆ្ងាញ់​នៃ​មាន់​បំពង​របស់​យើង​»៕