ទស្សនៈការងារសប្បុរសធម៌របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប គឺបានជះឥទ្ធិពលដល់គ្រប់ផ្នែកនៃជីវិតរស់នៅក្នុងសង្គមកម្ពុជា។ គំនិតផ្តួចផ្តើមនៃការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) ដែលផ្តោតលើប្រជាជនរបស់ក្រុមហ៊ុនគឺបានធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវិតរស់នៅរបស់សហគមន៍ក្រីក្រជួយដល់ប្រទេសជាតិក្នុងអំឡុងពេលមានគ្រោះមហន្តរាយផ្សេងៗ និងដោះស្រាយការអប់រំដល់បញ្ហាសុខភាពជាដើម។
អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា៖ «វាមានសារៈសំខាន់ណាស់ក្នុងការប្រកាន់លើគោលការណ៍របស់ក្រុមហ៊ុនយើង និងដើម្បីបង្ហាញនូវអ្វីដែលយើងធ្វើ ជាពិសេសនៅក្នុងគ្រាដ៏លំបាក។ យើងគឺជាអាជីវកម្មដែលយកចិត្តទុកដាក់ខ្ពស់ដល់សហគមន៍របស់យើង»។
ក្រុមហ៊ុនដែលបង្កើតឡើងនៅក្នុងស្រុកមួយនេះបានចំណាយប្រាក់រាប់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះជាមួយនឹងគំនិតផ្តួចផ្តើម CSR របស់ខ្លួន ដែលត្រូវបានរាប់បញ្ចូលជាយុទ្ធសាស្ត្រអាជីវកម្មដ៏ទូលំទូលាយ និងបានត្រៀមខ្លួនជាស្រេចដើម្បីជួយដល់កម្មវិធីសង្គមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់គ្រាលំបាក។
កិច្ចខិតខំប្រឹងប្រែងតាមរយៈកម្មវិធី CSR របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនៅក្នុងឆ្នាំនេះគឺផ្តោតសំខាន់លើសកម្មភាពដែលទាក់ទងនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩។ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន កាលពីពេលថ្មីៗនេះ បានបរិច្ចាគថវិកាចំនួន ៣ លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ សម្រាប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
មុនព្រឹត្តិការណ៍នេះ អ្នកឧកញ៉ា និងលោកជំទាវក៏បានបរិច្ចាគថវិកាចំនួន ៣ លានដុល្លារផងដែរ ដើម្បីជួយរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ។ ការចូលរួមវិភាគទានហិរញ្ញវត្ថុរបស់លោកទាំង ២ ដើម្បីដោះស្រាយការគំរាមកំហែងនៃជំងឺកូវីដ១៩ គឺបានចាប់ផ្តើមកាលពីឆ្នាំមុន នៅពេលលោកបានបរិច្ចាគទឹកប្រាក់ចំនួន ៥០០ ០០០ ដុល្លារ នៅពេលដែលជំងឺរាតត្បាតនេះត្រូវបានគេរាយការណ៍ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនទូរទស្សន៍ CBS របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបគឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឈានមុខគេមួយ និងបានដើរតួយ៉ាងសំខាន់នៅក្នុងការផ្តល់ព័ត៌មានដ៏គួរឱ្យជឿទុកចិត្តដល់សាធារណជនអំពីហានិភ័យសុខភាពនៃជំងឺកូវីដ១៩ គិតចាប់តាំងពីការផ្ទុះឡើងនៃជំងឺនេះកាលពីដើមឆ្នាំមុន។
គុណតម្លៃនៃការផ្តល់ត្រលប់ទៅឱ្យសង្គមវិញនេះ គឺត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធ។
ធនាគារឯកទេសវីង (ខេមបូឌា) ដែលជាផ្នែកមួយនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក៏បានចូលរួមវិភាគទានចំនួន ១០ ម៉ឺនដុល្លារដល់អ្នករត់រ៉ឺម៉កកង់ ៣ (Tuk Tuk) ដែលបានបាត់បង់ប្រាក់ចំណូលរបស់ពួកគេបន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ១៩។
ក្រៅពីនេះ វីងក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ផ្សេងៗ ដូចជាមូលនិធិគន្ធបុប្ផា និងអង្គការស្នាមញញឹមកម្ពុជាដែលជាអង្គការក្រៅរដ្ឋាភិបាលមួយផ្តល់ការវះកាត់មាត់ឆែបដល់កុមារដោយឥតគិតថ្លៃ។
នៅមុនពេលជំងឺរាតត្បាតនេះផ្ទុះឡើង អ្នកឧកញ៉ា និងលោកជំទាវតែងតែបរិច្ចាគថវិកាជាប្រចាំដល់កាកបាទក្រហមកម្ពុជា ហើយនៅរៀងរាល់ទិវាកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហមពិភពលោក ដែលប្រារព្វធ្វើឡើងនៅថ្ងៃទី ៨ ខែឧសភា លោកទាំង ២ បានបរិច្ចាគថវិកាចំនួន ៥០ ម៉ឺនដុល្លារដល់អង្គការមនុស្សធម៌ធំបំផុតមួយនេះនៅកម្ពុជា។
ការងារសប្បុរសធម៌របស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ក៏បានផ្តល់ដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ នៅក្នុងឆ្នាំ ២០១៨ អ្នកឧកញ៉ា និងលោកជំទាវបានបរិច្ចាគដីទំហំ ១ ៣៧២ ម៉ែត្រការ៉េ ដែលមានតម្លៃ ៨ លានដុល្លារដល់មូលនិធិគន្ធបុប្ផាកម្ពុជាដែលបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ជំនួយមនុស្សធម៌របស់លោកទាំង ២ ក៏បានទៅដល់ជនរងគ្រោះដោយទឹកជំនន់ក្នុងខែតុលា ឆ្នាំ ២០២០ ផងដែរ នៅពេលដែលលោកបានបរិច្ចាគទឹកប្រាក់ ២០ ម៉ឺនដុល្លារ ខណៈក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Cellcard ដែលជាក្រុមហ៊ុនមួយផ្សេងទៀតស្ថិតនៅក្រោមក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានផ្តល់ជូននូវការតេចេញ និងការប្រើប្រាស់ទិន្នន័យដោយឥតគិតថ្លៃ សម្រាប់ជនរងគ្រោះដោយទឹកជំនន់ក៏ដូចជាផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រ និងក្រុមជួយសង្គ្រោះចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះក្នុងគ្រោះមហន្តរាយធម្មជាតិនេះ។
ខណៈដែលក្រុមហ៊ុនធានារ៉ាប់រង Infinity Insurance របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេរបស់កម្ពុជាបានសហការជាមួយអង្គការ Sustainable Cambodia, Komar Pikar Foundation និង Riverkids ដើម្បីគាំទ្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនជាពិសេសកុមារមកពីសហគមន៍ក្រីក្រ។
តាមវិធីនេះជាមួយនឹងជំងឺកូវីដ១៩ ផ្ទុះឡើង វាបានបញ្ជាក់ពីតម្រូវការបន្ថែមក្នុងការ «ឱ្យត្រលប់» ខណៈការប្រឹងប្រែងកាលពីពេលថ្មីៗរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប បានបង្ហាញពីការបន្តការប្តេជ្ញាចិត្តរបស់ខ្លួនឈានមុខគេជាមួយគម្រោង CSR ដ៏ធំទូលាយរបស់ខ្លួននៅក្នុងការគាំទ្រដល់ចក្ខុវិស័យរបស់រដ្ឋាភិបាលសម្រាប់ការរីកចម្រើន និងការច្នៃប្រឌិតនៃសង្គមជាតិ៕