កម្មករកំពុងមមាញឹកក្នុងការជួសជុលផ្លូវជាតិលេខ ៥ ដែលជាសរសៃឈាមដ៏សំខាន់មួយនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង។ នៅពេលបញ្ចប់ការសាងសង់ ច្រករបៀងនេះនឹងភ្ជាប់ទៅកាន់ទីក្រុងបាងកក និងទីក្រុងហូជីមិញ និងពង្រីកទៅដល់ប្រទេសភូមា។
លោក ឌុន វណ្ឌីរីហ្គែន មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននាយកដ្ឋានផ្លូវថ្នល់ថ្លែងថា វានឹងក្លាយជាសមិទ្ធផលដែលមិនអាចប្រកែកបាននៅក្នុងការធ្វើនគរូបនីយកម្ម ខណៈការស្ថាបនាផ្លូវវាង និងស្ពាននឹងជួយធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពផ្លូវថ្នល់ក៏ដូចជាការដឹកជញ្ជូនរបស់សហគមន៍ក្នុងតំបន់ទាំងមូលផងដែរ។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន (JICA) ផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA) ចំនួន ៦០០ លានដុល្លារក្នុងអត្រាការប្រាក់ ០,០១ ភាគរយ ដើម្បីស្ថាបនា និងកែលម្អបណ្តាញហេដ្ឋារចនាសម្ព័ន្ធនេះ។
គម្រោងនេះលាតសន្ធឹងពីជាយក្រុងភ្នំពេញឆ្លងកាត់តាមខេត្តកណ្ដាលរហូតដល់ខេត្តបន្ទាយមានជ័យកាត់តាមខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងមានប្រវែងជាង ៣៥០ គីឡូម៉ែត្រ។
ការស្តារឡើងវិញផ្លូវជាតិនេះគឺផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន មិនត្រឹមតែសម្រាប់ការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែប្រជាពលរដ្ឋអាចដឹកកសិផលទៅកាន់ទីផ្សារបានកាន់តែងាយស្រួល ជួយលើកកម្ពស់ជីវភាពប្រជាជនកាន់តែប្រសើរ។
លោក មូល ម៉ឺន ប្រធានសហគមន៍ជ្រៃបង្កើនផលមកពីស្រុកមោងឫស្សីខេត្តបាត់ដំបងបានរៀបរាប់ថា៖ «ខ្ញុំពិតជារីករាយណាស់ដែលអង្គការ JICA បានកែលម្អផ្លូវជាតិនេះ ហើយសហគមន៍របស់លោកកំពុងទន្ទឹងរង់ចាំពេលផ្លូវសាងសង់រួច។ បច្ចុប្បន្នសហគមន៍ជ្រៃបង្កើនផលមានសមាជិកចំនួន ១២១ គ្រួសារ។
លោក ម៉ឺន ថ្លែងថា៖ «ពីមុនសហគមន៍របស់លោកធ្លាប់ប្រមូលផលស្រូវបានតែ ៣៩ តោនប៉ុណ្ណោះក្នុង ១ ឆ្នាំប៉ុន្តែបន្ទាប់ពីទទួលបានការបណ្តុះបណ្តាលពីអង្គការ JICA សហគមន៍លោកប្រមូលផលបានជាង ១០០ តោនក្នុង ១ ឆ្នាំ។
នៅឆ្នាំ ២០០៩ មុនពេលដែលអង្គការ JICA ចាប់ផ្តើមជួយបណ្តុះបណ្តាលកសិករ ពួកគាត់ធ្វើស្រែបានតែម្តងប៉ុណ្ណោះក្នុង ១ ឆ្នាំ ប៉ុន្តែពេលនេះពួកគាត់អាចធ្វើបាន ២ ដងក្នុង ១ ឆ្នាំហើយនៅក្នុងឆ្នាំ ២០១៤ សហគមន៍របស់លោកឈ្នះពានរង្វាន់កសិករគំរូក្នុងឆ្នាំ ២០១៨ អង្ករផ្ការំដួលរបស់សហគមន៍លោកបានឈ្នះពានរង្វាន់អង្ករល្អបំផុតក្នុងពិភពលោក និងក្នុងឆ្នាំ ២០១៩ បានឈ្នះពានអង្ករសែនក្រអូបល្អបំផុត។
លោក ម៉ឺន លើកឡើងថា៖ «បញ្ហាប្រឈមធំបំផុតរបស់យើងនៅពេលនេះគឺយើងផលិតស្រូវបានច្រើនជាងអ្វីដែលយើងអាចស្តុកទុកនៅក្នុងឃ្លាំងរបស់យើងបាន។ ពេលខ្លះតម្រូវការគឺខ្ពស់ណាស់សម្រាប់អង្កររបស់សហគមន៍យើងដែលលោកមិនអាចបំពេញតាមការបញ្ជាទិញបាន។ ទោះយ៉ាងណា កសិករក៏ជួបការលំបាកដែរ ខណៈរដូវប្រាំងក្នុងឆ្នាំនេះមានសភាពហួតហែង និងក្តៅខ្លាំង»។
«យើងពឹងផ្អែកលើប្រព័ន្ធធារាសាស្ត្រដើម្បីស្រោចស្រព្វដីស្រែរបស់យើងហើយចាប់តាំងពីអង្គការ JICA ចាប់ផ្តើមជួយប្រព័ន្ធធារាសស្ត្រ យើងអាចប្រើប្រាស់បានលើកដីស្រែមួយចំនួនដែលនៅជិតផ្លូវទឹក ប៉ុន្តែបន្ទាប់ពីការងារនេះបញ្ចប់រួចរាល់ យើងរំពឹងថានឹងអាចស្រោចស្រពលើដីស្រែប្រមាណ ៦០ ហិកតាបន្ថែម ហើយនឹងអាចទទួលបានទិន្និផលស្រូវប្រមាណ ១០០-២០០ តោន ច្រើនជាងអ្វីដែលយើងទទួលបានពេលបច្ចុប្បន្ន»។
តាមផ្លូវទៅមុខទៀតគឺគម្រោងធារាសាស្ត្រវត្តជ្រេ និងគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកធំៗមួយចំនួនទៀតរបស់អង្គការ JICA នៅក្នុងប្រទេសកម្ពុជា ។
JICA ផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA) ជិត ៤១,៥ លានដុល្លារ សម្រាប់គម្រោងសាងសង់នេះ។
ពេលនេះរួចរាល់បាន ៩៥ ភាគរយហើយវាមិនត្រឹមតែគ្រប់គ្រងប្រព័ន្ធរំដោះទឹកប៉ុណ្ណោះទេ ថែមទាំងបញ្ជូនទឹកដល់ប្រជាកសិករនៅទូទាំងតំបន់តាមរយៈប្រឡាយរងដែលនឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋចំនួន ៨ ៥០០ គ្រួសារ។ នេះបើយោងតាមការស្ទាបស្ទង់រួមគ្នារបស់អង្គការ JICA និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ពីមុនប្រជាកសិករពឹងផ្អែកតែទៅលើប្រឡាយធារាសាស្ត្រដែលមិនល្អ ដែលបានសាងសង់ដោយប្រើកម្លាំងពលកម្មក្នុងសម័យខ្មែរក្រហម។
លោក Akio Yamashita ប្រធានគម្រោងគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកនៅខាងលិចបឹងទន្លេសាបបានធ្វើការកត់សម្គាល់ថាប្រឡាយមេត្រូវបានស្តារឡើងវិញតាមរយៈជំនួយរបស់ចិន។ នេះគឺជាឧទាហរណ៍ដ៏ល្អមួយនៃកិច្ចសហប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។
នៅពេលគម្រោងទាំងនេះរួចរាល់ វានឹងជួយធានាដល់សហគមន៍ដែលពឹងផ្អែកលើធនធានទឹកជួយបង្កើនចំណូលរបស់ពួកគេដែលនឹងធ្វើឲ្យជីវភាពរស់នៅកាន់តែប្រសើរ។
អ្នកស្រី ម៉ៅ អាយុ ៤២ ឆ្នាំបានប្រាប់ភ្នំពេញប៉ុស្តិ៍តាមរយៈអ្នកបកប្រែថាអ្នកស្រីរកប្រាក់ចំណូលបន្ថែមតាមរយៈការលក់ភេសជ្ជៈនំ ចំណី រួមផ្សំនឹងការធ្វើស្រែ លក់បន្លែ និងផ្លែស្វាយជាដើម។
អ្នកស្រី ម៉ៅ បន្ថែមថា «ខ្ញុំពិបាករកប្រភពទឹកប្រើប្រាស់ណាស់ពីព្រោះពេលខ្លះមានច្រើនពេលខ្លះមិនមាននោះទេ។ យើងរំពឹងថានឹងមានទឹកគ្រប់គ្រាន់បន្ទាប់ពីគម្រោងនេះបានបញ្ចប់រួចរាល់ ដូច្នេះខ្ញុំពិតជារីករាយណាស់ដែលដឹងថា គម្រោងនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗ ពីព្រោះវាមិនត្រឹមតែជួយខ្ញុំប៉ុណ្ណោះទេថែមទាំងជួយដល់សហគមន៍ទាំងមូលផងដែរ»៕