លោក Tony Fernandes អគ្គនាយក​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia បាន​ផ្លាស់ប្តូរ​ក្រុមហ៊ុន​មួយ​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​ម៉ាក​យីហោ​លំដាប់​ពិភពលោក និង​ធ្វើឱ្យ​ការធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​មាន​តម្លៃ​សមរម្យ​សម្រាប់​មនុស្ស​រាប់លាន​នាក់​នៅក្នុង​តំបន់​លើស​ពី​នេះ​ទៀត​បាន​យក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការការពារ​បរិស្ថាន​ដ៏មាន​តម្លៃ​ដែល​កំពុង​ប្រឈម​នឹង​ការគំរាម​កំហែង​។

ក្រុមហ៊ុន​អាកាសចរណ៍ AirAsia គិតគូរ​យ៉ាង​ខ្លាំង​លើ​អាទិភាព​សំខាន់ៗ ជាពិសេស​នៅពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ការបំភាយ​ឧស្ម័ន​កាបូន ការប្រែប្រួល​អាកាសធាតុ ការគំរាមកំហែង​ដល់​សន្តិសុខ​ស្បៀង និង​ការកើនឡើង​កម្ពស់​ទឹកសមុទ្រ​ដែល​បញ្ហា​ទាំងអស់​នេះ​បង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​មនុស្ស​រាប់លាន​នាក់ ជាពិសេស​ប្រជាជន​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។


លោក Fernandes មាន​ប្រសាសន៍​ថា​៖ «​និរន្តរភាព​សម្រាប់​ខ្ញុំ ប្រាកដ​ណាស់​គឺ​បរិស្ថាន​ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia កំពុង​ព្យាយាម​ធ្វើ​រឿង​ ៣ ​យ៉ាង​»​។


លោក Fernandes: និរន្តរភាព​សម្រាប់​ខ្ញុំ ប្រាកដ​ណាស់​គឺ​បរិស្ថាន​។


លោក Fernandes ថ្លែង​នៅក្នុង​ពិធី​បង្ហាញ​យន្តហោះ AirAsia ជាមួយ​នឹង​តែម​ថ្មី​ប្រកបដោយ​ភាព​ទាក់ទាញ​នៅក្រោម​ប្រធានបទ​ «​ទេសចរណ៍​អាស៊ាន​ប្រកប​ដោយ​ចីរភាព​» (Sustainable Asean Tourism) ក្នុង​ទីក្រុង​បាងកក​កាលពី​ថ្ងៃទី​ ៩ ខែ​សីហា​ថា​៖ «​ចំណុច​ទី​ ១ គឺ​មុនពេល​យើង​ចាប់ផ្តើម​ការហោះហើរ​ផ្លូវ​ថ្មី យើង​នឹង​ជួប​សហគមន៍​មូលដ្ឋាន ហើយ​សួរ​ពួកគេ​ថា​តើ​ចង់​ឲ្យ​យើង​ធ្វើ​អ្វី តើ​តំបន់​ណា​ដែល​ពួកគេ​មិន​ចង់​ឲ្យ​យើង​ប៉ះពាល់ និង​ការងារ​អ្វីដែល​ពួកគេ​ចង់បាន​។ យើង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហគមន៍​មូលដ្ឋាន​។ ដូច្នេះ​យើង​មិន​បាន​ធ្វើឲ្យ​ខូចខាត​ ឬ​ប៉ះពាល់​អ្វី​ទាំងអស់​ដល់​វិស័យ​ទេសចរណ៍​»​។


ខណៈ​ពេល​ដែល​វិស័យ​ទេសចរណ៍​បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៅ​ជុំវិញ​ពិភពលោក​នោះ អ្នកជំនាញ​ក៏បាន​អះអាងថា​ការធ្វើ​ដំណើរ​ទេសចរណ៍​ច្រើន​កកកុញ ទេសចរណ៍​ដែល​គ្រប់គ្រង​មិនបាន​ល្អ កំពុង​នាំ​ទៅ​រក​ការប៉ះពាល់​បរិស្ថាន បង្កើត​បាន​ការកកស្ទះ​ខ្លាំង​នៅក្នុង​ទីក្រុង​ដែល​បង្កើត​បាន​ជា​សម្ពាធ​ខ្លាំង​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធាន​ធម្មជាតិ​។


លោក​បាន​បន្ត​ថា​៖ «​ចំណុច​ទី​ ២ ខ្ញុំ​គិតថា​វា​សំខាន់​ណាស់​ដោយ​យើង​ប្រើប្រាស់​ម៉ាក​យីហោ​ដ៏មាន​ឥទ្ធិពល​បំផុត​របស់​យើង ដើម្បី​ឱ្យ​ពួកគេ​យល់ដឹង​អំពី​ការថែរក្សា​ទីក្រុង រមណីយដ្ឋាន ឬ​ឆ្នេរសមុទ្រ កុំ​ឲ្យ​បំផ្លិចបំផ្លាញ​ទីកន្លែង​ដ៏ស្រស់ស្អាត​ទាំងនោះ ហើយ​ចំណុច​ទី​ ៣ ​គឺ​ព្យាយាម​ធ្វើឱ្យ​អ្នក​ដំណើរ និង​ភ្ញៀវ​របស់​យើង​ចេះ​ចូលរួម​សម្អាត​កន្លែង​ដែល​ពួកគេ​បាន​ទៅ​ទស្សនា និង​ចង់​ធានាថា​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia គឺជា​ដៃគូ​ទេសចរណ៍​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​»​។

AirAsia បង្ហាញ​ការរចនា​តែម​ថ្មី​លើ​យន្តហោះ Airbus A320 ដ៏ប្រណីត​របស់​ខ្លួន រំលេច​ដោយ​ពាក្យ «​ទេសចរណ៍​អាស៊ាន​ប្រកប​ដោយ​ចីរភាព​» កាលពី​ថ្ងៃទី​ ៩ សីហា ក្នុង​ទីក្រុង​បាងកក​។

ថ្លែង​នៅក្នុង​ពិធី​នោះ​ដែរ​លោក Vijavat Isarabhakdi ទីប្រឹក្សា​ក្រសួង​ការបរទេស​ថៃ​មាន​ប្រសាសន៍​ថា​៖« អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​អាស៊ាន​បានធ្វើ​សមាហរណកម្ម និង​ភ្ជាប់​ទំនាក់ទំនង​គ្នា​កាន់តែ​ច្រើន​ជាង​ពេលណាៗ​ទាំងអស់​។ មិនអាច​បដិសេធ​បានទេ​គឺថា​អាស៊ាន​ជា​តំបន់​មួយ​ដែល​មាន​ភាពទាក់ទាញ​ខ្លាំង​»​។

«​មនុស្ស​មកពី​ជុំវិញ​ពិភពលោក​បាន​ធ្វើ​ដំណើរ​មកកាន់​តំបន់​នេះ ដោយសា​ភាព​ទាក់ទាញ​លើ​ផ្នែក​វប្បធម៌ ប្រជាជន ទេសភាព ម្ហូបអាហារ ធម្មជាតិ សិប្បកម្ម ការដើរ​ទិញ​ទំនិញ និង​ការកម្សាន្ត​ផ្សេងៗ​ជាច្រើន​ទៀត​។

ក្រុមហ៊ុន​អាកាសចរណ៍ AirAsia កំពុងស្ថិត​នៅក្នុង​ចំណោម​អ្នក​ដែល​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​អាស៊ាន មិន​ត្រឹម​តែមាន​ទំនូល​ខុសត្រូវ​ខ្ពស់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព​ផងដែរ​»​។

AirAsia បង្ហាញ​ការរចនា​តែម​ថ្មី​លើ​យន្តហោះ Airbus A320 ដ៏ប្រណីត​របស់​ខ្លួន រំលេច​ដោយ​ពាក្យ «​ទេសចរណ៍​អាស៊ាន​ប្រកប​ដោយ​ចីរភាព​» កាលពី​ថ្ងៃទី​ ៩ សីហា ក្នុង​ទីក្រុង​បាងកក​។

លោក Vijavat បន្ត​ថា​៖ « ដើម្បី​ឱ្យ​អាស៊ាន​ទទួល​បាន​ជោគជ័យ​ក្នុងការ​លើកកម្ពស់​និរន្តរភាព​វិស័យ​ទេសចរណ៍​ប្រទេស​ថៃ​បាន​ផ្តោត​យក​ចិត្ត​ទុកដាក់​ខ្ពស់​ទៅ​លើ​ការលើក​កម្ពស់​ភាព​ជា​ដៃគូ​ និង​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​វិស័យ​ទាំងអស់​មិន​ថា​ជា​វិស័យ​សាធារណៈ វិស័យ​ឯកជន សង្គម​ស៊ីវិល ឬ​នៅ​ថ្នាក់មូលដ្ឋាន​នោះទេ​»​។

ក្រុមហ៊ុន​អាកាសចរណ៍ AirAsia បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​លើកកម្ពស់​វិស័យនេះ​តាមរយៈ​ការអប់រំ​ដល់​អ្នកដំណើរ កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូន គ្រប់គ្រង​កាកសំណល់ ប្រមូល​ និង​បែងចែក​សំរាម​នៅលើ​យន្តហោះ​ដែល​អាច​កែច្នៃ​ឡើងវិញ​បាន និង​កម្មវិធី​ទេសចរណ៍​តាម​សហគមន៍​ដូចជា​កម្មវិធី ''Journey D'' និង​ការជំរុញ​គំនិត​ផ្តួចផ្តើម​សហគ្រាស​សង្គម​នៅ​ទូទាំង​តំបន់​អាស៊ាន​តាមរយៈ​មូលនិធិ AirAsia Foundation របស់​ក្រុមហ៊ុន​។

ក្នុង​ពិធី​ដ៏អធិកអធម​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​បាងកក​នោះ​ដែរ ក៏​មាន​ការចូលរួម​ពី​មន្ត្រី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ជាច្រើន ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏លេចធ្លោ​មួយ​នេះ​បាន​បង្ហាញ​នូវ​ការរចនា​តែម​យន្តហោះ​ថ្មី​ដ៏​ប្រណីត និង​ស្រស់ស្អាត​អម​ដោយ​ពាក្យ​ «​ទេសចរណ៍​អាស៊ាន​ប្រកប​ដោយ​ចីរភាព​» ​នៅលើ​យន្តហោះ Airbus A320 ដ៏ថ្មី​សន្លាង​របស់​ខ្លួន​ស្រប​ជាមួយ​នឹង​ឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​អាស៊ាន​។

AirAsia បង្ហាញ​ការរចនា​តែម​ថ្មី​លើ​យន្តហោះ Airbus A320 ដ៏ប្រណីត​របស់​ខ្លួន រំលេច​ដោយ​ពាក្យ «​ទេសចរណ៍​អាស៊ាន​ប្រកប​ដោយ​ចីរភាព​» កាលពី​ថ្ងៃទី​ ៩ សីហា ក្នុង​ទីក្រុង​បាងកក​។

«​វា​ជា​ស្នាដៃ​សិល្បៈ​ដ៏ស្រស់ស្អាត​ និង​រស់រវើក ហើយ​យើង​សង្ឃឹម​ថា​វា​នឹង​ទាក់ទាញ​ក្រសែភ្នែក​អ្នកដំណើរ​ក៏ដូចជា​ផ្តល់​អត្ថប្រយោជន៍ និង​ការធ្វើ​ដំណើរ​ប្រកប​ដោយ​និរន្តរភាព សម្រាប់​ប្រជាជន​អាស៊ាន​ប្រមាណ ៦៥០ លាន​នាក់​។

ក្រុមហ៊ុន​អាកាសចរណ៍ AirAsia កំពុង​ស្ថិត​ក្នុង​ទីតាំង​មួយ​ដ៏ល្អ​បំផុត​ក្នុង​ការអនុវត្ត​គម្រោង​ទេសចរណ៍​ប្រកប​ដោយ​​និរន្តរភាព​របស់​ខ្លួន ខណៈ​ក្រុមហ៊ុន​មួយ​នេះ​បាន​ភ្ជាប់​ទៅ​គោលដៅ​ចំនួន ១៥០ នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

ចាប់តាំងពី​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​ ២០០១ ​មក​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ដឹក​អ្នកដំណើរ​បាន​ជាង​ ៥០០ ​លាន​នាក់ និង​បាន​បង្កើន​ចំនួន​យន្តហោះ​របស់​ខ្លួន​ពី​ចំនួន​ ២ ​គ្រឿង​រហូត​ដល់​ជាង​ ២០០ ​គ្រឿង​៕