បន្ទាប់ពី​ពង្រីក​ទៅកាន់​ទីផ្សារ​ជាច្រើន​នៅ​ទូទាំង​តំបន់​អាស៊ាន ក្រុមហ៊ុន​ធានារ៉ាប់រង Etiqa Insurance ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​បានមក​កាន់​ទីផ្សារ​កម្ពុជា​ដោយ​ផ្តល់ជូន​នូវ​ផលិតផល​ធានារ៉ាប់រង​ជាច្រើន​ប្រភេទ ខណៈ​ប្រជាជន​កម្ពុជា​តិច​ជាង​ ៣ ​ភាគរយ​ប៉ុណ្ណោះ​ដែលមាន​ធានារ៉ាប់រង​។

ក្រុមហ៊ុន​ធានារ៉ាប់រង​ដែលជា​បុត្រសម្ព័ន្ធ​នៃ​ធនាគារ Malayan Banking Bhd មាន​មូលដ្ឋាន​នៅ​ទីក្រុង​គូឡាឡាំពួ Etiqa បានចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន​កាលពី​ថ្ងៃទី​ ៩ ​ខែ​មីនា​ជាមួយ​នឹង​បាវចនា​ «​នាំយក​ធានារ៉ាប់រង​ងាយស្រួល​ និង​ឆាប់រហ័ស​ដល់​ប្រជាជន​កម្ពុជា​» ដែល​ភាគច្រើន​ប្រើប្រាស់​វេទិកា​ឌីជីថល​។


«​ក្រុមហ៊ុន Etiqa បាន​ចាប់ផ្តើម​ពង្រីក​នៅ​តំបន់​អាស៊ាន​ក្រៅពី​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហបុរី​ក្នុង​ឆ្នាំ​ ២០១៥​។ រហូតមកដល់​ពេលនេះ​យើង​បាន​ពង្រីក​ទៅកាន់​ប្រទេស​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​មុនពេល​ចូលមក​កាន់​ប្រទេស​កម្ពុជា ជា​ទីផ្សារ​កំពុង​រីកចម្រើន​ដែល​យើង​គិតថា មាន​សក្តានុពល​នៃ​កំណើន​ដ៏ល្អប្រសើរ​»​។


លោក Clarence Lit អគ្គនាយក​ក្រុមហ៊ុន Etiqa Life Insurance Cambodia បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​ក្រុមហ៊ុន Etiqa តែងតែ​ផ្តល់នូវ​ដំបូន្មាន​ល្អ​បំផុត​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​នៃ​របៀប​រស់នៅ​របស់​អតិថិជន​ និង​ផ្តល់នូវ​ធានារ៉ាប់រង​ឆាប់រហ័ស​ និង​ងាយស្រួល​ដល់​អតិថិជន​រួមមាន​ការទិញ​ធានារ៉ាប់រង ការទូទាត់ និង​ការគាំទ្រ​ផ្សេងៗ​។ យើង​កំពុង​នាំយក​នូវ​ធានារ៉ាប់រង​ដ៏ងាយស្រួល និង​ឆាប់រហ័ស​ដើម្បី​បម្រើ​ដល់​ប្រជាជន​កម្ពុជា​»​។


ក្រុមហ៊ុន Etiqa មើលឃើញ​សក្តានុពល​របស់​ប្រជាជន​កម្ពុជា​វ័យក្មេង​។


ទីផ្សារ​ធានារ៉ាប់រង​អាយុជីវិត​ក្នុង​ប្រទេស​កម្ពុជា​នៅមាន​ច្រើន ខណៈ​ប្រជាជន​ប្រមាណ​ ៩០ ​ភាគរយ​នៅ​មិនទាន់​មាន​ធានារ៉ាប់រង​នៅឡើយ ដូច្នេះ​វា​ជា​ទីផ្សារ​មួយ​ដែល​មាន​ភាពទូលំទូលាយ​សម្រាប់​ក្រុមហ៊ុន​ដែល​នៅក្នុង​ឧស្សាហកម្ម​មួយ​នេះ​។


លើសពីនេះ​ទៀត​កត្តា​ប្រជាសាស្ត្រ​ដោយ​ ៦៥ ​ភាគរយ​នៃ​ប្រជាជន​កម្ពុជា​មាន​អាយុ​ក្រោម ៣៥ ​ឆ្នាំ​ហើយ​អ្នក​ដែលមាន​ចំណូល​មធ្យម​កំពុង​កើនឡើង ដូច្នេះ​វា​ទាមទារ​ឲ្យ​មាន​សេវា​ថែទាំ​សុខភាព​ល្អប្រសើរ ការត្រៀម​សម្រាប់​ការចូលនិវត្តន៍​បូករួម​ជាមួយ​នឹង​ការយល់ដឹង​កាន់តែ​ច្រើន​ទាក់ទង​នឹង​សារៈសំខាន់​នៃ​ធានារ៉ាប់រង​ដែល​កំពុង​ជំរុញ​ឲ្យ​ផលិតផល​ធានារ៉ាប់រង​កើនឡើង​។

បច្ចុប្បន្ន​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​សរុប​ចំនួន ​៩ កំពុង​ប្រតិបត្តិការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ចំនួន​ ១៤ ​ផ្សេង​ទៀត​កំពុង​ផ្តល់​ជូន​នូវ​សេវាកម្ម​ជាច្រើន​រាប់​ចាប់តាំងពី​ធានារ៉ាប់រង​ម៉ូតូ រហូត​ដល់​ធានារ៉ាប់រង​អគ្គិភ័យ​។

យោងតាម​សមាគម​ធានារ៉ាប់រង​កម្ពុជា​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំមុន​បុព្វលាភ​សរុប​មាន​ចំនួន ១៤៣ ​លាន​ដុល្លារ បើ​ប្រៀបធៀប​ទៅនឹង​ ១០០ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨ ដែលមាន​កំណើន​ចំនួន​ ៤២,៤ ភាគរយ​។

ទន្ទឹមនឹង​នេះដែរ​ការ​ធានា​បាន​កើន​ ៤៩ ​ភាគរយ​ឡើង​ដល់​ ១០ ​ពាន់​លាន​ដុល្លារ ខណៈ​កាលពី​ឆ្នាំ​ ២០១៨ មាន​ចំនួន​ ៦,៨ ​ពាន់​លាន​ដុល្លារ​។

ស្នាក់ការ​កណ្តាល​ក្រុមហ៊ុន Etiqa នៅ​ទីក្រុង​គូឡាឡាំពួ​។

លោក​ថ្លែងថា​៖ «​យើង​គិតថា​ឧស្សាហកម្ម​ធានារ៉ាប់រង​អាយុជីវិត​កំពុង​ឈានទៅរក​ការរីកចម្រើន ខណៈ​ប្រជាជនមាន​ការយល់ដឹង​កាន់តែច្រើន​អំពី​តម្រូវការ​ធានារ៉ាប់រង ដូច្នេះ​ឱកាស​នឹង​កើនឡើង​។ ការផ្តោត​អារម្មណ៍​របស់​យើង​គឺ​ប្រជាជន​ដែល​មាន​ចំណូល​មធ្យម​ និង​ចំណូល​ខ្ពស់​។ ដូច្នេះ​យើង​មើលឃើញ​ឱកាស​ច្រើន​នៅក្នុង​ផ្នែក​ដ៏ធំ​នេះ​»​។

លោក​បន្ថែមថា ផលិតផល​ដែល​ពេញនិយម​នៅ​កម្ពុជា​មានដូចជា​គម្រោង​ធានារ៉ាប់រង​សន្សំ ហើយ​ក្រុមហ៊ុន Etiqa មាន​បំណង​ផ្តល់ជូន​នូវ​ផលិតផល​ការពារ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​បន្ថែម​ដែល​គ្របដណ្តប់​លើ​ជំងឺ​ធ្ងន់ធ្ងរ​។

«​យើង​បានគិត​រួចហើយ​ថា​យើង​ត្រូវ​ការផ្តល់​ផលិតផល​ឲ្យ​មាន​លក្ខណៈ​ប្លែក​ពី​ក្រុមហ៊ុន​ដទៃ​។ ចំពោះ​គោលបំណង​នេះ​គឺ​យើង​នឹង​ផ្តល់នូវ​ផលិតផល​ និង​សេវាកម្ម​ងាយស្រួល និង​ឆាប់រហ័ស​ជាមួយ​នឹង​ដំបូន្មាន​ល្អ​បំផុត​ដល់​អតិថិជន​របស់​យើង​។ ប៉ុន្តែ​តើ​ចំណុច​នេះ​មានន័យ​ដូចម្តេច​?

លោក Lit បាន​បន្តថា​៖ «​យើង​នឹង​ប្រើប្រាស់​ឧបករណ៍​ និង​បច្ចេកវិទ្យា​ឌីជីថល​ចុងក្រោយ​បំផុត​រួមមាន​ការលក់​តាមរយៈ​អាយផេត​ (iPads) ​និង​កម្មវិធី​វិភាគ​តម្រូវការ​អតិថិជន​ដើម្បី​ធានាថា​អតិថិជន​ម្នាក់ៗ​ត្រូវ​បាន​ផ្តល់​អនុសាសន៍​អំពី​ផលិតផល​ដ៏ត្រឹមត្រូវ​ជាមួយ​នឹង​ព័ត៌មាន​លម្អិត និង​ត្រឹមត្រូវ​នៅក្នុង​ប្រព័ន្ធ​របស់​យើង​។ យើង​ក៏​នឹង​ពង្រីក​ការផ្តល់ជូន​របស់​យើង​តាមរយៈ​អនឡាញ​ផងដែរ​៕