ហាង Mama Turk បាននាំមកនូវរសជាតិពិតនៃអាហារតួកគីមកកាន់ទីក្រុងភ្នំពេញ ខណៈដែលអាហារត្រូវបានផ្តល់ជូនសម្រាប់តែការដឹកជញ្ជូនប៉ុណ្ណោះ ក្នុងនោះមានម្ហូបដ៏ឈ្ងុយឆ្ងាញ់ ដូចជា សាច់គោគីប៉ាប សាច់មាន់គីប៉ាប ទឹកជ្រលក់ hummus និងសាឡាត់បែបមេឌីទែរ៉ាណេ ក៏ដូចជាអាហារបួសជាដើម។
«យើងសម្រេចបើកហាង Mama Turk នេះឡើងគឺដោយសារតែបានមើលឃើញពីតម្រូវការដ៏ខ្លាំងក្លានៅក្នុងទីក្រុងភ្នំពេញសម្រាប់មុខម្ហូប kebabs របស់តួកគី។ មានភោជនីយដ្ឋានជាច្រើននៅក្នុងទីក្រុងភ្នំពេញដែលមានបម្រើម្ហូប kebabs ប៉ុន្តែខ្ញុំមិនអាចរកឃើញរសជាតិពិតនៃម្ហូបតួកគីដែលខ្ញុំបានចងចាំយ៉ាងច្បាស់នោះទេ»។
អ្នកស្រី Merve Alaz Vardarli told The Post ដែលជាស្ថាបនិកហាង Mama Turk និងជាមេចុងភៅផងដែរនោះបានឲ្យភ្នំពេញប៉ុស្តិ៍ដឹងថា៖ «អាហារគឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌របស់តួកគីដែលអ្នកមិនអាចនិយាយបានថាអាហារនេះជាអាហារពិតរបស់តួកគីដោយគ្មានការពេញចិត្ត និងសេចក្តីស្រឡាញ់ចំពោះម្ហូបអាហារនេះទេ។ ត្រូវមានកិច្ចខិតខំប្រឹងប្រែង និងក្តីស្រឡាញ់ដ៏ខ្លាំងក្លាចំពោះការចម្អិនម្ហូបសាច់គោគីប៉ាបរបស់យើង ហើយយើងសង្ឃឹមថាអតិថិជនរបស់យើងពិតជារីករាយនឹងរសជាតិពិតនៃអាហារតួកគី និងធ្វើការកុម្ម៉ង់កាន់តែច្រើន»។
ស្ត្រីដែលមានដើមកំណើតនៅទីក្រុងអ៊ីស្តង់ប៊ុលរូបនេះបានឲ្យដឹងថា ខណៈឈ្មោះ «Mama Turk» ត្រូវបានជ្រើសរើសដើម្បីឆ្លុះបញ្ចាំងពីអាហារចម្អិននៅផ្ទះវាក៏មានអត្ថន័យកាន់តែពិសេសផងដែរ។
«វាជាភាសាសកលនៅពេលអ្នកណាម្នាក់និយាយថា «ម្ហូបនេះធ្វើឲ្យខ្ញុំនឹកផ្ទះ» នៅក្នុងភាសាតួកគីពាក្យមួយទៀតដែលកាន់តែមានអត្ថន័យជ្រាលជ្រៅជាងនេះគឺថា «ម្ហូបនេះមានរសជាតិដូចម្ហូបម្តាយរបស់ខ្ញុំ»។ ម្ហូបតួកគី គឺកើតចេញពីបេះដូងនៃអ្នកចម្អិន ហើយបេះដូងនេះគឺនៅជាមួយអ្នកម្តាយ»។
អ្នកស្រី Vardarli ថ្លែងថា៖ «ខ្ញុំសូមសម្តែងការដឹងគុណដល់អ្នកម្តាយ និងជីដូនគ្រប់រូប និងស្ត្រីទាំងអស់ដែលបានផ្តល់អាហារដល់ពួកយើង និងចែករំលែកនូវរូបមន្តធ្វើម្ហូបរបស់ពួកគេ។ ខ្ញុំក្នុងនាមជាស្ត្រីតួកគីម្នាក់ ខ្ញុំចង់បង្ហាញការដឹងគុណដល់ស្ត្រីតួកគីគ្រប់រូបដែលបានខិតខំប្រឹងប្រែង ដោយផ្តល់ឱ្យអាជីវកម្មរបស់ខ្ញុំដាក់ឈ្មោះលក្ខណៈស្ត្រីបែបនេះ»។
ការផ្តល់កិត្តិយសដល់តួនាទីរបស់ស្ត្រីក្នុងការចម្អិនអាហារ គឺត្រូវបានឆ្លុះបញ្ចាំងពីប្រភពនៃគ្រឿងផ្សំរបស់ហាង Mama Turk។
«យើងប្រើតែផលិតផលដែលមានគុណភាពខ្ពស់បំផុត និងស្រស់បំផុតដែលយើងទិញតែពីអ្នកលក់ដែលជាស្ត្រីប៉ុណ្ណោះ។ ប្រភពបន្លែក្នុងស្រុករបស់យើងគឺទិញនៅផ្សារដើមគ លក់ពេលយប់ដែលជាផ្សារបន្លែធំជាងគេបង្អស់នៅកម្ពុជា ដែលមានលក់បន្លែស្រស់ៗគ្រប់ប្រភេទមកពីតាមខេត្តនានា ទូទាំងប្រទេស»។
អ្នកស្រី Vardarli បន្តថា៖ «សាច់ និងទឹកដោះគោរបស់យើងមានប្រភពមកពីប្រទេសអូស្ត្រាលី ញូវហ្សេឡេន សហរដ្ឋអាមេរិក និងឥណ្ឌា។ រាល់សាច់ដែលយើងទិញគឺស្ថិតនៅក្នុងចំណោមសាច់ដែលមានគុណភាពល្អបំផុត»។
«ម្ហូបដ៏ពេញនិយមរបស់យើងគឺសាច់គោគីប៉ាប។ យើងប្រើសាច់គោកិនអូស្ត្រាលី និងមានបន្ថែមខ្លាញ់ ដើម្បីបង្កើនរសជាតិអាហារ kebab ពិតៗ និងមានរសជាតិឈ្ងុយឆ្ងាញ់។ បន្ទាប់មកយើងបន្ថែមដោយការលាយគ្រឿងទេសតួកគីរបស់យើង ហើយធ្វើដោយដៃផ្ទាល់»។
លោកស្រីបន្តថា៖ « kebab ដែលធ្វើរួចរាល់គឺវេចនឹងបន្លែស្រស់ដាក់នៅក្នុងនំបុ័ង ''lavash'' របស់តួកគីដែលយើងធ្វើនៅក្នុងផ្ទះ ផលិតបានម្ហូប kebab ដ៏ឈ្ងុយឆ្ងាញ់»។
អ្នកស្រី Vardarli ដែលបានធ្វើការអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងភោជនីយដ្ឋានជាច្រើននៅទូទាំងពិភពលោកមុនពេលមកដល់ទីក្រុងភ្នំពេញបាននិយាយថា ផលប៉ះពាល់លើឧស្សាហកម្មភោជនីយដ្ឋានដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ បានធ្វើឲ្យលោកស្រីគិតពីគំរូថ្មី។
ជំងឺរាតត្បាតកូវីដ១៩ និងកំណើនសេវាកម្មដឹកជញ្ជូនអាហារគឺជាកត្តាគន្លឹះនៅពីក្រោយការសម្រេចចិត្តបើកអាជីវកម្មលក់អាហារសម្រាប់តែការដឹកជញ្ជូនតែប៉ុណ្ណោះ។ យើងបានមើលឃើញឱកាសដ៏ធំធេងចំពោះអាជីវកម្មបែបនេះ ដោយប្រើទម្រង់អាជីវកម្មពិសេសមួយនេះដែលស័ក្តិសមបំផុតសម្រាប់ឧស្សាហកម្មម្ហូបអាហារបច្ចុប្បន្ន។
«យើងមើលឃើញថា ភោជនីយដ្ឋានជាច្រើនកំពុងខិតខំប្រឹងប្រែងដើម្បីស្វែងរកចំណូល ដោយធ្វើម៉េចឲ្យភោជនីយដ្ឋានរបស់ពួកគេនៅបើកដំណើការ ដូច្នេះយើងដឹងថា មធ្យោបាយល្អបំផុតដើម្បីការពារខ្លួនយើង និងអតិថិជនរបស់យើង និងបង្កើនប្រតិបត្តិការរបស់យើងគឺតាមរយៈការបង្កើតអាជីវកម្មប្រភេទថ្មីដែលអាចទទួលបានអត្ថប្រយោជន៍ពីការកាត់បន្ថយលើការចំណាយច្រើនហួសជាមួយនឹងលទ្ធភាពនៃការប្រើប្រាស់កម្មវិធីដឹកជញ្ជូនម្ហូបអាហារជាច្រើន»។
អ្នកស្រី Vardarli ថ្លែងថា៖ «យើងបានចំណូលពី ១០ ទៅ ២០ ភាគរយមកវិញ ចាប់តាំងពីបានបើកដំណើរការនៅថ្ងៃទី ១៧ ខែកក្កដា ដែលវាល្អសម្រាប់អាជីវកម្មក្នុងអំឡុងពេលវេលាដ៏លំបាកនេះ។ ដោយបន្ថែមកម្មវិធីដឹកជញ្ជូនបន្ថែមដូចជា Nham-24 និង Your Phnom Penh យើងនឹងអាចយ៉ាងហោចណាស់វត្តមាននៅលើទីផ្សាររបស់យើងមានកំណើនសន្សឹមៗ ហើយមូលដ្ឋានអតិថិជនគឺនៅរាជធានីភ្នំពេញ។ យ៉ាងហោចណាស់មានក្រុមហ៊ុនដឹកជញ្ជូនអាហារចំនួន ១០ នៅរាជធានីភ្នំពេញហើយនៅពេលដែលយើងសហការកាន់តែច្រើន យើងមានទំនុកចិត្តថា កំណើននឹងកើនឡើងដែរ»។
អាហារតួកគី មានល្បាយនៃមុខម្ហូបផ្សេងៗគ្នាជាច្រើនមកពីតំបន់អាស៊ី-កណ្តាល អឺរ៉ុបខាងកើត តំបន់បាល់កង់ មជ្ឈិមបូព៌ា និងមេឌីទែរ៉ាណេ និងមានប្រវត្តិដ៏យូរលង់ណាស់មកហើយ ដែលបន្សល់ពីមនុស្ស ១ ជំនាន់ ទៅ ១ ជំនាន់។
អ្នកស្រីបន្តថា៖ «យើងមើលឃើញអាជីវកម្មរបស់យើងកំពុងរីកចម្រើន។ នៅប៉ុន្មានឆ្នាំខាងមុខគោលដៅរបស់យើងគឺបង្កើតផលិតផលដែលអាចវេចខ្ចប់ និងលក់នៅតាមផ្សារទំនើបបានរួមទាំង kebabs នំប៉័ង និងម្ហូបតួកគីផ្សេងទៀតដែលមានរសជាតិឈ្ងុយឆ្ងាញ់។ យើងក៏មានគម្រោងពង្រីកហាង និងផលិតផលរបស់យើងទៅទីផ្សារដែលកំពុងរីកចម្រើននៅអាស៊ីអាគ្នេយ៍ផងដែរ»៕