ក្រុមហ៊ុន Memoire Hotels and Resorts បាន​ត្រៀមខ្លួន​រួច​ជាស្រេច​ដើម្បី​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ឲ្យ​គម្រោង​ការ​ទទួល​ខុសត្រូវ​សង្គម Corporate Social Responsibilities (CSR) ក្លាយ​ជា​ចំណុច​អាទិភាព​របស់ ខ្លួន​នៅ​ក្នុង​ឆ្នាំ​នេះ ទោះបីវា​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​អាជីវកម្ម​របស់​ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​ក្តី​។

ក្នុង​នាម​ជា​សាជីវកម្ម​ដ៏​ល្អ​មួយ សណ្ឋាគារ​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត សៀមរាប ​មួយ​នេះ កំពុង​សម្លឹង​មើល​ការ​រួម​ចំណែក​ជួយ​ដល់​សហគមន៍​មូលដ្ឋាន ដែល​នៅ​ជិត​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន។


លោក Philip Kao ដែល​ជា​ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន Memoire Hotels and Resorts បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា៖ «គម្រោង CSR របស់​យើង​គឺ​ផ្តោត​លើ​ផ្នែក​ចំនួន​ ៣ ​សំខាន់ៗ ក្នុង​នោះ​រួម​មាន​ការ​កែ​លម្អ​បរិស្ថាន លើក​កម្ពស់​ការ​អប់រំ និង​ជំនាញ ព្រមទាំង​ការ​គាំទ្រ​ដំណោះ​ស្រាយ​សង្គម​ដោយ​ផ្អែក​លើ​ទីតាំង​អាជីវកម្ម​របស់​យើង»។


លោក Philip Kao មានមោទនភាព ចំពោះគម្រោង​ CSR ។


កាល​ពី​ពេល​ថ្មីៗ​នេះ សណ្ឋាគារ​បាន​ចាប់​ផ្តើម​យុទ្ធនាការ​សប្បុរសធម៌​សម្រាប់​គម្រោង CSR ឆ្នាំ​ ២០២០ របស់​ខ្លួន ដោយ​សហការ​ជាមួយ ក្រុមហ៊ុន​លក់​គ្រឿង​អលង្ការ ជាង ប៉ាក់​វណ្ណហុង ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ។


កម្មវិធី​សប្បុរសធម៌ ក្នុង​អំឡុង​រាត្រី​ឆ្លង​ឆ្នាំ​សកល​នៅ​សណ្ឋាគារ Memoire Palace Resort & Spa គឺ​រៃអង្គាស​ថវិកា​សរុប​បាន​ចំនួន ៣៧,០៤៨ ដុល្លារ​អាមេរិក​។


ចំពោះ​កម្មវិធី« Go Green Project» វិញ​បានរួម​ចំណែក​ដល់​ដំណោះស្រាយ​បរិស្ថាន​យ៉ាងច្រើន តាម​រយៈ​ការ​មិន​ប្រើប្រាស់​ប្លាស្ទិក​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ក្នុង​ខេត្ត សៀមរាប និង​ទូទាំង​ប្រទេស ក៏​ដូចជា​ ការ​ផ្តល់​អាហារូបត្ថម្ភ​ដល់​កុមារ និង​លើក​កម្ពស់​ការ​អប់រំ​នៅ​តាម​សហគមន៍ ដែល​ជា​គំនិត​ផ្តួច​ផ្តើម​នៃ​គម្រោង CSR របស់​សណ្ឋាគារ​នៅ​ក្នុង​ឆ្នាំនេះ។

«នៅ​ក្រោម​គម្រោង Go-Green Project យើង​នឹង​ចូលរួម​នៅក្នុង​យុទ្ធនាការ សណ្ឋាគារ​បៃតង និង​ទីក្រុង​បៃតង ជាមួយ​ក្រសួង ទេសចរណ៍ ហើយ​នឹង​ចូលរួម​ក្នុង​យុទ្ធនាការ​ដាំ​ដើម​ឈើ​ប្រចាំ​ឆ្នាំ នៅ​ក្រោម​គម្រោង « មនុស្ស​ម្នាក់ ដើមឈើ​មួយ​ដើម​»​។

លោក Philip Kao បន្ថែម​ថា៖ «យើង​មាន​ផែនការ​មិន​ប្រើ​ដប​ប្លាស្ទិក​ឲ្យ​បាន​ជាង ៣០០,០០០ ដប នៅ​ក្រោម​សណ្ឋាគារ Memoire Hotels &Resorts ហើយ​បន្ត​គាំទ្រ​ការ​មិន​ប្រើ​ប្លាស្ទិក ដើម្បី​ការពារ​បរិស្ថាន ហើយ​នឹង អនុវត្ត​គំនិត​ផ្តួចផ្តើម​នេះ​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​នៅ​ខេត្ត សៀមរាប ​និង​ប្រទេស​កម្ពុជា»។

កម្មវិធីសម្អាតទីក្រុងត្រូវបានធ្វើឡើងកាលពីឆ្នាំកន្លងទៅ។

ក្រុមហ៊ុន Memoire Hotels and Resorts ដែល​មាន​សរុប​ចំនួន​ ៣ ក្នុង​នោះ​រួម​មាន​ សណ្ឋាគារ Memoire d''Angkor Boutique Hotel សណ្ឋាគារ Memoire Palace Resort & Spa និង​សណ្ឋាគារ Memoire Siem Reap Hotel បាន​ក្លាយជា​សណ្ឋាគារ​ដែល​គាំទ្រ​យ៉ាង​សកម្ម ជាពិសេស ការ​លើក​ស្ទូយ​ក្នុង​ការ​ការពារ​បរិស្ថាន និង​រួម​ចំណែក​ដល់​សហគមន៍​ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​ទេសចរណ៍​ដ៏​ល្បីល្បាញ​នេះ។

យោងតាម​លោក Kao បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំនេះ សណ្ឋាគារ​ក៏​នឹង​លើក​កម្ពស់​កម្មវិធី« Good Food Programme» ដើម្បី​ផ្តល់​អាហារូបត្ថម្ភ​ដល់​កុមារ​ផងដែរ​។

លោក​បាន​បន្ថែម​ថា៖ «យើង​នឹង​គាំទ្រ​ដល់​ការបង្កើត​មជ្ឈមណ្ឌល​សិក្សា​តាម​សហគមន៍​មួយ នៅ​ភូមិ​ពាក់​ស្នែង និង​ផ្តល់​ថវិកា​ដើម្បី​សាងសង់​ថ្នាក់រៀន​កុំព្យូទ័រ និង​ផ្តល់​កុំព្យូទ័រ​សម្រាប់​កុមារ​ចំនួន​ ២៥០ នាក់»។

កាលពី​ឆ្នាំមុន​សណ្ឋាគារ​បាន​អនុវត្ត​គម្រោង​ស្រដៀង​គ្នា​ជាច្រើន ដូចជា​យុទ្ធនា​ការ​ដាំ​ដើមឈើ​ដើម្បី​ការពារ​បរិស្ថាន​ពី​ការ​ផ្លាស់ប្តូរ​អាកាសធាតុ កម្មវិធី​រៃអង្គាស​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ និង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ដប​ប្លាស្ទិក​ជាដើម​។

លោក Philip Kao មាន​ប្រសាសន៍ ថា៖ «យើង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ដប​ប្លាស្ទិក​បាន​ជាង​ ៧ ​ម៉ឺន​ដប​ ហើយ​នៅ​ឆ្នាំ​ ២០១៩ យើង​បាន​ដាក់​តាំង​បង្ហាញ​នូវ​ស្នាដៃ​សិល្បៈ​ដែល​ផលិត​ពី​ប្លាស្ទិក ដើម្បី​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ប្លាស្ទិក​ដល់​អតិថិជន​ទាំង​ជាតិ​និង​អន្តរជាតិ និង​ដល់​ក្រុម​របស់​យើង​ផងដែរ»។

សូម​បញ្ជាក់​ថា​សណ្ឋាគារ Memoire Palace Resort & Spa ជា​សណ្ឋាគារ​ដ៏​ទំនើប គ្មាន​ប្លាស្ទិក មាន​បរិយាកាស​ដ៏​មនោរម្យ ជាពិសេស បន្ទប់​ស្នាក់​នៅ​ធំ​ទូលាយ មាន​រហូត​ដល់​ ៦៤ ​បន្ទប់ ពោរពេញ​ដោយ​ផាសុកភាព និង​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ផ្សារ​ក្រោម ក្រុង​សៀមរាប៕

ការដាំដើមឈើគឺជាគម្រោង​ CSR ដ៏សំខាន់របស់សណ្ឋាគារ។

សណ្ឋាគារជួយដល់កុមារក្រីក្រនៅភូមិពាក់ស្នែងខេត្តសៀមរាប ។