ជាមួយ​នឹង​ការរីករាលដាល​ជំងឺ Covid-19 ភោជនីយដ្ឋាន​ជាច្រើន​ត្រូវបាន​គេ​មើលឃើញ​ថា​បាន​បិទ​ទទួល​អតិថិជន​មក​ក្នុង​ហាង ដើម្បី​ចៀសវាង​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​នេះ ខណៈ​ភោជនីយដ្ឋាន​កាន់តែ​ច្រើន​ងាក​មក​ផ្តល់​ការកុម្ម៉ង់​ម្ហូប​តាមរយៈ​សេវា​ដឹកជញ្ជូន​ម្ហូបអាហារ​ជំនួស​វិញ​។

លោក ចាន់ បូរីម៉ា ស្ថាបនិក​ក្រុមហ៊ុន Nham24 បាន​ឲ្យ​ដឹងថា​សេវាកម្ម​ដឹកជញ្ជូន​ម្ហូបអាហារ​របស់​លោក​ត្រូវបាន​មើលឃើញ​ថា មាន​ការកើនឡើង​យ៉ាងខ្លាំង​ក្នុង​អំឡុង​ពេល​ផ្ទុះឡើង​នៃ​វីរុស​នេះ​។


លោក​ បូរីម៉ា ថ្លែង​ពី​ការិយាល័យ​របស់លោក​នៅ​ក្នុង​សង្កាត់​ចតុមុខ​រាជធានី​ភ្នំពេញ​ថា​៖ « Nham24 កំពុង​កែលម្អ​ដំណើរការ និង​ផលិត​អត្ថបទ និង​វីដេអូ​អប់រំ​សម្រាប់​ការដឹកជញ្ជូន​លក្ខណៈ contactless delivery​។ នៅពេល​អតិថិជន​ធ្វើការ​កាហ្មង់​ពួកគេ​មាន​ជម្រើស​ «deliver in person ឬ contactless delivery» ។


«​ជាមួយ​ជម្រើស​នេះ អតិថិជន និង​អ្នក​ដឹកជញ្ជូន​ត្រូវ​រក្សា​គម្លាត​ចម្ងាយ​យ៉ាងតិច​ ២ ​ម៉ែត្រ ដូច្នេះ​នៅពេល​អ្នក​ដឹកជញ្ជូន​មកដល់​ពួកគេ​នឹង​ទូរស័ព្ទ​ទៅ​អតិថិជន ហើយ​បន្ទាប់មក​កញ្ចប់​ម្ហូបអាហារ​នឹងត្រូវ​ដាក់​នៅក្នុង​ចម្ងាយ​ដែល​មាន​សុវត្ថិភាព​បំផុត​»​។


លោក Drew Price ម្ចាស់​ភោជនីយដ្ឋាន Carolina BBQ នៅ​ជិត​ផ្សារ​ទួលទំពូង​ថ្លែងថា គាត់​សម្រេច​បិទ​កន្លែង​ទទួលភ្ញៀវ​នៅក្នុង​ហាង ដើម្បី​ធានា​សុវត្ថិភាព​បុគ្គលិក​របស់​គាត់​។


លោក Price ក៏ដូចជា​ម្ចាស់​ភោជនីយដ្ឋាន​ដទៃទៀត​ដែរ​សុទ្ធតែ​បានលើក​ឡើង​ថា ពួកគេ​បាន​មើលឃើញ​សេវា​ដឹកជញ្ជូន​ម្ហូបអាហារ​កើនឡើង​យ៉ាងខ្លាំង​ក្នុងអំឡុង​ការផ្ទុះ​វីរុស​នេះ​។


កាលពី​ថ្ងៃទី​ ២៤ ខែមីនា លោក​បានសម្រេច​បិទ​កន្លែង​ទទួលភ្ញៀវ​ក្នុង​ហាង​ជា​បណ្តោះអាសន្ន​ដោយ​បើក​លក់​តែ​នៅខាងមុខ​ហាង ឬ​លក់​សម្រាប់​អ្នកទិញ​យក​ទៅផ្ទះ​ប៉ុណ្ណោះ ដោយ​សង្ឃឹមថា គ្រាន់តែ​អាច​បាន​រួច​ថ្លៃដើម​ទម្រាំ​ដល់​វីរុស​នេះ​បាត់​ទៅវិញ​។

លោក ចាន់ បូរីម៉ា ស្ថាបនិក​ក្រុមហ៊ុន Nham24 ។

ប៉ុន្តែ​ជាមួយ​នឹង​ការកើនឡើង​សេវា​ដឹកជញ្ជូន​ម្ហូបអាហារ​លោក Price បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​សូម​កោតសរសើរ​ដល់​ក្រុមហ៊ុន Nham24 ពីព្រោះ​គាត់​មិន​ត្រឹមតែ​បាន​ចំណូល​រួច​ថ្លៃដើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួលបាន​ប្រាក់ចំណេញ​តិចតួច​ផងដែរ​នៅក្នុង​សប្តាហ៍​ដំបូង​ចាប់តាំងពី​ការបិទ​កន្លែង​ទទួលភ្ញៀវ​នៅ​ហាង Carolina BBQ​។

លោក​ បូរីម៉ា ធ្វើការ​កត់សម្គាល់​ថា ក្រុមហ៊ុន Nham24 កំពុង​មើលឃើញ​ការផ្លាស់ប្តូរ​និន្នាការ​សម្រាប់​សេវាកម្ម​របស់​ខ្លួន​អំឡុងពេល​នៃ​ការផ្ទុះ​ឡើង​វីរុស​នេះ​។ លោក​ថ្លែងថា​ខណៈ​តម្រូវការ​ពី​បុគ្គលិក​ការិយាល័យ​នៅតែ​មាន​កម្រិត​ខ្ពស់ ការដឹកជញ្ជូន​ទៅតាម​ផ្ទះ​ក៏​កំពុង​មាន​ការពេញនិយម​ផងដែរ​។

ជាមួយ​គ្នា​នេះ​ដែរ​ប្រជាជន​កាន់តែ​ច្រើន​កំពុង​ជ្រើសរើស​ការបង់​ថ្លៃទំនិញ​របស់​ពួកគេ​តាមរយៈ​សេវាកម្ម​ទូទាត់​បែប​ឌីជីថល​ដូចជា SmartLuy, ABA PAY និង Wing ឬ​កាត​ឥណទាន​ជាដើម​។

លោក​ បូរីម៉ា លើកឡើង​ថា​៖ «​យើង​លើកទឹកចិត្ត​ឲ្យ​អតិថិជន​បង់លុយ​តាម​អនឡាញ ប៉ុន្តែ​ប្រសិនបើ​ពួកគេ​ជ្រើសរើស​យក​ការបង់​ជា​សាច់ប្រាក់ នោះ​អតិថិជន​ត្រូវ​បង់លុយ​ឲ្យ​អ្នកដឹកជញ្ជូន​នៅក្នុង​ចម្ងាយ​មួយ​ដែល​មាន​សុវត្ថិភាព​»​។

នៅ​ចម្ងាយ​ប្រហែល​ ២ ​គីឡូម៉ែត្រ​ពី​ការិយាល័យ​ក្រុមហ៊ុន Nham24 ម្ចាស់​ភោជនីយដ្ឋាន Masala Dosa Street Kitchen លោក Dharma Gohi ថ្លែងថា គាត់​បានសម្រេច​ជួល​អ្នក​ដឹកជញ្ជូន​ដើម្បី​ធានា​នូវ​សុខភាព​អតិថិជន​របស់គាត់​។

ងាក​មក​ការិយាល័យ​ក្រុមហ៊ុន Nham24 វិញ​ស្ថាបនិករ​រូបនេះ​បាន​ថ្លែងថា សេវាកម្ម​ដឹកជញ្ជូន​ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ស្រុក​មួយ​នេះ​បាន​ប្តេជ្ញា​ការពារ​អតិថិជន និង​អ្នក​ដឹកជញ្ជូន​ដូចគ្នា​។

លោក​ បូរីម៉ា បន្ថែមថា​លោក​កំពុង​ជ្រើសរើស​អ្នករត់​រ៉ឺម៉ក​កង់បី​ (​តុកតុក​) ​ដើម្បី​ជួយ​សម្រាល​បន្ទុក​អ្នក​ដែល​យល់ថា តម្រូវការ​ជិះ​តុកតុក​របស់​ពួកគេ​ធ្លាក់ចុះ​។ ក្រុមហ៊ុន Nham24 ផ្តល់​ម៉ាស់​ និង​ទឹក​អាល់កុល​លាងដៃ​ដោយ​ឥតគិតថ្លៃ​ដល់​អ្នក​ដឹកជញ្ជូន​របស់ខ្លួន​ប្រមាណ​ ៤០០ ​នាក់ ​ដែល​គិត​ជា​ទឹកប្រាក់​ជាង​ ៣ ០០០ ​ដុល្លារ​។

លោក​ បូរីម៉ា ថ្លែងថា​៖ «​នេះ​មិនមែន​ជា​ពេលវេលា​ដើម្បី​ក្លាយជា​អ្នកមាន​ទេ នេះ​គឺជា​ពេលវេលា​ដើម្បី​បម្រើ​ដល់​សហគមន៍​។ យើង​ប្តេជ្ញា​ថា​នឹង​មិន​ដំឡើងថ្លៃ​អ្វី​ទាំងអស់​។ ក្នុង​ពេលវេលា​បែបនេះ​មនុស្ស​មួយចំនួន​អាច​ចាប់ផ្តើម​ទាញយក​ផលប្រយោជន៍ ប៉ុន្តែ​នេះ​មិនមែន​ជា​ទស្សនវិជ្ជា​របស់​យើង​ទេ​»៕