ភ្នំពេញៈ ក្រសួង​អប់រំ យុវ​ជន និង​កីឡា ​ដោយមាន​កិច្ចសហការ​ជាមួយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ដំបូង​រវាង​ក្រុម​ការងារ​របស់ខ្លួន​ ដើម្បី​ពិនិត្យ​​ពិភាក្សា​ការ​ដាក់​បញ្ចូល​បទប្ប​ញ្ញត្តិ​គ្រឹះ ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​ទៅ​ក្នុង​មុខ​វិជ្ជា​សីល​ធម៌​ពល​រដ្ឋ​វិជ្ជា​នៅ​កម្រិត​បឋម​សិក្សា ​កម្រិត​មធ្យម​បឋម​ភូមិ ​និង​មធ្យម​សិក្សា​ទុតិយ​ភូមិ​។ នេះ​បើតាម​ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​អប់រំ ​កាលពី​ថ្ងៃចន្ទ។


ក្នុងកិច្ច​ប្រជុំដំបូង​រវាង​ លោក​ ហង់ ជួនណារ៉ុន​ រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​និង​ លោក ​អឹុម ឈុនលឹម ​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​កាល​ពីថ្ងៃ​ចន្ទ ​នៅ​សាល​សន្និ​សីទ​ក្រុមប្រឹក្សា​ធម្ម​នុញ្ញភ្នំពេញ​ គឺក្នុង​កិច្ច​ប្រជុំ​នេះ​ លោក​ហង់ ជួនណារ៉ុន បានគាំ​ទ្រ​ទាំង​ស្រុង​ការ​ដាក់​បញ្ចូល​បទ​ប្បញ្ញ​ត្តិ​គ្រឹះ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ទៅ​ក្នុង​មុខ​វិជ្ជា​សីលធម៌​ពលរដ្ឋ​វិជ្ជា​សម្រាប់​សិស្ស​សិក្សា។

លោក​រដ្ឋ​មន្រ្ដី​​ថ្លែងថា​៖ «​ឯកភាព​គ្នា​បង្កើត​ក្រុម​ការងារ​ចម្រុះ​ ប្រជុំ​ពិភាក្សា​រៀបចំ​ឯកសារ ​ហើយ​​នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​នា​ថ្ងៃ​ខាងមុខ»។

ជាមួយ​គ្នានេះ ​លោក ​អឹុម ឈុន​លឹម​ បាន​អបអរសាទរ​នូវ​កំណែ​ទម្រង់​វិស័យ​អប់រំ ​ដែល​បាន​ទទួល​ជោគជ័យ​គួរ​ឱ្យ​កត់​សម្គាល់​។​


លោកថា​៖ «​នេះ​​ជា​ឱកាស​ពេជ្រ​ ដែល​កម្ពុជា​បាន​រៀប​ចំ​ការ​បញ្ចូល​បទប្ប​ញ្ញត្តិ​គ្រឹះ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្ម​នុញ្ញ​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​ជាតិ»។


លោក​ រស់​ សុវាចា​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិល​មិញថា​ កាល​ពី​ថ្ងៃទី ១ ​ខែ មីនា ​ឆ្នាំ​ ២០១៩ ​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ​និង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​បាន​សម្រេច​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ ​នៃ​ការ​ព្រម​ព្រៀង​ស្តីពី​ការ​ដាក់​បញ្ចូល​បទ​ប្បញ្ញ​ត្តិ​គ្រឹះ​មួយ​ចំនួន​ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​និងក្រសួង​អប់​រំ យល់​ឃើញ​ថា ​ រដ្ឋ​ធម្ម​នុញ្ញ​ គឺជា​ច្បាប់​កំពូល​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ដែល​បុគ្គល​គ្រប់​រូប​ត្រូវ​គោរព​ប្រតិ​បត្តិ​តាម ក្នុង​ឋានៈ​ជា​ម្ចាស់​វាសនា​នៃ​ប្រទេស​ជាតិ​របស់​ខ្លួន។​

លោក​បន្ថែមថា ​ការ​យល់​ដឹង​អំពី​គោលការណ៍​ធំៗ​ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ចាំ​បាច់​ និង​មាន​សារៈ​សំខាន់​ ក្នុង​ការ​កសាង​ចំណេះ​ដឹង​ទូទៅ​សម្រាប់​ប្រជាពល​រដ្ឋ​ខ្មែរ​គ្រប់​រូប ​ក្នុង​ការ​​ពង្រឹង​មន​សិការ​ស្នេហា​ជាតិ​និង​សីលធម៌​សង្គម។

លោក​ សុវាចា ​បញ្ជាក់ថា​៖​ «ការប​ញ្ចូល​បទ​ប្បញ្ញត្តិ​គ្រឹះ​មួយ​​ចំនួន​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ ទៅ​ក្នុង​កម្មវិ​ធីសិ​ក្សា​ គឺ​ជា​យន្ត​ការ​មួយ​ដ៏​មាន​ប្រសិទ្ធ​ភាព​ និង​វិសាល​ភាព​ទូលំ​ទូលាយ​ក្នុង​ការ​កសាង​ធន​ធាន​មនុស្ស​ប្រកប​ដោយ​គុណភាព»។

អ្នកនាំ​ពាក្យ​រូបនេះ​ បន្ថែមថា​៖​ «ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​ ជាអ្នកផ្តល់​ជំនួយ​បច្ចេក​ទេស​ក្នុង​ការ​រៀប​ចំខ្លឹម​សារ​គោល​និង​ខ្លឹម​សារ​មេរៀន​ ដែល​ពាក់​ព័ន្ធ​នឹង​បទប្បញ្ញត្តិ​គ្រឹះ​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា​ ដែល​ត្រូវ​ដាក់​ក្នុង​កម្ម​វិធី​សិក្សា​ទាំង​ ៣ ​កម្រិត​ខាង​លើ»។

លោក​ថា​ ដោយឡែក​ក្រសួង​អប់រំ ​នឹង​បោះ​ពុម្ភ​ផ្សាយ​ខ្លឹមសារ​គោល​ និង​ខ្លឹម​សារ​មេរៀន​ ដែល​ពាក់​ព័ន្ធ​នឹង​បទប្ប​ញ្ញត្តិ​គ្រឹះ​រដ្ឋ​ធម្ម​នុញ្ញ​នេះ ​ទៅ​ក្នុង​មុខ​វិជ្ជា​ណា​មួយ​ដែល​សម​ស្រប​ សម្រាប់​កម្ម​វិធី​សិក្សា​ទាំង​ ៣ កម្រិត​នេះ។

លោក សុវាចា ​បញ្ជាក់ថា ​ក្រុមប្រឹក្សា​ធម្ម​នុញ្ញ និង ក្រ​សួង​អប់រំ ឯក​ភាព​គ្នា​បង្កើត​ក្រុម​ការងារ​ចម្រុះ​មួយ​ដើម្បី​បំពេញ​​ការ​ងារ​នេះ ហើយ​លទ្ធ​ផល​ដែល​សម្រេច​បាន​ ត្រូវ​មាន​ការ​ឯកភាព​ជា​ចុងក្រោយ​ ដោយ​ប្រធាន​ស្ថាប័ន​ទាំង ២។

ឯ​ក្រុម​​ការងារ​បច្ចេកទេស​ចម្រុះ​កំពុង​រៀប​ចំផែន​ការ​សកម្មភា​ព​សម្រាប់​ឆ្លើយត​ប​ទៅ​នឹង​អនុស្ស​រណៈ​នៃ​ការ​ព្រម​ព្រៀង​ខាង​លើ​។ ផែន​ការ​សកម្ម​ភាព​ នឹង​បង្ហាញ​ ពី​ដំណើរ​ការ​លម្អិត​ និង​ក្រប​ខ័ណ្ឌ​ពេល​វេលា​ការងារ៕