ភ្នំពេញៈ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ប្រតិកម្ម​ទៅនឹង​ការសម្រេច​ព្យួរ EBA ដោយ​គណៈកម្មការ​អឺរ៉ុប​សម្រាប់​ទំនិញ​នាំចូល​ទីផ្សារ​អឺរ៉ុប​ថា ជាការ​ផ្ដើមចេញពី​ការភាន់ច្រឡំ​ និង​ការយល់​ខុស​អំពី​តថភាព​ជាក់ស្ដែង​នៅ​កម្ពុជា​ដែល​ការព្យួរ​ ១ ​ភាគ​ ៥ ​នៃ EBA នេះ​នឹងធ្វើ​ឲ្យ​កម្ពុជា​ត្រូវ​បង់ពន្ធ​លើ​មុខ​ទំនិញ​ ៤០ ​មុខ ខណៈ​ដែល​ទំនិញ​កម្ពុជា​ចំនួន ៩ ០០០ មុខ​ផ្សេងទៀត​នៅតែ​អាច​បន្ត​នាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប​ដោយ​គ្មាន​បង់ពន្ធ​ដូច​ធម្មតា​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងការបរទេស និង​ក្រសួងពាណិជ្ជកម្ម​។


ជាមួយ​គ្នា​នេះ​អ្នកវិភាគ​យល់ថា ការព្យួរ​នេះ​នឹងមិន​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា ថមថយ​ខ្លាំង ឬ​ក៏​ដួលរលំ​នោះទេ​។

ប្រតិកម្ម​របស់​ក្រសួង​ការបរទេស​ធ្វើឡើង បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប បានសម្រេច​ព្យួរ​ ១ ​ភាគ​ ៥ នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធ «​គ្រប់​មុខទំនិញ​លើកលែង​តែ​អាវុធ​» ពី​កម្ពុជា​ចូល​ទីផ្សារ​អឺរ៉ុប ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង​ ១ ​ពាន់​លាន​ដុលា្លរ​ក្នុង​ ១ ​ឆ្នាំ​ដោយ​លើកឡើង​ពី​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ការមិន​គោរព​តាម​អនុសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ការងារ​។

ក្រសួង​ការបរទេស​ថ្លែងថា ការយល់​ឃើញ​ថា​កម្ពុជា​មាន​ «​ការរំលោភបំពាន​ធ្ងន់ធ្ងរ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​» ​នេះ​ផ្ដើមចេញពី​ការភាន់ច្រឡំ និង​ការយល់​ខុស​អំពី​តថភាព​ជាក់ស្ដែង​នៅ​កម្ពុជា ហើយ​ការយល់ច្រឡំ​នេះ​ត្រូវបាន​យក​មក​ប្រើ​តាម​ទំនើងចិត្ត ដើម្បី​ចាប់ផ្ដើម​នីតិវិធី​ដក​។ ក្រសួង​បន្តថា ការសម្រេច​នេះ​ត្រូវ​បាន​ជំរុញ​ដោយ​ហេតុផល​នយោបាយ គ្មាន​ការពិចារណា ដោយ​កត្តា​សត្យានុម័ត និង​ភាពមិនលម្អៀង​។


ក្រសួង​បន្តថា ការសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ធ្វើឡើង​ដោយ​ស្ដង់ដា​ទ្វេ​ហើយ​ពុំ​បាន​ទទួលស្គាល់ និង​គោរព​មូលដ្ឋាន​នៃ​អធិបតេយ្យភាព​កម្ពុជា​ដែល​មិនមែន​ជា​ការផ្លាស់ប្ដូរ​ដើម្បី​អភិវឌ្ឍន៍​។ ក្រសួង​សរសេរថា​៖ «​រាជរដ្ឋាភិបាល​ប្រកាន់​យ៉ាងម៉ឺងម៉ាត់​នូវ​ជំហរ​គោលការណ៍​ក្នុងការ​បដិសេធ​រាល់​ការប៉ុនប៉ង​ដោយ​ដៃគូ​ខាងក្រៅ​ក្នុង​ការប្រើប្រាស់​ពាណិជ្ជកម្ម​ ឬ​ជំនួយ​អភិវឌ្ឍន៍ ដើម្បី​ជា​លេស​ក្នុង​ការជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​»​។


ក្រសួង​ការបរទេស​បញ្ជាក់​ថា កម្ពុជា​នឹង​បន្តធ្វើ​ការដោះស្រាយ​ភាពខ្វះខាត លើ​បញ្ហា​ទំនាស់​ដីធ្លី សិទ្ធិ​ការងារ និង​សេរីភាព​សារព័ត៌មាន បើទោះបី​ជា​បញ្ហា​ទាំងនេះ​ត្រូវ​គណៈកម្មការ​អឺរ៉ុប​ទទួលស្គាល់​ថា​មាន​វឌ្ឍនភាព​ជាក់លាក់​ក៏ដោយ​។ ទោះ​យ៉ាងណា​ក្រសួង​បញ្ជាក់​ច្បាស់​ថា កម្ពុជា​មិន​អាច​ធ្វើតាម​អឺរ៉ុប​ចំពោះ​កិច្ចការ​ទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្ថិត​ក្រោម​យុត្តាធិការ​នៃ​អំណាច​ឯករាជ្យ និង​អធិបតេយ្យ​របស់​កម្ពុជា​។

«​ទោះបី​មាន​ការសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​លើ​បញ្ហា​ពាណិជ្ជកម្ម​នេះ​ក្ដី កម្ពុជា​នៅតែ​មាន​ការប្ដេជ្ញាចិត្ត​យ៉ាងខ្លាំង​​មុតមាំ​ក្នុង​ការពង្រឹង​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​សហព​អឺរ៉ុប​បន្ថែមទៀត​ដោយ​ឈរលើ​ស្មារតី​នៃ​ការគោរព​ការទទួល​ផលប្រយោជន៍​ទៅវិញ​ទៅមក​ជាមួយ​នឹង​ការបញ្ជាក់​ជាថ្មី​ពី​បំណងប្រាថ្នា​យ៉ាង​មុតមាំ​របស់ខ្លួន ក្នុង​ការបន្ត​អនុវត្ត​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរីពហុបក្ស​នៅក្នុង​តំបន់​»​។

ជាមួយ​គ្នា​នេះ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ម្សិលមិញ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា មាន​ទំនិញ​កម្ពុជា​ចំនួន​តែ​ ៤០ ​មុខ​ទេ​ដែល​ត្រូវបាន​សហភាព​អឺរ៉ុប​គិត​ពន្ធ ខណៈ​ដែល​ទំនិញ​កម្ពុជា​ចំនួន​ ៩០០០ ​មុខ​ផ្សេងទៀត​នៅតែ​អាច​បន្ត​នាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប​បាន​ដូច​ធម្មតា​ដោយ​គ្មាន​ការបង់ពន្ធ​។ ការប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ក្រសួងពាណិជ្ជកម្ម​បានទទួល​លិខិត​មួយ​របស់​សហភាព​អឺរ៉ុប​តាមរយៈ​ស្ថានទូត​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​នីតិវិធី​នៃ​ការព្យួរ​បណ្តោះអាសន្ន​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​មួយចំនួន​របស់​កម្ពុជា​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម​លិខិត​របស់​សហភាព​អឺរ៉ុប​បញ្ជាក់ថា​ «​សេចក្តី​នៃ​លិខិត​នេះ​បាន​គូសបញ្ជាក់​អំពី​ទំនិញ ៤០​ ​មុខ​នៃ​បន្ទាត់​ពន្ធ​ ៦ ​ខ្ទង់​ដែល​ផលិត​នៅ​កម្ពុជា ហើយ​មាន​សមត្ថភាព​ប្រកួតប្រជែង​ដែល​អ្នក​នាំចេញ​របស់​កម្ពុជា​មាន​លទ្ធភាព​បង់ពន្ធ​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។ ទន្ទឹមនឹង​នោះ​នៅ​សល់​មុខទំនិញ​ប្រមាណ ៩ ​ពាន់​មុខ​ទៀត​នៅ​តែ​ទទួលបាន​ភាពអនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​គ្រប់មុខ​ទំនិញ​លើកលែង​តែ​អាវុធ (EBA) ក្នុង​គោលបំណង​បន្ត​ជួយ​ដល់​កម្ពុជា​ក្នុង​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​រក្សា​ការងារ និង​ប្រភព​ចំណូល​ជូន​ដល់​កម្មករ-កម្មការិនី និង​ក្រុមគ្រួសារ​»​។

បើតាម​ក្រសួង​ពាណិជ្ជកម្ម​តាម​នីតិវិធី​នៃ​បទប្បញ្ញត្តិ​ស្តីពី​ក្របខ័ណ្ឌ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហភាព​អឺរ៉ុប​មុខ​ទំនិញ​ដែល​បាន​ស្នើសុំ​ព្យួរ​សម្បទាន​ពន្ធ​ជា​បណ្តោះអាសន្ន​ចំនួន ៤០ ​មុខ​នឹងត្រូវ​ដាក់​ជូន​ក្រុមប្រឹក្សា​អឺរ៉ុប និង​សភា​អឺរ៉ុប​ពិនិត្យ​លើ​ទម្រង់ និង​គតិ​ច្បាប់​ដែល​ត្រូវ​ប្រើពេល​ប្រមាណ​ ២ ​ខែ​បន្តទៀត​ចាប់ពី​ថ្ងៃទី​ ១២ ខែ​កុម្ភៈ ឆ្នាំ​ ២០២០​។ ក្នុងន័យនេះ​សភា​អឺរ៉ុប​មាន​សិទ្ធិ​ជំទាស់​ទៅនឹង​សេចក្តី​ស្នើច្បាប់​សុំ​ព្យួរ​ជា​បណ្តោះអាសន្ន​របស់​គណៈកម្មការ​អឺរ៉ុប​។ ក្នុងករណី​ចាំបាច់​សភា​អឺរ៉ុប​អាច​ប្រើពេល​ ២ ​ខែ​បន្ថែម​ទៀត​ដើម្បី​ពិចារណា​។

អ្នកវិភាគ​សេដ្ឋកិច្ច​លោក ចាន់ សុផល បាន​ថ្លែងថា​កម្ពុជា​ត្រូវ​បង់ពន្ធ​លើ​ទំនិញ​នាំទៅ​អឺរ៉ុប​ចំនួន ២០% នៃ​ទំនិញ​នាំចេញ​សរុបទៅ​សហគមន៍​អឺរ៉ុប​ដោយ ៨០% ទៀត​នៅ​រួច​ពន្ធ​ដដែល​។ តាម​ការវាយតម្លៃ​ជាបឋម​របស់​លោក ពន្ធ​លើ​ទំនិញ​ ២០% ​នេះ​មាន​កម្រិត​ប្រហែល​ ១០០ លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។ បរិមាណ​នេះ​មិន​ច្រើនពេក​ទេ​បើ​គិត​ក្នុង​បរិបទ​សេដ្ឋកិច្ចកម្ពុជា​បច្ចុប្បន្ន​។

លោក​ថា ការយកពន្ធ​នេះ​វា​ត្រូវជា ១,១% នៃ​ការនាំ​ចេញ​សម្លៀកបំពាក់ និង​ស្បែកជើង​សរុប ហើយ​វា​ត្រូវ​ជា ១,២% នៃ​ចំណាយ​ថវិកាជាតិ និង​ត្រូវជា ០,៣៥% នៃ​ផលិតផល​សរុប​ក្នុងស្រុក (GDP)​។​ «​វា​មិន​ធ្វើឱ្យ​សេដ្ឋកិច្ច​ថមថយ​ខ្លាំង ឬ​ក៏​ដួលរលំ​នោះទេ​»​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់​ថា វា​ជា​ឱកាសល្អ​សម្រាប់​កម្ពុជា​ទាំង​រដ្ឋាភិបាល ទាំង​វិស័យ​ឯកជន ទាំង​កម្មករ ដែល​ត្រូវ​រៀន​រស់​ដោយ​គ្មាន​ភាពអនុគ្រោះ​ពី​គេ​ជា​បណ្តើរៗ​ព្រោះថា ៥ ​ឆ្នាំ​ទៀត​គេ​នឹង​តម្រូវ​ឱ្យ​បង់ពន្ធ ១០០% ហើយ ខណៈ​ដែល​កម្ពុជា​ជាក់ច្បាស់​ថា បាន​រីកចម្រើន​ឡើង​ផុតពី​ចំណោម​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​តិចតួច​»​។

តំណាង​រោងចក្រ​កាត់ដេរ​មួយ​ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន​ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ពី​ម្សិលមិញ​ថា ការសម្រេច​របស់​សហភាព​អឺរ៉ុប អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការនាំចេញ​របស់​រោងចក្រ ប៉ុន្តែ​ថា​ផលប៉ះពាល់​នោះ​មិន​ខ្លាំង​ប៉ុន្មាន​ទេ ដោយសារ​តែ​រោងចក្រ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​។

តំណាង​រោងចក្រ​រូបនេះ​ថ្លែងថា​៖ «​អ៊ីចឹង​បើ​ប៉ះពាល់​គឺ​ប៉ះពាល់​តិចតួច​។ យើង​នឹង​នាំទៅ​អាមេរិក និង​ជប៉ុន​វិញ​យើង​ឈប់​នាំទៅ​អឺរ៉ុប​។ តាម​ផែនការ​ផលិត​របស់ខ្ញុំ​គឺ​ភាគច្រើន​នាំទៅ​អាមេរិក​ចាប់តាំងពី​គេ​និយាយ​រឿង EBA ហ្នឹង​មក​គឺ​ពួកយើង​ចាប់ផ្ដើម​ផ្ទេរ​ទៅ​អាមេរិក​វិញ​»​។

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន​, តំណាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC និង​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក​ អ៊ូ ច័ន្ទរ័ត្ន ​អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះជាតិ​យល់ឃើញ​ថា ការសម្រេច​ព្យួរ​តែ​ ១ ​ភាគ​ ៥ ​នៃ​ទំនិញ​កម្ពុជា​នាំចូល​អឺរ៉ុប​គឺជា​កាយវិការ​យោគយល់​របស់ EU ចំពោះ​កម្ពុជា​។ «​បើ​ប៉ះពាល់​ដល់ក​ម្មករ​ក៏​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ពេក​ដែរ​។ ខ្ញុំ​មើលឃើញ​ថា គេ​ជ្រើសរើស​យកតែ​ម៉ាក​យីហោ​ខ្លះ​មិន​ទូទៅ​ទេ​។ ខ្ញុំ​គិតថា​វា​ជា​យុទ្ធសាស្ត្រ​ជា​នយោបាយ​របស់​សហគមន៍​អឺរ៉ុប​គឺ​ដូច្នេះហើយ​គឺ​គេ​មិន​ចង់​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​អ្នកក្រីក្រ​ធ្ងន់ធ្ងរ​ពេក​ទេ​។ បើ​យើង​មិន​ផ្លាស់ប្ដូរ​នីតិវិធី​ទៅ​ថ្ងៃក្រោយ​ក៏​គេ​នៅតែ​ដាក់​សម្ពាធ​បន្ត​បន្តិច​ម្ដងៗ​។ ដូច្នេះ​គឺ​គេ​ឲ្យ​យើង​ត្រៀម​ខ្លួនឯង​ទៅ​»៕

វីដេអូ៖