ភ្នំពេញៈ កម្ពុជា​ទទួល​បាន​ការវាយតម្លៃ​ល្អ​ជាងគេ​បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​ចំនួន ១៥​ ផ្សេង​ទៀត​ដែល​បញ្ជូន​ពលករ​ឲ្យ​ទៅ​ធ្វើការ​នៅ​កូរ៉េ​លើ​ការផ្តល់សេវា​ស្វែងរក​ទីផ្សារ​ការងារ​នៅ​ប្រទេស​នេះ ដែល​ការវាយតម្លៃ​ល្អ​នេះ ខណៈ​ដែល​កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​កូរ៉េ​ប្រមាណ​ជាង ៥ ​ម៉ឺន​ ៤ ​ពាន់​នាក់​គិត​ចាប់ពី​ឆ្នាំ​ ២០១៧​។


លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចូលរួម​កិច្ចប្រជុំ​​ប្រចាំ​ឆ្នាំ​លើក​ទី​ ១៥ ​នៃ​សន្និសីទ EPS នៅ​សាធារណរដ្ឋ​កូរ៉េ ដោយ​មាន​ការចូលរួម​ពី​តំណាង​ភ្នាក់ងារ​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​នេះ​ទាំង ១៦ ​ប្រទេស​កាលពី​ថ្ងៃ​ចន្ទ ខណៈ​លទ្ធផល​នេះ​ត្រូវ​បាន​វាយតម្លៃ​ដោយ​អង្គភាព​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៃ​ក្រសួង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ (HRD KOREA)​។

លោក ហេង សួរ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ជា​រៀងរាល់​ឆ្នាំ​អង្គភាព​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៃ​ក្រសួង​ការងារ​កូរ៉េ​តែងតែ​មាន​កិច្ចប្រជុំ​មួយ​ជាមួយ​ប្រទេស​ទាំង​ ១៦ ដែលជា​ប្រទេស​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​បញ្ជូន​ពលករ​មក​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ដើម្បី​ធ្វើការ​វាយតម្លៃ​​ពី​ការបញ្ចូន និង​ការផ្តល់​សេវា​គាំទ្រ​ផ្សេងៗ​ក្នុង​អំឡុងពេល​នាំ​ពលករ​មក​ប្រទេស​នេះ​។

HRD KOREA បាន​ពិនិត្យ និង​វាយតម្លៃ​ផ្តល់​ពិន្ទុ​ល្អ​ដល់​ប្រទេស​កម្ពុជា​ចំនួន ៨ ចំណុច​ដូចជា នីតិវិធី​នៃ​ការបញ្ជូន​ពលករ​មាន​រយៈពេល​តិច និង​ចំណាយ​ទាប​ជាង​បណ្តា​ប្រទេស​ផ្សេងទៀត មិន​សូវ​មាន​ពលករ​ផ្លាស់ប្តូរ​ថៅកែ​ក្នុង​រយៈពេល​ ៣ ​ខែ​ដំបូង ខណៈ​ពលករ​រស់នៅ​ខុសច្បាប់​ក្នុង​ប្រទេស​នេះ​មាន​ចំនួន​តិចជាង​មធ្យមភាគ​។

បន្ថែម​ពីនេះ​កម្ពុជា​ក៏មាន​ប្រព័ន្ធ​ប្រឡង​ធ្វើតេស្ត​សមត្ថភាព​ភាសា​កូរ៉េ​តាម​កុំព្យូទ័រ​ធំជាងគេ និង​មាន​សេវា​អម​ពលករ​រហូត​ដល់​និយោជក​មក​ទទួល​បាន​យ៉ាង​ល្អ​រួមទាំង​សេវា​ថែទាំ​ផ្ទះ​ស្នាក់នៅ​បណ្តោះអាសន្ន​មាន​លក្ខណៈ​ល្អ​ជាងគេ ហើយ​ក៏​មានការ​បង្កើត​កម្មវិធី​ប្រពៃណី​នានា​។ ក្នុងនោះ​ចំពោះ​អត្រា​ជោគជ័យ​ក្នុង​ជីវិត​ខ្ពស់​ក្នុង​ចំណោម​ពលករ​ដែល​ចប់​កិច្ចសន្យា​ការងារ ហើយ​វិលត្រឡប់​ទៅ​ដល់​កម្ពុជា​វិញ​ក៏​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​គេ​ផងដែរ​។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ការងារ​។


លោក ហេង សួរ រំពឹងថា ការវាយតម្លៃ​នេះ​អាច​នឹង​ជួយ​ឲ្យ​កម្ពុជា​ទទួល​បាន​កូតា​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​បាន​កាន់តែ​ច្រើន​ថែមទៀត​។ លោក​បាន​បញ្ជាក់​ថា​៖ «​ស្រប​ពេលដែល​កាន់តែ​មាន​ប្រទេស​ជាច្រើន​បាន​បញ្ជូន​ពលរដ្ឋ​ទៅ​ប្រទេស​កូរ៉េ ដូច្នេះ​ការវាយតម្លៃ​ពី​លក្ខណៈ​ល្អប្រសើរ​របស់​កម្ពុជា​នេះ គឺជា​កត្តា​ល្អ​មួយ​ដែល​នាំ​ឲ្យ​កម្ពុជា​ទទួល​បាន​ការរក្សា និង​បន្ថែម​កូតា​ក្នុង​ការបញ្ជូន​ពលរដ្ឋ​របស់​ខ្លួន​ទៅ​ប្រទេស​នេះ​»​។

បើតាម​ក្រសួង​ការងារ​គិត​ចាប់ពី​ឆ្នាំ​ ២០១៧ ​បន្ទាប់ពី​កម្ពុជា​បាន​ចុះ MOU ជាមួយ​សាធារណ​រដ្ឋ​កូរ៉េ​ក្នុង​ការនាំ​ពលករ​ពី​កម្ពុជា​ទៅ​ប្រទេស​នេះ​កម្ពុជា​បាន​បញ្ជូន​ពលករ​ជាង ៥ ៤៣០០ នាក់​រួច​មក​ហើយ​ដោយ​ពួកគេ​ទាំងនោះ​ភាគច្រើន​បម្រើ​ការងារ​ក្នុង​ផ្នែក​ឧស្សហកម្ម​ដោយ​ជា​មធ្យម​ទទួល​បាន​ប្រាក់​ឈ្នួល​ចន្លោះ​ពី ១ ២០០ ​ដុល្លារ ទៅ ១ ៧០០ ​ដុល្លារ​ក្នុង​ ១ ​ខែ​។

សម្រាប់​ឆ្នាំ​ ២០១៩ ​នេះ​រដ្ឋាភិបាល​កូរ៉េ​បាន​សម្រេច​ទទួល​ពលរដ្ឋ​កម្ពុជា​ប្រមាណ ៤ ៤០០ នាក់​បន្ថែម​ទៀត តែ​យ៉ាងណា​ចំនួន​កូតា​ទទួល​ពលករ​សម្រាប់​ឆ្នាំ​ ២០២០ នៅ​មិនទាន់​បាន​ប្រកាស​នៅ​ឡើយ​ទេ​ដោយ​ការសម្រេច​នេះ​អាចធ្វើ​ឡើង​នៅ​ដើមឆ្នាំ​ខាងមុខ​។ នេះ​បើតាម​លោក ហេង សួរ​។

លោក​បញ្ជាក់ថា​៖ «​បើទោះបី​ជា​បងប្អូន​មួយ​ចំនួន​គាត់​អាចមាន​បញ្ហា​ដោយសារ​ការរស់នៅ​ខុសច្បាប់ ហើយ​ត្រូវ​បាន​គេ​​បញ្ជូន​មកវិញ​ខ្លះ ប៉ុន្តែ​អត្រា​ដែល​ជោគជ័យ គឺ​កម្ពុជា​យើង​មាន​ខ្ពស់​ជាងគេ​។ តាម​ដែល​តំណាង​ក្រសួង​ការងារ​កូរ៉េ​នៅ​កម្ពុជា​បាន​រាយការណ៍​ទៅ​អង្គភាព​របស់​គាត់ ហើយ​ដែល​បាន​ធ្វើការ​វាយតម្លៃ​រយៈពេល​ ១ ​ថ្ងៃ​កន្លះ​នេះ​»​។

កញ្ញា ឈឿន សម្ភស្ស ដែល​កំពុង​បម្រើ​ការងារ​ក្នុង​រោងចក្រ​មួយ​កន្លែង​នា​ប្រទេស​កូរ៉េ​ថ្លែង​ថា​ជាទូទៅ​ការធ្វើការ​នៅ​ប្រទេស​នេះ​ពិតជា​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​បណ្តា​ប្រទេស​ដទៃ ប៉ុន្តែ​ពលករ​នៅ​ប្រឈម​នឹង​បញ្ហា​សុខភាព និង​ការធ្វើការ​ជាមួយ​ថៅកែ​ដែល​មិនល្អ​។

កញ្ញា​បញ្ជាក់​ថា​៖ «​បើ​និយាយ​ទៅ​ប្រាក់ខែ​វា​បាន​ច្រើន និង​ងាយស្រួល​មែន ប៉ុន្តែ​ដោយ​ពលករ​ខ្លះ​មក​ប៉ះចំ​ថៅកែ​ល្អ គឺ​ស្រួល​ទៅ តែ​បើ​កន្លែង​លំបាក គេ​ប្រើ​យើង​លើស​ម៉ោង​។ សម្រាប់​នីតិវិធី​ក្នុងការ​មកនេះ​គឺ​ដូចជា​ពលករ​ដទៃ​ទៀត​ដែរ គឺ​ទម្រាំ​ខ្ញុំ​បាន​មក​ដល់ទី​នេះ (​ប្រទេស​កូរ៉េ​) ​ត្រូវ​ចំណាយ​ច្រើន​ដែរ​អស់ ៤ ០០០ ​ដុល្លារ​ឯណោះ​»​។

លោក ឃុន ថារ៉ូ ​អ្នក​សម្របសម្រួល​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​នៃ​អង្គការ​សង់ត្រាល់​យល់​ថា នេះ​គឺជា​ការប្រសើរ​ស្រប​ពេលដែល​ការបញ្ជូន​ពលករ​ទៅធ្វើការ​នៅ​ប្រទេស​នេះ​មិន​សូវ​ជា​មាន​ភាពមិន​ប្រក្រតី​ច្រើន​នោះ​ទេ បើ​ប្រៀបធៀប​ជាមួយ​នឹង​ប្រទេស​ដទៃ​។ ទន្ទឹមនឹង​ភាពល្អ​ប្រសើរ​នេះ លោក​ក៏​ចង់ឃើញ​មាន​វិធានការ​គាំពារ​មួយ​ដែល​ជាក់លាក់ ដើម្បី​ធានា​ដល់​វិជ្ជាជីវៈ​របស់​ពលករ​កម្ពុជា​ទាំងនោះ​នៅពេល​ត្រឡប់​មក​វិញ​។

លោក​បញ្ជាក់ថា​៖ «​សម្រាប់​ការទទួល​ស្គាល់​នូវ​ជំនាញ​វិជ្ជាជីវៈ​តាមរយៈ​ការធ្វើការងារ​ណាមួយ​នៅ​ប្រទេស​ កូរ៉េ​ ហ្នឹង ដើម្បី​អាច​ទទួលស្គាល់ ឬក៏​ការធ្វើ​សមាហរណកម្ម​ណា​មួយ​សម្រាប់​ធានា​ពួកគេ​ពេល​ចប់​ការងារ​ពី​ប្រទេស​កូរ៉េ ងាយស្រួល​រក​ការងារ​នៅ​ប្រទេស​ កម្ពុជា​។ នេះ​ជា​កត្តា​ចម្បង ព្រោះ​ទៅ​ថ្ងៃ​អនាគត​យើង​មិន​អាច​ធ្វើ​ជា​ប្រទេស​ដែល​នាំ​ពលករ​ ឬ​លក់​កម្លាំង​ពលកម្ម​ទេ​។ គឺ​ត្រូវតែ​បង្កើត​ធនធាន​មនុស្ស​ក្នុងស្រុក និង​បង្កើត​ទីផ្សារការងារ​បន្ថែម​ទៀត​»៕