ភ្នំពេញៈ ប្រទេស​ កម្ពុជា​​ មិន​ទទួល​យក​​អនុសាសន៍​​ឲ្យ​ចេ​ញ​លិខិត​អញ្ជើញ​​​​ចំហ​​អចិន្រៃ្តយ៍​សម្រាប់​​នីតិ​វិធី​​ពិសេស​​របស់​អង្គការ​សហប្រជា​ជាតិ​​ ដែល​ជំរុញ​ដោយ​ប្រទេស​ចំនួន​ ៥​​។ ​ការ​បដិសេធ​​នេះ​​ គឺ​ជា​ផ្នែក​​នៃ​អនុសាសន៍​​ចំនួន​ ២៥​ ដែល​កម្ពុជា​បាន​កត់​សម្គាល់។


កម្ពុជា​បាន​ទទួល​​យក​​​អនុ​សាសន៍​ជា​ផ្លូវ​ការ​​ចំនួន​ ១៧៣ ​​និង​បាន​កត់​សម្គាល់​អនុសា​ស​ន៍​ចំនួន​ ២៥ ​ក្នុង​ចំណោម​អនុសា​សន៍​ ១៩៨ ​​កាល​ពី​សប្តាហ៍​មុន​​ ក្នុង​អំឡុង​សម័យ​ប្រជុំ​​លើក​ទី​៤​១​​ នៃ​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​​អង្គការ​សហប្រជា​ជាតិ​​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​​នៅ​ទីក្រុង​ហ្សឺ​ណែវប្រទេស ​ស្វ៊ីស​។ អនុ​សា​​​សន៍​ទាំង​នេះ​​ត្រូវ​បាន​ផ្តល់​ដោ​យ​​ប្រទេស​ចំនួន​​ ៧៣ ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​​លើក​ទី​៣២ ​​នៃ​កិច្ចប្រជុំ​ក្រុម​ការ​ងារ​ UPR ដែល​ប្រារព្ធ​ធ្វើ​ឡើង​​កាល​ពី​ចុង​​ខែ​មករា​។ អនុ​សាសន៍​​ចំនួន​ ២៥ ​​ត្រូវ​បាន​ដាក់​ជា​​ ១០​ ប្រភេទ។

នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី​១ ​មា​ន​​ប្រទេស​ចំនួន​ ៥ ​​រួម​មាន​អាល្លឺ​ម៉​ង់ ​ក្រូអាស៊ី អ៊ុយ​ក្រែន សាធា​​រណ​​រដ្ឋ​ឆែក​ និង​ប្រទេស ឡេតូនី (​Latvia)​ បាន​ផ្តល់​អនុសាសន៍ឲ្យ​កម្ពុជា​ចេញ​លិខិត​អញ្ជើញ​ចំហ​​អចិន្រៃ្តយ៍​​​​ចំពោះ​នីតិវិធី​ពិសេ​ស​​ទាំងអស់​ហើយ​​ចូល​រួម​ក្នុង​លក្ខ​ណៈ​ស្ថាបនា​ជា​មួ​យ​ការិ​យា​​ល័យ​ឧត្ត​ម​ស្នង​ការ​អង្គការ​សហ​​ប្រជា​​ជាតិ​​ទទួល​បន្ទុក​សិទ្ធិ​មនុ​ស្ស ​​(OHCHR) និង​នីតិវិធី​ពិសេស។

​រដ្ឋា​ភិបាលបាន​លើក​ហេតុ​ផល​​ នៃ​​ការ​មិន​ទទួល​យក​នេះ​​ថា​៖ «​​រដ្ឋា​ភិបាល​មិន​មាន​គោល​​​នយោបាយ​ចេញ​លិខិត​អញ្ជើ​ញ​​ជា​ចំហទេ​។ ​យើង​រក្សា​សិទ្ធិ​​រប​ស់​យើង​ក្នុង​ការ​ស្វាគមន៍​​​ដំណើរ​ទស្សនកិច្ច​​​ទាំង​អស់​​​ដែល​ធ្វើ​ឡើងដោយ​នីតិវិធី​ពិសេស​រប​ស់​​អង្គការ​សហ​ប្រជាជាតិ ​​នៃ​គ្រប់​អាណត្តិ​ទាំង​អស់​​ផ្អែក​លើ​​កាលៈទេសៈ​ជាក់ស្តែង»។ ​


រដ្ឋា​ភិបាល​​បន្ថែម​ថា​៖ «​​ជា​ការ​ពិត​មាន​ដំណើរ​ទស្សនកិច្ច​​មួយ​ចំនួន​ ដែល​ធ្វើ​ឡើង​ដោយ​​អ្នក​រាយ​​ការណ៍​ពិសេស ​​និង​ក្រុម​ការ​ងារ​​ នៃ​នីតិវិធី​ពិសេស ​​នៃ​ក្រុម​​ប្រឹក្សា​សិទ្ធិ​មនុស្ស​ អង្គការ​សហ​ប្រជាជាតិ»។​


​នីតិវិធី​ពិសេស​​ អាចធ្វើ​ឡើង ​​ជា​​លក្ខណៈ​បុគ្គល​​ដែល​ហៅ​ថា «​អ្នក​រាយការណ៍​ពិសេស​»​ ឬ​ «​អ្នក​ជំនាញ​​ឯក​រាជ្យ​​»​ ឬ​​ក្រុម​ការ​ងារ ​​ដែល​មាន​សមាស​ភាព​សមាជិក ​៥​ នាក់​។ ​ជា​ផ្នែក​នៃ​វិធី​សាស្រ្ត​ការ​ងារ​របស់​ពួកគេ​ ​អ្នក​កាន់​អាណត្តិ​ពិសេស​នេះ​​​​ ត្រូវ​​ចុះ​ទស្សនកិច្ច​ប្រទេស​​ណា​មួយ​ ដើម្បី​​ពិនិត្យ​​ស្ថាន​ភាព​សិទ្ធិ​មនុស្ស ​​នៅ​កម្រិត​ថ្នាក់ជាតិ​។ នេះ​បើ​យោង​តាម​​និយម​ន័យ​របស់​ OHCHR។

​លោក ជិន ម៉ាលីន អ្នក​នាំ​ពា​ក្យ​​​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុ​ជាបាន​ថ្លែង​​កាល​ពី​ថ្ងៃ​​អង្គារ​ថា ​កម្ពុជា​មិន​ដែល​ច្រានចោល​​ នីតិវិធី​ពិសេស​ណា​មួយ​​ របស់​អង្គការ​សហប្រជាជាតិ​ទេ​ ​ប៉ុន្តែ​ក្នុង​នាម​ជា​​ប្រទេស​អធិប តេយ្យ​ភាព​ ​ខ្លួន​មាន​សិទ្ធិ​ច្រាន​ចោល​​ឬ​អនុញ្ញាត​ចំពោះ​ទស្សនកិច្ច​ណាមួយ។

ប្រទេស​ចំនួន​ ៦​ បាន​ផ្ដល់​អនុ​សាសន៍​​ដោយ​​ជំរុញ​​កម្ពុជា​ឲ្យ​​លុប​ចោល​បទ​ប្បញ្ញត្តិ​​នៃ​ក្រម​ព្រហ្មទណ្ឌ​​​ពាក់​ព័ន្ធ​នឹង​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​។ ​ពួក​គេ​និយាយ​ថា​ ​បទ​ប្បញ្ញត្តិ​ទាំង​នេះ​​ អាច​ត្រូវ​បាន​ប្រើ​ដើម្បី​រឹត​ត្បិត​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ ​ការ​ប្រមូល​ផ្តុំ​ និង​សមាគម​ ​និង​​បញ្ឈប់​ការ​ប្រើ​​បទ​បរិហារកេរ្តិ៍​​ជា​បទ​ព្រហ្មទណ្ឌ។

​ប៉ុន្តែ​កម្ពុជា​និយាយ​ថា​៖ «​​ក្រម​ព្រហ្មទណ្ឌ​​កម្ពុជា​ មិន​រឹត​ត្បិត​​​សេរី​ភាព ​នៃ​ការ​បញ្ចេញ​មតិ​​ និង​ការ​ប្រមូល​ផ្តុំ​​ដោយ​សន្តិវិធី​ និង​ស្រប​ច្បាប់​នោះ​ទេ​។ ​ក្រម​ព្រហ្មទណ្ឌ​ ចែង​ឲ្យ​មាន​ការ​ដាក់​ទោស​ទណ្ឌ​​ទៅ​លើ​​អ្នក​ដែល​ល្មើស​ច្បាប់​​ និង​​បំពាន​សិទ្ធិ​មនុស្ស»។ ​

ក្រម​នេះ​បន្ថែម​ថា បទ​បរិហារកេរ្តិ៍​មិន​​ស្ថិត​ក្រោម​ការ​ជាប់​ពន្ធនាគារ​ ប៉ុន្តែ​វា​ជា​បទ​ល្មើស​​ព្រហ្មទណ្ឌ​​ដែ​ល​​អាច​ត្រូវ​ពិន័យ​ជា​ប្រាក់។

​ក្រម​ព្រហ្មទណ្ឌ​ចែង​​ថា ​មាន​វេទិកា​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​សម្បូរបែប​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​ ហើយ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​​ទាំងនោះ​ គឺ​មាន​សេរី​ភាព​ក្នុង​ការ​​ចុះ​​ផ្សាយ​​ដោយ​មិន​មានការ​ពិនិត្យ​ជា​មុន​​ ឬ​រឹត​បន្តឹង​ពី​រដ្ឋាភិបាល ។

កម្ពុជា​ក៏​កត់​សម្គាល់​ផង​ដែរ​​​ ចំពោះ​អនុសាសន៍​​​ឲ្យ​មាន​វិសោ​ធនកម្ម​​ច្បាប់​នយោបាយ​​ ច្បាប់​​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ច្បាប់សហជីព​​ ដែល​ផ្តល់​អនុសាសន៍​ដោយ​ប្រទេស​​អូស្រ្តាលី ​អូទ្រីស​ និង​ប្រទេ​ស​ប្រេស៊ីល​។ ​ប្រទេស​ទាំង ៣ ​នេះ ​បាន​និយាយ​ថា ​កម្ពុជា​គួរ​តែ​ធានា​ថា ​ច្បាប់​ទាំង​ ៣ នេះ ​មាន​លក្ខណៈស៊ី​គ្នា​ជា​មួយ​នឹង​​កាតព្វ​កិច្ច​របស់​រដ្ឋ​​ក្រោម​​អនុ​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ស៊ីវិល​​និង​នយោបាយ។

សហរដ្ឋ​អាមេរិក កាណាដា និង​នូវែលសេឡង់​ ​បាន​ជំរុញ​ឲ្យ​កម្ពុជា​​ដោះ​លែង​លោក កឹម សុខា ​​និង​ធ្វើ​ឲ្យ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ​ និង​ផ្តល់​នីតិសម្បទា​ដល់​​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ១១៨ ​នាក់​ ដោយ​គ្មាន​លក្ខខណ្ឌ។

លោក​ស្រី ចក់ សុភាព នាយិ​​កាមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​ថា វា​ជា​រឿង​គួរ​ឲ្យ​សាទរ​​ដែល​កម្ពុជា​ទទួល​យក​​អនុសាសន៍​ភាគ​ច្រើន​​។ លោក​ស្រី​លើក​ទឹក​ចិត្ត​ដល់​រាជ​រដ្ឋាភិបាល ឲ្យ​មាន​វិធាន​ការ​ជាក់​លាក់​ដើម្បី​ធានា​បាន​នូវ​ការ​អនុវត្ត​ឲ្យ​មាន​ប្រ​សិទ្ធ​ភាព​លើ​អនុសាសន៍​ដែល​ទទួល​យក​ទាំង​នោះ។​

ទោះជា​​យ៉ាង​ណា​លោក​ស្រី​ថ្លែង​ថា៖ «វា​ជា​រឿង​គួរ​ឲ្យ​ខក​ចិត្ត​ ដែល​រដ្ឋាភិបាល​សម្រេច​ចិត្ត​ធ្វើ​ការ​កត់​សម្គាល់​អនុសា​សន៍​មួយ​ចំនួន​ពាក់​ព័ន្ធ​​នឹង​ការធ្វើ​វិសោធនកម្ម​ច្បាប់ ​ដែល​បច្ចុ​ប្បន្ន​នេះ ​រឹត​ត្បិត​សេរី​ភាព​នៃ​ការបញ្ចេញ​មតិខ្លាំង និ​ង​​អនុសា​​ស​ន៍​ពាក់​ព័ន្ធ​ នឹង​សេរីភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ»។

លោក​ស្រី​ ចក់​ សុភាព​ បន្ថែម​ថា រដ្ឋាភិបាល​នៅ​តែ​អាច​ធ្វើ​ឲ្យ​ស្ថានការណ៍​សិទ្ធិ​មនុស្ស​មាន​ភាព​ប្រសើរ​ឡើង​ ដូច​មាន​លើក​ឡើង​ក្នុង​​អនុសាសន៍​ដែល​ត្រូវ​បាន​កត់​សម្គាល់៕