ភ្នំពេញៈ កម្ពុជា​ទទួលបាន​ថវិកា​ចំនួន ៧,៦៦ លាន​ដុល្លារ​ពី​កិច្ច​ព្រម​ព្រៀង​ស្តីពី​សហ​ប្រតិបត្តិការ​លើ​គម្រោង​មូលនិធិ​ពិសេស​ មេគង្គ-ឡាន​ឆាង ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​លើ​ផែនការ​ចំនួន ១៩ គម្រោង ខណៈ​ដែល​គិត​មក​ទល់​ពេល​នេះ​ប្រទេស​ កម្ពុជា​ បាន​ទទួល​គម្រោង​សរុប​ចំនួន ៣៥ មក​ហើយ។


ការបង្ហាញ​នេះ​ធ្វើឡើង​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​សហ​ប្រតិបត្តិការ​លើ​គម្រោង​នៃ​មូលនិធិ​ពិសេស ​មេគង្គ-ឡាន​ឆាង រវាង​លោក​ឧប​នាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​និង​លោក វ៉ាង វិនធាន (Wang Wentain) ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា កាល​ពី​ម្សិលមិញ​នៅ​ទីស្តីការ​ក្រសួង​ការបរទេស។

លោក ប្រាក់ សុខុន បាន​ថ្លែងថា រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​អនុម័ត​និង​គាំទ្រ​ផែ្នក​ហិរញ្ញវត្ថុ​ដល់​គម្រោង​កម្ពុជា​ចំនួន ១៩ ដែល​គាំទ្រ​ដោយ​មូលនិធិ​ពិសេស​កិច្ច​សហ​ប្រតិបត្តិការ​ មេគង្គ-ឡាន​ឆាង ២០១៨ ដែល​មាន​ថវិកា​សរុប​ចំនួន ៧,៦៦ លាន​ដុល្លារ​អាមេរិក។

លោក​បន្តថា ចាប់តាំងពី​ការបង្កើត​កិច្ចសហប្រតិបត្តិការ​ មេគង្គ-ឡាន​ឆាង ប្រទេស​ កម្ពុជា​ បាន​ទទួល​គម្រោង​សរុប​ចំនួន ៣៥ ដែល​មាន​វិសាល​ភាព​គ្រប​ដណ្តប់​លើ​សកម្មភាព​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម ទេសចរណ៍ បច្ចេកទេស​ព័ត៌មាន​វិទ្យា អប់រំ និង​ស្រាវជ្រាវ​ធន​ធាន​ទឹក អភិវឌ្ឍន៍​ជនបទ និង​ការ​ផ្លាស់ប្តូរ​ផ្នែក​វប្បធម៌ និង​សាសនា។ គម្រោង​មួយ​ចំនួន​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ និង​គម្រោង​ដែល​នៅ​សល់​ផ្សេង​ទៀត​ជិត​ត្រូវ​បាន​បញ្ចប់ ឬ​មាន​វឌ្ឍនភាព​គួរ​ឲ្យ​កត់​សម្គាល់។


លោក​បាន​បញ្ជាក់ថា ការចុះ​កិច្ចព្រមព្រៀង​នេះ ជា​តឹកតាង​យ៉ាងច្បាស់​លាស់​ថា កិច្ច​សហ​ប្រតិបត្តិការ​ មេគង្គ-ឡាន​ឆាង​ បាន​និង​កំពុង​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​មាំមួន​ជាមួយ​នឹង​ចំណង​នៃ​កិច្ច​សហ​ប្រតិបត្តិការដ៏​រឹងមាំ​តាមរយៈ​គម្រោង​ទាំង​នេះ។ ថ្វី​ដ្បិត​គម្រោង​ទាំង​នេះ មិន​មែន​ជា​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្នាត​ធំ ប៉ុន្តែ​វា​បាន​ផ្តល់​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​អនុ​តំបន់​មេគង្គ នៅ​ក្នុង​បរិបទ​នៃ​ការវិវត្ត​យ៉ាង​ឆាប់​រហ័ស​នៃ​ទិន្នន័យ​និង​ការ​ច្នៃ​ប្រឌិត​ថ្មីៗ​របស់​ពិភពលោក។


លោក​ ប្រាក់ សុខុន បាន​លើកឡើង​ថា៖ «សមត្ថភាព​នៃ​ការចែក​រំលែក ចំណេះ​ដឹង​ថ្មី ចំណេះ​ធ្វើ និង​បទពិសោធ​របស់​ប្រទេស​មេគង្គ និង​ចិន​នេះ ខ្ញុំ​អាច​ហៅថា ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទន់ បាន​ជួយ​បំពេញ​យ៉ាង​ល្អ​ទៅ​ដល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​រឹង​ដែល​ត្រូវ​បាន​អនុវត្ត​ក្រោម​គម្រោង​ទ្វេភាគី​និង​ពហុភាគី​ដទៃ​ទៀត។ សម្រាប់​ខ្ញុំ​តម្លៃ​ពិត​ប្រាកដ​នៃ​គម្រោង​ខ្នាតតូច​ទាំង​នេះ​ គឺ​វា​អាច​បង្កើត​លទ្ធផល​រូបី​ក្នុងការ​លើក​កម្ពស់​ជីវភាព​រស់​នៅ និង​រួម​ចំណែក​ដល់​សុខុមាល​ភាព​របស់​ប្រជាជន»។

លោក វ៉ាង វិ​ន​ធាន បាន​ថ្លែងថា​កិច្ចសហប្រតិបត្តិការ​ មេគង្គ-ឡាន​ឆាង គឺជា​យន្តការ​កិច្ច​អនុ​តំបន់​ថ្មី​ដោយ​មាន​ការ​ប្រឹក្សា​យោបល់​ការ​ចូលរួម​ចំណែក​និង​ផល​ប្រយោជន៍​រួមគ្នា​រវាង​បណ្តា​ប្រទេស​នៅ​តាម​បណ្តោយទន្លេ​មេគង្គ។ វា​មាន​លក្ខណៈ​អំណោយ​ផល​ក្នុង​ការ​កាត់​បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍ​នៅ​អាស៊ាន​និង​លើក​កម្ពស់​សមា​ហរណកម្ម​អាស៊ាន​ជាទូទៅ។

លោក​បន្តថា លើសពីនេះ​វា​ជំរុញ​ឲ្យ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​ដែល​បើក​ចំហ​រួម​បញ្ចូល​មាន​តុល្យភាព និង​មាន​អត្ថ​ប្រយោជន៍​ដល់​មនុស្ស​ទាំង​អស់ «ប្រទេស​ចំនួន ៦ នៅតាម​បណ្តោយ​ទន្លេ​មេគង្គ គឺមាន​ភាព​ជិត​ស្និទ្ធ​ជាមួយ​គ្នា​មិន​ត្រឹមតែ​តាម​ទីតាំង​ភូមិសាស្ត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នៅ​ក្នុង​ទំនាក់​ទំនង​ពី​បុព្វ​បុរស និង​ប្រវត្តិ​វប្បធម៌​ផង​ដែរ»។

លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃរាជបណិ្ឌត្យ​សភា​កម្ពុជា និង​ជា​អ្នក​វិភាគ​បញ្ហាន​យោបាយ​បាន​យល់​ឃើញ​ថា​កិច្ច​សហ​ប្រតិបត្តិការ​ មេគង្គ-ឡាន​ឆាង គឺជា​កិច្ច​សហ​ប្រតិបត្តិការ​ពង្រឹងទំនាក់​ទំនង​ពាណិជ្ជកម្ម ការ​ផ្សារ​ភ្ជាប់​រវាង​ប្រជាជន​ការ​អភិវឌ្ឍ​និង​សន្តិសុខ​តាម​តំបន់​មេគង្គ ហើយ​ចិន​នឹង​ទាញ​ប្រយោជន៍​ច្រើន​ពី​កិច្ច​សហ​ប្រតិបត្តិការ​នេះ។

ប៉ុន្តែ​លោក​ថា៖ «វា​ជា​រឿង​ធម្មតា​ក្នុង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​អ្នក​ចំណេញ​តិច ឬ​ច្រើន ហើយ​គេ​មិន​អាច​ចោទ​ចិន​បាន​ឡើយ។ សំខាន់ជា​សមាជិក​មួយ កម្ពុជា​ត្រូវ​ពង្រឹង​សមត្ថភាព ភាព​ឆ្លាត​វៃ ខ្លាំង និង​បង្កើន​ភាព​ដឹកនាំ​ដើម្បី​ទាញ​ប្រយោជន៍​ឲ្យ​បាន​ច្រើន​មក​វិញ»។

គម្រោង​កម្ពុជា​ទាំង ១៩ ដែល​ទទួលបាន​ការគាំទ្រ​ពី​មូលនិធិ​ពិសេស​នៃ​កិច្ច​សហ​ប្រតិបត្តិការ ​មេគង្គ-ឡាន​ឆាង ២០១៨ មាន​ដូចជា៖ កម្មវិធី​គាំទ្រ​អាហា​រូបករណ៍, វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ការ​គ្រប់គ្រង​គម្រោង, ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​តាមរយៈ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ, ការ​អភិវឌ្ឍ​សមា​ហរណកម្ម​សហគមន៍​តាម​ដង​ទន្លេ​មេគង្គ, កិច្ច​សន្ទនា​អន្តរ​ជំនឿ​ស្តីពី​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ជា​និរន្តរ៍, ពង្រឹង​សមត្ថភាព​សម្រាប់​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ​និង​ក្របខ័ណ្ឌ, គម្រោង​កសាង​សមត្ថភាព​តាមរយៈ​កិច្ច​សហ​ប្រតិបត្តិការ​ មេគង្គ-ឡាន​ឆាង​ សម្រាប់​សេដ្ឋកិច្ច​ឌីជីថល និង​គម្រោង​ផ្សេងៗ​ជាច្រើន​ទៀត។

សូមបញ្ជាក់ថា កិច្ច​សហប្រតិបត្តិការ ​មេគង្គ-ឡាន​ឆាង ត្រូវបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៥ ដោយ​មាន​សមាជិក​សរុប ៦ រួម​មាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម និង​ផ្តោត​សំខាន់​លើស​សរស្តម្ភ ៣ និង​មាន​វិស័យ​អាទិភាព​ចំនួន ៥៕