សៀមរាបៈ ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​ អូន ព័ន្ធមុនីរ័ត្ន បាន​អំពាវនាវ​ឱ្យ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​លំហូរ​កាកសំណល់​ដែល​ឆ្លងកាត់​ព្រំដែន​ខុសច្បាប់​ ដែល​បាន​ប៉ះពាល់​ដល់​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ាន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ជាពិសេស​កាកសំណល់​ប្លាស្ទិក​។


ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​លើក​ទី​ ១៥ ​កាលពី​ថ្ងៃ​អង្គារ​នៅ​ខេត្ត​សៀមរាប​លោក​ អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា​៖ «​នេះ​គឺជា​ការគំរាមកំហែង​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​សុខភាព​របស់​យើង និង​សុខុមាលភាព​របស់​ប្រជាជន​យើង ព្រមទាំង​គំរាមកំហែង​ដល់​ការទាក់ទាញ​ភ្ញៀវទេសចរ​នៃ​ប្រទេស​របស់​យើង​ផងដែរ​។ យើង​ត្រូវការ​ការចែករំលែក​ព័ត៌មាន និង​កិច្ចសហប្រតិបត្តិការ​ដ៏ល្អប្រសើរ​ក្នុង​ចំណោម​ភ្នាក់ងារ​ពង្រឹង​ច្បាប់ និង​ភាពជា​ដៃគូ​ជាមួយ​បណ្តា​ប្រទេស​ដើម ដើម្បី​បញ្ឈប់​លំហូរ​ខុសច្បាប់​ទាំងនេះ​តាម​ប្រភព​រៀងៗ​ខ្លួន​»​។

លោក​ក៏បាន​អំពាវនាវ​ដល់​ក្រុមការងារ​អាស៊ាន​ស្តី​ពី​សារធាតុគីមី និង​កាកសំណល់​ផ្តល់​អាទិភាព​លើ​បញ្ហា​នេះ និង​ស្នើ​ឱ្យ​មាន​ជំហាន​ជាក់ស្តែង​ក្នុងពេល​ឆាប់ៗ​ដើម្បី​ដោះស្រាយ​បញ្ហា​រួបរួម​គ្នា និង​ប្រកប​ដោយ​កិច្ចសហប្រតិបត្តិការ​។

រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​បាន​ពិភាក្សា​គ្នា និង​ផ្លាស់ប្តូរ​បទពិសោធ​លើ​បញ្ហា​បរិស្ថាន និង​ទស្សនវិស័យ​បរិស្ថាន​ក្នុង​ប្រទេស​សមាជិក​ក្នុង​តំបន់ និង​ប្រទេស​អាស៊ាន​បូក​ ៣ ​មាន​ចិន ជប៉ុន និង​កូរ៉េ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​លើក​ទី​ ១៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ចាប់​ថ្ងៃទី​ ៧ ដល់​ថ្ងៃទី​ ១១ ខែតុលា​នៅ​ខេត្ត​សៀមរាប​។


លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កិច្ចប្រជុំ​កាលពី​ថ្ងៃ​ចន្ទ​ផ្តោត​លើ​ការត្រៀម​ឯកសារ​មួយចំនួន​ដើម្បី​ដាក់​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​អង្គារ​ដែល​ជា​កិច្ចប្រជុំ​ផ្លូវការ​របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​។ ឯកសារ​ ៣ ​សំខាន់​រួមមាន​ទី​ ១ ​ពាក់ព័ន្ធ​នឹង​ការធ្វើ​សេចក្តី​ថ្លែងការណ៍​រួម​របស់​អាស៊ាន​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ទី​ ២ ​ពាក់ព័ន្ធ​ការធ្វើ​សេចក្តី​ព្រាង​លើ​យុទ្ធសាស្ត្រ​បរិស្ថាន អាស៊ាន និង​ទី​ ៣ ​ការពិនិត្យ​លើ​សំណើ​របស់​ប្រទេស​ ៣ គឺ​វៀតណាម ថៃ ភូមា នៅក្នុង​ការដាក់ឧទ្យាន​ជាតិ​ចូល​ទៅជា​ឧទ្យាន​បេតិកភណ្ឌ​អាស៊ាន​។


រដ្ឋមន្ត្រី​អាស៊ាន​ប្រជុំ​ស្តីពី​បញ្ហា​បរិស្ថាន​នៅ​ខេត្ត​សៀមរាប​ពី​ម្សិលមិញ​។ រូបថត ក្រសួង​បរិស្ថាន

លោក​បន្ថែម​ថា​ជាមួយ​គ្នា​នេះ​ក៏​មាន​កិច្ចប្រជុំ​ត្រៀមលក្ខណៈ​មួយ​ដែរ ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ទៅលើ​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន​។ កិច្ចប្រជុំ​មួយ​ទៀត​គឺពាក់ព័ន្ធ​នឹង​សាលា​មេត្រីភាព​បរិស្ថាន​ដែល​នៅ​ក្នុងនោះ​កម្ពុជា​ត្រូវ​បាន​ទទួល​ការកោតសរសើរ​ពី​ការអនុវត្ត​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​ល្អ​នៅក្នុង​សាលារៀន​មួយចំនួន​។

លោក​ នេត្រ ភក្ត្រា ថ្លែង​ថា​៖ «​កម្ពុជា​ក៏បាន​ចូលរួម​ការចែករំលែក​បទពិសោធ ដែរ​។ កិច្ចការ​ទាំងអស់​ហ្នឹង ជាពិសេសេ​គឺ​ឯកសារ​ទាំង​ ៣ ​ដែល​នឹង​ត្រូវ​ដាក់​សម្រេច​អនុម័ត​ដោយ​រដ្ឋមន្ត្រី​បរិស្ថាន​ពាក់ព័ន្ធ​នានា​នៅក្នុង​កិច្ចប្រជុំ​ហ្នឹង​ថ្ងៃទី​ ៨ (​អង្គារ​)»​។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក​ សាយ សំអាល់ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​ពី​ម្សិលមិញ​ថា អាស៊ាន​បាន​ខិតខំ​ប្រឹងប្រែង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​បរិស្ថាន​ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក និង​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​ដៃគូ​សន្ទនា និង​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​។

លោក​បន្ត​ថា​អាស៊ាន​សម្រេច​បាន​សមិទ្ធផល​គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​ក្នុង​ការដោះស្រាយ​បញ្ហា​បរិស្ថាន និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​បរិស្ថាន​ក្រោម​ក្របខ័ណ្ឌ​អាស៊ាន​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​​ ២០២៥ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ​ ២០៣០ (SDGs)​។ សមិទ្ធផល​សំខាន់ៗ​ទាំង​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ក្រោម​ក្របខ័ណ្ឌ​ស្ថាប័ន​នៃ​កិច្ចសហប្រតិបត្តិការ​អាស៊ាន​ស្តីពី​បរិស្ថាន​។

លោក​ សាយ សំអាល់ ថ្លែងថា​៖ «​យើង​នឹង​បន្ត​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់ និង​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​លើ​បញ្ហា​បរិស្ថាន​ជាច្រើន ជាពិសេស​វិធានការ​ទាក់ទង​នឹង​និរន្តរភាព​បរិស្ថាន​ក្រោម​ផែនការ​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន ដើម្បី​សម្រេច​បាន​នូវ​គោលបំណង​យុទ្ធសាស្ត្រ​នៃ​អាទិភាព​ ៧ ​ចំណុច​ស្តីពី​បរិស្ថាន និង​ស្វែងរក​គំនិត​ផ្តួចផ្តើម​ថ្មីៗ​ដើម្បី​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​បរិស្ថាន​បន្ថែមទៀត​នៅក្នុង​តំបន់​»​។

លោក Dato Lim Jock Hoi អគ្គលេខាធិការ​អាស៊ាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​កាលពី​ថ្ងៃ​អង្គារ​ថា​ទាំងអស់​គ្នា​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការអភិរក្ស និង​ការពារ​បរិស្ថាន​។ មិនថា​ឡើយ​ជា​រដ្ឋាភិបាល អ្នកធ្វើ​អាជីវកម្ម អតិថិជន កម្មករ ឬ​សមាជិក​សង្គម​ផ្សេងៗ​ទៀត​ទេ​គឺ​ម្នាក់ៗ​គួរតែ​ចូលរួម​ចំណែក​ឱ្យ​បាន​ច្រើន​ដើម្បី​បញ្ឈប់​ការបំពុល​បរិស្ថាន​បន្ត​ទៀត​។

លោក​ថ្លែងថា​៖ «​សហគ្រាស​ធុរកិច្ច​ក៏គួរ​តែ​នាំមុខគេ​ក្នុងការ​ដោះស្រាយ​បញ្ហា​បរិស្ថាន​ផងដែរ​។ វា​គឺជា​ការទទួល​ខុសត្រូវ​របស់​ពួកគេ​ដើម្បី​ពិនិត្យ​មើល​ផលវិបាក​ដែល​កើត​ចេញ​ពី​សកម្មភាព​របស់​ពួកគេ និង​ដើម្បី​ការពារ​ធនធាន​បរិស្ថាន​ផងដែរ​។

លោក ស ម៉ូរី អនុប្រធាន​បណ្តាញ​យុវជន​កម្ពុជា​ដែល​តែងតែ​ចូលរួម​ចុះល្បាត​ព្រៃ​ដើម្បី​ទប់ស្កាត់​ការកាប់​បំផ្លាញ​ព្រៃឈើ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា បើ​ក្រឡេក​មើល​សសរស្តម្ភ​អាស៊ាន​គឺ​មានតែ​កិច្ចសហការ​ផ្នែក​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ប៉ុន្តែ​ធាតុ​មួយ​សំខាន់​ដែល​អាស៊ាន​ខ្វះ​គឺ​កិច្ចសហប្រតិបត្តិការ​ផ្នែក​បរិស្ថាន ឬ​សសរស្តម្ភ​បរិស្ថាន​។ បញ្ហា​បរិស្ថាន​មិនមែន​តែ​ជា​បញ្ហា​សម្រាប់​ប្រទេស​ណាមួយ​ទេ តែ​ជា​បញ្ហា​របស់​តំបន់​ទាំងមូល​។

លោក​ថា រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​គួរតែ​ពិចារណា​ស្នើ​ទៅ​រដ្ឋាភិបាល​អាស៊ាន​ក្នុងការ​បង្កើត​ និង​បញ្ចូល​កិច្ចសហប្រតិបត្តិការ​មួយទៀត​គឺ​សសរស្តម្ភ​ផ្នែក​បរិស្ថាន​។ ប្រទេស​មួយ​ចំនួន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ហាក់​ដូចជា​កំពុង​ដើរ​ផ្ទុយ ឬ​ដើរ​ខុស​អំពី​និយាម​អន្តរជាតិ​។

លោក ម៉ូរី ថ្លែងថា​៖ «​ចំណុច​មួយ​ទៀត​ខ្ញុំ​គិតថា ប្រជាកសិករ​ភាគច្រើន​នៅក្នុង​ប្រទេស​ទាំងអស់​ហ្នឹង​ (​ប្រទេស​ក្នុង​តំបន់​) ​អត់​សូវ​យល់​ប៉ុន្មាន​ទេ​អំពី​ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​។ សារធាតុ​ថ្នាំ​សម្លាប់ សត្វល្អិត​បាន​និង​កំពុង​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​ទៅ​ដល់​គុណភាព​ទឹក​ទៅ​ជីវចម្រុះ​ប្រព័ន្ធ​អេកូឡូស៊ី​ជាដើម​។

រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​គួរតែ​មាន​យន្តការ​មួយ​ថ្នាក់​តំបន់​ដែរ ជាពិសេស​ពាក់ព័ន្ធ​ការចរាចរ ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត ការនាំ​ចូល ការ​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច ការ​នាំចូល​ទាំងអស់​ហ្នឹង​ត្រូវ​មាន​ស្តង់ដា​មួយ​ច្បាស់លាស់​ហើយ​បង្កើន​ការអប់រំ​បន្ថែមទៀត​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​បញ្ហា​ហ្នឹង​»៕