ភ្នំពេញៈ ទំហំហិរញ្ញប្បទាន កម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុបសម្រាប់រយៈពេល ៧ ឆ្នាំនឹងមានទឹកប្រាក់ប្រមាណ ៥០០ លានដុល្លារ ហើយមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបរំពឹងថា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍន៍រវាងកម្ពុជា និងសហភាពអឺរ៉ុបនឹងកាន់តែល្អប្រសើរ។
ការលើកឡើងពីក្ដីរំពឹងនេះធ្វើឡើងក្នុងជំនួបរវាងលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាមួយលោកស្រី ខាមិន ម៉ូរិណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាកាលពីថ្ងៃទី ៣ ខែមីនា។
ជំនួបនេះធ្វើឡើងដើម្បីពិភាក្សាអំពីអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូអភិវឌ្ឍន៍រវាងភាគីទាំង ២ សម្រាប់រយៈពេល ៧ ឆ្នាំពីឆ្នាំ ២០២១ ដល់ ២០២៧។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទំហំហិរញ្ញប្បទាន កម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុបសម្រាប់រយៈពេល ៧ ឆ្នាំនៅកម្ពុជានឹងមានទំហំប្រហាក់ប្រហែលទំហំហិរញ្ញប្បទានឆ្នាំ ២០១៤-២០២០ ដែលពេលនោះមានទំហំ ៤១០ លានអឺរ៉ូ ឬប្រមាណជិត ៥០០ លានដុល្លារ។
លោក យ៉ាណារ៉ា បានថ្លែងថា ការអនុវត្តយុទ្ធសាស្ត្ររួមរបស់សហភាពអឺរ៉ុបស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជាឆ្នាំ ២០១៤ និង ២០២០ និងកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុបឆ្នាំ ២០១៤-២០២០ បានពង្រឹងភាពជាដៃគូ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ប្រកបដោយចិរភាព និងបរិយាប័ន្ននៅកម្ពុជា។
លោកស្រី ខាមិន ម៉ូរិណូ ថ្លែងថា សេចក្ដីព្រាងបឋមនៃយុទ្ធសាស្ត្ររួមរបស់សហភាពអឺរ៉ុបស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ ២០២១-២០២៧ និងកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុប ២០២១-២០២៧ ត្រូវបានរៀបចំរួចរាល់ ហើយត្រៀមដាក់ពិភាក្សា និងប្រមូលធាតុចូល ក្នុងកិច្ចពិគ្រោះយោបល់ជាមួយកម្ពុជា និងដៃគូ បន្ទាប់ពីគណៈកម្មការអឺរ៉ុបអនុម័ត។
កម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុប ២០២១-២០២៧ គឺជាឧបករណ៍ប្រតិបត្តិរវាងសហភាព-អឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជាសម្រាប់អនុវត្តយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា។ កម្មវិធីណែនាំនេះផ្ដោតលើវិស័យអាទិភាព៣ រួមមានកំណើនបៃតង និងការងារ វិស័យអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងវិស័យអភិបាលកិច្ច។
យុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជាស្របនឹងយុទ្ធសាស្ត្រចតុកោណ ៤ ចំណុចរបស់រដ្ឋាភិបាលកម្ពុជា រួមមាន ការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការលើកស្ទួយវិស័យឯកជន និងការងារ និងការអភិវឌ្ឍប្រកបដោយចិរភាព និងបរិយាប័ន្ន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល។
សេចក្ដីប្រកាសព័ត៌មានសរសេរថា៖ «ចុងក្រោយ ភាគីទាំង ២ សង្ឃឹមជឿជាក់ថា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជាសហភាពអឺរ៉ុបនឹងត្រូវបានបន្តពង្រឹង និងពង្រីកកាន់តែល្អប្រសើរបន្ថែមទៀតនាពេលអនាគត»។
ក្រៅពីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍លោក ឈៀង យ៉ាណារ៉ា ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប និងដៃគូដែលបានរួមចំណែកដល់កម្ពុជាក្នុងការឆ្លើយតបទៅនឹងការរាតត្បាតជំងឺកូវីដ១៩ ដែលការចូលរួមនោះផ្ដោតលើសុខភាពសាធារណៈ ការលើកកម្ពស់ជីវភាព និងសន្តិសុខស្បៀង និងការស្ដារសេដ្ឋកិច្ច និងបង្កើតការងារ។ បើតាមសហភាពអឺរ៉ុបជំនួយមូលនិធិចំនួន ៣,៤ លានដុល្លារត្រូវបានផ្ដល់ដល់ប្រទេសកម្ពុជាសម្រាប់គាំទ្រប្រព័ន្ធសុខាភិបាល៕