ភ្នំពេញៈ លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ថ្លែងថា កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទៅលើ​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា ខណៈ​ដែល​កម្ពុជា​មាន​ផ្ទៃដី​សម្រាប់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​រហូត​ដល់​ជាង ៧ លាន​ហិកតា​។


លោក សាយ សំអាល់ បាន​ថ្លែង​បែបនេះ​នៅ​អំឡុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​លោក ប៉ាទ្រិក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​នា​ទីស្តីការ​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​ ១៨ ខែ​វិច្ឆិកា ឆ្នាំ ២០១៩​។

យោង​តាម​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​ខាងលើ​នេះ​ភាគី​ទាំង​ ២ ​បាន​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​លើ​កិច្ចការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​ក៏​ដូចជា​កិច្ច​គាំពារ​បរិស្ថាន​។ លោក ​សំអាល់ បាន​ប្រាប់​ឯកអគ្គរដ្ឋទូត​អាមេរិក​ថា កម្ពុជា​មាន​តំបន់​ការពារ​ធនធានធម្មជាតិ​ច្រើន​ជាងគេ​ក្នុង​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​តំបន់​ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​មាន​ផ្ទៃដី​រហូត​ដល់​ជាង ៧,២ លាន​ហិកតា​ស្មើនឹង​ ៤១ ​ភាគរយ ​នៃ​ផ្ទៃដី​ប្រទេស​ កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​មាន​ការយល់ដឹង​ខ្ពស់​ពី​បញ្ហា​បរិស្ថាន ដោយសារ​កត្តា​ប្រទេស​មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​មាន​កំណើន​សេដ្ឋកិច្ច​ជាង ៧ ​ភាគរយ​ ជាប់​គ្នា​ជាប្រចាំ​ក្នុង​អំឡុង​ជាង​​ ២០ ​ឆ្នាំ​មកនេះ​បាន​ចូលរួម​ផ្លាស់ប្តូរ​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​រីកចម្រើន​» ។


លោក​ សាយ សំអាល់ ក៏បាន​លើកទឹកចិត្ត​ឲ្យ​មាន​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា និង​ផ្តោតលើ​ការកសាង​សមត្ថភាព​មន្ត្រី​ឧទ្យានុរក្ស ដើម្បី​ចូលរួម​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ឱ្យមាន​ប្រសិទ្ធភាព ។


ជាមួយ​គ្នា​នេះ​លោក ប៉ាទ្រិក ម័រហ្វី បាន​សម្តែង​ការកោតសរសើរ​ចំពោះ​ក្រសួងបរិស្ថាន​ដែល​បាន​បំពេញ​ការងារ​បាន​យ៉ាង​ល្អ​នាពេល​កន្លងមក​ដើម្បី​ឧត្តមប្រយោជន៍​ប្រជាជន​កម្ពុជា និង​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​លើ​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​។

លោក​បញ្ជាក់​នៅលើ Twitter របស់​លោក​កាលពី​ថ្ងៃ​ចន្ទ​ថា​៖ «​កិច្ចប្រជុំ​នៅថ្ងៃនេះ (​ថ្ងៃ​ចន្ទ​) ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក សាយ សំអាល់ ដើម្បី​ពិភាក្សា​អំពី​កិច្ចសហការ​ក្នុង​ការជម្នះ​រាល់​បញ្ហា​ប្រឈម​ក្នុង​ការការពារ និង​គ្រប់គ្រង​ជីវចម្រុះ​​ដ៏អស្ចារ្យ​របស់​កម្ពុជា វា​មានសារៈសំខាន់​សម្រាប់​ប្រជាជន​កម្ពុជា និង​ពិភពលោក​»​។

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​លោក ជា ហ៊ាន​ ​បាន​ស្វាគមន៍​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួងបរិស្ថាន ជាមួយ​ស្ថានទូត​អាមេរិក​នេះ​។

ប៉ុន្តែ​លោក​ ជា ហ៊ាន បញ្ជាក់ថា​៖ «​កិច្ចសហប្រតិបត្តិការ គឺជា​ការល្អ​ហើយ តែបើ​យើង​ផ្អែក​ទៅ​លើ​តែ​ក្រសួង​មួយ​មុខ មិនមាន​អង្គការ​សង្គម​ស៊ីវិល​ចូលរួម សហការ​ជាមួយ​នោះ​ក៏​វា​មិនសូវ​មាន​ប្រសិទ្ធភាព ដោយ​ចំណាយលុយ​ឥតប្រយោជន៍ ហើយ​បទល្មើស​នៅតែ​បន្ត​កើតមាន​...»​។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ និង​លោកស្រី Emily Zeeberg អ្នកនាំពាក្យ​សា្ថនទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​បដិសេធ​ផ្តល់​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​នឹង​ជំនួប​ខាងលើនេះ​។

កាលពី​ខែ​សីហា​ ឆ្នាំ ២០១៩ កន្លង​ទៅ​រាជរដ្ឋាភិបាល​បាន​ចេញ​លិខិត​មោឃភាព ឬ​លុបចោល​នូវ​លិខិត​បើក​ផ្លូវ​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​ចេញពី​​ដី​សម្បទាន «LP» និង​លិខិតអនុញ្ញាត​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ «PC» ទាំងអស់​ដែល​ចេញ​នាពេល​កន្លងទៅ ដើម្បី​រៀបចំ​ចេញ​លិខិតអនុញ្ញាត​សាជាថ្មី ងាយស្រួល​គ្រប់គ្រង​ និង​ឱ្យ​ក្រសួង ស្ថាប័ន​ជំនាញ ត្រួតពិនិត្យ មោឃភាព និង​ដកហូត​សិទ្ធិ​ពី​ក្រុមហ៊ុន​ដែល​មិន​គោរព​ច្បាប់ មិន​គោរព​កិច្ចសន្យា មិន​គោរព​កិច្ចព្រមព្រៀង​។

លើសពី​នេះ​រដ្ឋាភិបាល​ថែម​ទាំង​ឲ្យ​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ទៀត​ផង ក្រៅពី​ការផ្ដន្ទាទោស និង​ការពិន័យ​ជា​ប្រាក់ ៕