ស្វាយរៀងៈ កម្មករ-កម្មការិនី រោងចក្រកាត់ដេរស្បែកជើង KINGMAKERS-Footwear Co., Ltd ប្រមាណជាង ២ ០០០ នាក់ នៅក្រុងបាវិត បាននាំគ្នាតវ៉ាទាមទារឲ្យថៅកែរោងចក្របើកប្រាក់ឈ្នួល ៥០ ភាគរយ ដល់ពួកគេក្នុងអំឡុងពេលនៃការព្យួរការងាររបស់ពួកគេរយៈពេល ១ ខែដែលការព្យួរការងារនេះ ត្រូវបានភាគីរោងចក្រ ពន្យល់ថា ដោយសារតែគ្មានអ្នកបញ្ជាទិញ។
រោងចក្រកាត់ដេរស្បែកជើងរបស់ជនជាតិតៃវ៉ាន់ខាងលើនេះមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ស្ថិតក្នុងសង្កាត់ក្រុងបាវិត។ កាលពីកន្លងមកនេះ រោងចក្របានទទួលផលិតស្បែកជើងម៉ាកល្បីៗជាច្រើនប្រភេទ ពិសេសម៉ាក ASICS សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន និងបានផ្ដល់ការងារដល់កម្មករ-កម្មការិនីកម្ពុជាសរុប ២ ១៨០ នាក់ផងដែរ។ ប៉ុន្តែកាលពីចុងឆ្នាំមុន ម្ចាស់ម៉ាកដ៏ល្បីៗទាំងនោះ បានបញ្ឈប់ការបញ្ជាទិញដោយតក់ក្រហល់ពីរោងចក្រនេះ ធ្វើឲ្យចង្វាក់ផលិតកម្ម នៅក្នុងរោងចក្រនេះជួបនូវបញ្ហារាំងស្ទះយ៉ាងខ្លាំង។
ក្នុងពេលស្វែងរកដៃគូថ្មីគឺអ្នកបញ្ជាទិញ មិនទាន់បាន ម្ចាស់ក្រុមហ៊ុនរោងចក្រនេះ បានសម្រេចប្រកាសព្យួរការងារកម្មករ-កម្មការិនី ក្នុងរយៈពេល ១ ខែ ដោយចាប់ផ្ដើមពីថ្ងៃទី ២០ ខែមករា ដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៩ ជាមួយនឹងការផ្ដល់ប្រាក់ឧបត្ថម្ភ ១៣ ដុល្លារ ដល់កម្មករ-កម្មការិនីម្នាក់។ ប៉ុន្តែក្រុមកម្មករបាននាំគ្នាតវ៉ាប្រឆាំងទាមទារឲ្យក្រុមហ៊ុនផ្ដល់ឲ្យពួកគេក្នុងម្នាក់ ៥០ ភាគរយនៃប្រាក់ខែគោល។ នេះបើតាមមន្ត្រីក្រុមហ៊ុន និងតំណាងកម្មករ។
លោក អន សាខន អនុប្រធានសហព័ន្ធសហជីពសំឡេងយុវជនខ្មែរ បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃម្សិលមិញថា បន្ទាប់ពីកម្មករនាំគ្នាធ្វើការតវ៉ាអស់រយៈពេល ២ ថ្ងៃរួចមកខាងភាគីរោងចក្រ នៅថ្ងៃទី ១៥ ខែមករាកន្លងមកនេះ តាមរយៈការចរចាជាមួយតំណាងសហព័ន្ធសហជីពរបស់លោកដោយមានការសម្របសម្រួលពីតំណាងមន្ទីរការងារនិងបណ្ដុះបណ្ដាលមុខវិជ្ជាជីវៈខេត្តស្វាយរៀង និងសមាគមរោងចក្រកាត់ដេរកម្ពុជា ប្រចាំតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភ ១៧ ដុល្លារ បន្ថែមទៀត ដល់កម្មករម្នាក់ៗក្នុងអំឡុងពេលនៃការព្យួរការងារនេះ។ ប៉ុន្តែភាគីកម្មករនៅតែមិនយល់ព្រម និងនាំគ្នាបន្តធ្វើការតវ៉ាទាមទារដែលគិតមកដល់រសៀលថ្ងៃម្សិលមិញ មានរយៈពេលជាង ៤ ថ្ងៃមកហើយ។
លោកបញ្ជាក់ថា៖ «ខាងកម្មករ ពួកគាត់អះអាងថា ពួកគាត់ត្រូវចំណាយទៅលើថ្លៃឈ្នួលបន្ទប់ និងថ្លៃម្ហូបអាហារប្រចាំថ្ងៃដែលមានការត្បិតត្បៀតបំផុត យ៉ាងហោចណាស់ក៏អស់ ៧៥ ដុល្លារដែរ ក្នុង ១ ខែ ដូច្នេះការឧបត្ថម្ភត្រឹម ៣០ ដុល្លារ ក្នុង ១ ខែ ពិតជាមិនគ្រប់គ្រាន់នោះទេ ដោយពួកគាត់នៅតែសុំឲ្យខាងសហជីពយើងជួយអន្តរាគមន៍តវ៉ាទាមទារឲ្យភាគីរោងចក្រផ្ដល់ប្រាក់ឧបត្ថម្ភដល់ពួកគាត់ក្នុងម្នាក់ៗ ៥០ ភាគរយនៃប្រាក់ខែគោល»។
លោក សាខន បានបន្តថា ទោះជាបែបណាក្ដី ភាគីរោងចក្រ នៅមិនទាន់ផ្ដល់សញ្ញាវិជ្ជមានថ្មីទៀត ឆ្លើយតបទៅនឹងសំណើរបស់ភាគីកម្មករនោះទេ ខណៈខាងមន្ទីរការងារ បានប្រកាសថា នឹងរៀបចំបញ្ជូនសំណុំរឿងវិវាទការងារនេះទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដើម្បីចាត់ការបន្តតាមនីតិវិធី។
ជុំវិញករណីនេះ លោក វង្ស សំណាង តំណាងភាគីរោងចក្រកាត់ដេរស្បែកជើង KINGMAKERS-Footwear Co., Ltd បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការពិតក្រុមកម្មករសុទ្ធតែបានដឹងអំពីស្ថានភាពដ៏លំបាករបស់ក្រុមហ៊ុនដែលក្នុងមួយរយៈកាលកន្លងមកនេះ សឹងគ្មានការងារសម្រាប់ផ្ដល់ឲ្យពួកគេធ្វើ។
លោកបានបញ្ជាក់ថា៖ «កម្មករគួរតែមានការយោគយល់ចំពោះក្រុមហ៊ុនដែលកំពុងប្រឈមចំពោះកង្វះអ្នកបញ្ជាទិញ។ ទោះយ៉ាងណាក្រុមហ៊ុនបានប្រឹងប្រែងស្វែងរកដៃគូអ្នកបញ្ជាទិញថ្មីទៀត ដើម្បីផ្ដល់ការងារដល់ពួកគាត់ ពោលគឺក្រោយថ្ងៃបរិច្ឆេទនៃការព្យួរការងាររបស់ពួកគាត់រយៈពេល ១ ខែ ដែលបានកំណត់ក្នុងសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនកន្លងមកនេះ»។
បើតាមសម្ដីលោកសំណាង នៅពេលថ្មីៗនេះ ខាងភាគីរោងចក្រ បានទាក់ទងទៅអ្នកបញ្ជាទិញថ្មីទៀត បន្ទាប់ពីម្ចាស់ម៉ាក ASICS ដ៏ល្បីឈ្មោះរបស់ប្រទេសជប៉ុនបានដកការបញ្ជាទិញពីខ្លួន។
ជាលទ្ធផល មានម្ចាស់ម៉ាកថ្មីៗមួយចំនួនបានឆ្លើយតបជាវិជ្ជមានមកខាងភាគីរោងចក្រថា ពួកគេនឹងដាក់ការបញ្ជាទិញពីរោងចក្រ នៅពេលខាងមុខនេះ ដែលយ៉ាងយូរបំផុតនៅដំណាច់ខែកុម្ភៈខាងមុខនេះ។
លោកបានបន្ថែមថា៖ «ក្រុមហ៊ុនប្រកាន់ជំហររបស់ខ្លួន ក្នុងការផ្ដល់ប្រាក់ឧបត្ថម្ភ ៣០ ដុល្លារដល់កម្មករម្នាក់ៗក្នុងអំឡុងពេលនៃការព្យួរការងារនេះដោយឡែកក្នុងអំឡុងពេលនៃការធ្វើកូដកម្មនេះ ក្រុមហ៊ុននឹងកាត់ប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ពួកគេវិញដោយមិនរាប់បញ្ចូលនូវប្រាក់អត្ថប្រយោជន៍ផ្សេងៗនោះទេ»។
លោកសំណាង បាននិយាយទៀតថា ប្រាក់ឈ្នួលគោលរបស់កម្មករនៅក្នុងរោងចក្រនេះ ក្នុងម្នាក់ៗសម្រាប់ឆ្នាំ ២០១៩ នេះគឺជាង ១៨០ ដុល្លារ ហើយបើបូកបន្ថែមប្រាក់អត្ថប្រយោជន៍ផ្សេងៗមួយចំនួនទៀតដូចជា ថ្លៃអាហារថ្ងៃត្រង់ ២០០០ រៀលក្នុង ១ ថ្ងៃ ថ្លៃធ្វើដំណើរ១៣ដុល្លារ និងថ្លៃសេវាសុខភាពទៀតនោះសរុបជាង ២០០ ដុល្លារក្នុង ១ ខែ។
ទាក់ទិននឹងជម្លោះការងារនេះ នៅថ្ងៃម្សិលមិញ លោក អ៊ូ សាខឿន អនុ-ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រុមដោះស្រាយវិវាទការងាររបស់លោកបានព្យាយាមសម្របសម្រួលគូវិវាទទាំង ២ ភាគីឲ្យមានការយោគយល់គ្នាទៅវិញទៅមកដែរ តែភាគីកម្មករហាក់ដូចជាមានភាពរឹងត្អឹងបន្តិច ខណៈភាគីក្រុមហ៊ុនបានសម្រេចផ្ដល់បន្ថែម ១៧ ដុល្លារពីលើការសម្រេចរបស់ខ្លួនក្នុងថ្ងៃដំបូងដែលមានត្រឹមតែ ១៣ ដុល្លារប៉ុណ្ណោះ។
លោកថ្លែងថា៖ «ក្នុងអំឡុងពេលនៃការព្យួរការងាររយៈពេល ១ ខែនេះ ភាគីក្រុមហ៊ុនបានយល់ព្រមផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករក្នុងម្នាក់៣០ដុល្លារ ប៉ុន្តែក្រុមកម្មករនៅតែមិនយល់ព្រម និងទាមទារឲ្យក្រុមហ៊ុនផ្ដល់ប្រាក់ឧបត្ថម្ភ ៥០ ភាគរយនៃប្រាក់ឈ្នួលគោល [ប្រាក់ខែគោល] ដល់ពួកគាត់។ នៅពេលនេះក្រុមការងារយើងកំពុងបន្តធ្វើការឃ្លាំមើល និងសម្របសម្រួលដល់ភាគីទាំង ២ ប៉ុន្តែបើពួកគេនៅតែមិនសះជា យើងនឹងកសាងសំណុំរឿងនៃវិវាទការងារនេះបញ្ជូនទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដើម្បីដោះស្រាយបន្តតាមនីតិវិធី»។
លោក សាខឿន បានបន្តថា ទោះបីយ៉ាងណាក្ដី ការធ្វើកូដកម្មនាប៉ុន្មានថ្ងៃមកនេះ ពុំមានអំពើហិង្សាកើតឡើងនោះទេ ពោលគឺក្រុមកម្មករធ្វើការតវ៉ាដោយសន្តិវិធី៕