កំពង់ស្ពឺៈ កម្មកររោងចក្រ ម៉ូណូភា Monopia (Cambodia) នៅខេត្តកំពង់ស្ពឺប្រមាណជា ៦០០ នាក់ បានចូលធ្វើការវិញកាលពីថ្ងៃទី ១៨ ខែ វិច្ឆិកា ក្រោយពីធ្វើបាតុកម្មកាលពីសប្ដាហ៍មុន ប្រឆាំងរោងចក្របញ្ឈប់តំណាងកម្មករ ៩ នាក់។
កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា កម្មកររោងចក្រ ម៉ូណូភា (ខេមបូឌា) Monopia (Cambodia) ដែលមានទីតាំងក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺជាង ៦០០ នាក់ ក្នុងចំណោមកម្មករសរុបជាង ៩០០ នាក់ បានផ្ទុះបាតុកម្មនៅមុខរោងចក្រក្រោយទទួលដំណឹងពីការបញ្ឈប់តំណាងរបស់ពួកគេចំនួន ២ នាក់ កាលពីដើមខែ ហើយក្រោយមកបញ្ឈប់ ៧ នាក់ថែមទៀត។
លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា មន្ត្រីអធិការកិច្ចកំពុងតែចុះប្រមូលនូវភ័ស្តុតាងជុំវិញការចោទប្រកាន់តំណាងកម្មករ ២ នាក់ដែលថៅកែបញ្ឈប់ ដោយហេតុថា ពួកគេមិនបានបំពេញការងារឲ្យបានត្រឹមត្រូវតាមច្បាប់ និងបានប្រើប្រាស់ពាក្យសម្តីខ្លាំងមកកាន់ថៅកែ។
លោក បូរិន ថ្លែងថា៖ «ជាធម្មតាថ្នាក់ដឹកនាំសហជីពជាតំណាងកម្មករ នៅពេលដែលបញ្ឈប់ គឺក្រុមហ៊ុនមិនមានសិទ្ធិបញ្ឈប់ពួកគាត់ទេ គឺលុះត្រាតែមានការអនុញ្ញាតពីមន្ត្រីនៃអធិការកិច្ច ដូច្នេះពួកខ្ញុំត្រូវការរយៈពេល ៧ ថ្ងៃ ដើម្បីចុះអង្កេតសួររកហេតុផល និងរកកំហុស ដើម្បីបង្ហាញថាពិតជាមានសកម្មភាពខុសដូចការចោទប្រកាន់មែនអត់?»។
លោក ចឹក បូរិន បន្តថា៖ «បើសិនជាយើងរកឃើញថា ពិតជាមានកំហុសធ្ងន់មែន នោះទើបយើងអនុញ្ញាតឲ្យក្រុមហ៊ុនបញ្ឈប់។ ប៉ុន្តែបើយើងរកមិនឃើញទេ គឺយើងឲ្យក្រុមហ៊ុនទទួលយកគាត់ចូលធ្វើការវិញ។ ឥឡូវយើងកំពុងតែធ្វើកិច្ចការនេះនៅឡើយ»។
លោក សំ សុជា ប្រធានរដ្ឋបាលរោងចក្រ ម៉ូណូភា បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ភាគីខាងរោងចក្រនឹងអនុវត្តទៅតាមសេចក្តីសម្រេចរបស់មន្ត្រីអធិការកិច្ច បើទោះជាមានសេចក្តីសម្រេចបែបណាក៏ដោយ ព្រោះការព្យួរ ៧ នាក់បន្ថែមទៀត គឺជារឿងមួយដោយឡែក ព្រោះដំបូងព្យួរតែ ២ នាក់ទេ ដោយសារមូលហេតុ គាត់ដឹកនាំធ្វើកូដកម្មខុសច្បាប់។
លោក សុជា ថ្លែងថា៖ «យើងមិនទាន់បានសម្រេចបញ្ឈប់គាត់ទេ»។
លោក អឿន ចាន់នី តំណាងកម្មករដែលត្រូវបានរោងចក្របញ្ឈប់ពីការងារបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ការតវ៉ារបស់កម្មករគឺបានធ្វើឡើងដោយកម្មករផ្ទាល់ ហើយគ្មានការញុះញង់នោះទេ ព្រោះតែកម្មករយល់ថា ការបញ្ឈប់តំណាងរបស់ពួកគេគឺជារឿងអយុត្តិធម៌ ហើយកម្មករនៅក្នុងរោងចក្រចូលធ្វើការដោយការបង្ខំទេ កុំឲ្យខុសនីតិវិធីនៃច្បាប់តាមចិត្តរបស់គាត់ មិនចង់ចូលធ្វើការទេ។
លោកថា៖ «ខ្ញុំកំពុងជូនដំណឹងទៅខាងរោងចក្រ និងខាងមន្ទីរការងារ រួមទាំងអាជ្ញាធរដែនដីឲ្យដឹងថា កម្មករនៅក្នុងរោងចក្រនេះនឹងប្រមូលគ្នាធ្វើកូដកម្មបន្តទៀតក្នុងអំឡុងពេល ៧ ថ្ងៃខាងមុខក្រោយដីការក្សាការពារផុតកំណត់»។
លោកថា ដំណោះស្រាយដែលសហជីព និងកម្មករចង់បានគឺទី១- ស្នើឲ្យទទួលយកតំណាងកម្មករដែលបានព្យួរទាំង ៩ នាក់ឲ្យចូលធ្វើការវិញ ទី២- បញ្ឈប់ការរើសអើងលើសហជីពនៅក្នុងរោងចក្រ និងចុងក្រោយស្នើឲ្យដកប្រធានរដ្ឋបាលរោងចក្រនេះចេញពីការងារ៕