កំពង់ស្ពឺ: កម្មករ-កម្មការិនីចំនួន ៦ នាក់ បានរងរបួសធ្ងន់ និងប្រមាណ ២៩ នាក់រងរបួសស្រាលក្រោយពីរថយន្ដដឹកស៊ីម៉ងត៍ និងរថយន្ដដឹកកម្មកររោងចក្របុកគ្នាក្នុងទិសដៅបញ្ច្រាសគ្នាកាលពីម្សិលមិញនៅលើផ្លូវជាតិលេខ ៤១ នៅ ភូមិតាដែងចាស់ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ។
លោកសៀម ឃុនលី អធិការរងនគរបាលស្រុកបសេដ្ឋ បានថ្លែងឲ្យដឹងកាលពីម្សិលមិញថា រថយន្ដដឹកកម្មកររោងចក្រចំនួនសរុប ៣៥ នាក់និងរថយន្ដដឹកស៊ីម៉ងត៍បើកបរក្នុងទិសដៅបញ្ច្រាសគ្នា បានបុកគ្នាប៉ុន្ដែមិនមានអ្នកបាត់បង់ជីវិតទេ។
លោក សៀម ឃុនលី បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា កម្មការិនីចំនួន ៦ នាក់បានរងរបួសធ្ងន់ ដោយបាក់ដៃ និងបាក់ជើង និងចំនួន ២៩ នាក់ផ្សេងទៀត បានរងរបួសស្រាល។
លោកបន្តថា ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកស៊ីម៉ងត៍មួយគ្រឿងទំនងជាស្វែងរកកន្លែងប៉ះកង់។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តដឹកស៊ីម៉ងត៍បត់ចូលកន្លែងប៉ះកង់រថយន្ត ប៉ុន្ដែមិនបានមើលមុខក្រោយត្រឹមត្រូវទេ បានបត់ចូលតែម្ដង បណ្ដាលឲ្យរថយន្តដឹកកម្មករចាប់ ហ្រ្វាំង មិនទាន់ ក៏បានបុកគ្នាយ៉ាងពេញទំហឹង។
លោក ឃុនលី បញ្ជាក់ថា៖ «ពេលបុកគ្នាភា្លមៗហ្នឹង គឺសមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុ ហើយបានហៅរថយន្តសង្គ្រោះបន្ទាន់មក ហើយក៏ដឹកទៅភ្នំពេញខ្លះ ដឹកទៅមន្ទីរពេទ្យស្រុកបសេដ្ឋខ្លះ និងដឹកទៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺខ្លះ។ ឥឡូវ គាត់បានទៅដល់មន្ទីរពេទ្យអស់ហើយ អត់មានអ្នករងគ្រោះដល់អាយុជីវិតអ្វីទេ»។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ កាលពីម្សិលមិញបានថ្លែងថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាបន្ដបន្ទាប់ និងជារៀងរាល់ថ្ងៃ មិនត្រឹមតែរថយន្តដឹកកម្មករប៉ុណ្ណោះទេ។ ក្នុងនោះ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងទៅលើកម្មករមានច្រើនករណីធំៗ ជាពិសេសនៅខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង ដែលធ្វើឲ្យមានការព្រួយបារម្ភខ្លាំង។
លោក ស៊ីណា បន្តថា ភាគីពាក់ព័ន្ធ គួរជំរុញរកវិធីទប់ស្កាត់បន្ថែមទៀត ដើម្បីកុំឲ្យស្ថានការណ៍កាន់តែអាក្រក់ជាងនេះ ព្រោះបញ្ហាចរាចរណ៍បាននិងកំពុងគំរាមកំហែងស្មារតី និងបន្ថយកម្លាំងពលកម្មពីមួយថ្ងៃទៅមួយថ្ងៃ ។
លោក ស៊ីណា ថ្លែងថា៖ «ខ្ញុំគិតថា ស្ថាប័នពាក់ព័ន្ធទាំងក្រសួងការងារ សមាគមរោងចក្រកាត់ដេរកម្ពុជា អ្នកបញ្ជាទិញ និងតំណាងកម្មករទាំងអស់ ត្រូវតែចូលតុចរចា រិះរកវិធីទប់ស្កាត់ឲ្យមានប្រសិទ្ធភាពខ្ពស់ជាងនេះ ព្រោះបញ្ហាចរាចរណ៍នេះវាបានកើតឡើងម្ដងហើយម្ដងទៀត»។
លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយនៃបេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) កាលពីម្សិលមិញ មិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងទៅលើកម្មកររោងចក្រក្នុងរយៈពេលប៉ុន្មានខែក្នុងឆ្នាំនេះបានទេ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីម្សិលមិញបានថ្លែងក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅខេត្តត្បូងឃ្មុំថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍រហូតមកដល់ពេលនេះ នៅមិនទាន់មានការថយចុះនៅឡើយ នេះជាសញ្ញាមួយបង្ហាញថា ការគោរពច្បាប់ក្នុងអំឡុងពេលធ្វើដំណើរមានការធ្លាក់ចុះខ្លាំង។
លោក ស ខេង បានបញ្ជាក់ថា៖ «ខ្ញុំយកឱកាសនេះ អំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ទាំងក្រុមហ៊ុនដឹកជញ្ជូនមនុស្ស និងទំនិញ សូមមេត្តាត្រួតពិនិត្យអ្នកបើកបរ មុននឹងយកចូលបម្រើការងារក្នុងក្រុមហ៊ុនរបស់ខ្លួន ឬមុនយកចូលត្រូវតែទៅរៀនច្បាប់ និងជំនាញឲ្យបានត្រឹមត្រូវច្បាស់លាស់ ហើយត្រូវតែពិនិត្យឈាមរកសារធាតុញៀន បើមានសារធាតុញៀន សូមមេត្តាកុំយកចូលឲ្យធ្វើការជាមួយក្រុមហ៊ុនជាអ្នកបើកបរ ព្រោះយើងដឹងថា បើសេពគ្រឿងញៀន គឺវានឹងទៅបំផ្លាញប្រព័ន្ធសរសៃប្រសាទយើង ហើយឲ្យទៅបញ្ជាឡានត្រង់ផ្លូវតាមច្បាប់ដែរ ឬទេ?»។
តាមរបាយការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាន បង្ហាញថា កម្មករនិយោជិត ២ ពាន់នាក់ ក្នុងឆ្នាំ ២០១៨ បានរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ក្នុងនោះកម្មករស្លាប់ ៤០ នាក់ របួសធ្ងន់ជាង ៣០០ នាក់ ហើយចំនួននេះបានថយចុះ។
រីឯការដួលសន្លប់នៅតាមរោងចក្រកើតឡើងជិត ២ ពាន់នាក់ កើនឡើងជាង ៤៦% បើប្រៀបធៀបនឹងឆ្នាំ ២០១៧៕