កម្មករ​រោងចក្រ​នៅ​បាវិត​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន


20140501_06
សមត្ថកិច្ចពង្រាយកម្លាំងឃាត់មិនឲ្យកម្មករចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនពីថ្ងៃអង្គារ

ស្វាយរៀងៈ កម្មករ​អាយុ ២១​ឆ្នាំ នៅ​រោងចក្រ Best Way ក្នុង ក្រុង​បាវិត ខេត្ត​ស្វាយរៀង ត្រូវ​បាន​ចាប់​ខ្លួន​កាល​ល្ងាច​ថ្ងៃ​អង្គារ​នៅ​នឹង​ផ្ទះ​គាត់​ក្នុង ស្រុក​ចន្ទ្រា ពី​បទ​ចោទ​ប្រកាន់​ថា បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រោងចក្រ​នៅ​ក្នុង​ការ​តវ៉ា​នៅ​សប្តាហ៍​នេះ។

លោក តូ ស៊ីថន អធិការ​នគរបាល ស្រុក​ចន្ទ្រា បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា គាត់​បាន​ចាប់​ខ្លួន​កម្មករ​ឈ្មោះ ចាន់ សារិន អាយុ ២១​ឆ្នាំ ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រោងចក្រ​ក្នុង​ពេល​ធ្វើ​កូដកម្ម​បាតុកម្ម កាល​ថ្ងៃ​ចន្ទ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស។ លោក​បន្ត​ថា៖ «យើង​ចាប់​ខ្លួន​គាត់​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​និង បាន​បញ្ជូន​គាត់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ហើយ។ គាត់​បាន​បំផ្លាញ​រថយន្ត​ជនជាតិ ចិន ម្នាក់​និង​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ»។

លោក តូ ស៊ីថន ឲ្យ​ដឹង​ដែរ​ថា គាត់​មិន​ដឹង​ថា មាន​កម្មករ​ត្រូវ​ចាប់​ខ្លួន​ទៀត​ឬ​អត់​នោះ​ទេ។

អ្នក​ស្រី ចែត ចិន្តា អាយុ ៣១​ឆ្នាំ ជា​ម្តាយ ចាន់ សារិន បាន​និយាយ​ថា គាត់​មិន​ដឹង​ថា តើ​កូន​ប្រុស​គាត់​ប្រព្រឹត្ត​អ្វី​ខុស​ទេ​ទើប​នគរបាល​ចាប់​ខ្លួន។

គាត់​បន្ត​ថា៖ «កូន​ប្រុស​របស់​ខ្ញុំ​បាន​ចូល​រួម​ការ​តវ៉ា​ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា វា​បាន​បង្ក​បញ្ហា​អ្វី​ទៅ​លើ​រោងចក្រ​ទេ តែ​កូន​ប្រុស​ខ្ញុំ​រង​របួស​ដៃ​ខាង​ស្តាំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហើយ​ចេញ​មក​ព្យាបាល​នៅ​ផ្ទះ។

អ្នក​ស្រី ចិន្តា បន្ត​ថា កូន​ប្រុស​គាត់​កំពុង​ព្យួរ​សេរ៉ូម​ក្នុង​ផ្ទះ​ស្រាប់​តែ​នគរបាល​មក​ចាប់​ខ្លួន​ដាក់​ឡាន​យក​ទៅ​ដោយ​មិន​បាន​ប្រាប់​អ្វី​ដល់​ឪពុក​ម្តាយ។ គាត់​ថា៖ «ពួក​គេ​បាន​មក​ផ្ទះ​ខ្ញុំ​ហើយ​ចាប់​ខ្លួន​កូន​ប្រុស​ខ្ញុំ​ពេល​កំពុង​ឈឺ​ព្យួរ​សេរ៉ូម ដោយ​គ្មាន​ប្រាប់​អំពី​មូលហេតុ​អ្វី​ទាំង​អស់។​គេ​មិន​បាន​បង្ហាញ​ខ្ញុំ ពី​ដីកា​ចាប់​ខ្លួន​ឬ​ឯកសារ​ពាក់​ព័ន្ធ​ទេ»។ អ្នក​ស្រី​មិន​ជឿ​ថា កូន​គាត់​ប្រព្រឹត្ត​អី្វ​ខុស​ទេ ហើយ​គាត់​នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​អង្គការ លីកាដូ សុំ​ឲ្យ​ជួយ​កូន​ប្រុស​គាត់។

អ្នក​ស្រី ចែត ចិន្តា បាន​ទៅ​ស្នងការដ្ឋាន​នគរបាល​និង​បាន​សុំ​ជួប​កូន​ប្រុស​គាត់ ប៉ុន្តែ​គេ​មិន​អនុញ្ញាត​ឲ្យ​ជួប​ទេ។

លោក នុត បូពិណ្ណារ័ត្ន មន្រ្តី​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ ប្រចាំ ខេត្ត​ស្វាយរៀង បាន​ឲ្យ​ដឹង​ថា ចាន់ សារិន ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រោងចក្រ​និង​ញុះញង់។ លោក​ថា៖ «ខ្ញុំ​ឮ​ថា មាន​កម្មករ ៥ នាក់​ទៀត​នឹង​ត្រូវ​ចាប់​ខ្លួន​ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដ​នោះ​ទេ»។ លោក បូពិណ្ណារ័ត្ន បាន​រង​របួស​នៅ​ក្នុង​អំឡុង​ការ​តវ៉ា​កាល​ដើម​សប្តាហ៍​នេះ។

លោក​ប្រាប់​ថា៖ «ខ្ញុំ​នឹង​ស្វែង​រក​ព័ត៌មាន​បន្ថែម​ពី​ម្តាយ​គាត់​និង​អ្នក​ដទៃ​ទៀត ហើយ​យើង​នឹង​ផ្តល់​មេធាវី​ជួយ​គាត់។ ចាន់ សារិន កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​ហើយ​អាច​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​នៅ​ល្ងាច​នេះ»។

លោក ឡឹក ចំរើន ស្នងការ​រង​នគរបាល ខេត្ត​ស្វាយរៀង បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ កាល​ពី​ម្សិលមិញ។ ស្នងការ និង​ស្នងការ​រង​ដទៃ​ទៀត​មិន​អាច​ទាក់ទង​បាន​ទេ៕ PS

ព័ត៌មានថ្មីៗ