បន្ទាយមានជ័យៈ កម្មករ​ចំនួន ​២៨ នាក់ ​ក្នុងនោះ​ស្ត្រី​មានផ្ទៃពោះ​ ៦ នាក់ ​នៃ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ឈ្មោះ ​KKN​ នៅខេត្ត​កោះ​កុង បានដួល​សន្លប់​ កាលពី​ថ្ងៃទី ៦​ វិច្ឆិកា ​បន្ទាប់ពី​ពួកគេ ​បានឮ​សំឡេង​កណ្តឹង​រោទិ៍​ប្រកាស​អាសន្ន​ ខណៈ​កម្មករ​កំពុង​ហាត់​ប្រាណ​រយៈពេល ​១៥ នាទី ​មុនពេល​ចាប់ផ្តើម​ការងារ​ពេលព្រឹក​។ នេះ​បើតាម​លោក​យក់ សង្វាត ​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​កោះកុង ​ឲ្យដឹង ថ្ងៃទី ៧ វិច្ឆិកា នេះ​។


ទោះ​យ៉ាងណា ​លោក​ យក់ សង្វាត ​បញ្ជាក់ថាលោក​មិនទាន់​បានដឹង​ពី​ហេតុផល ​ដែលបណ្តាលឲ្យ​កណ្តឹង​រោទិ៍ ​ដែល​បង្កឲ្យ​កម្មករ​ភ័យ​ភ្ញាក់ផ្អើល​រហូត​សន្លប់​នោះទេ ​ប៉ុន្តែ​លោក​ថា ​ប្រហែល​វា​អាច​ខុស​បច្ចេកទេស​។

លោកបន្ថែមថា​ នៅ​វេលា​ព្រឹក ​កម្មករ​មិនទាន់​ចូល​ធ្វើការ​ទេ ​ដោយ​ពួកគេ​នៅហាត់​ប្រាណ​ប្រហែល​ ១៥ នាទី​សិន ​បន្ទាប់​មក​ទើប​ពួកគេ​ចូល​ធ្វើការ ​ហើយថា​ រោងចក្រ​ខាង​លើនេះ ​កន្លងមក​ក៏ធ្លាប់​មាន​កម្មករ​ដួល​សន្លប់​អ៊ីចឹង​ដែរ ​ដែលក្នុង​រយៈពេល​ ២ ឆ្នាំនេះ ​កម្មករ​សន្លប់​ ៣ ដង​ហើយ​។ លោក​ក៏បាន​ឲ្យដឹង​ដែរថា ​រោងចក្រនេះ​ផលិត​សម្លៀក​បំពាក់​កីឡា ​ដែលមាន​កម្មករ​ជាង ៦ ០០០ នាក់​ បាន​និងកំពុង​បំពេញ​ការងារ​។

លោក​សង្វាត​ បញ្ជាក់ថា​៖ «នៅក្នុង​រោងចក្រ​មានភ្នាក់ងារ ​ដែលមើល​លើ​សុវត្ថិភាព​ ដែលក្រុម​ហ៊ុន​ជួលមក​។ ប៉ុន្តែ​ក្រោយពី​មានបញ្ហា​កើតឡើង ​យើង​បានចុះ​ទៅផ្ទាល់ ​ហើយបាន​ប្រជុំ​ជាមួយ​តំណាង​ក្រុមហ៊ុន​ឲ្យបា្រប់​ពី​ហេតុផល។ ​យើងតែង​តែ​ជំរុញ​ឲ្យពិនិត្យ​ឡើងវិញ​រឿងនេះ ​គឺ​កើតឡើង​ដោយ​ចៃដន្យ​»។


លោកប​ន្ថែមថា​៖​ «កម្មករ​ភ័យ​ឃើញគ្នា ​ហើយ​ជួយ​គ្នាបន្ទាប់​មក​សន្លប់​ខ្លួនឯង។​ អ្នកខ្លះ​គាត់​ខ្សោយ​ហើយ​ក៏​ដួល​សន្លប់ទៅ​ដោយសារ​គាត់​មើល​ឃើញ​គ្នា។​ គាត់​ចូល​រធ្វើ​ការ​ឡើង​វិញ​ស្អែក​។ យើង​មាន​វិធាន​ការ​រោងចក្រ​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​យើង​។ អុំទូក​រយៈពេល​៣ថ្ងៃ​គាត់ ​[រោងចក្រ] ​នឹង​អោយ​ក្រុម​អ្នក​ជំនាញ​មក​ពិនិត្យ​បញ្ហា​ហ្នឹង»។​


លោក ​ហៃ​ ឡៃសុន​ ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កោះកុង​ ឲ្យដឹងថា​ មាន​កម្មករ ​២៨ នាក់​បាន​ចូល​មក​សម្រាក​នៅ​មន្ទីរ​ពេទ្យ​កាល​ពី​ម្សិល​មិញ។​

លោក​និយាយថា​៖ «ពេល​កណ្តឹង​រោទិ៍​គាត់ភ័យ​ដល់​មាន​អ្នក​ខ្លះ​គាត់​ខ្សោយ​អ៊ីចឹង​ទៅ​គាត់​សន្លប់។ ​នៅ​ក្នុង​ហ្នឹង​មាន​ស្រ្តី​ផ្ទៃ​ពោះ​ចំនួន ​៦ នាក់​។ យើង​បាន​មើល​អេកូ​អត់មាន​អ្វីទេ​ គាត់​នៅចន្លោះ​គភ៌​អាយុ ​១ ​ខែ​ទៅ ២ ខែ។​ គិត​មក​ដល់​ថ្ងៃនេះ​យើង​នៅសល់​មនុស្ស ២ នាក់​គាត់​នៅវិល​មុខ​និង​ធីង​ធោង។ ​យើង​ដាក់​ឲ្យគាត់អុក​ស៊ី​ហ្សែន​អោយ​គាត់​និងដាក់​ថ្នាំ​កុំ​ឲ្យ​គាត់​រន្ធត់»។

កាលពី​ខែ មករា ​ឆ្នាំ ២០១៨​ មានកម្មករ​ប្រមាណ ​១២០ នាក់​ក៏បាន​ដួល​សន្លប់​ដោយសារ​ក្លិនផ្សែង​ប្រេង​ពី​អាប៊ុល​ ដែលនៅ​ទី​ធ្លា​រោងចក្រ​នៅក្នុង​រោងច្រក​ដែលផ្គត់ផ្គង់​ឲ្យក្រុមហ៊ុន​ម៉ាក​ល្បី​ Adidas​ ដែលជា​កម្មសិទ្ធិ​របស់​ថៃ។​