បន្ទាយ​មាន​ជ័​យៈ មន្ត្រីនគរបាល​ល្បាត​តាម​បណ្ដោយ​ព្រំដែនកម្ពុជា-ថៃ កាលពី​សប្ដាហ៍​មុន បាន​បញ្ឈប់​សកម្មភាព​កសិករ​ថៃ​ម្នាក់​ ដែល​កំពុង​ប្រើ​គ្រឿងចក្រ​ភ្ជួរ​ដី​ នៅក្នុង​តំបន់​ដែលមាន​ព្រំដែន​មិន​ច្បាស់លាស់ ត្រង់​បង្គោល​សីមា​លេខ ៤៣ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់ និងភូមិ​អូរ​បី​ជាន់ ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។


ទោះយ៉ាងណា​ក៏ដោយ កម្លាំង​ល្បាត​មិនបាន​ចាប់​ឃាត់ខ្លួន​កសិករ​ថៃ​រូបនោះ ឬ​រឹបអូស​យក​ត្រាក់ទ័រ​ធ្វើជា​វត្ថុតាង​នោះទេ គឺ​គ្រាន់តែ​បញ្ឈប់​សកម្មភាព ហើយ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅវិញ ក្រោយពី​មានការ​សម្របសម្រួល​ពី​ថ្នាក់លើ ក៏បាន​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​បង្កបង្កើនផល​នៅលើ​ទីតាំង​ដី ដែល​ពួកគេ​ធ្លាប់​ដាំ​ដុះ​តាំង​ពីមុនមក។

លោក ស៊ឹម ធី នាយរង​ប៉ុស្តិ៍​រិ​ទ្ធី​សែន​នៃ​អង្គភាព​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ ៩១១ ប្រចាំ​តំបន់៥ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃ ១៧ ខែឧសភា​ថា កាលពី​រសៀល​ថ្ងៃទី ១៤ ខែ​នេះ កម្លាំង​វរៈ​ការពារ​ព្រំដែន​លេខ ៩១១ បាន​សហការ​ជាមួយ​កម្លាំងយោធា​នៃ​វរ​សេនា​តូច​លេខ ៥០៣ ចុះ​ល្បាត តាម​ជួរ​បន្ទាត់​ព្រំដែន ហើយ​បាន​ប្រទះឃើញ​ប្រជាកសិករ​ថៃ​ម្នាក់​ កំពុងបើក​ត្រាក់ទ័រ​ភ្ជួរ​ដី នៅ​ចំណុច​ចន្លោះ​បង្គោល​ឡាក់ (បង្គោល​សីមា) លេខ ៤៣-៤៤ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់ និង ភូមិ​អូរ​បី​ជាន់ នៃ​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ។

លោក ធី បាន​បញ្ជាក់ថា៖ «កម្លាំង​កង​ល្បាត​របស់​យើង ​បានសម្រេច​បញ្ឈប់​សកម្ម​ភាព​របស់​កសិករ​ថៃ​ម្នាក់​នោះ​ជា​បណ្ដោះអាសន្ន បើទោះជា​កសិករ​ថៃ​​រូប​នោះ​អះអាងថា ​ដីស្រែ​ដែល​គាត់​បាន​ភ្ជួរ​រាស់​នោះ ជា​ដី​ដែល​គាត់​បង្កបង្កើនផល​ស្រូវ​តាំងពីដើម​រហូតមក​ក្ដី។ បន្ទាប់មក​ខ្ញុំ​បាន​រាយការណ៍​ពី​ករណីនេះ​ប្រាប់​ទៅ​ថ្នាក់លើ។ ក្រោយ​មានការ​សម្របសម្រួល ពី​ថ្នាក់លើ ក៏បាន​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​បង្កបង្កើនផល​នៅលើ​ទីតាំង​ដី ដែល​ពួកគេ​ធ្លាប់​ដាំ​ដុះ​តាំង​ពីមុនមក»។


លោក ស៊ឹម ធី បាន​អះអាងថា កសិករ​ថៃ​រូបនោះ បាន​ភ្ជួរ​ដី​រួចរាល់​ទំហំ​ជាង ២ ហិកតា លើ​ផ្ទៃដី​សរុប​ទំហំ ២២៦ ហិកតា ដែល​ស្ថិតនៅក្នុង​តំបន់​មិន​ច្បាស់លាស់​ នៃ​ចំណុច​បង្គោល​ឡាក់​លេខ ៤៣-៤៤ ដែល​តំបន់​នោះ​នៅ​មិនទាន់​មាន​ការសម្របសម្រួល​រក​ដំណោះស្រាយ​ពី​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង ២ (កម្ពុជា-ថៃ)នៅឡើយ។


លោក កេង លីម ប្រធាន​កង​ល្បាត​យោធា​ការពារ​ព្រំដែន នៃ​វរៈ​សេនា​តូច​លេខ ៥០៣ ដែល​ឈរជើង​នៅ​ចំណុច​ភូមិសាស្ត្រ​បង្គោល​ឡាក់​លេខ ៤៣ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៧ ខែឧសភា​ថា ជា​រៀងរាល់ឆ្នាំ កសិករ​ថៃ​បាននាំគ្នា​ចូលមក​ធ្វើស្រែ ដាំពោត និង សណ្ដែក​នៅក្នុង​តំបន់​មិន​ច្បាស់លាស់​នេះ ដោយ​អះអាងថា​ ដី​ក្នុង​តំបន់​នេះ​ជា​ដី​ដែល​ពួកគេ​បង្កបង្កើនផល​តាំងពី​ទសវត្ស​រិ៍​ឆ្នាំ ១៩៩០ មក។

លោក​បាន​បន្តថា​ កន្លង​មក​ប្រជាកសិករ​ខ្មែរ ដែល​រស់​នៅតាម​តំបន់​ជួរ​ព្រំដែន​នៃ​ភូមិសាស្ត្រ បង្គោល​​​សីមា​លេខ ៤៣ នេះ​ ក៏​ធ្លាប់ធ្វើ​ការតវ៉ា​ប្រឆាំងនឹង​កសិករ​ថៃ ដែល​បាន​ចូលមក​បង្កបង្កើនផល​នៅលើ​ទីតាំង​ដី​ទំហំ ២២៦​ ហិកតា នោះ​ផងដែរ ដោយ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ ហាមឃាត់​ពួកគេ​កុំ​ឲ្យ​ចូល​ដាំ​ដុះ​រហូតដល់​មាន​ដំណោះស្រាយ​ពី​គណៈកម្មការ​ដោះស្រាយ​វិវាទ​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ​។

លោក​បាន​បន្តថា៖«ឥឡូវនេះ​កម្លាំង​យើងខ្ញុំ​ បាន​ពិនិត្យឃើញ​កសិករ​ថៃ​ចូលមក​ភ្ជួរ​រាស់​ដាំ​ដុះ​លើដី​នោះ​ប្រមាណ​៣០ភារ​យ​ នៃ​ផ្ទៃ​​ដី​សរុប ២២៦ ហិកតា។ ទោះយ៉ាងណា​កម្លាំង​យើង​ កំពុង​បន្ត​ឃ្លាំមើល​នូវ​សកម្មភាព​របស់​កសិក​រ​​​​ថៃ​ទាំងនោះ។ យើង​នឹង​ចាត់វិធានការ​តាមច្បាប់​របស់​កម្ពុជា​យើង​ប្រសិន​ពួកគេ​ឈូសឆាយ​ចូលមក​ហួស​ពី​តំបន់​ដែល​ពួកគេ​ធ្លាប់​ដាំ​ដុះ​នេះ»។

ស្រដៀង​គ្នា​នេះ លោក ស៊ា សៅ​ឌី នាយប៉ុស្តិ៍​ព្រៃ​គុក​នៃ​វរៈ​ការពារ​ព្រំដែន ៩១១ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទំនប់​ក ៥ សង្កាត់-ក្រុង​ប៉ោយប៉ែត បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា កាលពី​រសៀល​ថ្ងៃទី ១៥ ឧសភា ក្នុងពេល​ចុះ​ល្បាត​ត្រួតពិនិត្យ ការ​លួច​ឆ្លងដែន​ខុសច្បាប់ របស់​ពលករ​ចំណាកស្រុក​ពី​ថៃ​ចូល​កម្ពុជា ដោយ​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក កម្លាំង​របស់លោក បាន​ពិនិត្យឃើញ​មានការ​ចូល​លួច​កាប់​គាស់​ដាំ​ដុះ​ដំណាំ​មួយចំនួន​នៅតាម​ជួរ​បន្ទាត់​ព្រំដែន ដែល​សង្ស័យ​ជា​អំពើ​របស់​ពលរដ្ឋ​ថៃ។

លោក​បាន​ថ្លែងថា៖ «យើង​ឃើញ​មានការ​លួច​ដាំ​ដំណាំ ចេក ស្វាយ ឫស្សី និងដើម​អាកាស្យា នៅក្នុង​ព្រៃ​នៃ​ជួរ​បន្ទាត់​ព្រំដែន​ក្នុង​ទឹកដី​កម្ពុជា​យើង។ យើង​សង្ស័យ​ជា​សកម្មភាព​របស់​ពល​រដ្ឋ​ថៃ ទោះយ៉ាងណា​យើង​កំពុង​ដាក់​កម្លាំង​លួច​ឃ្លាំមើល​បន្តទៀត ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់»៕