ភ្នំពេញៈ សកម្មភាព​ពិនិត្យ​ និង​ព្យាបាល​អ្នកជំងឺ ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​ និង​កុមារ​របស់​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅតែ​មមាញឹក បើទោះបី​ស្ថានភាព​ហិរញ្ញវត្ថុ​បាន​ពី​វិភាគទាន​មាន​ការធ្លាក់ចុះ​ដោយសារ​វិបត្តិ​កូវីដ​-១៩​ក្តី​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​បរធនបាល​នៃ​ «​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​» ​ពី​ថ្ងៃ​ទី​ ១៩ ខែមករា ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​កាលពី​ថ្ងៃ​ពុធ​។


របាយការណ៍​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​នេះ​បានបង្ហាញ​ថា​ពេញ​ ១ ​ឆ្នាំ​ ២០២០ ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បានទទួល​វិភាគទាន​សរុប​ចំនួន ៦១ ៩៨១ ​លាន​រៀល និង​ ៦ ​លាន​ដុល្លារ​អាមេរិក ដែល​បាន​ពី​ប្រភព​នានា រួមមាន​ពី​រាជរដ្ឋាភិបាល ពី​ការ​កាត់​កម្រៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ពី​កាកបាទក្រហមកម្ពុជា និង​ពី​សប្បុរសជន​ទូទៅ​។ ​ចំនួន​នេះ​បើ​ធៀប​នឹង​វិភាគទាន​ដែល​ទទួលបាន​កាលពី​ឆ្នាំ​ ២០១៩ គឺមាន​ការថយចុះ​ប្រមាណ​ ២០ ​ភាគរយ តែ​មិន​រាប់បញ្ចូល​ថវិកា​គម្រោង H.EQUIP និង​ការបរិច្ចាគ​ផ្ទាល់​នៅ​មន្ទីរពេទ្យ​ទេ​។

យ៉ាងណាក្ដី លោក DenisLaurent អគ្គនាយក​មូលនិធិ​គន្ធបុប្ផា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ថ្វីបើ​ក្នុងអំឡុងពេល​នៃ​វិបត្តិ​កូវីដ​១៩​នេះ ខាង​មន្ទីរពេទ្យ​ទទួលបាន​កញ្ចប់​ថវិកា​វិភាគទាន​តិចតួច​ពី​ប្រទេស​ស្វ៊ីស និង​កម្ពុជា​ក៏ដោយ ក៏​ប្រតិបត្តិការ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅតែ​បន្ត​ដំណើរការ​យ៉ាងសកម្ម​ដោយ​ឈរលើ​ស្មារតី​មនុស្សធម៌​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​និង​​កំពុងធ្វើការ​ធម្មតា​សម្រាប់​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ បើទោះជា​ក្នុង​ស្ថានភាព​កូវីដ​១៩​នេះ យើង​ទទួល​បាន​ថវិកា​ពី​ការបរិច្ចាគ​តិចតួច​ពី​ស្វ៊ីស និង​កម្ពុជា​ក្ដី​»​។


បើតាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​បរធនបាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​នៅក្នុង​ឆ្នាំ​ ២០២០ កន្លង​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ទទួល​កុមារ​​មក​ពិគ្រោះ និង​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​ចំនួន​ ៦៣៩ ២៦៨ ​ករណី​,​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​ ១៣២ ៤៤៣ ​ករណី​,​កុមារ​បាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ចំនួន​ ១៣៣ ០២៦ ​នាក់ ហើយ​ក្នុងចំណោម​នោះ​មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ ៤ ៤៨៨ ​នាក់​,​ជំងឺ​គ្រុន​ឈីក ១ ៤៩២ ​នាក់ និង​វះកាត់​សរុប ២៤ ៨២២ ​នាក់​។


លោក​ឧបនាយករដ្ឋមន្ត្រី​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​​បរធនបាល​នៃ​មូលនិធិ​គន្ធបុប្ផា​​កម្ពុជា​បាន​ណែនាំ​នៅក្នុង​របាយការណ៍​នោះ​ឱ្យ​លេខាធិការដ្ឋាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ខិតខំ​កៀរគរ​វិភាគទាន​សប្បុរសធម៌​បន្ថែមទៀត​ដើម្បី​បន្ត​រួមចំណែក​ទ្រទ្រង់​ដល់​​ប្រតិបត្តិការ និង​និរន្តរភាព​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​លើកស្ទួយ​ស្មារតី​ “​ខ្មែរ​ជួយ​ខ្មែរ​”​ ឱ្យបាន​កាន់តែ​ទូលំទូលាយ​៕

វីដេអូ៖