ភ្នំពេញៈ ការស្ទង់មតិមួយរកឃើញថា ពលរដ្ឋកម្ពុជាជាង ៧០ ភាគរយ មានការពេញចិត្ត ទៅលើការដឹកនាំប្រទេសជាតិ ហើយថា កម្ពុជាកំពុងដើរលើទិសដៅត្រឹមត្រូវ ខណៈដែលមនុស្សភាគច្រើន អះអាងថា ពួកគេមានភាពប្រសើរជាងមុនផ្នែកសេដ្ឋកិច្ចក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDRI ដែលមានចំណងជើងថា «យុវជន និងមនុស្សជំនាន់មុននៅកម្ពុជា៖ ទំនាក់ទំនងរវាងទាំង ២ ជំនាន់ និងទស្សនៈសង្គម និងនយោបាយ» ដែលត្រូវបានបោះពុម្ពផ្សាយកាលពីខែមីនា ហើយត្រូវបានសម្ពោធកាលពីសប្ដាហ៍មុន។
ការស្រាវជ្រាវធ្វើឡើងដើម្បីពិនិត្យមើលលើយុវជនជំនាន់ថ្មី ព្រមទាំងលើឥទ្ធិពល និងសារៈសំខាន់របស់យុវជនក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងនយោបាយនៅកម្ពុជា។
របាយការណ៍ស្ទង់មតិសរសេរថា៖ «អ្នកឆ្លើយសម្ភាស ៧១ ភាគរយមានការពេញចិត្តជារួមនឹងការដឹកនាំប្រទេសជាតិ។ យោបល់នេះឃើញមានសឹងតែដូចគ្នាក្នុងចំណោមយុវជន និងមនុស្សជំនាន់មុន ព្រោះមានយុវជន ៧០% និងមនុស្សជំនាន់មុន ៧២% យល់ស្របថា ប្រទេសជាតិកំពុងដើរលើផ្លូវត្រឹមត្រូវ។ មានអ្នករស់នៅជនបទ (៧៤%) ច្រើនជាងអ្នករស់នៅទីប្រជុំជន (៦៤%) ដែលពេញចិត្តនឹងទិសដៅរបស់ប្រទេសជាតិ»។
នៅពេលសួរថា តើអ្នកយល់ស្របដែរថា ស្ថានភាពសេដ្ឋកិច្ច ប្រជាជនកម្ពុជានាបច្ចុប្បន្នល្អ ប្រសើរជាងកាលពី ៥ ឆ្នាំមុន? «អ្នកឆ្លើយសម្ភាស (៨៧%) យល់ថា ស្ថានភាពសេដ្ឋកិច្ចប្រជាជនកម្ពុជានាបច្ចុប្បន្នល្អប្រសើរជាងកាលពី ៥ ឆ្នាំមុន។ មតិយោបល់នេះ ឃើញមានប្រហាក់ប្រហែលគ្នាក្នុងចំណោម យុវជន និងមនុស្សជំនាន់មុន បុរស និងស្រ្តី និងអ្នករស់នៅជនបទ និងអ្នករស់នៅទីប្រជុំជន។ យុវជន ៩០% មនុស្សជំនាន់មុន ៨៦% បុរស ៨៦% ស្រ្តី ៨៨% អ្នករស់នៅជនបទ ៨៩% និង អ្នករស់នៅទីប្រជុំជន ៨២% យល់ថា ស្ថានភាពសេដ្ឋកិច្ចប្រជាជនកម្ពុជានាបច្ចុប្បន្នល្អប្រសើរជាងកាលពី ៥ ឆ្នាំមុន»។
ការស្ទង់មតិត្រូវបានធ្វើឡើង ដោយមានការសម្ភាសពលរដ្ឋនៅក្នុងខេត្តក្រុងចំនួន ៦ រួមមានបាត់ដំបង កំពត ស្ទឹងត្រែង ស្វាយរៀង កំពង់ចាម និងភ្នំពេញ ចាប់ពីខែតុលា ឆ្នាំ ២០១៧ ដល់ខែមករា ឆ្នាំ ២០១៨។ អ្នកស្រាវជ្រាវបានសម្ភាសផ្ទាល់ជាមួយមនុស្សចំនួន ១ ៦០០ នាក់ នៅក្នុងភូមិចំនួន ១០១ ភូមិ។
របាយការណ៍សរសេរថា៖ «យើងបានសួរអ្នកឆ្លើយសំណួរ ថា តើពួកគេផ្ដល់តម្លៃ និងជឿ ជាក់លើការបោះឆ្នោតដែរឬទេ? ភាគច្រើនលើសលប់នៃប្រជាជនកម្ពុជា (៩៩%) យល់ថា វាជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋក្នុងការចូលរួមបោះឆ្នោត។ អ្នកឆ្លើយសំណួរស្ទើរតែទាំងអស់ យល់ស្របទៅលើឃ្លាដែលសរសេរថា «ខ្ញុំមានកាតព្វកិច្ចទៅបោះឆ្នោត»។ទស្សនៈនេះត្រូវបានយល់ឃើញដោយមនុស្សទាំង ២ ភេទទាំងនៅទីក្រុង និងជនបទ»។
ពួកគេបន្ថែមថា មនុស្សជាច្រើនយល់ស្របខ្លាំងថា សន្លឹកឆ្នោតមានឥទ្ធិពលខ្លាំង ទៅលើទិសដៅនៃការដឹកនាំប្រទេស។ យុវជន និងមនុស្សជំនាន់មុន មានទស្សនៈស្ទើរតែដូចគ្នា ទាក់ទងនឹងការបោះឆ្នោត និងទិសដៅនៃការដឹកនាំប្រទេស។ ប៉ុន្តែនៅពេលសួរពាក់ព័ន្ធនឹងការសម្រេចចិត្តវិញពួកគេនិយាយថា គ្រួសារគឺជាកត្តាសំខាន់ នៅក្នុងការយល់ឃើញលើរឿងនយោបាយ ហើយកត្តាសំខាន់ បន្ទាប់គឺអ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ។
ការស្ទង់មតិរកឃើញថា ជាងពាក់កណ្ដាលនៃអ្នកដែលត្រូវបានសម្ភាសពេញចិត្តនឹងការ ដឹកនាំរបស់រដ្ឋាភិបាល ក្នុងការរក្សានូវស្ថិរភាពនយោបាយ ប៉ុន្តែពួកគេមិនសូវពេញចិត្តជាមួយការគាំពាររបស់រដ្ឋាភិបាល សម្រាប់អ្នកក្រីក្រ និងការបង្កើតការងារសម្រាប់យុវជន។
អ្នកឆ្លើយសំណួរបានផ្ដល់អាទិភាពលើការទទួលបានសេវាសុខភាព ដោយយល់ថា វាជាអាទិភាពសំខាន់បំផុត ហើយអាទិភាពបន្ទាប់ គឺបញ្ហាសេដ្ឋកិច្ច និងការងារ បរិស្ថាន ភាពក្រីក្រ និងការបាត់បង់ដីធ្លី។ ទាំងអ្នករស់នៅទីក្រុង និងជនបទសុទ្ធតែមានសុទិដ្ឋិនិយម អំពីអនាគតរបស់ប្រទេសកម្ពុជា។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា លោកមិនអាចបញ្ចេញមតិយោបល់លើការស្រាវជ្រាវនេះទេដោយសារវាជាការស្រាវជ្រាវបែបវិទ្យាសាស្ត្រ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយយល់ថា កម្រងសំណួរពាក់ព័ន្ធនឹងទិសដៅរបស់ប្រទេសកម្ពុជាស្ដាប់ទៅ ហាក់ដូចជាមានភាពទូលំទូលាយពេក ហើយចម្លើយតបអាចមិនបញ្ជាក់ពីការពេញចិត្តពិតប្រាកដរបស់ពលរដ្ឋទៅលើរដ្ឋាភិបាល។
លោកថា ការស្រាវជ្រាវបែបនេះ ត្រូវបានធ្វើឡើងដោយវិទ្យាស្ថាន IRI កាលពីមុនការបោះឆ្នោតឆ្នាំ ២០១៣ ដោយពេលនោះ ក៏មានការរកឃើញថា ការដឹកនាំប្រទេសស្ថិតនៅលើផ្លូវត្រូវដែរ។
លោកថា៖ «ប៉ុន្តែលទ្ធផលនៃការបោះឆ្នោតនៅពេលនោះ មិនដូចទៅនឹងលទ្ធផលនៃការស្រាវជ្រាវនោះទេ»។
ប៉ុន្តែលោកថា សំណួរពាក់ព័ន្ធនឹងបញ្ហាជាក់លាក់ អំពីការគាំទ្ររបស់រដ្ឋាភិបាលសម្រាប់អ្នកក្រ និងការងាររបស់យុវជនហាក់បង្ហាញពីភាពជាក់ស្ដែងនៅក្នុងសង្គម។ លោក មាស នី អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គមថ្លែងថា លទ្ធផលនៃការស្រាវជ្រាវវាអាស្រ័យលើការជ្រើសរើសសំណាក។
លោកថ្លែងថា៖ «ប្រសិនបើសំណាកត្រូវបានជ្រើសរើសត្រឹមត្រូវ តាមបែបវិទ្យាសាស្ត្រ ចម្លើយរបស់អ្នកឆ្លើយសំណួរ អាចបញ្ជាក់ពីការពិតបាន។ តែពេលខ្លះ មនុស្សដែលត្រូវបានសួរមិនអាចនិយាយការពិតបានឬមិនអាចរិះគន់រដ្ឋាភិបាល»។
ចំពោះការដឹកនាំប្រទេសវិញ លោកយល់ថា ស្ថានការណ៍បច្ចុប្បន្ននេះ មិនអាក្រក់ពេកទេ។ ចំណុចអាក្រក់នៅលើរឿងនយោបាយ គឺការរំលាយអតីតគណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រជាង ៣ លាននាក់ ហើយការរំលាយនោះ បានធ្វើឲ្យមានការចោទប្រកាន់ផ្សេងៗ។ «ក្រៅពីនេះ យើងឃើញថា ជាទូទៅមានភាពវិជ្ជមាន។ វាដូចជាពាក្យស្លោកខ្មែរថា គុណ ១ សំពៅ ទោស ១ ចូលទៅ រលាយគ្មានសល់»៕