ភ្នំពេញៈ អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​នឹង​រៀបចំ​ប្រារព្ធ​ទិវា​ពិភពលោក​សិទ្ធិមនុស្ស​លើក​ទី​ ៧១ ​នៅ​ថ្ងៃទី​ ៧ ធ្នូ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ខណៈ​ដែល​ភាគី​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​រៀបចំ​ប្រារព្ធ​នៅ​ថ្ងៃទី​ ១០ ធ្នូ​។


យោងតាម​ការផ្សព្វផ្សាយ​របស់​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា ការិយាល័យ​នេះ​បាន​សហការ​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក្រុម​អង្គការសហប្រជាជាតិ​ប្រចាំ​​កម្ពុជា និង​ប្រតិភូ​សហភាព​អឺរ៉ុប​នឹង​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ខាង​មុខ​នេះ ក្រោម​ប្រធានបទ​ «​យុវជន​ក្រោក​ឡើង​ដើម្បី​សិទ្ធិមនុស្ស​» ដែល​ព្រឹត្តិការណ៍​នេះ​នឹង​ជួយ​បំភ្លឺ​ឱ្យ​កាន់តែ​ច្បាស់​អំពី​តួនាទី​ដឹកនាំ​របស់​យុវជន​ដែល​ជា​ប្រភព​ជំរុញ​ឱ្យ​សង្គម​មាន​អនាគត​ល្អប្រសើរ​។

សារ​ផ្សព្វផ្សាយ​របស់​ការិយាល័យ​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ដោយមាន​ការអំពាវនាវ​ជា​សកល​របស់​យើង​ដើម្បី​ឲ្យ​មាន​ការធ្វើ​សកម្មភាព​ «​ក្រោក​ឡើង​ដើម្បី​សិទ្ធិមនុស្ស​» ​យើង​នឹង​អបអរសាទរ​សក្ដានុពល​របស់​យុវជន​ដែលជា​ភ្នាក់ងារ​ធ្វើឱ្យ​មាន​ការផ្លាស់ប្ដូរ​បែប​ស្ថាបនា បំពង​សំឡេង​របស់​ពួកគេ​ឲ្យ​ខ្ទរខ្ទារ និង​ធ្វើការ​ជាមួយ​ទស្សនិកជន​នៅ​ទូទាំង​ពិភពលោក​គ្រប់​ស្រទាប់​វណ្ណៈ ក្នុង​ការ​លើកស្ទួយ​ និង​ការពារ​សិទ្ធិ​នានា​»​។

សារ​ផ្សព្វផ្សាយ​ដដែល​នេះ​បាន​ឲ្យ​ដឹងថា នៅក្នុង​ព្រឹត្តិការណ៍​អបអរ​ទិវា​សិទ្ធិមនុស្ស​នេះ​ក៏​មាន​ការផ្ដល់​ពានរង្វាន់​ផ្នែក​សិទ្ធិមនុស្ស​យុវជន​ឆ្នាំ​ ២០១៩ ទៅឱ្យ​ក្រុមយុវជន​ឆ្នើម​ដែល​បាន​ចូលរួម​ក្នុងការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​នៅក្នុង​សហគមន៍​របស់​ពួកគេ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​មាន​ការសម្ដែង​សិល្បៈ និង​ការប្រគំតន្ត្រី​ដោយ​ក្រុមយុវជន​ផងដែរ​។


លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​រាជរដ្ឋាភិបាល​នឹង​រៀបចំ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នេះ​នៅ​ថ្ងៃទី​ ១០ ​ធ្នូ​នៅឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន និង​ធ្វើ​ឡើង​ក្រោម​ប្រធានបទ​ផ្ដោតលើ​យុវជន​ដូចគ្នា​ទៅនឹង​ប្រធានបទ​ខាង​អង្គការ​សហប្រជាជាតិ​ដែរ​។ ការផ្ដោត​លើ​យុវជន​នេះ​គឺ​ដោយសារ​រាជរដ្ឋាភិបាល​រួមទាំង​ពិភពលោក​បានចាត់ទុក​ថា យុវជន​គឺមាន​តួនាទី​សំខាន់​ក្នុង​ការផ្លាស់ប្ដូរ​សង្គម​។


លោក ជិន ម៉ាលីន អះអាង​ថា​ការចូលរួម​របស់​យុវជន​កម្ពុជា​គឺអាច​នាំឱ្យ​មាន​ការផ្លាស់​ប្ដូរ​សង្គម​ទាំង​ទៅរក​ភាព​វិជ្ជមាន និង​អវិជ្ជមាន ដូចជា​ការផ្លាស់ប្ដូរ​នាំទៅរក​វិនាសកម្ម និង​សោកនាដកម្ម​ដូច​ដែល​គេ​កំពុង​ឃើញ​ស្រាប់​គឺ​ការផ្លាស់ប្ដូរ​ពី​សំណាក់​យុវជន​នៅក្នុង​បណ្ដា​ប្រទេស​មួយចំនួន​ដូចជា​នៅ​តំបន់​អារ៉ាប់​ជាដើម​។

លោក ម៉ាលីន ថ្លែងថា​៖ «​យើង​ឃើញថា ការចូលរួម​របស់​យុវជន​គឺមាន​ឥទ្ធិពល​។ អ៊ីចឹង​យើង​ប្រារព្ធ​ទិវា​នេះ​គឺ​ធ្វើ​យ៉ាង​មេច​ឱ្យ​យុវជន​ចូលរួម​ដើម្បី​ផ្លាស់​បូរ​ឱ្យ​មាន​វិជ្ជមាន ប៉ុន្តែ​ការផ្លាស់ប្ដូរ​ដែល​មាន​វិជ្ជមាន គឺ​ទាល់តែ​យុវជន​ដែល​ចូលរួម​ហ្នឹង ជា​​យុវជន​ប្រកប​ដោយ​គុណភាព និង​ចូលរួម​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​»​។

លោក​បន្តថា ការចូលរួម​ដែល​អាច​នាំឱ្យមាន​ការផ្លាស់​ប្ដូរ​សង្គម​ទៅ​រក​ភាព​វិជ្ជមាន​នោះ​គឺ​យុវជន​ត្រូវតែ​មាន​ការយល់ដឹង​ឱ្យបាន​ច្បាស់លាស់​អំពី​ការប្រើប្រាស់​សិទ្ធិ​របស់​ពួកគេ​ឱ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ផ្លូវច្បាប់ គោល​គំនិត​ដើម​នៃ​សិទ្ធិមនុស្ស និង​បរិបទ​សង្គម​ជា​ជាង​ការចូលរួម​ប្រើប្រាស់​សិទ្ធិសេរីភាព​ហួសដែន​កំណត់​ច្បាប់​ដែល​លោក​ថា មិនមែន​ជា​ការចូលរួម​ធ្វើ​ឱ្យ​មាន​ភាពរីកចម្រើន​សម្រាប់​សង្គម​ឡើយ ប៉ុន្តែ​នឹង​បង្ក​ឱ្យ​មាន​វិនាសកម្ម​នៅក្នុង​សង្គម​ទៅវិញ​។

លោក​ ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​អាដហុក​បាន​ថ្លែងថា បច្ចុប្បន្ន​ហាក់​មិនមាន​យុវជន​កម្ពុ​ជាច្រើន​ចាប់​អារម្មណ៍​បញ្ហា​សិទ្ធិមនុស្ស​ឡើយ ដោយសារ​តែ​រយៈពេល​កន្លង​មក អ្នកចូលរួម​ក្នុង​ការតស៊ូ​មតិ​ដើម្បី​យុត្តិធម៌​សង្គម គឺ​តែង​ត្រូវបាន​រារាំង គំរាមកំហែង និង​តាម​ឃ្លាំមើល​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល និង​ជាពិសេស​គឺ​ការចាប់ខ្លួន​អ្នកការពារ​សិទ្ធិមនុស្ស​។

លោក សែនករុណា ថ្លែងថា​៖ «​អ៊ីចឹង​អ្នកធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស​នេះ​គឺ​មាន​ចំនួន​ថមថយ ដោយសារ​កត្តា​គំរាមកំហែង និង​ការភ័យខ្លាច​។ យើង​ក៏​ឃើញថា​មានការ​លើកទឹកចិត្ត​ដល់​យុវជន​ដែរ ប៉ុន្តែ​ជាការ​លើក​ទឹកចិត្ត​ឱ្យ​ទៅ​ផ្លូវ​ផ្សេង​»៕