ព្រះសីហនុ: អាជ្ញា​ធរ​ខេត្ត​ព្រះ​សីហនុ​ បាន​សម្រេច​បិទ​កាស៊ីណូ​មួយ​ឈ្មោះ «ជីន​ ទីង» នៅ​សង្កាត់​កោះរ៉ុង​សន្លឹមចាប់ពី​ថ្ងៃទី ​២២ ​ខែ មីនា ​តទៅ ​ដោយ​អះអាង​ថា ម្ចាស់​កាស៊ីណូ​មិន​ព្រម​គោរព​តាម​គោល​ការណ៍​អាជ្ញា​ធរ​​ដែល​បង្ក​ឲ្យ​មាន​ទឹកស្អុយ​ហូរ​ចូលទៅ​សមុទ្រ បង្ក​សំឡេង​រំខាន ​និង​ផុត​អាជ្ញាប័ណ្ណ​ប្រកប​អាជីវ​កម្ម។ នេះ​បើតាម​លោក ​អ៊ី ធា​រិ​ន នា​យក​ស្ដីទី​ចាត់​ចែង​អន្តរវិ​ស័យ​ខេត្ត​ ព្រះសីហនុ។


លោក អុី ធា​រិ​ន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិល​មិញ​ថា ការ​សម្រេច​បិទ​កាស៊ី​ណូជីន ទីង (168JINGDING Int​ernat​iona​l Enterainment Co, LTD) នេះ​ បាន​ធ្វើ​ឡើង​តាម​លិខិត​ចុះ​ថ្ងៃទី​ ១១​ មីនា ឆ្នាំ ២០១៩ របស់​រដ្ឋបាល​ខេត្ត​ ព្រះ​សីហនុ​ ​ដោយ​សារ​ម្ចាស់​បាន​សង់​អគារ​លើ​ឆ្នេរ​សមុទ្រ​ និង​រំលោភ​លក្ខខណ្ឌ​មួយ​ចំនួន។

លោក​បន្ត​ថា លោក ZHOU JIANHUA ជាជន​ជាតិ​ចិននិង​​ជា​ម្ចាស់​កាស៊ីណូ​មិន​ព្រម​គោរព​តាម​គោ​លការណ៍​របស់​អាជ្ញាធ​រ​ទេ ដូច​ជា​​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​ប៉ះ​ពាល់​បរិ​ស្ថាន​ធ្ងន់​ធ្ងរ ​បង្ក​ការរំខាន​ដោយ​បំពង​សំឡេង​ធុង​បាស់ អនុញ្ញាត​ឲ្យ​ភ្ញៀវ​បាញ់បោះ​សេរី និង​ផុត​អាជ្ញា​ប័ណ្ណ​ប្រ​កប​អាជី​វកម្ម​ផង​ដែរ។ «យើង​បាន​ជូន​ដំណឹង​ទៅ​គាត់​កាលពី​ថ្ងៃ​ចន្ទ​ហើ​យ និង​ឈា​ន​ទៅ​បិទ​ទាំង​ស្រុង​ចាប់ពី​ថ្ងៃទី ២២ មីនា​ ដើម្បី​ឲ្យ​បុគ្គលិក​គាត់​ទៅរក​ការងារ​ផ្សេង​ធ្វើគឺ​យើង​មិន​បិទ​ភ្លាមៗ​ទេ។ យើង​​ណែ​នាំ​គាត់​ច្រើន​លើក​​ហើ​យ តែ​គាត់​មិន​ព្រម​អនុវត្ត​តាម​អាជ្ញាធរ​យើង​ទេ»។

លោក កែវ រតនា នាយ​ប៉ុស្ដិ៍​រដ្ឋបាល​សង្កា​ត់​កោះ​រ៉ុង​សន្លឹម​បាន​ថ្លែង​ថា លោក​មិនអាច​ឆ្លើយ​ប្រាប់​លម្អិតពី​ករណី​នេះ​បាន​ទេ ព្រោះ​លោក​គ្រាន់​តែ​ជា​អ្នក​អម​ដំណើរ​ក្នុង​ប្រតិ​បត្តិ​ការ​នេះ​ប៉ុណ្ណោះ។


លោក​បញ្ជាក់ថា៖ «អាជ្ញាធរ​ខេត្ត​គាត់​សម្រេច​បិទ​ហើយ​ តែ​ខ្ញុំ​អត់​អាច​ប្រាប់​លម្អិត​បាន​ទេ​ ទាល់​តែ​សួរ​ទៅ​ខាង​រដ្ឋ​បា​ល​ខេត្ត​។កំណត់​ហេតុ​ផ្សេងៗ ក៏​ខ្ញុំ​អត់​បាន​ដឹង​ដែរ»។


តាម​កំណត់​ហេតុ​របស់​លោក អុី ធា​រិ​ន ដែល​បាន​ចុះ​អង្កេត​ពិនិត្យ​ផ្ទាល់​នៅ​ថ្ងៃទី​ ១១ ​មីនា ​​បាន​បង្ហាញ​ថា ក្រុមការងារ​បាន​ចុះមក​ដល់​ទីតាំង​កាស៊ីណូ​មួយក្នុង​ភូមិ​កោះរ៉ុងសន្លឹម ​សង្កាត់​កោះរ៉ុងសន្លឹម ​ក្រុង​ព្រះសីហនុដោយ​បាន​ពិនិ​ត្យ​ឃើញ​ថា៖ «ទីតាំង​កាស៊ី​ណូ​ឈ្មោះ ជីន ទីង បាន​សាងសង់​លើ​ឆ្នេរ​ខ្សាច់​ទាំង​ស្រុង ដែល​ងាយ​បង្ក​ឲ្យ​មាន​ទឹក​កខ្វក់​ហូរ​ចូល​សមុទ្រ មាន​ការ​រំខាន​ដោយ​សំឡេង​ធុង​បាស់​ដល់​អ្នក​ជិត​ខាង​ព្រម​ទាំង​អាជ្ញា​ប័ណ្ណ​ផុត​សុព​ល​ភាព​ដែរ»។

លោក ZHOU JIANHUA ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ដ​ និង​កាស៊ី​ណូ ជីន ទីង មិនអាច​ទាក់​ទង​សុំការ​បញ្ជាក់​បាន​ទេ​ កាល​ពី​ម្សិលមិញ។

លោក សុខ សុខុ​ម ប្រធាន​អង្គ​ការ​ស្រាវ​ជ្រាវ​ជាតិ​កម្ពុជា (CNRO) បាន​ថ្លែង​កាល​ពីម្សិលមិញ​ថា លោក​សាទរ​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ ព្រោះ​កាស៊ី​ណូ​មួយ​នេះ​ធ្លាប់​មាន​រឿង​អាស្រូវ​បាញ់​បោះ​សេរីនិង​បំពាន​លើ​គោល​ការ​ណ៍​ណែនាំ​របស់​អាជ្ញា​ធរ​ជា​ច្រើន​លើក​មក​ហើយ។

លោក​បន្ត​ថា លោក​សុំ​ឲ្យ​មាន​វិធាន​ការ​បែបនេះ​ដូច​ភ្លៀងរ​លឹម ​ព្រោះ​សំណង់​អគារ​មួយចំ​នួន​ទៀត​ក៏​កំពុង​រំលោ​ភ​លើ​បម្រាម​របស់​អាជ្ញាធរ​ដែ​រ «សូម​​ឲ្យ​មាន​វិធានការ​នេះ​ដូច​ភ្លៀង​រលឹម ទៅលើ​កាស៊ីណូ​ផ្សេង​ទៀត​ដែល​មិន​គោរ​ព​តាមច្បាប់ ត្រូវតែ​អនុវត្តឲ្យ​តឹងរ៉ឹង​បែប​នេះដើម្បី​ជា​សារ​ព្រមាន​ម្ចាស់​អគារឬ​សំណង់​ផ្សេងៗ​ទៀត។ ខ្ញុំ​ក៏​សុំ​ឲ្យ​អាជ្ញាធរ​ចុះ​ពិនិត្យ​ទាំង​កាស៊ីណូ ផ្ទះ​សំ​ណាក់ សណ្ឋា​គារ និងកន្លែង​សំខាន់​ ជា​ច្រើន​ដែរ កុំ​ឲ្យ​ពួក​គាត់​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត»។

លិខិត​បិទកា​ស៊ីណូរ​បស់​រដ្ឋបា​លខេត្ត​នេះ ​ចុះហត្ថ​លេខា​ដោយ​លោក យន្ត មីន អភិ​បាល​ខេត្ត​ព្រះ​សីហនុ ​ចុះ​ថ្ងៃទី ១១​ មីនា ​​ជម្រាប​ជូន​លោក ZHOU JIANHUA សញ្ជាតិចិន ​កាន់​លិខិត​ឆ្លង​ដែន​លេខ EC749131 ចុះ​ថ្ងៃ​ទី ២៣ មី​នា ២០១៨ ជា​ប្រធាន​ក្រុមហ៊ុន​ជីនទីង។

លិខិត​បន្ត​ថា ផ្អែក​តាម​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ចំនួន ៧​៧ ​គ្រួសារនិង​លិខិត​លេខ​ ០១៣/​១៩ ចុះ​ថ្ងៃទី ៤ ខែ ​មីនា​​ ឆ្នាំ ២០១៩ របស់​ចៅ​សង្កាត់​កោះ​រ៉ុងសន្លឹម​និង​ចំណារ​របស់​អភិបា​ល ក្រុងព្រះ​សីហនុ​ រដ្ឋបាល​ខេត្ត​ព្រះសីហ​នុ​ បាន​ចាត់​​ឲ្យ​ក្រុមការងារ​ចុះ​ពិនិត្យឃើញថា ទីតាំង​មជ្ឈ​មណ្ឌល​កម្សាន្ដ ជីន ទីង គឺ​ស្ថិត​នៅ​លើដី​ឆ្នេរ​សមុទ្រ ដែល​ពុំមាន​ប្រព័​ន្ធ​​ចម្រោះ​ទឹក​កខ្វក់​ដែល​បង្ក​ផល​ប៉ះ​ពាល់​បរិស្ថាន​ឆ្នេរស​មុទ្រ ពុំបាន​អនុវត្ត​ត្រឹម​ត្រូវ​តាម​លិខិត​របស់​ទីស្ដី​ការ គណៈ​រដ្ឋមន្ត្រី (ទីតាំង​សាង​សង់​ត្រូវ​មាន​ការឯ​ក​ភាព​ពី​អាជ្ញាធរ​ដែន​ដី និង​ស្ថាប័ន​ពាក់ព័ន្ធ) ។

រដ្ឋបាលខេត្ត​ព្រះសី​ហនុ​ បាន​បញ្ជាក់​ថា៖ ​«ពាក់ព័ន្ធ​ករណី​ដូច​បាន​ជម្រាប​ជូន​ខាងលើរដ្ឋ​បាល​ខេត្ត​ព្រះសី​ហនុ សម្រេច​បិទ​អាជីវ​កម្ម​មជ្ឈ​មណ្ឌល​កម្សាន្ដ ជីន ទីង ចាប់ពី​ថ្ងៃទី ២២ ខែ មីនា ឆ្នាំ​ ២០១៩ ជា​កំហិត។ ហេតុ​នេះ លោក ZHOU JIANHUA ម្ចាស់​ទីតាំង​ខាង​លើ​នេះ ​ជ្រាប និង​អនុវត្ត​តាម​ខ្លឹមសារ​ខាង​លើ​ឲ្យ​មាន​ប្រសិទ្ធភាព​»​៕