ភ្នំពេញៈ សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​កូនស្រី និង​កូនប្រសា​លោក​ឧកញ៉ា ហេង សៀ ពាក់ព័ន្ធ​នឹង​បទល្មើស​របស់​ឪពុក​ក្នុង​រឿងក្តី​នឹង​ពិធីការិនី​ទូរទស្សន៍ កញ្ញា​ មាន ពេជ្ររីតា បន្ទាប់ពី​សមត្ថកិច្ច​បាន​រកឃើញ​ភ័ស្តុតាង​ថ្មី​ពាក់ព័ន្ធ​នឹង​អ្នក​ទាំង​ ២ ​ជួល​មនុស្ស​ប្រុស​ស្រី​ថតរូប​អាសអាភាស ដើម្បី​បំភាន់​សាធារណជន និង​បំផ្លាញ​កិត្តិយស កញ្ញា​ មាន ពេជ្ររីតា​។


ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន គឺជា​ប្តី​ប្រពន្ធ​នឹង​គ្នា ហើយ​ត្រូវជា​កូន និង​កូនប្រសា​របស់​លោក ហេង សៀ​។ ជនសង្ស័យ​ជា​ប្តី​មាន ឈ្មោះ ឃន ឈុនដារ៉ា និង​ប្រពន្ធ​ឈ្មោះ តាំង គីមហៀង ដែល​អ្នក​ទាំង​ ២ ត្រូវបាន​គេ​ស្គាល់​ថា ជា​ម្ចាស់​ហាង​កាហ្វេ​ល្បី​មួយ​ឈ្មោះ The KOI និង Tube Cafe'' រួមទាំង​មាន​អាជីវកម្ម​មួយចំនួន​ផ្សេងទៀត​។

លោក​ សាន សុខសីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឱ្យដឹងថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ ២ ​នាក់​ប្តី​ប្រពន្ធ​យក​មក​សាកសួរ​ជា​បន្តបន្ទាប់​នា​យប់​ថ្ងៃទី​ ១៥ ខែឧសភា ឆ្នាំ​ ២០២១​។ លោក​បាន​បន្តថា ជនសង្ស័យ​ទាំង​ ២ ​នេះ​កំពុង​ត្រូវបាន​ឃាត់ខ្លួន ដើម្បី​បន្ត​ការសាកសួរ​ពាក់ព័ន្ធ​នឹង​បទល្មើស​ឪពុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

លោក​បាន​បញ្ជាក់ថា​៖ «​ដោយសារ​តែ​សមត្ថកិច្ច​ជំនាញ​យើង​កំពុងធ្វើការ​លើ​ករណីនេះ យើង​មិនអាច​បង្ហើប​បានទេ នឹង​ធ្វើការ​ចោទប្រកាន់​នៅពេលណា​។ នៅពេល​សមត្ថកិច្ច​ជំនាញ​យើង ធ្វើការងារ​ចប់ យើង​នឹង​ជូនដំណឹង​នៅពេល​ក្រោយ​»​។


ទោះយ៉ាងណា លោក​ សាន សុខសីហា មិនបាន​បញ្ជាក់​លម្អិត​ទេ​ថា ការឃាត់ខ្លួន​ប្តី​ប្រពន្ធ​ ២ ​នាក់​នេះ គឺ​ជាប់​ពាកព័ន្ធ​នឹង​បទល្មើស​មួយណា​។ ប៉ុន្តែ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ក្នុងស្រុក​បាន​ឲ្យ​ដឹងថា កូនប្រសា និង​កូនស្រី​របស់​ឧកញ៉ា ហេង សៀ ត្រូវបាន​ឃាត់ខ្លួន ដោយសារ​តែ​មាន​ការជាប់​ពាក់ព័ន្ធ​នឹង​ករណី​ដែល​បាន​ជួល​មនុស្ស​ប្រុស​ស្រី​ ១ ​គូ​មក​ថតរូប​ឈុត​ឆាក​អាសអាភាស ហើយ​យកមក​ចែកចាយ​តាម​បណ្តាញសង្គម ដើម្បី​ជា​ការបំភាន់​សាធារណមតិ​ឱ្យ​យល់ច្រឡំ​ថា ជា​រូបភាព​របស់​កញ្ញា​ មាន ពេជ្ររីតា​។


រឿងក្តី​នេះ ផ្តើមចេញ​ដំបូង​ពី​ក្តីក្តាំ រវាង​កញ្ញា មាន ពេជ្ររីតា ដែលជា​ពិធីការិនី​ទូរទស្សន៍ My TV និង​ជា​អតីត​បេក្ខនារី Miss Grand Cambodia វ័យ ២០ ​ឆ្នាំ ដែល​ត្រូវបាន​លោក​ ហេង សៀ ដែលមាន​អាយុ​ជិត​ ៦០ ​ឆ្នាំ និង​មាន​ងារ​ជា​ឧកញ៉ា ហើយ​ជា​ថៅកែ​ក្រុមហ៊ុន​កញ្ចក់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា បាន​ប្តឹង​នាង​ពី​បទលួច​មាន​ស្ថាន​ទម្ងន់ទោស​។

បន្ទាប់មក នាង​ក៏​ត្រូវបាន​តុលាការ​ចោទប្រកាន់ និង​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​កាលពី​ថ្ងៃទី​ ១១ ខែឧសភា​។ ប៉ុន្តែ​នៅ​ថ្ងៃទី​ ១៣ ខែឧសភា តុលាការ​ក៏បាន​សម្រេច​ដោះលែង​រូបនាង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន តាម​ពាក្យ​ស្នើសុំ​របស់​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន​ ៣ ​រូប​។

លោកស្រី​ មាស ស៊ីថន សហមេធាវី​ការពារ​ក្តី​កញ្ញា មាន ពេជ្ររីតា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឱ្យដឹងថា ខ្លួន​បាន​ដឹង​ពី​ការឃាត់ខ្លួន​ថ្មីៗ​ចំពោះ​កូនស្រី និង​កូនប្រសា​លោក​ ហេង សៀ​។ ប៉ុន្តែ​លោកស្រី សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​នោះទេ ចំពោះ​ករណីនេះ ដោយ​គ្រាន់តែ​អះអាង​ថា នេះ​ជា​ចំណាត់ការ​របស់​សមត្ថកិច្ច ខណៈ​ខ្លួន​ក្នុង​ពេលនេះ គឺ​ទទួល​ការពារ​ក្តី​កញ្ញា​​ មាន ពេជ្ររីតា តែ​ក្នុងករណី​ដែល​លោក​​ ហេង សៀ ប្តឹង​នាង​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​តែប៉ុណ្ណោះ​។

បន្ថែម​ពីនេះ លោកស្រី​មេធាវី បាន​បន្តថា ចំពោះ​នីតិវិធី​បន្ត សហមេធាវី​ក៏​មិនទាន់​សម្រេច ថា​ត្រូវមាន​ចំណាត់ការ​បន្ត​យ៉ាងណា​ទៀត​នោះដែរ ដោយ​សុំ​ទុកពេល​ឲ្យ​កូនក្តី​របស់​ខ្លួន បាន​សម្រាក​មួយរយៈ បន្ទាប់ពី​ទទួលរង​នូវ​ការប៉ះពាល់​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​។

លោកស្រី​បាន​រៀបរាប់​ពី​ស្ថានភាព​កញ្ញា មាន ពេជ្ររីតា ក្នុង​ពេលនេះ​ថា​៖ «​នាង​មិនបាន​សម្រាក ៣ ទៅ​ ៤ ​ថ្ងៃ​ហើយ តាំងពី​ពេល​គេ​នាំ​នាង​មក​កន្លែង​ឃុំខ្លួន​។ នាង​ជា​ក្មេងស្រី ច្បាស់​ណាស់​ជួប​រឿង​បែបនេះ គឺ​ប៉ះពាល់​ខ្លះ​ហើយ​។ ប៉ុន្តែ​ក្រោយពី​គាត់​ត្រឡប់​មកផ្ទះ ជួប​ម្តាយ​គាត់​វិញ គាត់​មាន​ភាពប្រសើរ​ជាងមុន​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​គ្រួសារ លោក​ ហេង សៀ ដើម្បី​សាកសួរ​ជុំវិញ​ព័ត៌មាន​ដែល​ពាកព័ន្ធ​នឹង​ការឃាត់ខ្លួន​កូន​របស់​លោក​ឧកញ៉ា​រូបនេះ​បានទេ ដោយសារ​តែ​លេខ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន គិត​ត្រឹម​ថ្ងៃ​ចុះផ្សាយ​នេះ​៕