កូរ៉េខាងត្បូង គ្រោង​បង្កើត​មជ្ឈមណ្ឌល​កោសល្យវិច័យ​ ១ ​នៅ​កម្ពុជា ដើម្បី​បណ្តុះបណ្តាល​ចៅក្រម​ព្រះរាជអាជ្ញា

Content image - Phnom Penh Post
ជំនួប​រវាង​ភាគី​កូរ៉េ និង​ឯកអគ្គរាជទូត​កម្ពុជា​ពីថ្ងៃ​ទី​ ២៩ កញ្ញា​។ រូបថត សហការី

ភ្នំពេញៈ មជ្ឈមណ្ឌល​កោសល្យវិច័យ​ ១ ​នឹង​មាន​វត្តមាន​នៅ​កម្ពុជា ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជិត​ ៥០ ​លាន​ដុល្លារ ដើម្បី​បណ្ដុះបណ្ដាល​ចៅក្រម ព្រះរាជអាជ្ញា និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ការស្រាវជ្រាវ​វិភាគ​កោសល្យវិច័យ​ឧក្រិដ្ឋកម្ម​លើ​ស្ត្រី គ្រឿងញៀន និង​ភេរវកម្ម ក្រោយពី​មាន​សំណើ​ផ្លូវការ​ពី​រដ្ឋាភិបាល​។

លោក​ ឡុង ឌីម៉ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​កូរ៉េ​ខាង​ត្បូង​ប្រាប់ ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ភាគី​កូរ៉េខាងត្បូង​នឹង​ជួយ​សាងសង់​អគារ​មជ្ឈមណ្ឌល​កោសល្យវិច័យ​ ១ ​នៅ​កម្ពុជា​។ ជាមួយ​គ្នា​នេះ កូរ៉េ ក៏​នឹង​ជួយ​លើ​ការបណ្ដុះបណ្ដាល​ដល់​ចៅក្រម ព្រះរាជអាជ្ញា និង​សមត្ថកិច្ច​ទាំងឡាយ​ក្នុង​កិច្ចការងារ​ស្រាវជ្រាវ​វិភាគ​កោសល្យវិច័យ​សំដៅ​ប្រយុទ្ធ​ប្រឆាំង​បទឧក្រិដ្ឋ រួមមាន ឧក្រិដ្ឋកម្ម​លើ​នារី​ភេទ គ្រឿងញៀន ភេរវកម្ម និង​អ៊ីនធឺណិត​ជាដើម​។

បើ​តាម​មន្ត្រី​ជាន់ខ្ពស់​ការទូត​រូបនេះ​អគារ​មជ្ឈមណ្ឌល​កោសល្យវិច័យ​នឹង​មាន​បំពាក់​សម្ភារ​បរិក្ខារ​ទំនើបៗ​។ ប៉ុន្ដែ​មុន​ការចាប់ផ្ដើម​ដំណើរការ​សាងសង់​អគារ​នេះ ត្រូវ​តែ​មាន​សំណើ​ស្នើសុំ​ជា​ផ្លូវការ​ ១ ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​សិន​។ ការងារ​សាងសង់​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ប្រាក់កម្ចី​ពី​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ប្រមាណ​ចម្លោះ​ពី ៤៨ ទៅ​ ៥០ ​លាន​ដុល្លារ​អាមេរិក​។

លោក​ ឌីម៉ង់ ​បញ្ជាក់​ថា​៖ «​រាជរដ្ឋាភិបាល​យើង​មាន​ចំណាប់អារម្មណ៍​ក្នុង​ការសាងសង់ ឬ​ត្រូវការ​មជ្ឈមណ្ឌល​កោសល្យវិច័យ​ហ្នឹង​ជា​ចាំបាច់​។ ដោយយោង​ទៅលើ​កិច្ចសហប្រតិបត្តិការ​រវាង​កូរ៉េ​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ ក៏ដូចជា​ក្នុងជំនួប​កំពូល​មេគង្គ-កូរ៉េ​ កាលពី​ឆ្នាំ​ ២០១៩ ​នៅ​ទីក្រុង​ប៊ូសាន​ប្រទេស​កូរ៉េ គឺ​យើង​ក៏បាន​លើកឡើង​អំពី​ការប្រឆាំង​បទឧក្រិដ្ឋ​គ្រប់​ប្រភេទ​ក្នុង​តំបន់​ដែរ ប៉ុន្ដែ​គ្រាន់តែ​ភាគី​កម្ពុជា​មិន​ស្នើសុំ​ជា​ផ្លូវការ​ទៅ​ភាគី​កូរ៉េ​»​។

លោក​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​ពិភាក្សាគ្នា ដើម្បី​សម្រេច​ស្នើសុំ​ជាគោលការណ៍​ទៅ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ជាមុន​សិន ទើប​អាច​អនុវត្ត​នីតិវិធី​ស្នើសុំ​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​កូរ៉េ ដើម្បី​ដំណើរការ​សាងសង់​។

នៅពេល​ទាក់ទង​ពី​ម្សិលមិញ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ជិន ម៉ាលីន មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​គម្រោង​នេះ​ទេ ដោយ​លោក​ប្រាប់ថា​មិនទាន់​ទទួល​បាន​ដំណឹង​ពី​ការបង្កើត​ឱ្យ​មាន​មជ្ឈមណ្ឌល​កោសល្យវិច័យ​នេះ​នៅ​ប្រទេស​កម្ពុជា​។

ចំណែក​លោក​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ និង​លោក​ កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ពី​ម្សិលមិញ​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​គម្រោង​នេះ​ទេ​។

ប៉ុន្ដែ​បើ​តាម​លោក​ ឡុង ឌីម៉ង់ ឱ្យដឹង​ដែរ​ថា នៅក្នុង​អំឡុង​ពាក់កណ្ដាល​ខែតុលា ឆ្នាំ​ ២០២០ ​ខាងមុខ​នេះ លោក​នឹង​ដឹកនាំ​សហការី​ចុះ​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​មជ្ឈមណ្ឌល​កោសល្យវិច័យ​របស់​កូរ៉េ​ផ្ទាល់ ដើម្បី​សិក្សា​លម្អិត​ពី​គម្រោង​នេះ និង​ដាក់​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ​កម្ពុជា​។

លោក​ ឡុង ឌីម៉ង់ និង​សហការី​កាលពី​ថ្ងៃទី​ ២៩ ខែកញ្ញា បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​សម្ព័ន្ធ​ផ្នែក​ច្បាប់​ដែល​ដឹកនាំ​ដោយ​លោក ​Joong Seok SEO អតីត​ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​កោសល្យវិច័យ​លើ​បទឧក្រិដ្ឋ​គ្រប់​ប្រភេទ​នៃ​ក្រសួងមហាផ្ទៃ និង​សុវត្ថិភាព​នៃ​ប្រទេស​កូរ៉េ​នៅ​ស្នាក់ការ​ស្ថានទូត​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង​។

កិច្ចប្រជុំ​បាន​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិ​ការយោគយល់​គ្នា និង​ការចូលរួម​ជួយ​អភិវឌ្ឍ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​កោសល្យវិច័យ​លើ​បទឧក្រិដ្ឋ​នៅ​កម្ពុជា​ដែល​ប្រទេស​កូរ៉េ​កំពុង​មាន​សមត្ថភាព​ខ្ពស់ និង​ជឿនលឿន​លើ​វិស័យ​នេះ ស្រប​ពេល​ដែល​កម្ពុជា​កំពុងមាន​តម្រូវការ​អភិវឌ្ឍន៍​កិច្ចការ​នេះ​ឱ្យបាន​ល្អប្រសើរ​។

លោក អំ សំអាត ប្រធាន​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​ (LICADHO) បាន​ថ្លែង​ពី​ម្សិលមិញ​ថា តាម​ការសង្កេត​របស់​លោក​គឺ​ព្រះរាជអាជ្ញា និង​ចៅក្រម​តែងតែ​ពឹង​ផ្អែកទៅលើ​កំណត់ហេតុ ឬ​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ជំនាញ​កោសល្យវិច័យ ដោយ​មិនបាន​ស្រាវជ្រាវ និង​ធ្វើ​កោសល្យវិច័យ​ឱ្យ​លម្អិត​បន្ថែម​លើ​នេះ​ទេ​។ នេះ​ជា​ផ្នែក​ ១ ​ក្នុង​ការធ្វើ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​ដែរ ព្រោះ​បច្ចុប្បន្ន​មិនទាន់​មាន​ចៅក្រម ឬ​ព្រះរាជអាជ្ញា​ចុះ​ធ្វើ​កោសល្យវិច័យ​លើ​សំណុំរឿង​បទឧក្រិដ្ឋ​នៅឡើយ​។

លោក​ សំអាត បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​គាំទ្រ​ឱ្យមាន​មជ្ឈមណ្ឌល​នេះ ព្រោះ​វា​ជា​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​ថ្មី​មួយ​។ អ្វីដែល​សំខាន់​ ១ ​ទៀត​គឺ​យើង​ចង់ឱ្យ​មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ ដែល​ពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត​តាមរយៈ​ការធ្វើ​កោសល្យវិច័យ ភ័ស្ដុតាង និង​ការវិនិច្ឆ័យ​ផ្អែក​តាម​ច្បាប់​»៕

ព័ត៌មានថ្មីៗ