ភ្នំពេញៈ តុលាការកំពូលកាលពីម្សិលមិញបានប្រកាសសាលដីកាតម្កល់ទោសបុរសជាប់ចោទជនជាតិនីហ្សេរីយ៉ា ៧ នាក់ ឲ្យជាប់ពន្ធនាគារម្នាក់ៗ ១០ ឆ្នាំដដែល បន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃទី ២៦ មិថុនា ឆ្នាំ ២០១៩ ពាក់ព័ន្ធជួញដូរគ្រឿងញៀនប្រព្រឹត្តនៅរាជធានីភ្នំពេញកាលអំឡុងឆ្នាំ ២០១៤។
នៅចំពោះមុខជនជាប់ចោទ ៦ នាក់ កាលពីម្សិលមិញខណៈបក្ខពួកម្នាក់អវត្តមានតាំងពីបើកសវនាការមកនោះ លោកចៅក្រម ស៊ឹង បញ្ញាវុឌ្ឍ បានអានសាលដីកាថា កាលពីថ្ងៃបើកសវនាការជនជាប់ចោទម្នាក់ឈ្មោះ IME JOHNUDOM អាយុ ៥២ ឆ្នាំ បានឆ្លើយប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា គាត់ពិតជាបានកាន់ថង់ខ្មៅ ១ យកទៅឲ្យមនុស្សម្នាក់នៅផ្សារសូរិយាម៉លជាថ្នូរនឹងប្រាក់ ២០០ ដុល្លារមែន ប៉ុន្តែគាត់មិនបានដឹងថា ក្នុងថង់នោះមានគ្រឿងញៀនទេ។ចំណែកជន ៦ នាក់ទៀត ដែលសមត្ថកិច្ចចាប់ខ្លួន និងចោទថាជាបក្ខពួកគាត់នោះមិនពាក់ព័ន្ធទេ។
លោកចៅក្រម ស៊ឹង បញ្ញាវុឌ្ឍ បន្តថា ចំណែក ៥ នាក់ទៀត បានបដិសេធកាលពីជំនុំជម្រះថា មិនពាក់ព័ន្ធនឹងអំពើជួញដូរគ្រឿងញៀនទេ ប៉ុន្តែក្រោយពីបានពិភាក្សាគ្នាមកក្រុមប្រឹក្សាជំនុំជម្រះយល់ថា ចម្លើយនោះគ្រាន់តែជាការដោះសាប៉ុណ្ណោះ។
លោកថា៖ «ជាក់ស្តែងក្រុមជនជាប់ចោទបានប្រមូលផ្តុំគ្នារៀបចំគម្រោងជួញដូរគ្រឿងញៀន ហើយនគរបាលប្រឆាំងគ្រឿងញៀនបានស៊ើបអង្កេតនិងឈានដល់ការចាប់ខ្លួនជាក់ស្តែងទៀត។ ដូច្នេះតុលាការកំពូលសម្រេចបដិសេធបណ្តឹងសារទុក្ខរបស់ក្រុមជនជាប់ចោទ និងតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ»។
ចំពោះលោក ស៊ិន វ៉ាន់នី ជាមេធាវីការពារសិទ្ធិឲ្យជនជាប់ចោទទាំង៦នាក់មិនមានយោបល់អ្វីទាក់ទងនឹងការសម្រេចរបស់តុលាការកំពូលនេះទេ ខណៈលោកមិនបានចូលស្តាប់ការប្រកាសសាលដីកាលពីម្សិលមិញ។
តាមកំណត់ហេតុរបស់តុលាការបង្ហាញថា ជនជាប់ចោទទាំងនោះ មានឈ្មោះ ១- IME JOHNUDOM អាយុ ៥២ ឆ្នាំ, ២- ECHOWDO (SAMSON) អាយុ ៣២ ឆ្នាំ, ៣- FAVOUR IBEZIMAKO OBERTA អាយុ ៣២ ឆ្នាំ,៤-ORAGWAN (DOM-WIN) អាយុ ៣២ ឆ្នាំ, ៥- OKECHUKWU IKEFUAKU អាយុ ២៨ ឆ្នាំ, ៦- EZIGBOGABRIELCHUKWUEOKA អាយុ ៤២ ឆ្នាំ (អវត្តមាន) និងទី ៧- MIGAEL NWANKWO អាយុ ៣២ ឆ្នាំ។
បើតាមកំណត់ហេតុដដែលបង្ហាញថា កាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៤ ឈ្មោះ IME JOHNUDOM បានយួរស្បោងខ្មៅ ១ យកទៅប្រគល់ឲ្យបុរសម្នាក់នៅផ្សារសូរិយាម៉លក្នុងសង្កាត់ផ្សារថ្មី ៣ ខណ្ឌដូនពេញ ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួន (ក្នុងកំណត់ហេតុមិនបានបញ្ជាក់ពីចំនួនគ្រឿងញៀននិងប្រភេទអ្វីទេ)។
បន្ទាប់មកសមត្ថកិច្ចបានឲ្យឈ្មោះនេះនាំទៅបុរីពិភពថ្មីក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យហើយបានចាប់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ា ៦ នាក់ទៀត។ ក្នុងនោះ ៤ នាក់ ចាប់បាននៅក្នុងហាងអាហាររបស់ឈ្មោះ ECHOWDO (SAMSON) និង ២ នាក់ទៀត ចាប់បានតាមផ្លូវក្នុងសង្កាត់ចោមចៅដែរ។
សំណុំរឿងនេះ ត្រូវសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមកាលពីថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៥ ដោយផ្តន្ទាទោសម្នាក់ៗដាក់ពន្ធនាគារ ១០ ឆ្នាំ ចោទពីបទជួញដូរគ្រឿងញៀនខុសច្បាប់តាមបញ្ញតិ្តមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននិងពិន័យប្រាក់ម្នាក់ៗ ២០ លានរៀល។
ប៉ុន្តែដោយមិនសុខចិត្តនឹងសាលក្រមនេះ ជនជាប់ចោទទាំង ៧ នាក់ បានប្តឹងទាស់ទៅសាលាឧទ្ធរណ៍ តែត្រូវសាលាឧទ្ធរណ៍ប្រកាសសាលដីកាកាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៦ សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងទើបពួកគេបន្ដប្ដឹងសារទុក្ខមកតុលាការកំពូល៕