ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានជូនដំណឹងទៅដល់ម្ចាស់ ឬនាយករោងចក្រសហគ្រាស និងកម្មករនិយោជិតផ្នែកកម្មន្តសាលទាំងអស់នឹងទទួលបានឡើងវិញនូវការបើកប្រាក់រំឭកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ ២០១៩ និងប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១ ដោយត្រូវចាប់ផ្តើមអនុវត្តឡើងវិញនៅក្នុងឆ្នាំនេះ។
លោក អ៊ិត សំហេង បានលើកឡើងក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃម្សិលមិញថា ការបើកប្រាក់រំឭកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ ២០១៩ (ប្រសិនបើមាន) ដែលត្រូវបើកក្នុងឆ្នាំ ២០២០ ត្រូវទូទាត់នៅក្នុងត្រីមាសទី ១ និងនៅក្នុងត្រីមាសទី ៣។
លោកបន្តថា ចំពោះប្រាក់រំឭកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ ២០១៩ (ប្រសិនបើមាន) ដែលត្រូវបើកក្នុងឆ្នាំ ២០២១ ត្រូវទូទាត់នៅក្នុងត្រីមាសទី ២ និងនៅក្នុងត្រីមាសទី ៤។ ចំពោះការបើកប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ ២០២០ ត្រូវទូទាត់នៅក្នុងត្រីមាសទី ១ និងនៅក្នុងត្រីមាសទី ៣ និងប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ ២០២១ ត្រូវទូទាត់នៅក្នុងត្រីមាសទី ២ និងនៅក្នុងត្រីមាសទី ៤។
លោក អ៊ិត សំហេង លើកឡើងថា៖ «កម្មករនិយោជិត និងនិយោជកក៏អាចចរចាកំណត់នីតិវិធី និងកាលបរិច្ឆេទជាក់លាក់នៃការទូទាត់ប្រាក់បំណាច់អតីតភាពការងារនេះ ស្របតាមស្ថានភាពរោងចក្រ សហគ្រាស និងអាជីវកម្មរបស់ខ្លួនបាន»។
ទន្ទឹមនឹងនេះ ក្រសួងក៏បានអំពាវនាវដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស កម្មករនិយោជិតផ្នែកកម្មន្តសាល និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវលើកកម្ពស់ផលប្រយោជន៍រួមជាធំ ដោយត្រូវពិភាក្សាគ្នារកដំណោះស្រាយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរក្សានូវនិរន្តរភាពការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
ជាមួយគ្នានេះដែរ កម្មករប្រមាណជា ៦០០០ នាក់បានប្រមូលផ្តុំគ្នាធ្វើការតវ៉ាដោយបានបិទផ្លូវសាធារណៈនៅខាងមុខរោងចក្រតាំងពីរសៀលថ្ងៃទី ២០ និងបន្តរហូតដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ ដោយទាមទារឱ្យថៅកែជនជាតិចិនរបស់រោងចក្រ Y &W Garment Co.,LTD ផ្តល់នូវលក្ខខណ្ឌ ៣ ចំណុចដល់ពួកគេ។
កម្មការិនី ១ រូបដែលបានធ្វើការនៅរោងចក្រនេះអស់រយៈពេល ៥ ឆ្នាំមកហើយ បាននិយាយដោយមិនបញ្ចេញឈ្មោះថា ដោយសារតែមិនមានដំណោះស្រាយសម្រាប់កម្មករ ទើបពួកគាត់បានសម្រេចចិត្តធ្វើការតវ៉ាឱ្យមានការដោះស្រាយ។
កម្មការិនីរូបនេះនិយាយថា៖ «ប្រសិនបើមិនមានដំណោះស្រាយទេ គឺពួកយើងនៅតែបន្តធ្វើការតវ៉ា និងមានការបិទផ្លូវដដែល ដោយសាររោងចក្រចេះតែពន្យារពេលនៃការបើកប្រាក់អតីតភាពការងារ និងប្រាក់ ៥% ដែលធ្វើឱ្យពួកយើងមិនអាចរង់ចាំបានបន្តទៀត ទើបនាំគ្នាតវ៉ា»។
ក្រុមកម្មករក៏បានចោទទៅដល់សមត្ថកិច្ចថា បានប្រើហិង្សា និងបានចាប់កម្មករម្នាក់ផងដែរ ប៉ុន្តែសមត្ថកិច្ចបានបដិសេធ។
លោក ជីម ស៊ីថា អធិការខណ្ឌដង្កោ ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា សមត្ថកិច្ចមិនបានចាប់ខ្លួនកម្មករម្នាក់ណាឡើយ ហើយក៏មិនបានប្រើហិង្សា ទៅលើក្រុមអ្នកតវ៉ាដែរ ប៉ុន្តែរូបលោក និងមន្ត្រីនគរបាលចរាចរណ៍ម្នាក់បានរងរបួសស្រាលដោយសារកម្មករបានគប់ដបទឹកសុទ្ធ ដំបង និងដុំថ្មមកលើសមត្ថកិច្ច និងអាជ្ញាធរដែលចុះទៅធ្វើការសម្របសម្រួល មិនឱ្យកម្មករធ្វើការបិទផ្លូវបន្តទៀត។
លោកប្រាប់ថា៖ «ឥឡូវនេះ ខាងក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធទាំងអស់កំពុងធ្វើការចរចាសម្របសម្រួលលើករណីនេះ ហើយអ្វីដែលកម្មករបានចោទថា សមត្ថកិច្ចបានចាប់ខ្លួនកម្មករនោះ គឺមិនមានទេ វាជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ»។ លោក ជីម ស៊ីថា បន្តថា លោកត្រូវបានកម្មករគប់ត្រូវមុខជាមួយនឹងដបទឹកសុទ្ធ និងនគរបាលចរាចរណ៍ ១ រូបត្រូវនឹងដុំថ្មចំទ្រូង និងមានរថយន្ត ២ គ្រឿងបានរងការខូចខាត។
លោក ទេស រុក្ខាផល អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញានៃក្រសួងការងារ (គ.ក.ប) មិនអាចទាក់ទងសុំការអធិប្បាយបានទេនៅថ្ងៃម្សិលមិញ។
ចំណែកលោក ជួន វុឌ្ឍី ប្រធានមន្ទីរការងាររាជធានីភ្នំពេញបានប្រាប់យ៉ាងខ្លីថា ខាងមន្ត្រីនៃក្រសួងបានចុះដោះស្រាយករណីនេះហើយ។
មន្ត្រីនៃរោងចក្រ Y &W Garment Co.,LTD ក៏មិនអាចទាក់ទងសុំការអធិប្បាយបានដែរ នៅថ្ងៃម្សិលមិញ។
អ្នកនាង សេង សុខគា កម្មការិនីនៅរោងចក្រនេះបានថ្លែងថា កម្មករផ្ទុះការតវ៉ានេះដោយសារថៅកែរោងចក្រមិនបានបំពេញតាមការសន្យាថា បើកផ្តល់ប្រាក់ ៥% និងប្រាក់អតីតភាពការងារ ដែលថៅកែបានសន្យាថា នឹងបើកឱ្យកម្មករនៅថ្ងៃទី ២០ ខែមករា។
អ្នកនាងបន្តថា៖ «ថៅកែសន្យាថា នឹងផ្តល់ឱ្យនៅខែមីនាខាងមុខ ប៉ុន្តែពួកយើងមិនព្រមក៏នាំគ្នាចេញតវ៉ាតែម្តង»។ កម្មករបានព្រមានថា ប្រសិនបើនៅតែមិនមានដំណោះស្រាយដល់ពួកគាត់ទៀត ពួកគាត់អាចនឹងធ្វើការបិទផ្លូវបន្តទៀតរហូតទាល់តែមានដំណោះស្រាយ៕
វីដេអូ៖