ភ្នំពេញៈ ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានបង្ហាញ​វីដេអូ​ពី​របៀប Upload ដល់​បណ្ដា​រោងចក្រ​ទាំងអស់ ឱ្យ​បញ្ជូន​បញ្ជី​ឈ្មោះ​បច្ចុប្បន្នភាព​ របស់​កម្ម​ករ​ និយោជិត ឱ្យចូល​ទៅក្នុង​ប្រព័ន្ធ​ទិន្នន័យ​រួម​របស់​ក្រសួង​ការងារ ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​នានា​ពី​រាជ​រដ្ឋាភិបាល។


ការបង្ហាញ​វីដេអូ​នេះ​ ធ្វើឡើង​ក្រោយពី ក្រសួង​ការងារ កាលពី​ថ្ងៃទី ១២ ខែឧសភា បាន​ជូនដំណឹង​ដល់​បណ្តា​រោងចក្រ​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​ និង​កាបូប ឲ្យ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរស័ព្ទ​របស់​កម្មករ​និយោជិត​របស់ខ្លួនឲ្យ​បាន​មុន​ថ្ងៃទី ២៧ ខែឧសភា។

ក្រសួង​ការងារបញ្ជាក់​ថា៖ «ការធ្វើ​បច្ចុប្បន្នភាព​នេះ គឺ​ដើម្បី​ងាយស្រួល​ក្នុង​ការជួយ​គាំទ្រ​គ្រួសារ​ពលរដ្ឋ​ដែល​កំពុង​ជួបប្រទះ​នូវ​ការខ្វះខាត​ក្នុងអំឡុង​ពេល ឆ្លង​រីក​រាល​ដាល​ជំងឺ​កូ​វីដ ១៩»។

ក្រៅពី​ភ្ជាប់​វីដេអូ​ណែនាំ​ជាង ២២ នាទី​នេះ ក្រសួង​ការងារ ក៏បាន​ណែនាំ​ឲ្យ​បណ្តា​រោងចក្រ​ដែលមាន​មន្ទិល​សង្ស័យ ឬ​មិនអាច​បំពេញ​តាម​ការណែនាំ​នេះ​បាន អាចទាក់ទង​បន្ថែម​ទៅ​លេខ ១២៩៧ ដោយ​ឥតគិតថ្លៃ នៅ​រៀងរាល់​ម៉ោង​ធ្វើការ។


លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​​ នៅ​ថ្ងៃ​ ១៧​ ឧសភា​ថា សមាគមតែងតែបាន​ណែនាំ​ដល់​សមាជិក ឲ្យ​អនុវត្តតាម​ការណែនាំរ​បស់​ក្រ​សួ​ការងារ​ ក្នុងការ​ធ្វើបញ្ជី​ឈ្មោះ​បច្ចុប្បន្នភាព​កម្មករនិយោជិត ផ្ញើ​ទៅ​ក្រសួង​ឲ្យ​បាន​ទាន់ពេល​វេលា។


ប៉ុន្តែ​ចំពោះ​ការបញ្ជូន​បញ្ជី​ឈ្មោះ​បច្ចុប្បន្នភាព​របស់​កម្ម​ករ​ នៅតាម​បណ្តាល​រោងចក្រ​មួយចំនួន​ជួប​ការលំបាក ដោយសារតែ​កម្មករនិយោជិត​មួយចំនួន បាន​ប្តូរ​លេខ​ទូរស័ព្ទ ហើយ​ចំពោះ​កម្មករ​ចូលធ្វើ​ការងារ​ថ្មី ពុំមាន​ប័ណ្ណ​ជា​សមាជិក ប​សស ព្រោះតែ ប​សស ផ្អាក​ការទទួល​ធ្វើ​ប័ណ្ណ​ក្រោយ​ព្រឹត្តិការណ៍ ២០ កុម្ភៈ និង​កម្មករនិយោជិត​ខ្លះ ក៏បាន​បាត់​អត្តសញ្ញាណប័ណ្ណ ហើយ​មិនអាច​ប្រើប្រាស់​ច្បាប់​ថតចម្លង​បាន។

លោកបញ្ជាក់ថា៖ «ជាការ​ត្រឹមត្រូវ​ណាស់ ដែ​ល​ការទូទាត់​ប្រាក់ឧបត្ថម្ភផ្សេងៗ ត្រូវ​យោង​លើ​ឯកសារ​មានតម្លៃ​ច្បាប់​ត្រឹម​ត្រូវ ពីព្រោះ​អ្នកចំណាយ​ក៏ត្រូវ​ទទួលខុសត្រូវ​ លើ​ការចំណាយ​របស់ខ្លួន​ដែរ ព្រោះ​មានការ​ធ្វើ​សវនកម្ម​ត្រឹមត្រូវ​ក្រោយ​ការ​ចំណាយ ដែល​នេះ​ជា​យន្តការ​ប្រតិ​សមតុល្យ»។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្លាប់បាន​ព្រមាន​ថា ប្រសិនបើ​បងប្អូន​កម្មករ​និយោជិត​ណា​ម្នាក់​ខកខាន ឬ​មិនបាន​ផ្តល់​លេខ​ទំនាក់ទំនង​តាម​ការកំណត់​របស់​ក្រសួង នោះ​បងប្អូន​កម្មករនិយោជិត​នោះ នឹងត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ចំពោះ​ការខកខាន​មិន​ទទួលបាន​ជំនួយ​សង្គម​ជា​សាច់ប្រាក់ ដែល​បាន​ផ្តល់ជូន​ដោយ​រដ្ឋាភិបាល៕

វីដេអូ៖