ភ្នំពេញៈ ក្រោយ​ជំនួប​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​សង្គម​ស៊ីវិល និង​អ្នកជំនាញ​ផ្នែក​ច្បាប់ ចំពោះ​គម្រោង​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នៅ​ប្រទេស​កម្ពុជា ក្រសួង​យុត្ដិធម៌​នឹង​លើក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ក្នុង​កម្រិត​ថ្នាក់ដឹកនាំ​នៃ​ក្របខ័ណ្ឌ​នយោយ​ថ្នាក់ជាតិ​ដែល​នឹង​សម្រេច​ចេញ​ក្នុង​ពេល​ឆាប់ៗ​នា​ដើម​អាណត្ដិ​ទី​ ៦ ​នេះ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​។


អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន ថ្លែង​ក្នុង​សន្និសីទ​ស្ដីពី​ «​បញ្ហា​យុត្ដិធម៌​ស្នើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ការ​ទទួល​បាន​យុត្ដិធម៌​នៅ​កម្ពុជា​» ​កាលពី​ថ្ងៃទី​ ៧ ខែ​ធ្នូ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ថា សន្និសីទ​នេះ គឺជា​ការជួប​គ្នា​គ្រប់​ភាគី​ពាក់ព័ន្ធ​រួម​មាន​រាជរដ្ឋាភិបាល​ជា​អ្នក​រៀបចំ​គោលនយោបាយ​កំណែទម្រង់​មាន​ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល និង​សាស្ដ្រាចារ្យ និស្សិត ដែល​ជា​អ្នកសិក្សា​ស្រាវជ្រាវ​ដើម្បី​ពិភាក្សា​គ្នា​ចំពោះ​បញ្ហា​យុត្ដិធម៌ ថា​តើ​មាន​បញ្ហា​អ្វីខ្លះ​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​យុត្ដិធម៌ ដើម្បី​រួម​គ្នា​រក​ដំណោះស្រាយ​។

លោក​ ម៉ាលីន បន្ដ​ថា​៖ «​បញ្ហា​យុត្ដិធម៌​មាន​ច្រើន ប៉ុន្ដែ​អ្វី​ដែល​យើង​លើក​ឡើង​មក​ពិភាក្សា​ក្នុង​សន្និសីទ​នេះ​គឺ​យើង​ផ្ដោត​ទៅ​លើ​ការទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​យុត្ដិធម៌ និង​កម្មវិធី​ជំនួយ​ផ្នែក​ច្បាប់​។ ព្រោះថា​បញ្ហា​អយុត្ដិធម៌​ក្នុង​សង្គម វា​អាច​កើតឡើង​មួយ​ផ្នែក​នោះ ព្រោះ​ប្រជាពលរដ្ឋ អត់​ទទួល​បាន​នូវ​ព័ត៌មាន ចំពោះ​ជំនួយ​ផ្នែក​ច្បាប់​ពី​ក្រសួង គ្រប់គ្រាន់​ដែល​ព័ត៌មាន​នេះ​បាន​ផ្ដោត​ទៅ​លើ​ចំណេះដឹង និង​ការប្រឹក្សា​ផ្នែក​ច្បាប់​ដល់​ពួកគាត់​»​។

លោក​បន្ថែម​ថា​៖ «​អ៊ីចឹង​ពេល​ដែល​ពួកគាត់​ខ្វះខាត​នូវ​ជំនួយ​ផ្នែក​ច្បាប់​បែប​នេះ វា​អាច​ធ្វើឲ្យ​គាត់​បាត់បង់​នូវ​សិទ្ធិ​ទទួល​បាន​យុត្ដិធម៌ ដែល​នាំ​ឲ្យ​មាន​ភាព​អយុត្ដិធម៌​នៅក្នុង​សង្គម​»​។

លោក​ ជិន ម៉ាលីន លើក​ឡើង​ថា​តាមរយៈ​ការប្រជុំ​ពិភាក្សា​ជា​បន្ដបន្ទាប់​នៃ​ការរៀបចំ​គម្រោង​ជំនួយ​ផ្នែក​ច្បាប់​ដល់​ប្រជាជន​ងាយ​រងគ្រោះ រដ្ឋាភិបាល​មាន​យន្ដការ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​នេះ​ដល់​ប្រជាពលរដ្ឋ​រួចហើយ ប៉ុន្ដែ​យន្ដការ​នេះ​នៅ​មិន​ទាន់​ឆ្លើយតប​ទៅ​នឹង​សេចក្ដី​ត្រូវការ​ពិតប្រាកដ​ពី​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ និង​ភាគី​ដែល​ត្រូវការ​ដោយសារ​កង្វះខាត​នូវ​ធនធាន​មនុស្ស ហិរញ្ញវត្ថុ និង​ក្របខ័ណ្ឌ​គោលនយោបាយ​ច្បាប់​ជាដើម​។


លោក​បន្ដ​ថា​៖ «​អ៊ីចឹង​យើង​ដាក់​ចេញ​ជា​ដំណោះស្រាយ​គឺ​ត្រូវ​រៀបចំ​គោលនយោបាយ​រួម​ថ្នាក់​ជាតិ ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ ហើយ​យើង​បាន​ជជែក​គ្នា​រួច​ហើយ​ថា តើ​គោល​នយោបាយ​នេះ​គួរ​មាន​ទស្សនទាន​សំខាន់ៗ​អ្វីខ្លះ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ដែល​កំពុង​កើត​មាន​បច្ចុប្បន្ន​នេះ​»​។

លោក​បញ្ជាក់​ថា​គោល​នយោបាយ​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នេះ ក្រុមការងារ​បច្ចេកទេស​បាន​ឯកភាព​គ្នា​រួច​ហើយ​ថា​នឹង​ដាក់​ទៅ​ពិភាក្សា​បន្ដ​នៅ​កម្រិត​ថ្នាក់ដឹកនាំ​ក្នុង​ពេល​ឆាប់ៗ​នា​ដើម​អាណត្ដិ​ទី​ ៦ ​នេះ​ក្នុង​កម្រិត​រាជរដ្ឋាភិបាល​ដើម្បី​សម្រេច​តែ​ម្ដង​។

លោក​បន្ត​ថា​៖ «​ប៉ុន្ដែ​ដើម្បី​ឲ្យ​វា​ចេញ​ទៅ​ជា​រូបរាង ទាល់តែ​ឆ្លង​កិច្ចពិភាក្សា​ក្នុង​កម្រិត​ថ្នាក់​ដឹកនាំ​ក្នុង​ក្របខ័ណ្ឌ​នយោបាយ​ទៀត ទើប​អាច​ចេញ​ជា​រូបរាង​បាន​។ ប៉ុន្ដែ​វា​ចេញ​ជា​រូបរាង​ពេលណា យើង​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទេ​ព្រោះ​អាច​មាន​ការប្រែប្រួល មាន​ការ​ផ្លាស់ប្ដូរ​ទៅ​លើ​ទស្សនទាន​ដែល​ក្រុមបច្ចេកទេស​យើង​បាន​រកឃើញ​នោះ​ទៅ​ទៀត​»​។

តាម​លោក​​ ជិន ម៉ាលីន ក្រសួង​យុត្តិធម៌​គ្រោង​ដំឡើង​ថវិកា​ប្រមាណ​ ១២០០ ​លាន​រៀល​ក្នុង​ឆ្នាំ​ ២០១៩ សម្រាប់​គោល​នយោបាយ​ថ្នាក់ជាតិ​ស្ដីពី​ «​ជំនួយ​ផ្នែក​ច្បាប់​» ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ពលរដ្ឋ​ងាយ​រងគ្រោះ​ក្នុង​ការផ្ដល់​សេវា​ផ្លូវ​ច្បាប់​ទៅ​ដល់​ទីជនបទ​។

លោក​ឲ្យ​ដឹង​ថា​៖ «​អ៊ីចឹង​គណៈមេធាវី​ជា​អ្នក​ចាត់តាំង​មេធាវី​ទៅ​ការពារ​ក្ដី​ដល់​ជនក្រីក្រ ចំណែក​ក្រសួង​យុត្ដិធម៌​ជា​អ្នក​បង់លុយ​ឲ្យ ប៉ុន្ដែ​ការបង់​លុយ​នេះ មិនមែន​បង់​លុយ​ទៅ​លើ​តម្លៃ​សេវា​ដែល​មេធាវី​គាត់​គិត​នោះ​ទេ វា​ជា​ការបង់​ដើម្បី​ដោះស្រាយ​សោហ៊ុយ បាយទឹក​ និង​ការធ្វើ​ដំណើរ​ប៉ុណ្ណោះ​»​។

លោក​ថា​ក្នុង​ចំណោម​មេធាវី​មាន​ជាង​ ១០០០ ​នាក់​កំពុង​ប្រកបរបរ​បច្ចុប្បន្ន​មាន​មេធាវី​ប្រមាណ​ ៥០០ ​នាក់​បាន​ស្ម័គ្រចិត្ដ​ចូលរួម​ជាមួយ​ការងារ​គម្រោង​ជំនួយ​ផ្នែក​ច្បាប់​នេះ ដែល​ជា​ការងារ​សង្គម ក្រសួង​យុត្ដិធម៌​ជា​អ្នក​ផ្ដល់ប្រាក់​ជាការ​លើក​ទឹក​ចិត្ដ​ដល់​ពួកគាត់​។

លោកស្រី Claudia de la Fuente ប្រធាន​ផ្នែក​នីតិរដ្ឋ​នៃ​ការិយាល័យ​ឧត្តមស្នងការ​សិទិ្ធមនុស្ស (OHCHR) ថ្លែង​ថា OHCHR បាន​តាមដាន​គោលការណ៍​ច្បាប់​នេះ​តាំងពី​ដំណាក់កាល​ដំបូង​ ២០ ​ឆ្នាំ​មុន​ និង​រីករាយ​ដែល​បានឃើញ​សេចក្ដី​ព្រាង​គោល​នយោបាយ​នេះ​កើត​មាន​ឡើង​នៅ​កម្ពុជា​។

លោកស្រី​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា​ដំណើរការ​នៃ​ការ​អនុវត្ដ​នៃ​គោលនយោបាយ​នេះ មាន​លក្ខណៈ​ជា​វិជ្ជមាន និង​មាន​លក្ខណៈ​ចូលរួម​ដែល​មាន​ការពិគ្រោះ​យោបល់​យ៉ាង​ពិត​ប្រាកដ​ដោយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម និង​មាន​សិទ្ធិ​អាច​លើកឡើង​នូវ​សំឡេង មតិយោបល់ និង​សំណើ​របស់​ខ្លួន​»​។

លោក Simone Pieri ប្រធាន​ផ្នែក​សហប្រតិបត្តិការ​សហភាព​អឺរ៉ុប​ធ្លាប់​បាន​ថ្លែង​កាលពី​ខែ​មុន​ថា​លោក​ចង់​ឃើញ​នីតិរដ្ឋ ពិសេស​រចនាសម្ព័ន្ធ​យុត្ដិធម៌ និង​លទ្ធភាព​ទទួល​បាន​យុត្ដិធម៌​នៅ​តែ​បន្ដ​ទៅ​មុខ​ថែម​ទៀត​ដែល​លទ្ធភាព​ទទួល​បាន​យុត្ដិធម៌​សម្រាប់​ជនក្រីក្រ​គឺ​មាន​ភាព​ចាំបាច់​ណាស់​ដើម្បី​រក្សា​បាន​នូវ​សន្ដិភាព​សង្គម​៕