ក្រសួង​ធនធានទឹក និង​ឧតុនិយម​ជូនដំណឹង​ពី​អាកាសធាតុ​ត្រជាក់​នឹង​កើតមាន​ចុង និង​ដើមឆ្នាំ

Content image - Phnom Penh Post
អាកាសធាតុ​ធ្លាក់​អ័ព្ទ​នៅ​តំបន់ភ្នំ ខេត្ត​កោះកុង​។ ហុង មិនា

ភ្នំពេញៈ ឥទ្ធិពល​នៃ​បាតុភូត La Nina បាន​ធ្វើឱ្យ​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន រុញ​ចុះមក​ក្រោម​ខ្លាំង និង​គ្របដណ្ដប់​មកលើ​ប្រទេស​កម្ពុជា​នាំ​ឱ្យ​អាកាសធាតុ​ត្រជាក់​កើត​មាន​ជា​ ២ ​ដំណាក់កាល​នៅ​ចុង និង​ដើមឆ្នាំ អាកាសធាតុ​ត្រជាក់​នឹង​កើតឡើង​នៅ​តាម​បណ្ដា​ខេត្ត​ភាគ​ខាងលើ​ក្នុងភូមិ​សាស្ត្រ​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ដែល​សីតុណ្ហភាព​នឹង​ធ្លាក់ចុះ​មក​នៅក្នុង​ចន្លោះ​ពី ២១ ​អង្សាសេ​ដល់ ១៨ ​អង្សាសេ ខណៈ​រាជធានី​-​ខេត្ត​មួយចំនួន​ទៀត សីតុណ្ហភាព​នឹង​ធ្លាក់​ចុះមក​នៅក្នុង​ចន្លោះ​ពី ២២ ​អង្សាសេ ដល់​ ១៩ ​អង្សាសេ​។ នេះ​បើ​យោងតាម​ការព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​កាលពី​ថ្ងៃទី​ ២៥ ខែវិច្ឆិកា​នេះ​។

ក្នុង​ស្ថានភាព​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ព្យាករ​ថា​៖ «​ក្នុង​រដូវ​លម្ហើយ​ខាងមុខ​នេះ​អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ជាង​បណ្ដា​ឆ្នាំ​កន្លងទៅ​។ ក្នុងដំណាក់កាល​ទី​១ ​នេះ​ការចុះ​ត្រជាក់​មាន​រយៈពេល​ខ្លី​នឹង​មិន​ត្រូវ​បាន​កើត​ឡើង​ជា​រៀងរាល់​ថ្ងៃ​នោះទេ គឺមាន​ថ្ងៃ​ខ្លះ​ចុះ​ត្រជាក់​ក្នុង​កម្រិត​មធ្យម ហើយ​ថ្ងៃខ្លះ​ទៀត​ចុះ​ត្រជាក់​ក្នុង​កម្រិត​បង្គួរ​»​។

ចំណែក​ដំណាក់កាល​ទី​​២ នឹង​ចាប់ផ្ដើម​ពី​សប្ដាហ៍​​ទី​៤ ​នៃ​ខែ ធ្នូ ឆ្នាំ​ ២០២០ ដល់ ដំណាច់​ខែមករា ឆ្នាំ​ ២០២១ ​។ ​ក្នុង​ដំណាក់កាល​ទី​២ អាកាសធាតុ​ត្រជាក់​នៅ​តាម​បណ្ដា​ខេត្ត​ភាគ​ខាងលើ​ក្នុង​ភូមិសាស្ត្រ​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន សីតុណ្ហភាព​នឹង​ធ្លាក់​ចុះមក​នៅក្នុង​ចន្លោះ​ពី​ ១៩ ​អង្សាសេ ដល់ ១៦ ​អង្សាសេ ខណៈ​រាជធានី​ខេត្ត​មួយចំនួន​ទៀត សីតុណ្ហភាព​នឹង​ធ្លាក់​ចុះមក​នៅក្នុង​ចន្លោះ​ពី ២១ ​អង្សាសេ ដល់​ ១៨ ​អង្សាសេ​។

ក្រសួង​បាន​គូសបញ្ជាក់​ទៀតថា​៖ «​ក្នុង​ដំណាក់កាល​​ទី​២ ​នេះ អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ខ្លាំង និង​មាន​រយៈពេល​វែង​ជាង​ដំណាក់កាល​ទី​១»​។

កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ណែនាំ​អំពី​ការថែទាំ​សុខភាព​ក្នុង​គ្រា​មាន​អាកាសធាតុ​ត្រជាក់​កើតឡើង​នា​រដូវ​លម្ហើយ​នេះ​ផងដែរ ដោយ​ក្រសួង​សុខាភិបាល​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ស្លៀកពាក់​ខោអាវ​ក្រាស់ៗ ផឹក​ទឹកក្ដៅ​ឧណ្ហៗ ដើម្បី​ទប់ទល់​ភាពត្រជាក់ និង​រក្សា​កម្ដៅ​នៅក្នុង​ខ្លួន​។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួងសុខាភិបាល​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា​៖ «​ការអនុវត្ត​វិធានការ​អនាម័យ​ស្អាត គឺជា​មធ្យោបាយ​ដ៏ល្អ​ក្នុង​ការថែទាំ​សុខភាព​»​។

ទន្ទឹម​ជាមួយ​គ្នា​នេះ​លោក​ នេត វត្ថា ប្រធាន​នាយកដ្ឋាន​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ក្នុង​ករណី​មាន​ការដុត​បំពក់​ភ្នក់ភ្លើង ដើម្បី​កម្ដៅ​សាច់​កុំឱ្យ​រងា​ក្នុង​ពេល​មាន​អាកាសធាតុ​ត្រជាក់ កើតឡើង​ប្រសិន​បើ​ខ្វះ​ការប្រុងប្រយ័ត្ន ភ្នក់ភ្លើង​ដែល​ដែល​បាន​ដុត​បំពក់ ដើម្បី​កម្ដៅ​រាងកាយ​កុំឱ្យ​រងា​នេះ​នឹង​បង្ក​ជា​អគ្គិភ័យ​បាន ព្រោះ​ក្នុង​អំឡុងពេល​រដូវ​លម្ហើយ​នេះ​មាន​ខ្យល់​បក់​ខ្លាំង​ផងដែរ​៕

វីដេអូ៖

ព័ត៌មានថ្មីៗ