ភ្នំពេញៈ ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម ​បានប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យមាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​បណ្តា​បាតុភូត​ដែលអាច​បណ្តាល​ឲ្យមាន​គ្រោះថ្នាក់​ណាមួយ​ជាយថា​ហេតុ ​មាន​ជាអាទិ៍ ​ផ្គរ​ រន្ទះ ​ខ្យល់​កន្ត្រាក់ ​និង​រលក​សមុទ្រ​ ដោយសារ​ជ្រលង​សម្ពាធ​ទាប​នៅតែ​បន្ត​អូស​បន្លាយ​មកលើ​កម្ពុជា​ ខណៈ​ខ្យល់​មូសុង​និរតី​បង្កើន​ឥទ្ធិពល​មកលើ​តំបន់​មាត់​សមុទ្រ។


តាម​សេចក្តី​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ ​របស់​ក្រសួង​ធនធាន​ទឹក ​និង​ឧតុ​និយម ​ចេញផ្សាយ​ពីម្សិលមិញ ​ឲ្យដឹង​ថា ​ចាប់ពី​ថ្ងៃទី ១២ ​ដល់​ថ្ងៃ​ទី ១៨ ​ខែមិថុនា ​ដោយសារតែ​ស្ថានភាព​បែបនេះ ​នៅតែ​បន្ត​កើតមាន​នៅ​កម្ពុជា​នោះ ​ធ្វើឲ្យ​ភ្លៀង​នៅបន្ត​ធ្លាក់​រាយប៉ាយ​បាន​ច្រើន ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស។ ​

បណ្តាខេ​ត្ត​នៅតំបន់​មាត់​សមុទ្រ​ តំបន់​ទំនាប​កណ្តាល​​ភាគ​ខាងកើត​ជាប់​ប្រទេស​វៀតណាម​ ភ្លៀង​ធ្លាក់​ក្នុង​បរិមាណ​ពីមធ្យម​ទៅបង្គួរ​ ដោយ​កើន​ឡើង​ជាលំដាប់។ ទន្ទឹម​នឹងនោះ ​កន្លែង​​ខ្លះ​អាច​មាន​បរិមាណ​ច្រើន។

បណ្តា​ខេត្ត​នៅភាគ​ពាយ័ព្យ ​ភ្លៀង​ក៏បង្កើន​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅបង្គួរ ​និងរាយប៉ាយ​បាន​ប្រសើរ​ជាង​រយៈពេល​កន្លង​ទៅ។ ឯបណ្តា​ខេត្ត​ភាគ​ខាងលើ​នៅ​ឦសានជាប់​វៀតណាម​ ភ្លៀង​នឹង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម។ បាតុភូត​ផ្គរ ​រន្ទះ ​ខ្យល់​កន្រ្តាក់​ នៅតែ​បន្ត​កើត​មាន ​ខណៈ​​នៅលើ​ផ្ទៃ​សមុទ្រ​ នៅ​ថ្ងៃ​ទី ១២-១៣ ​ខែមិថុនា ​ផ្ទៃ​មេឃ​មាន​ពពក​មីរ​ដេរដាស​ លាយឡំ​នឹង​ភ្លៀង​ ខ្យល់​បោក​បក់​ខ្លាំង ​និង​មាន​រលក​ខ្ពស់។


ក្រសួង​ធនធាន​ទឹក បាន​បញ្ជាក់​ថា​៖ «អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ សូម​សាធារណជន​ជ្រាប ​និង​បង្កើន​ការប្រុងប្រយ័ត្ន​ នូវ​បណ្តា​បាតុភូត​ ដូច​បាន​ជម្រាប​ជូន​ខាងលើ ​មានជា​អាទិ៍​ផ្គរ ​រន្ទះ ​ខ្យល់​កន្រ្តាក់ ​និង​រលក​សមុទ្រ»៕