ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នឹង​ចេញ​ស្លាក​លេខ និង​បណ្ណ​បើកបរ​បណ្ដោះអាសន្ន​សម្រាប់​រថយន្ត​កែច្នៃ ដែល​បម្រើ​ដល់​វិស័យ​កសិកម្ម​តាម​ការស្នើសុំ​របស់​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍ និង​ងាយស្រួល​គ្រប់គ្រង​ព្រម​ទាំង​សម្រួល​ដល់​ការដឹកជញ្ជូន​របស់​កសិករ​។


លោក​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា​លោក​ទទួលយក​សំណូមពរ​របស់​អគ្គស្នងការ​នគរបាលជាតិ លោក​ នេត សាវឿន ក្នុង​ការអនុញ្ញាត​ឲ្យ​ចេញ​ស្លាក​លេខ​ដល់​យានយន្ត​កែច្នៃ​នៅ​ទូទាំង​ប្រទេស​ដែល​បម្រើ​ដល់​វិស័យ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​។ លោក​នឹង​ពិចារណា​ដាក់​បញ្ចូល​កិច្ចការ​គ្រប់គ្រង ការផ្ដល់​ស្លាក​លេខ និង​បណ្ណ​បើកបរ​សម្រាប់​យានយន្ត​កែច្នៃ​ទៅក្នុង​ច្បាប់​ចរាចរណ៍​ដែល​កំពុង​ធ្វើ​វិសោធនកម្ម ឬ​ចេញ​អនុក្រឹត្យ​មួយ​លើ​បញ្ហា​នេះ​។

លោក ចាន់ថុល ថ្លែង​ថា​៖ «​មួយទៀត​ឯកឧត្តម [​នេត សាវឿន​] បាន​លើក​ឡើង​ការបិទ​កន្លែង​កែច្នៃ ខ្ញុំ​សុំ​ឯកភាព​ថា ខ្ញុំ​បាន​លើក​ច្រើនដង​ច្រើន​សា​ហើយ តែ​នៅ​មាន​ជាង ៣០០ [​កន្លែង​] ទៀត​នៅ​អត់​មាន​ច្បាប់​អី​ទេ នៅតែ​បើក បិទ​អត់អស់​។ អ៊ីចឹង​សុំ​ឯកភាព​ថា ត្រូវ​តែ​បិទ​ឲ្យ​អស់​កន្លែង​កែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​»​។

កាលពី​ថ្ងៃទី​ ៧ ​កក្កដា​ ​លោក នេត សាវឿន បាន​ថ្លែង​អំពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ពិធី​បូកសរុប​លទ្ធផល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ក្រសួងមហាផ្ទៃ​ដោយ​លើកឡើង​ថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​ផ្នែក​ក៏​បណ្ដាល​មកពី​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ផងដែរ​។ តាម​របាយការណ៍​ដែល​លោក​ទទួល​បាន​ក្នុង​សប្ដាហ៍​នេះ​មាន​យានយន្ត​កែច្នៃ​ចំនួន​ជាង ៥ ០០០ ​គ្រឿង​ កំពុង​ប្រើប្រាស់​នៅក្នុង​ខេត្ត​ចំនួន ៥​។


យានយន្ត​ទាំងនេះ​កំពុង​ប្រើប្រាស់​យ៉ាង​សកម្ម​សម្រាប់​បម្រើ​ជីវភាព​សង្គម​នៅ​តាម​មូលដ្ឋាន​របស់​ពលរដ្ឋ​ដូចជា​ការដឹក​ស្រូវ​អង្ករ សម្ភារ និង​ផលិតផល​កសិកម្ម​។ លោក​បន្តថា បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​យានយន្ត​កែច្នៃ រួមមាន​កន្លែង​កែច្នៃ​មិនអាច​ធានា​លក្ខណៈ​បច្ចេកទេស​ដែល​បង្ក​ហានិភ័យ​ខ្ពស់​ក្នុង​ការបង្ក​គ្រោះថ្នាក់ ការមិន​អាច​គ្រប់គ្រង​ចំនួន​បាន និង​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​។ លោក​បាន​ដក​ពិសោធន៍​ទៅ​នឹង​ប្រទេស​ជិតខាង​កម្ពុជា​គឺ​វៀតណាម និង​ថៃ​។


លោក​ថ្លែងថា នៅ​ប្រទេស​វៀតណាម យានយន្ត​កែច្នៃ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​មាន​ការប្រើប្រាស់​កាលពី​ឆ្នាំ​ ២០០៨​។ ការបញ្ឈប់​ការប្រើប្រាស់​នេះ​បានធ្វើ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​វៀតណាម​បាន​ថយចុះ​។ ចំណែក​រដ្ឋាភិបាល​ថៃ​បានធ្វើ​ច្បាប់​គ្រប់គ្រង​យានយន្ត ហើយ​ក្នុង​ច្បាប់​នោះ​មាន​ការអនុញ្ញាត​ឲ្យ​ប្រើ​យានយន្ត​កែច្នៃ​សម្រាប់​បម្រើ​វិស័យ​កសិកម្ម​។

បច្ចុប្បន្ន​រថយន្ត​ប្រភេទ​នេះ​កំពុងតែ​ប្រើប្រាស់​នៅ​ប្រទេស​ថៃ​ជាធម្មតា ដោយ​ថ្នាក់​ខេត្ត​ចេញ​ស្លាក​លេខ​បណ្ដោះអាសន្ន​ក្នុង​តម្លៃថោក​បំផុត​សម្រាប់​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​។ លើស​ពី​នេះ​រដ្ឋាភិបាល​ថៃ​បាន​យោគយល់​ដល់​កសិករ​ដោយ​មិន​តម្រូវ​ឲ្យ​ម្ចាស់​យានយន្ត​បង់ពន្ធ​ឡើយ​។

លោក នេត សាវឿន ថ្លែង​ដូច្នេះ​ថា​៖ «​ចំណុច​ទាំងអស់​នេះ​ដូច​ខ្ញុំ​បាន​លើក​ពី​ខាងដើម ផ្សារភ្ជាប់​នឹង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។ ឥឡូវនេះ​គឺ​ឡាន​កែច្នៃ​ទាំងអស់​ដឹកជញ្ជូន​ស្រូវ​អង្ករ កសិផល​នេះ​ជា​រឿង​ដែល​ចាំបាច់​បំផុត​។ តើ​យើង​ឲ្យ​គាត់​ប្រើ​ទៀត​ទេ ឬ​យើង​ឈប់​ឲ្យ​ប្រើ​ ឬ​យើង​ឈាន​ទៅ​គ្រប់គ្រង​គាត់ ចេញ​ស្លាក​លេខ​ឲ្យ​គាត់​? នេះ​ជា​រឿង​មួយ​ដែល​ត្រូវ​ពិចារណា​»​។

លោក​សំណូមពរ​ឲ្យ​លោក ស៊ុន ចាន់ថុល ពិនិត្យ​លទ្ធភាព​គ្រប់គ្រង​យានដ្ឋាន​កែច្នៃ​យានយន្ត​នៅតាម​បណ្ដា​ខេត្ត ដោយ​បញ្ចប់​យានយន្ត​ដែល​អត់​ច្បាប់ គ្រប់គ្រង​យានយន្ត​កែច្នៃ​ទាំង​ចំនួន​យានយន្ត និង​លក្ខណៈ​បច្ចេកទេស និង​អ្នក​ប្រើប្រាស់​។ លោក​ស្នើ​ឲ្យ​ក្រសួង​សាធារណការ​ផ្ដល់​ស្លាក​លេខ​បណ្ដោះអាសន្ន និង​កំណត់​រយៈពេល​នៃ​ការប្រើប្រាស់​យានយន្ត​ទាំងនោះ​។

លោក​ថ្លែង​បន្ត​ថា​៖ «​សំណូមពរ​អ្នក​បច្ចេកទេស គួរ​ពិចារណា​កំណត់​ភូមិសាស្ត្រ​ឲ្យ​ឡាន​កែច្នៃ​នេះ​ធ្វើ​ដំណើរ ថា​តើ​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​ទេ ឬ​បាន​តែ​ក្នុង​ភូមិ ស្រុក និង​ខេត្ត​។ នេះ​ខ្ញុំ​សុំ​សំណើ​ដោះស្រាយ​បញ្ហា​ ៤ ​នេះ​ជូន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ពិចារណា​ និង​សម្រេច​»​។

លោក ឈួន វ៉ុន អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ​ថ្លែងថា យានដ្ឋាន​កែច្នៃ​យានយន្ត​សរុប​នៅ​កម្ពុជា​មាន​ចំនួន ៣៤០ ​កន្លែង​ក្នុង​នោះ​មានច្បាប់​ចំនួន ៣២៧ និង​អត់​ច្បាប់ ១៣ កន្លែង​ដែល​ត្រូវបាន​បិទ​។ ប៉ុន្តែ​លោក​មិន​មាន​តួលេខ​នៃ​ចំនួន​យានយន្ត​កែច្នៃ​សរុប​ទូទាំង​ប្រទេស​ទេ​។ លោក​បញ្ជាក់​ថា យានយន្ត​កែច្នៃ​ដែល​លោក សាវឿន លើក​ឡើង​គឺ​ប្រភេទ​យានយន្ត​សម្រាប់​វិស័យ​កសិកម្ម ដូចជា គោយន្ត​ជាដើម​ដែល​មិន​បានមក​ចុះបញ្ជី​នៅ​ក្រសួង​។ ចំពោះ​រថយន្ត​កែច្នៃ​ដែល​មក​ចុះបញ្ជី​គឺជា​រថយន្ត​ដែល​មាន​លក្ខណៈ​បច្ចេកទេស​គ្រប់គ្រាន់​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា យល់ឃើញ​ថា បើ​គិត​ទៅលើ​បញ្ហា​សេដ្ឋកិច្ច​ខ្នាតតូច​វិញ លោក​លើក​ទឹកចិត្ត​ឲ្យ​មាន​ការកែច្នៃ​យានយន្ត​សម្រាប់​បម្រើ​ដល់​វិស័យ​កសិកម្ម​។ ប៉ុន្តែ​លោក​ស្នើឲ្យ​ពិចារណា​លើ​កម្រិត​គុណភាព បច្ចេកទេស​ដែល​តម្រូវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​លើ​រថយន្ត​ទាំងនោះ​។

លោក​ថា​៖ «​ជារួម​ខ្ញុំ​សំណូមពរ​ថា ឲ្យ​យើង​មាន​ទៅ​អាយានយន្ត​កែច្នៃ ដើម្បី​លើកស្ទួយ​អាជីវកម្ម​ធុន​តូច​ផង លើក​កម្ពស់​កម្រិត​ជីវភាព​ពលរដ្ឋ​ និង​ការងារ​ផ្សេងៗ​ទៀត​។ តែ​សុំឲ្យ​មាន​ការតាមដាន​ពិនិត្យ​ប្រភេទ​នៃ​ការកែច្នៃ ដើម្បី​ឲ្យ​គ្រប់​លក្ខណៈ​បច្ចេកទេស​»​។

លោក គង់ រតនៈ ប្រធាន​វិទ្យាស្ថាន​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​យល់​ឃើញ​ថា កម្ពុជា​គួរ​សិក្សា​បន្ថែម​ឲ្យ​បាន​ច្បាស់​ពី​ចំនួន និង​កត្តា​ហានិភ័យ​របស់​យានយន្ត​កែច្នៃ​។ គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​មកពី​កត្តា​យានយន្ត​មាន​ប្រហែលជា​ ២% ។ «​ជា​គោលដៅ​យូរអង្វែង យើង​មិន​គួរ​ប្រើប្រាស់​វា​ទៀត​ទេ​។ តែ​សម្រាប់​ដំណោះស្រាយ​បន្ទាន់ យើង​ត្រូវ​កំណត់​នូវ​បទដ្ឋាន​បច្ចេកទេស និង​បទដ្ឋាន​ស្តង់ដា​សុវត្ថិភាព​សម្រាប់​យានយន្ត​ដែល​មាន​ស្រាប់​ក្នុង​ការចរាចរ ដូចជា​ការកំណត់​ឲ្យ​ប្រើប្រាស់​លើផ្លូវ​លំ​សហគមន៍​ជាដើម និង​ត្រូវ​មាន​ការចុះបញ្ជី​គ្រប់គ្រង​ច្បាស់លាស់​ដូច​ការលើក​ឡើង​របស់​ឯកឧត្តម នេត សាវឿន​»​។

លោក​ស្នើឲ្យ​រាជរដ្ឋាភិបាល​ទុកពេល​ឲ្យ​ពលរដ្ឋ​មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ឲ្យ​ពួកគាត់​អាច​ធ្វើការ​ផ្លាស់ប្តូរ​ពី​ការប្រើប្រាស់​យានយន្ត​កែច្នៃ​មក​ប្រើ​យានយន្ត​ដែល​មាន​ស្តង់ដា​ត្រឹមត្រូវ​វិញ​ហើយ​ត្រូវ​ធ្វើជា​ជំហានៗ​៕