ភ្នំពេញៈ ក្រសួង​ការ​ងារ​នឹងចុះទៅ​ធ្វើការ​ស៊ើបអង្កេត​ទៅលើ​ករណី​ទាសភាព​សម័យ​ទំនើប​នៅ​ក្នុង​សិប្បកម្ម​ឡ​ឥដ្ឋ​តាម​រយៈ​ការ​ចង​ដោយ​បំណុល​ដែលបាន​ផ្សាយ​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ពី​សាកល​វិទ្យាល័យ​Royal Holloway ក្នុង​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​អង្គារ។


នេះជា​ការបញ្ជាក់​របស់​លោក​ អ៊ិត សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​បន្ទាប់​ពី​មាន​របាយ​ការណ៍​មួយ ​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ពី​សា​កល​វិទ្យាល័យ​ Royal Holloway ​ក្នុង​ទីក្រុង​ឡុង​ដ៍​ ដែល​មាន​ចំណង​ជើង​ថា ​«​ឥដ្ឋ​ឈាម​»​ ដោយ​បាន​បង្ហាញ​ថា​ភាព​រីក​ចម្រើន​ខ្លាំង​នៃ​វិស័យ​សំណង់​របស់​ប្រទេស​កម្ពុជា​បាន​ជំរុញ​ឲ្យ​ពល​រដ្ឋ​ក្រីក្រ​ជា​ច្រើន​គ្រួសារ​ធ្លាក់​ចូល​ទៅ​ក្នុង​ទាស​ភាព​សម័យ​ទំនើប​​ក្នុង​សិប្បកម្ម​ឡ​ឥដ្ឋ​តាម​រយៈ​ការ​ចង​ដោយ​បំណុល​។

លោក​ ​អ៊ិត សំហេង ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ បន្ទាប់​ពី​សិក្ខា​សាលា​ថ្នាក់​ជាតិ​មួយ​ ស្តីពី​ការរៀបចំ​កម្មវិធី​ការងារ ​សមរម្យ​ប្រចាំ​ប្រទេស​កម្ពុជា ​ឆ្នាំ២០១៩-២០២៣ ​នៅ​សណ្ឋា​គារ​រ៉ាហ្វល​ឡឺរ៉ូយ៉ាល់​កាល​ពីថ្ងៃ​ទី១៨ ​ខែតុលានេះ​​ថា ​ក្រសួង​ការងារ ​នឹង​ស៊ើប​អង្កេត​ទៅលើ​ទីតាំងនិង​ករណី​ដែលក្រុម​អ្នក​ស្រាវ​ជ្រាវ​ពី​សាកល​វិទ្យាល័យ​ Royal Holloway ​ក្នុង​ទីក្រុង​ឡុង​ដ៍​បាន​លើក​ឡើង​។ ប៉ុន្តែ​លោក​មិនបាន​ឲ្យដឹង​ពេលវេលា​ច្បាស់​លាស់​ណាមួយដែលក្រសួង​ការងារនឹងចុះទៅ​ស៊ើប​អង្កេត​រឿងនេះ​នោះទេ​។

លោក​បញ្ជាក់ថា​៖«រឿងនេះ​យើង​នឹងធ្វើ​ការស៊ើប​អង្កេតហើយ​ថ្មីៗនេះ​ក្រសួង​បានចេញ​សេចក្តី​ជូនដំណឹង​មួយ​ហាម​ប្រាម​ដាច់​ខាត​ក្នុង​ករណីនេះ​។ ក្រសួង​នឹងធ្វើ​ការស៊ើប​អង្កេត​នូវ​ព័ត៌មានដែលបាន​លើកឡើង​នោះ​។ កន្លងមក​ យើងក៏​មិនបាន​ដឹងថា​មានករណីនេះ​កើតឡើង​ទេ ​ហើយ​តាមរយៈ​ព័ត៌មាននេះ​ យើង​នឹងចុះទៅ​បញ្ជាក់​ដល់គោលដៅ​ហើយ​បើ​មាន​មែន​យើង​នឹង​ចាត់ការ​ទៅតាម​ច្បាប់​»។


ការស្រាវជ្រាវនោះ​ បានលើកឡើង​ថា ​ដោយសារតែ​វិស័យ​សំណង់​របស់​កម្ពុជា​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង ​រួម​មាន​ដូច​ជា​ការ​​សាង​សង់​ផ្សារ​ទំនើប​ថ្មី​ៗ​អចលន​ទ្រព្យ​លំនៅ​ឋាន ​សណ្ឋា​គារ ​អគារ​ការិយាល័យ​ រោង​ចក្រ​ និង​ខុនដូ​ ហើយ​នេះ​ធ្វើ​ឲ្យ​​មាន​តម្រូវ​ការ​ខ្ពស់​ក្នុង​ការ​ឲ្យ​មាន​ការ​ផលិត​ឥដ្ឋ​ច្រើន ​ហើយ​ធ្វើឲ្យ​តម្រូវការឥដ្ឋ​នេះ​បាន​រុញ​មនុស្ស​ពេញ​វ័យ​ និង​កុមារ​ ចូល​ទៅ​ក្នុង​កម្លាំង​ការ​ងារ​សំខាន់​នៅ​ក្នុង​ការ​ផលិត​ឥដ្ឋ ​និង​ធ្លាក់​ជាប់​ផុង​ក្នុង​បំណុល​ផង​


ដែរ​។

កាល​ពី​សប្តាហ៍​មុន​ ក្រសួង​ការ​ងារ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ព្រមាន​ផាក​ពិន័យ​ និងចាត់​វិធានការ​ផ្លូវច្បាប់​តឹងរ៉ឹង​ចំពោះ​ការ​ប្រើ​ប្រាស់​ពល​កម្ម​កុមារ​នៅ​ក្នុង​ឧស្សា​ហ​កម្ម​ឡ​ឥដ្ឋ​និង​ទម្រង់​កេង​ប្រវ័ញ្ច​ដទៃ​ៗ​ទៀត​ជា​មួយ​នឹង​ការ​ចង​ដោយ​បំណុល​។

លោក​ ស៊ឹង ​សែនករុណា ​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក​ បានថ្លែង​ថា ​នេះ​គឺជា​ភារកិច្ច​របស់​ក្រសួង​ការងារ​ដែលត្រូវ​ទទួល​ខុសត្រូវ ​ហើយ​ក្រសួង​ត្រូវស៊ើប​អង្កេត​តាំងពី​យូរមក​ហើយ​ បន្ទាប់ពី​សង្គម​ស៊ីវិលបាន​ធ្វើ​របាយ​ការណ៍​ជាបន្តបន្ទាប់​អំពី​បញ្ហា​នៅ​ឡឥដ្ឋ​ដែល​បាន​បង្ក​គ្រោះថ្នាក់​ដល់​កុមារ​និង​កម្មករ។

លោក​បានបញ្ជាក់​ថា​៖ «ការដែល​ក្រសួង​ការងារ​ចាប់ផ្តើម​ធ្វើនេះ ​វា​ហាក់ដូច​ជាគាត់​ទើបតែ​ភ្ញាក់​ពីដេក​ ហើយ​យើងគិត​ថា​វា​គួរឲ្យ​សោក​ស្តាយ​កន្លង ​បើ​រាជរដ្ឋាភិបាល​និង​ក្រសួង​យកចិត្ត​ទុកដាក់​តាំងពី​ដើម​មក​ពលរដ្ឋ​កម្ពុជាអាចនឹង​មិនមាន​ភាព​រង​គ្រោះ​ដោយសារតែ​រឿងនេះ​»។

លោក​បន្ថែមថា ​ពេល​ក្រសួង​ចុះស៊ើប​អង្កេត​ត្រូវឲ្យ​មាន​តម្លាភាព​ដែល​ពលរដ្ឋ​អាចជឿ​ទុកចិត្ត​បាន​ ហើយ​ត្រូវ​មាន​យុទ្ធ​សាស្រ្ត​ច្បាស់​លាស់​ដើម្បី​ជួយ​ទប់ស្កាត់​នូវ​បញ្ហា​ទាំងអស់​ដែល​បាន​កើត​មាន​នៅតាម​ឡ​ឥដ្ឋ​៕