ក្រសួង​បរិស្ថាន​ គ្រោង​បោះពុម្ពផ្សាយ​​របាយការណ៍​ស្តីពី​បរិស្ថាន​លើក​ទី​ ៤

Content image - Phnom Penh Post
អ្នកចូលរួម​ក្នុង​សិក្ខាសាលា​ស្តីពី​បរិស្ថាន​កាលពី​ថ្ងៃទី​ ២៧ ខែតុលា​។ រូបថត ក្រសួង​បរិស្ថាន

ភ្នំពេញ: ក្រសួងបរិស្ថាន​គ្រោង​បោះពុម្ពផ្សាយ​របាយការណ៍​ស្តីពី​ស្ថានភាព​បរិស្ថាន​ជាតិ​លើក​ទី​ ៤ ​ជា​ ២ ​ភាសា​ (​ខ្មែរ និង​អង់គ្លេស​) ​នៅ​ចុងឆ្នាំ​ ២០២០ ដើម្បី​ចែកជូន​ក្រសួង ស្ថាប័ន អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ប្រើប្រាស់​ជា​ទិន្នន័យ​រួមមួយ​ទាក់ទង​បរិស្ថាន ដោយ​ចៀសវាង​ការប្រើប្រាស់​ទិន្នន័យ​ផ្សេងៗ​ពីគ្នា ខណៈ​ភាគី​ពាក់ព័ន្ធ​បាន​បញ្ចប់​ការពិគ្រោះ​យោបល់​រួចរាល់​។

មន្ត្រី​ជំនាញ​ក្រសួង​បរិស្ថាន ក្រសួង ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ សាកលវិទ្យាល័យ អង្គការ​ជាតិ និង​អន្តរជាតិ​ដែល​ទទួលបន្ទុក ការងារ​ទាក់ទង​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នៅ​ថ្ងៃទី​ ២៧ ខែតុលា បាន​ជួបជុំ​គ្នា​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​បញ្ចប់​លើ​ «​សេចក្តី​ព្រាង​របាយការណ៍​ស្ថានភាព​បរិស្ថាន​ជាតិ​លើក​ទី​ ៤» នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។

លោក ជួប ប៉ារីស៍ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា របាយការណ៍​ជា​លើក​ទី ៤ ដែល​បាន​ធ្វើជា​លក្ខណៈ​អន្តរជាតិ ដោយ​មាន​លក្ខណពិសេស​ច្រើនជាង​ ៣ ​លើក​មុនៗ​នេះ ព្រោះ​ក្រសួង​បាន​អញ្ជើញ​ទីប្រឹក្សា​ជាតិ និង​អន្តរជាតិ ដើម្បី​ចូលរួម​បង្កើតជា​របាយការណ៍​ដែល​អាច​ប្រើប្រាស់​ជា​អន្តរជាតិ​។

លោក​បាន​បន្តថា របាយការណ៍​នេះ​មាន​រួមបញ្ចូល​ប្រធានបទ​សំខាន់ៗ​ចំនួន​ ៧ ដូចជា គុណភាព​ខ្យល់ ការប្រែប្រួល​អាកាសធាតុ ជីវចម្រុះ​ (​ព្រៃឈើ និង​សត្វព្រៃ​) ទឹកសាប ដី (​ការប្រើប្រាស់​ដី និង​គុណភាព​ដី​) សំណល់​ (​សំណល់​រឹង​ និង​សំណល់​រាវ​) ​និង​សុវត្ថិភាព​ចំណីអាហារ​។ ប្រធានបទ​ទាំងនេះ​នឹង​ត្រូវបាន​ចងក្រង​ជា​សៀវភៅ​មួយ​ដែល​អាច​ឱ្យ​ក្រសួង ស្ថាប័ន អង្គការ​សង្គម​ស៊ីវិល និង​សាធារណជន​ប្រើប្រាស់​សម្រាប់​សិក្សា​ស្រាវជ្រាវ​ទាក់ទង​បរិស្ថាន​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​រំពឹង​ថា បន្ទាប់ពី​របាយការណ៍​នេះ​ផ្សាយ​ចេញ​ទៅ​គឺ​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ដៃគូ អាច​ប្រើប្រាស់​ទិន្នន័យ​នេះ​ជា​គោល ដើម្បី​ចៀសវាង​ការប្រើប្រាស់​ទិន្នន័យ​ផ្សេងៗ​គ្នា​។ ជាមួយ​គ្នា​នេះ​របាយការណ៍​នឹងធ្វើ​ការបោះពុម្ព​ផ្សាយ​ជា​ ២ ​ភាសា គឺ​ភាសា​ខ្មែរ និង​អង់គ្លេស​នៅ​ចុង​ឆ្នាំនេះ ប៉ុន្ដែ​ខ្ញុំ​មិន​ទាន់​ដឹង​ពី​ចំនួន​ដែល​ត្រូវ​បោះពុម្ព​ទេ​»​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ក្នុង​កម្មវិធី​នេះ​ថា ភាគី​ពាក់ព័ន្ធ​បាន​បញ្ចប់​ការពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​របាយការណ៍​ស្តីពី​ស្ថានភាព​បរិស្ថាន​ជាតិ​លើក​ទី​ ៤ ​នេះ​ហើយ​។ របាយការណ៍​នេះ ពិតជា​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កម្ពុជា​។ បរិស្ថាន​ ​គឺជា​ការងារ​ពហុវិស័យ និង​ពហុជំនាញ​ដែល​ក្នុង​ន័យ​នេះ​តម្រូវ​ឱ្យ​មាន​ការចូលរួម​ផ្តល់​គំនិត​យោបល់ មតិ ក៏ដូចជា​ការចែករំលែក​ទិន្នន័យ​ព័ត៌មាន​គ្នា​សម្រាប់​ការកសាង​របាយការណ៍​ស្ថានភាព​បរិស្ថាន​ជាតិ​។

លោក​បន្តថា បើទោះបី​ជា​ក្រសួងបរិស្ថាន​ជា​អ្នករៀបចំ និង​សម្របសម្រួល​ក្ដី ប៉ុន្តែ​ផលប្រយោជន៍​គឺ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល សម្រាប់​ក្រសួង ស្ថាប័ន អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ​ទាំងអស់​ប្រើប្រាស់ ដើម្បី​អាចមាន​ទិន្នន័យ​រួម​តែមួយ​ក្នុង​ការប្រើប្រាស់​ជា​មូលដ្ឋាន​ច្បាស់លាស់​។

លោក​បញ្ជាក់ថា​៖ «​ការកសាង​របាយការណ៍​នេះ គឺជា​ការ​ចងក្រង ប្រមូលផ្តុំ​ឯកសារ ទិន្នន័យ​គោល និង​ព័ត៌មាន​បែបវិទ្យាសាស្ត្រ​អំពី​បរិស្ថាន និង​ធនធាន​ធម្មជាតិ សម្រាប់​អ្នករៀបចំ​គោលនយោបាយ​អ្នកធ្វើ​ផែនការ អ្នកគ្រប់គ្រង អ្នកសិក្សា​ស្រាវជ្រាវ វិនិយោគិន អង្គការ​ជាតិ និង​អន្តរជាតិ​ប្រើប្រាស់​ជា​មូលដ្ឋាន ដើម្បី​សម្រេចបាន​ទៅតាម​គោលបំណង​រៀងៗ​ខ្លួន តួយ៉ាង​ដូចជា​ការធ្វើ​សេចក្តី​សម្រេច​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ស្របតាម​កម្មវិធី​នយោបាយ​ជាតិ ការបង្កើន​ចំណេះដឹង​បញ្ញាញាណ​ក្នុង​វិស័យ​បរិស្ថាន​»​។

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក​ថ្លែងថា លោក​មិនទាន់​បានដឹង​ពី​​របាយការណ៍​ស្ថានភាព​បរិស្ថាន​ជាតិ​លើក​ទី​ ៤ ​នេះ​ឱ្យបាន​ស៊ីជម្រៅ​នៅឡើយ ប៉ុន្ដែ​លោក​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​បង្ហាញ​ព័ត៌មាន​ជាក់លាក់ មិន​បិទបាំង​របាយការណ៍​ទាក់ទង​បទល្មើស​កាប់​ព្រៃឈើ ការបំពុល​បរិស្ថាន​នានា ការកាប់​ទន្ទ្រាន​ដីព្រៃ និង​បញ្ហា​មួយ​ចំនួន​ទៀត​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនទាន់​មាន​ជំនឿ​ទៅលើ​របាយការណ៍​ស្ថានភាព​បរិស្ថាន​ជាតិ​លើក​ទី​ ៤ ​នេះ​ទាំងស្រុង​ថា អាច​បង្ហាញ​ព័ត៌មាន​ពិត​ដល់​សាធារណជន​។ ខ្ញុំ​គិតថា របាយការណ៍​នេះ​គេ​គ្រាន់តែ​ចង់បង្ហាញ​ពី​សមិទ្ធផល​ដែល​ក្រសួង​បាន​ធ្វើ​កន្លងមក ពោល​គឺ​មិន​បង្ហាញ​អ្វី​ដែលជា​បញ្ហា​ប្រឈម​ពិតៗ​ជូន​សាធារណជន​បាន​ស្វែងយល់ និង​ចូលរួម​ដោះស្រាយ​ទេ​»៕

ព័ត៌មានថ្មីៗ