ភ្នំពេញៈ ក្រសួង​បរិស្ថាន​បន្ត​ទទួល​ជំនួយ ឧបករ​ណ៍វាស់​គុណភាព​ និង​កម្រិត​សំឡេង​ខ្យល់​និងរំញ័រ​ពីប្រទេសចិន ខណៈ​បច្ចុប្បន្ន​​កម្ពុជា​បាន​បំពាក់​ឧបករណ៍​វាស់​គុណ​ភាព​ខ្យល់​បាន​ចំនួន​ ៤៩​ ទីតាំង ​នៅទូទាំង​ ២៥ រាជ​ធានី-ខេត្ដ និង​កំពុងរៀបចំ​បំពាក់​​បន្ថែម​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ប្រមូល​ទិន្នន័យឱ្យ​បាន​គ្រប់​​ជ្រុង​​ជ្រោយ​ទូទាំង​ប្រទេស​អំពីស្ថាន​ភាព​គុណភាព​ខ្យល់។


ក្រសួង​បរិស្ថាន កាល​ពីថ្ងៃ​ទី ១៤ ខែ​ឧសភា នៅកំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ បាន​ទទួល​ស្ថានីយ (ឧបករណ៍) ត្រួត​ពិនិត្យ​​​គុណភាព​ខ្យល់​ចំនួន​ ១០ និង​ឧបករណ៍​វាស់កម្រិត​សំឡេង​និង​រំញ័រ​ក្នុង ​១ ​មុខ​ ១០ ​គ្រឿង​ រួម​នឹង​សម្ភារ​បរិក្ខារ​មួយ​ចំនួន​ទៀត ​ដែល​ជាជំនួយ​របស់​ក្រសួង​អេកូឡូស៊ី​ និង​បរិស្ថាន នៃ​សាធា​រណ​រដ្ឋ​ប្រជា​មានិ​តចិន​ ក្រោម​​គម្រោង​សហ​ប្រតិ​បត្តិ​ការ​អាកាស​ធាតុចិន​ត្បូង-ត្បូង ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិការ​ក្នុង​ការ​បង្កើត​តំបន់​បង្ហាញ​កាបូ​ន​ទាប។

​តាម​ផែន​ការ​ នឹង​រៀប​ដំឡើង​ស្ថានីយ​ត្រួត​ពិនិត្យ​គុណ​ភាព​ខ្យល់​ និង​សម្ភារ​បរិក្ខារ​ទាំងនេះ​នៅតាម​ទីតាំង​គោល​ដៅ​ចំនួន ​១០ ​តាម​បណ្តា​រាជ​ធានី-ខេត្ត ដូច​ជារា​ជ​ធានីភ្នំ​ពេញ ខេត្ត​ស្វាយ​រៀង ខេត្ត​ស្ទឹង​ត្រែង​ ខេត្ត​កំព​ង់​ធំ ខេត្ត​ព្រះវិហារ ខេត្ត​សៀម​រាប ខេត្ត​បន្ទាយ​មាន​ជ័យ ខេត្ត​កំព​ង់​ស្ពឺ និង​ខេត្ត​ព្រះ​សីហនុ​។

លោក​នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ ថ្លែងនៅ​ថ្ងៃ​ទី ​១៦​ ឧសភា​ថា​ ទាក់ទង​នឹងឧបករ​ណ៍វាស់​គុណភាព​ខ្យល់​ ក្រសួង​​បាន​បញ្ជាទិញ​ដោយ​ផ្ទាល់​ផង ព្រម​ទាំង​ជំនួយពី​ប្រទេស​ចិន ​និង​​​ពី​ប្រទេស​ជប៉ុន​ផងដែរ​។


ឧបករណ៍វាស់​គុណភាព​ខ្យល់​ដែល​ក្រសួង​​បាន​ដាក់​នៅ​តាម​បណ្ដា​រាជ​ធានី-ខេត្ដ​ទាំង​អស់​ មាន​ចំនួន ៤៩​ ទីតាំង​ហើយ ​​រហូត​មក​ដល់​​ពេល​នេះ​។


លោក​​ថ្លែង​ថា​៖ «យើង​នឹង​បំពាក់​បន្ថែម​ថ្មីបន្ត​ទៀត​ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ប្រមូល​ទិន្នន័យឱ្យ​បាន​គ្រប់​​ជ្រុង​​ជ្រោយ​ទាំង​​​អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​អំពី​ស្ថាន​ភាពនៃ​គុណ​ភាព​ខ្យល់​»។

នៅ​ក្នុង​ចំណោម​ ៤៩​ ទីតាំង ​ដែល​បាន​បំពាក់​រួច​នោះ សម្រាប់​រាជ​ធានីភ្នំពេញ​បាន​ដាក់ឧបករណ៍វាស់​គុណភាព​ខ្យល់​បាន​​​ចំនួន​ ១១​ ទីតាំង។ ចំណែក​នៅតាម​បណ្ដា​ខេត្ដ​ ២៤ ផ្សេង​ទៀត គឺ​បាន​បំពាក់​ចំនួន ៣៨ កន្លែង​។

លោក​បាន​ថ្លែង​ថា​៖ «សារៈសំខាន់​នៃការ​ដាក់​ឧបករណ៍នេះ គឺដើម្បី​ឱ្យ​បាន​ដឹង​ថា​ តើ​គុណភាពខ្យល់​នៅ​ក្នុងតំបន់​នីមួយ​ៗ​តើ​​មាន​ការ​វិវឌ្ឍយ៉ាង​ម៉េច​ខ្លះ ព្រោះ​ថា ​ខ្យល់​មាន​សារៈ​សំខាន់​សម្រាប់ការ​រស់​រាន​មាន​ជីវិត​របស់​ប្រជាពលរដ្ឋ»។

លោក​​បញ្ជាក់ថា ​នៅ​ប្រទេស​កម្ពុជា ​​រហូត​មកដល់ពេលនេះ គុណភាព​ខ្យល់​ គឺមានភាព​ល្អ​ប្រសើរ លើសលុប​នៅ​ទូទាំង​ប្រទេស​។

​លោក​បាន​បន្តថា ដូច្នេះ​ការ​បំពាក់​នូវ​ឧបករណ៍​ និង​ស្ថានីយត្រួត​ពិនិត្យ​គុណភាពខ្យល់ និង​កម្រិត​នៃ​ការ​វាស់​សំឡេង និង​​រំញ័រនៅ​ប្រ​ទេស​​កម្ពុជា​ គឺដើម្បី​ក្ដាប់​ឱ្យ​បាន​នូវ​ទិន្នន័យ កុំ​ឱ្យ​មាន​ការ​បំពុល​ខ្យល់ កុំ​ឱ្យ​មាន​ការ​បំពុល​ដោយ​សំឡេង ដែល​​ទាំង​នេះ ​គឺជា​ការ​គិត​គូរ​ដល់​សុខភាព​ និង​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​។

តាម​ការបញ្ជាក់​របស់​ក្រសួង​បរិស្ថាន​ កាលពី​ខែមករា​ ឆ្នាំ​ ២០២០ កំហាប់​ភាគល្អិត​និចល​មាន​ការកើនឡើង​ហួស​កម្រិត​​ស្ដង់ដា​កំណត់​អាច​ជា​ហានិភ័យ​បង្ក​ការប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋនិង​បរិស្ថាន​។

ប៉ុន្ដែ​ស្ថានភាព​ខ្យល់​បាន​ត្រឡប់​​​មករក​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ​បន្ទាប់ពី​ក្រសួង​បាន​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​នានា ដូចជា​ការ​ហាម​ឃាត់​នូវការ​ដុត​គល់​ជញ្រ្ជាំង ការ​ដុត​ព្រៃរាន​យកដី និង​ការ​ដុត​សំរាម​ពាស​វាលពាស​កាល​ជា​ដើម​។​

ក្រសួង​បាន​ឱ្យ​ដឹងថា កំហាប់​ប៉ារ៉ាម៉ែត្រ​ភាគល្អិត​និចល គឺជា​ភាគល្អិត​និចល​តូចៗ​នៅក្នុង​ខ្យល់ ​ដែល​មាន​អង្កត់ផ្ចិត​តូច​ជាង ២,៥ ​មីក្រុង​។

ភាគល្អិត​និចល​មាន​ប្រភព​មកពី​ការដុត​ឥន្ធនៈ​ហ្វូ​ស៊ីលនិង​កម្ទេច​ធូលី​ផ្សេងៗ​។ ភាគល្អិត​និចល​នេះ​អាច​​ស្រូប​ចូល​ទៅ​ដល់​សួត​និង​ពេលខ្លះ​ដល់​សរសៃឈាម​ដែល​អាច​បង្ក​ការប៉ះ​ពាល់​ដល់​សុខភាព​របស់​មនុស្សប្រសិន​បើ​​​ស្រូប​ចូល​លើស​កម្រិត​កំណត់​៕