ភ្នំពេញៈ ក្រសួង​កិច្ចការនារី សហការ​ជាមួយ​ក្រសួង​ព័ត៌មាន ក្លិប​អ្នកកាសែត និង​អង្គការ ActionAid គាំទ្រ​ថវិកា​ដោយ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​សុក្រ​នេះ​បាន​រៀបចំ​សិក្ខាសាលា ផ្សព្វផ្សាយ​ដល់​អ្នកសារព័ត៌មាន និង​សិស្ស​និស្សិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រោម​ប្រធានបទ ការលើក​កម្ពស់​ការយល់ដឹង​ពី​ការអនុវត្ត​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍​អំពើ​ហិង្សា​លើ​ស្ត្រី​នា​ទីស្តីការ​ក្រសួង​កិច្ចការនារី​។


សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង ដើម្បី​ឱ្យ​សិក្ខាកាម​បាន​យល់ដឹង​ពី​ឫសគល់ ព្រម​ទាំង​ផលប៉ះពាល់​នៃ​អំពើហិង្សា​លើ​ស្ត្រី និង​ដឹង​ពី​របៀប​ក្នុង​ការផ្តល់​សេវា​ជួយ​ជនរងគ្រោះ​ដោយ​អំពើហិង្សា និង​ចង់ឱ្យ​សិក្ខាកាម​បាន​យល់ដឹង​កាន់តែ​ទូលំទូលាយ​ពី​ក្រម​សីលធម៌​អ្នកសារព័ត៌មាន ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍​ព័ត៌មាន​អំពើហិង្សា​លើ​ស្ត្រី និង​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​។

តាម​សេចក្តី​ជូន​ដំណឹង​របស់​ស្ថាប័ន​ទាំងនោះ​បាន​បញ្ជាក់ថា​សិក្ខាសាលា​នេះ ក៏មាន​បំណង ដើម្បី​លើក​ទឹកចិត្ត​ឱ្យ​សិក្ខាកាម​ចូលរួម​អនុវត្ត​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍​ព័ត៌មាន​អំពើហិង្សា​លើ​ស្ត្រី កាន់តែ​មាន​ប្រសិទ្ធភាព​ផងដែរ​។

អង្គការ​ អាក់សិនអេត​កម្ពុជា ដែល​បាន​ចូលរួម​ឃ្លាំមើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​តាមដាន​ការអនុវត្ត​ក្រមសីលធម៌​ក្នុង​ចំណោម​អ្នកសារព័ត៌មាន​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​រកឃើញថា ករណី​អំពើហិង្សា​លើ​ស្ត្រី​ត្រូវ​បាន​រាយការណ៍​ព័ត៌មាន និង​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​មួយ​ចំនួន​បានធ្វើ​សេចក្តី​រាយការណ៍​ប្រាសចាក​ពី​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​រាយការណ៍​អំពើហិង្សា​លើ​ស្ត្រី និង​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន (​ដូចជា​ការប្រើប្រាស់​រូបភាព ការសរសេរ និង​ការធ្វើ​អត្ថាធិប្បាយ​ដែល​ប៉ះពាល់​សេចក្ដី​ថ្លៃថ្នូរ និង​អនាគត​ជនរងគ្រោះ​)​។

លោកស្រី ប៊ុន ពុទ្ធី អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​បាន​ថ្លែងថា កម្ពុជា​បាន​ទទួលស្គាល់​ការងារ​លើក​កម្ពស់​សមភាព​យេនឌ័រ ក៏ដូចជា​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​គឺ​ចាំបាច់​ណាស់​ត្រូវការ​ការចូលរួម​ពី​គ្រប់​ដៃគូ​ពាក់ព័ន្ធ​នៅក្នុង​សង្គម​។ ជាពិសេស​នោះ​គឺ​តាមរយៈ​តួនាទី​យ៉ាងសំខាន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ដែល​ភ្នាក់ងារ​ដ៏​មាន​ឥទ្ធិពល​លើ​សាធារណជន​ទូទៅ​។


លោកស្រី​បាន​បញ្ជាក់​ថា​៖ «​សារព័ត៌មាន ពិតជា​មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ជាពិសេស​តួនាទី​ក្នុងការ​ផ្តល់ព័ត៌មាន និង​សារ​នានា ដើម្បី​ជួយ​ជន​រងគ្រោះ​ទទួល​បាន​នូវ​យុត្តិធម៌ និង​មិន​ក្លាយជា​ជនរងគ្រោះ​បន្ថែមទៀត​។ លើក​ទឹកចិត្ត​ដល់​សង្គម និង​អ្នកពាក់ព័ន្ធ​ក្នុង​ការជួយ​គាំទ្រ​ដល់​ជនរងគ្រោះ​ដោយ​គ្មាន​ការរើសអើង និង​ជំរុញ​ការអនុវត្ត​ច្បាប់ ព្រមទាំង​ការបញ្ជាក់​យ៉ាងច្បាស់​អំពី​គ្មាន​វប្បធម៌​លើកលែង​ទោស​ដល់​ជនល្មើស ឬ​អ្នកប្រព្រឹត្ត​»​។

លោក Laurent Triponey ទីប្រឹក្សា​ទី​ ១ ​នៃ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​បាន​លើកឡើង​ថា វគ្គ​បណ្តុះបណ្តាល​នេះ​គឺជា​ការលើកកម្ពស់​សមភាព​រវាង​បុរស និង​ស្ត្រី ហើយ​វា​គឺជា​គោល​នយោបាយ​ជា​អាទិភាព​មួយ​របស់​រដ្ឋាភិបាល​បារាំង​។ ក្នុង​ន័យ​នេះ​បារាំង​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​អន្តរជាតិ​មួយ​សម្រាប់​ឆ្នាំ​ ២០១៨ ដល់​ឆ្នាំ ២០២២ ដើម្បី​លើកស្ទួយ​សមភាព​យេនឌ័រ​ដោយ​រួមបញ្ចូល​ផងដែរ​នូវ​ការការពារ​ស្ត្រី​ប្រឆាំង​នឹង​អំពើហិង្សា​គ្រប់​ទម្រង់​។

ជាមួយ​គ្នា​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​រួម​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា និង​អង្គការ​ដទៃទៀត​ក៏​បាន​ធ្វើ​​យុទ្ធនាការ ១៦ ​ថ្ងៃ ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី​នេះ និង​រួមគ្នា​ដើម្បី​បញ្ចប់​អាពាហ៍ពិពាហ៍​កុមារ និង​ធានាថា ស្ត្រី និង​ក្មេងស្រី​វ័យក្មេង​នៅ​ទូទាំង​ប្រទេស​អាចបំពេញ​នូវ​សក្តានុពល​​ពេញលេញ​របស់​ពួកគេ​។ ការធ្វើ​យុទ្ធនាការ​នេះ​គឺ​ដើម្បី​អបអរ​ទិវា​អន្តរជាតិ​ដើម្បី​បំបាត់​អំពើហិង្សា​លើ​ស្ត្រី​ដែល​ត្រូវ​នឹង​ថ្ងៃទី ២៥ ខែ​វិច្ឆិកា ឆ្នាំ ២០២០​។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ឱ្យ​ដឹងថា យុទ្ធនាការ​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ២៥ ខែ​វិច្ឆិកា រហូតដល់​ទិវា​សិទ្ធិមនុស្ស​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ​ ២០២០ ដើម្បី​រួមគ្នា​បញ្ចប់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​។

អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​បាន​សរសេរ​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​ ២៥ វិច្ឆិកា​ថា នៅ​ប្រទេស​កម្ពុជា ក្មេងស្រី​ម្នាក់​ក្នុង​ចំណោម​ក្មេងស្រី ៥ ​នាក់​បាន​រៀបការ​មុន​អាយុ​ ១៨ ​ឆ្នាំ​។ ចំនួន​ភាគច្រើន​នៃ​អត្រា​នេះ​គឺជា​ក្មេងស្រី​ជនជាតិ​ភាគតិច​នៅ​ខេត្ត​រតនគិរី និង​ខេត្តមណ្ឌលគិរី​។

អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់ថា​៖ «​ក្នុង​យុទ្ធនាការ​ ១៦ ​ថ្ងៃ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​នេះ យើង​ចាំបាច់​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​បញ្ចប់​អាពាហ៍ពិពាហ៍​កុមារ និង​ធានាថា ស្ត្រី និង​ក្មេងស្រី​វ័យក្មេង​នៅ​ទូទាំង​ប្រទេស​អាចបំពេញ​នូវ​សក្តានុពល​ពេញលេញ​របស់​ពួកគេ​»​។

ដើម្បី​ទប់ស្កាត់​អំពើហិង្សា និង​ការយាយី​លើ​ស្ត្រី​នៅ​កន្លែង​ធ្វើការ អង្គការ​អន្តរជាតិ FEMNET ក៏បាន​ប្រកាស​ពី​យុទ្ធនាការ​សម្លៀកបំពាក់​ស្អាត​នៅ​ទូទាំង​ពិភពលោក​ផងដែរ​។ យុទ្ធនាការ​សម្លៀកបំពាក់​ស្អាត​នេះ​ធ្វើ​ឡើង​ដើម្បី​កែលម្អ​លក្ខខណ្ឌ​ និង​គាំទ្រ​ដល់​ការផ្តល់​សិទ្ធិអំណាច​ដល់​កម្មករ​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​នៅក្នុង​ពិភពលោក​។ អំពើហិង្សា​ប្រឆាំង​នឹង​ភេទ និង​ការយាយី​ប៉ះពាល់​ដល់​ស្ត្រី និង​ក្មេងស្រី​នៅ​ជុំវិញ​ពិភពលោក​បាន​កើនឡើង​យ៉ាងខ្លាំង​ចាប់ផ្តើម​តាំងពី​មាន​វិបត្តិ​នៃ​កូវីដ​- ១៩​។ យុទ្ធនាការ​សម្លៀកបំពាក់​ស្អាត ត្រូវបាន​ប្រកាស​ផ្សាយ​ពី​គោលជំហរ​មួយ​ថ្មី​ទៀត​ជាបន្ទាន់​នូវ​ការចាត់វិធានការ​ប្រឆាំង​នឹង​អំពើហិង្សា​នៅ​កន្លែងធ្វើការ ដែល​ផ្តោត​ជា​គោលដៅ​ដំបូង​នៅតាម​បណ្តា​រោងចក្រ​កាត់ដេរ​។ អំពាវនាវ​ដល់​ក្រុមហ៊ុន​ និង​អ្នក​នយោបាយ​ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​សមស្រប​សម្រាប់​ការពារ និង​កាត់បន្ថយ​អំពើហិង្សា​នៅ​កន្លែង​ធ្វើការ​»៕