ភ្នំពេញ៖ ក្រសួង​មហា​ផ្ទៃ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៥ ដែល​ធ្វើ​ការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ជា​ពិសេស​ផ្តោត​លើ​ការ​ការពារ​កុមារ ក្នុង​គោលដៅ​រួម​គ្នា​ការពារ​ និង​ប្រឆាំង​បទល្មើស​ទៅ​លើ​កុមារ​ជា​ពិសេស​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។


ការ​ចុះ​កិច្ច​ព្រមព្រៀង​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​អង្គការ​ទាំង ៥ នេះ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ នៅ​ទីស្តី​ការ​ក្រសួង​ដឹកនាំ​ដោយ​លោក​ស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​កម្ពុជា​។

លោកស្រី ជូ ប៊ុនអេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ពី​ថ្ងៃ​ព្រហស្បតិ៍ថា កិច្ច​ព្រមព្រៀង​ចំនួន ៣ ត្រូវ​បាន​ធ្វើ​ឡើង​រវាង​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​កម្ពុជា ជាមួយ​អង្គការ​សម្ព័ន្ធ​ចាប់​ដៃ (CHAB DAI COALITION) អង្គការ​ដែន​ដី​មនុស្ស​ហូឡង់​ ប្រចាំ​កម្ពុជា (Terre Des Hommes “Stops Child Explotation”) រួម​នឹង​អង្គការ​ការីតាស​។

ចំណែក​កិច្ច​ព្រមព្រៀង​ ២ ​ទៀត ​បាន​ធ្វើ​ឡើង​រវាង​ក្រសួង​មហាផ្ទៃ​និង​អង្គការ​សកម្មភាព​ដើម្បី​កុមារ ​(APLE) និង​អង្គភាព​ការពារ​កុមារ CPU។

លោកស្រី ជូ ប៊ុនអេង​ បាន​បន្ថែម​​ថា ការ​សហការ​គ្នា​នេះ គឺ​ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​រាល់​ទម្រង់​នៃ​ការ​កេង​ប្រវ័ញ្ច និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​ស្ត្រី និង​កុមារ ​ខណៈ​សកម្មភាព​ខ្លះ​ គឺ​រួមគ្នា​លើក​កម្ពស់​សុខុមាលភាព​សង្គម​ក្នុង​ការ​ទប់ស្កាត់​ និង​ឆ្លើយ​តប​ឲ្យ​កាន់​តែ​ល្អប្រ​សើរ​លើ​សិទ្ធិ​កុមារ​ និង​ឲ្យ​ប្រាកដ​ថា ​កុមារ​ទទួល​បាន​នូវ​ការ​ការពារ តាម​រយៈ​សកម្មភាពរ​បស់​អង្គការ​ទាំង​នេះ​។


លោកស្រី​បន្ត​ថា៖ ​«អង្គការ​ទាំង​នេះ​ មាន​ខ្លះ​មិនមែន​ជា​លើក​ទី ​១ ​ទេ (MOU) ព្រោះ​ខ្លះ​បន្ត MOU ដល់​ទៅ ៣ ដង​ជាប់​គ្នា ដើម្បី​ជួយ​ការងារ​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្ការ​ ទប់ស្កាត់​ការ​ជួញ​ដូរ​មនុស្ស និង​ការ​អនុវត្ត​ច្បាប់​សម្រាប់​ផ្តន្ទាទោស​ជាដើម។ អង្គការ​ខ្លះ​រហូត​ដល់​មាន​ការ​ជួយ​ដល់​ការ​ធ្វើ​មាតុភូមិវត្តន៍​នីតិសម្បទា​នៅ​តាម​សហគមន៍»។

លោកស្រី ជូ ប៊ុន​អេង បាន​បន្ត​ថា៖​ «តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​បើក​ទូលាយ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ដោយសារ​មាន​អង្គការ​ជា​ច្រើន​កំពុង​ធ្វើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ហើយ​អង្គការ​មួយ​ចំនួន​ធ្វើ​ការ​ជាមួយ​កុមារ និង​មួយ​ចំនួន​ទៀត​កំពុង​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ចំណាក​ស្រុក​ជា​ដើម។ ដូច្នេះ​អង្គការ​ទាំង​នោះ​គួរ​ចូលរួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​ជាមួយ​រដ្ឋាភិបាល។

លោក សំ លៀង សីលា​ នាយក​ប្រតិបត្តិ​អង្គការ APLE ក្នុង​ចំណោម​អង្គការ ៥ ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​នេះ​បាន​ថ្លែង​ថា ​នេះ​ជា​មោទនភាព​មួយ​របស់​អង្គការ​សង្គម​ស៊ីវិល ​បន្ទាប់​ពី​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នេះ​ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​ចូលរួម​ចំណែក​ក្នុង​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​ដ៏​រឹងមាំ​។

ចំណែក​ លោក James McCabe នាយក​ប្រតិបត្តិ​អង្គភាព CPU ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សម្រាប់​កិច្ច​ព្រមព្រៀង​ថ្មី​ដែល​បន្ត ៣ ឆ្នាំ​ទៀត​នេះ លោក​នឹង​បន្ត​គាំទ្រ​ និង​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​នគរបាល​ជាតិ​កម្ពុជា​ក្នុង​ការ​ស៊ើប​អង្កេត​អំពី​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បំផុត​ ជា​ពិសេស​ឧក្រិដ្ឋកម្ម​ដែល​កើត​មាន​លើ​កុមារ​កម្ពុជា។

លោក​បាន​បញ្ជាក់​ថា៖ ​«អាជ្ញាធរ​កម្ពុជា ក៏​ប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​ទាំង​នេះ បាន​យ៉ាង​ល្អ​តាមរយៈ​របាយការណ៍ និង​នីតិវិធី​របស់​សមត្ថកិច្ច​ហើយ​រដ្ឋាភិបាល​កម្ពុជា​ពិត​ជា​បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​ និង​ឆាប់​រហ័ស​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​កុមារ ស្រប​ពេល​ដែល​​នគរបាល​ជាតិ​កម្ពុជា​កំពុង​ស៊ើប​អង្កេត​លើ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បំផុត​ដែល​បាន​ប្រព្រឹត្ត​នៅ​ទូទាំង​ប្រទេស ហើយ​នឹង​ស៊ើប​អង្កេត​ផង​ដែរ​ លើ​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ប្រឆាំង​នឹង​កុមារ» ។

លោក​បាន​បន្ត​ថា សមត្ថកិច្ច​បាន​បង្ក្រាប​ និង​ចាប់​ខ្លួន​បាន​រហូត​ដល់ ៨៦​ ភាគរយ ​នៃ​បទល្មើស​លើ​កុមារ​អាយុ​ក្រោម ​១៥ ​ឆ្នាំ ដែល​នេះ​ជា​សមិទ្ធផល​មិន​ធម្មតា​មួយ​ សូម្បី​តែ​នៅ​ប្រទេស​លោក​ខាង​លិច​ក៏​មិន​អាច​ធ្វើ​បាន​ដូច្នេះ​ដែរ។

យោង​តាម​របាយការណ៍​ក្រសួង​មហាផ្ទៃ នៅ​ក្នុង​រយៈពេល ៦ ខែ​ដើម​ឆ្នាំ​នេះ សមត្ថកិច្ច​បាន​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ពី​កា​ររំលោភ​បំពាន​ផ្លូវ​ភេទ​បាន​ចំនួន ២៦៣ នាក់ ដែល​មាន​ការ​កើន​ឡើង​រហូត​ដល់​ជិត​ ១៥០ ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ក្នុង​នោះ​ជន​រងគ្រោះ​ជា​កុមារ ដែល​មាន​អាយុ​ក្រោម​ ១៥ ឆ្នាំ មាន​រហូត​ដល់​ចំនួន ៧០ ​នាក់ និង​ចន្លោះ​ពី ១៥ ​ទៅ ១៨ ​ឆ្នាំ ​មាន​ចំនួន ៣១ នាក់​ដែល​ស្មើ​នឹង​ជិត​ពាក់​កណ្តាល​នៃ​ចំនួន​ជន​រងគ្រោះ​សរុប​ទាំង​អស់៕