ភ្នំពេញៈ ក្រសួងមហាផ្ទៃបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវគណៈកម្មាធិការចំនួន ២ កាលពីម្សិលមិញ ដើម្បីរួមសហការគ្នាធ្វើការទាក់ទងនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំងឺអេដស៍ និងកាមរោគ។
គណៈកម្មាធិការទាំង ២ នោះរួមមាន គណៈកម្មាធិការប្រឆាំងគ្រឿងញៀន ដែលត្រូវបានបង្កើតឡើងតាំងពីខែសីហា ឆ្នាំ ២០១៩ និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងកាមរោគត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេចបង្កើតតាំងពីឆ្នាំ ២០០១។
លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងក្នុងឱកាសប្រកាសដាក់ឲ្យដំណើរការនោះថា បើទោះជាកន្លងមក គណៈកម្មាធិការទាំង ២ មិនទាន់ត្រូវបានប្រកាសជាផ្លូវការក៏ដោយ ប៉ុន្តែគណៈកម្មាធិការទាំង ២ នេះបានចូលរួមសហការគ្នារៀបចំការងារបានមួយជំហាន ហើយជាពិសេសការរៀបចំនូវកិច្ចប្រជុំជាបន្តបន្ទាប់។
លោកបញ្ជាក់ថា៖ «ភាពយឺតយ៉ាវនៃការប្រកាសដំណើរការជាផ្លូវការនូវគណៈកម្មាធិការទាំង ២ នេះ គឺបណ្តាលមកពីបញ្ហាកូវីដ ១៩ រួមទាំងបញ្ហារួមផ្សំមួយចំនួនទៀត»។
បើទោះមិនទាន់បានចូលរួមអនុវត្តបានសកម្ម និងខ្លាំងក្លានៅឡើយ ដោយសារតែមិនទាន់បានរៀបចំយន្តការ និងការប្រកាសជាផ្លូវការ ប៉ុន្តែលោក កៅ ខុនដារ៉ា បានលើកឡើងថាចាប់ពីពេលនេះទៅ គណៈកម្មាធិការទាំង ២ នេះនឹងចូលរួមចំណែកលុបបំបាត់បញ្ហាដែលកើតមានឡើងដោយសារគ្រឿងញៀន និងបញ្ហាជំងឺអេដស៍ ដែលកំពុងបន្តគំរាមកំហែងនៅក្នុងប្រទេស តំបន់ និងពិភពលោក។
លោកបន្ថែមថា៖ «ចំពោះគណៈកម្មាធិការទាំង ២ គឺត្រូវរៀបចំផែនការបណ្តុះបណ្តាល និងធ្វើការបណ្តុះបណ្តាលពីបញ្ហាគ្រឿងញៀន ជំងឺអេដស៍ និងកាមរោគដល់ក្រុមជនបង្គោល និងតាមអង្គភាពជាសមាជិក និងរាជធានី ខេត្ត។ ទំនាក់ទំនងទៅអង្គភាពជាសមាជិក ដើម្បីស្នើសុំឯកសារប្រចាំខែ ប្រចាំឆមាស និងឆ្នាំធ្វើការបូកសរុបជូនក្រសួងមហាផ្ទៃ»។
លោក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រឆាំងគ្រឿងញៀនបានផ្តល់បទសម្ភាសកាលពីថ្ងៃទី ២៨ តុលា ថា គណៈកម្មាធិការទាំង ២ នេះគឺមានទិសដៅរួមគ្នាដោយបញ្ចូលសកម្មភាពតែមួយក្នុងការងារផ្សព្វផ្សាយ និងអប់រំ។ លោកបន្តថា ជាពិសេសនោះគឺការងារស្តារនីតិសម្បទារបស់ជនរងគ្រោះ ដែលរងផលប៉ះពាល់ពីគ្រឿងញៀន និងជំងឺអេដស៍ កាមរោគ។
លោកបញ្ជាក់ថា៖ «ព្រោះបញ្ហាគ្រឿងញៀន និងបញ្ហាផលប៉ះពាល់ជំងឺអេដស៍ គឺដូចគ្នា លើកលែងការអនុវត្តច្បាប់។ សម្រាប់ការអប់រំ បង្ការ និងការព្យាបាលរួមគ្នា ការប្រើប្រាស់ធនធានមនុស្សតែមួយ ប្រើថវិការួមគ្នា ដើម្បីយើងប្រើប្រាស់ថវិកា ធនធានតិច តែបានប្រសិទ្ធភាពច្រើន»។
លោក នាក់ យុទ្ធា បានឲ្យដឹងថា ការប្រកាសដាក់ដំណើរការ និងប្រកាសពីសមាសភាពរបស់គណៈកម្មាធិការទាំង ២ ក្នុងពេលតែមួយនេះ ក៏ព្រោះតែសមាសភាពមួយចំនួននៃគណៈកម្មាធិការនេះ គឺស្ថិតនៅរួមគ្នារួចទៅហើយក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជំងឺអេដស៍នៅកម្ពុជា ខណៈដែលសកម្មភាពក៏មានលក្ខណៈស្រដៀងគ្នា។
លោក មាស សុវណ្ណ ប្រធានសមាគមសង្គ្រោះជនរងគ្រោះដោយគ្រឿងញៀនកម្ពុជាហៅកាត់ថា DARAC បាននិយាយពីម្សិលមិញថា នេះគឺជាការប្រសើរដែលគណៈកម្មាធិការទាំង ២ រួមគ្នា អនុវត្តសកម្មភាពនៃការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន និងជំងឺអេដស៍ ដែលជារួម អ្នកញៀនគ្រឿងញៀនភាគច្រើន ច្រើនតែប្រឈមនឹងការឆ្លងជំងឺឆ្លង។
លោក សុវណ្ណ បានបញ្ជាក់ថា៖ «ជាការល្អមួយដែរ ព្រោះឥឡូវនេះក៏កំពុងប្រឈមនឹងជំងឺឆ្លងកូវីដ ១៩ ផង បើគេប្រយុទ្ធប្រឆាំងបែបនេះ ក៏ជាការល្អមួយដែរ ព្រោះយើងត្រូវមានការប្រុងប្រយ័ត្នជំងឺឆ្លងដទៃទៀត ដែលកើតមានឡើង ដូចជា ជំងឺអេដស៍ ដែលសុទ្ធតែជំងឺកាចសាហាវ»៕