ភ្នំពេញៈ ក្រសួង​មហា​ផ្ទៃ​ បាន​ស្នើ​ឲ្យ​រដ្ឋបាល​ រាជ​ធានី​ ខេត្ត​ ក្រុង​ កំណត់​ថ្ងៃ​ជួប​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​សមាគម​​នានា តាម​ការណែ​នាំ​ដែល​ក្រសួង​បាន​ដាក់​ចេញ​កាល​ពី​ឆ្នាំ​ ២០១៨ ខណៈ​ដែល​​អង្គ​ការ​សង្គម​ស៊ី​វិល​អះ​អាង​ថា បច្ចុប្បន្ន ខ្លួន​ត្រូវ​បានអាជ្ញា​ធរ​មូល​ដ្ឋាន​ ​រារាំង​នៅ​ពេល​ចុះ​បំពេញ​ការងារ។


តាម​លិខិត​របស់​លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ ចុះ​ថ្ងៃទី​ ១៤ មីនា ម្សិល​មិញ ​បាន​​ឲ្យ​ដឹង​ថា ក្រសួង​បាន​ដាក់​ចេញ​​នូវ​សេចក្តី​ណែ​នាំ​មួយ​ កាល​ពី​ថ្ងៃ​ទី​ ៣១ ខែ​ តុលា ឆ្នាំ​ ២០១៨ ដោយ​បាន​កំណត់​ឲ្យ​រដ្ឋបា​ល​រាជធានី​ ខេត្ត​ ត្រូវ​សម្រប​សម្រួល​រៀប​ចំ​វេទិកា​ពិគ្រោះ​យោបល់ ​ជាមួយ​សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល ​និង​សមាគម​នានា​នៅ​មូលដ្ឋាន។ វេទិកា​នេះ ​ត្រូវ​ធ្វើ​ឡើង​ឲ្យ​បាន​ទៀង​ទាត់​រាល់​ឆមាស ឬ​តាម​ការ​ចាំបាច់។

ដោយ​ផ្អែក​លើ​ការ​ណែនាំ​ខាង​លើ ក្រសួង​មហា​ផ្ទៃ​ ស្នើ​ឲ្យ​រដ្ឋបាល ​រាជធានី​​ខេត្ត​ ធ្វើ​ការ​កំណត់​ឲ្យ​បាន​ជាក់លាក់​នូវ​កាល​បរិច្ឆេទនៃ​ការ​រៀប​ចំ​វេទិកាពិគ្រោះ​យោបល់​ សម្រាប់​ឆ្នាំ​ ២០១៩ ដោយ​មាន​ការ​ចូលរួម​ពី​មន្ទីរ​ជំនាញ អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ព្រម​ទាំង​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម​នានា។ បន្ទាប់​មក​កាល​បរិច្ឆេទ​នេះ​ ត្រូវ​ផ្ញើ​ទៅ​ក្រសួង​មហាផ្ទៃ។

លិខិត​ក្រសួង​បន្ត​ថា៖ «បន្ទាប់​ពី​បញ្ចប់​វេទិកា​ រដ្ឋបាល​រាជធានី​ ខេត្ត​ ត្រូវ​ធ្វើ​របាយការណ៍​ជា​លាយ​លក្ខណ៍​អក្សរ​ស្ដី​ពី​លទ្ធផល សំណើ សំណូមពរ​សំខាន់ៗ រួម​ទាំង​បញ្ហា​នានា​ ដែល​មិន​អាច​ដោះ​ស្រាយ​បាន​នៅ​ក្នុង​សមត្ថ​​កិច្ច​របស់​ខ្លួន​ ផ្ញើមក​ក្រសួង​មហាផ្ទៃ​ ដើម្បើ​ស្នើ​សុំ​ការ​សម្រប​សម្រួល​ និង​ជួយ​គាំទ្រ​ក្នុង​ការ​ដោះ​ស្រាយ»។

លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់​ស្ពឺ​ បាន​ឲ្យ​ដឹង​ថា លោក​មិន​ទាន់​បាន​កំណត់​ពេល​ជួប​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​នៅ​ឡើយ ប៉ុន្តែ​លោក​នឹង​រៀប​ចំ​កាល​បរិច្ឆេទ​ជួប​ជាមួយ​អង្គការ​សង្គម​ស៊ិវីល​ ដោយ​លោក​ចាត់​ទុក​ថា ​អង្គការ​សង្គម​ស៊ីវិល ជា​ដៃ​គូ​ក្នុង​ការ​អភិវឌ្ឍ។


ប៉ុន្តែ​លោក ថេង សាវឿន អគ្គ​លេខាធិការ​ សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ បានថ្លែង​ថា ការ​យឺត​យ៉ាវ​ក្នុងការកំណត់​ថ្ងៃ​ជួប​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​នេះ​ធ្វើ​ឲ្យ​អាជ្ញាធរ​មូល​ដ្ឋាន​មួយ​ចំនួន​ រារាំង​ដល់​សកម្មភាព​ការ​ងារ​របស់​អង្គការ​សង្គម​ស៊ីវិលក្នុង​នោះ​ក៏​មាន​អង្គការ​លោក​ផ្ទាល់​ផង​ដែរ។

លោក​ថា ការ​រារាំង​ចុង​ក្រោយ​គឺ​កា​ល​ពី​ថ្ងៃទី ៨ មីនាកន្លង​ទៅ​ ដោយ​អាជ្ញាធរ ​ក្នុង​ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ​មិន​ឲ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​ ជួប​ជុំ​គ្នា​ប្រារព្ធទិវា​នារី​អន្តរជាតិ​ ដោយ​ឲ្យ​សហគមន៍​មូលដ្ឋាន​ទៅ​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ។

លោក​ថា​ ការ​រារាំង​លើក​ទី ២​ គឺ​កាល​ពី​ថ្ងៃ​ពុធ ទី ​១៣ ខែ​មីនា​ ដោយ​អាជ្ញា​ធរឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់​ស្ពឺ ​បាន​រារាំង​មិន​ឲ្យ​មាន​ការ​ប្រជុំ​ការ​ចង​ក្រង​ការងារ​សហគមន៍ ដោយ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ទៅ​សុំ​ច្បាប់​ពី​ខេត្ត។

លោក​ថ្លែង​ថា៖​ «នេះ​ជា​ការ​អនុវត្ត​ផ្ទុយ​ទៅ​នឹងស្មារតី​ពិគ្រោះ​យោបល់​រវាង​អង្គការ​សង្គម​ស៊ីវិល​ និង​រដ្ឋាភិបាល​ កាល​ពី​ថ្ងៃទី ១៧ ខែ​មករា​កន្លង​ទៅ»។

លោក​​ឲ្យ​ដឹង​ថា លោក​ក៏​បាន​ជូន​ដំណឹង​នេះ​ដោយ​ផ្ទាល់​មាត់​ទៅ​លោកប៊ុន ហុន រួច​ហើយដែរ។ លោក​សង្ឃឹម​ថា​ វេទិកា​រវាង​អង្គការ​សង្គម​ស៊ីវិល​ និង​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ​នឹង​ជួយ​ឲ្យ​ការ​ងារ​របស់​អង្គការ​សង្គម​ស៊ីវិល ប្រព្រឹត្ត​ទៅ​ដោយ​រលូន៕