ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌លោក កើត រិទ្ធ បានបង្កើតក្រុមការងារមួយដើម្បីដោះស្រាយសំណុំរឿងគ្រឿងញៀនខុសច្បាប់ និងការងារទាក់ទងនឹងវត្ថុតាងនៃបទល្មើសនេះដែលជាផ្នែកមួយចូលរួមអនុវត្ដយុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀននៅកម្ពុជា។
តាមសេចក្ដីសម្រេចចុះហត្ថលេខាដោយលោក កើត រិទ្ធ កាលពីថ្ងៃទី ២០ វិច្ឆិកា ស្ដីពីការបង្កើតក្រុមការងារដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបានកាលពីថ្ងៃទី ២៥ វិច្ឆិកា បានសម្រេចឱ្យលោក ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្ដិធម៌ធ្វើជាប្រធានរួមនឹងអនុប្រធាន ២ រូប និងសមាជិក និងលេខាកត់ត្រាចំនួន ៤ រូបទៀត។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងនេះថ្លែងកាលពីថ្ងៃទី ២៥ វិច្ឆិកា ថា ក្រុមការងារនេះគឺធ្វើការឱ្យក្រសួងយុត្ដិធម៌ក្នុងការចូលរួមការអនុវត្ដច្បាប់ និងបង្ក្រាបបទល្មើសតាមរយៈការអនុវត្ដយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់នៅកម្ពុជា។
លោកបានបញ្ជាក់ថា៖ «ក្រុមការងារនេះគឺចូលរួមនៅក្នុងការអនុវត្ដយុទ្ធនាការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស»។
បើតាមសេចក្ដីសម្រេចដដែលក្រុមការងារនេះមានតួនាទី និងភារកិច្ចជាច្រើនដែលត្រូវធ្វើក្នុងនោះមានការចុះតាមដានសំណុំរឿងបទល្មើសគ្រឿងញៀនតាមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ ដើម្បីពន្លឿននីតិវិធីចំណាត់ការរឿងក្ដី និងពន្លាតនីតិវិធីឈានដល់ការបង្ក្រាបបទល្មើសសម្អាតប្រាក់ និងស្វែងរកទ្រព្យសម្បត្ដិ និងផលដែលកើតចេញពីបទល្មើសគ្រឿងញៀនរបស់ជនល្មើសស្របតាមច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។
ក្រៅពីនេះក្រុមការងារក៏មានតួនាទី និងភារកិច្ចចុះតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ដ ដើម្បីប្រមូលវត្ថុតាងជាគ្រឿងញៀនដែលស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត ស៊ើបសួរ និងជំនុំជម្រះ និងស្នើសុំគោលការណ៍សម្រេចពីរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដើម្បីបំផ្លាញចោលផងដែរ។
លោក កើត រិទ្ធ បានបញ្ជាក់នៅក្នុងសេចក្ដីសម្រេចនេះថា៖ «ក្រុមការងារមានតួនាទី និងភារកិច្ចចុះតាមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ ដើម្បីពន្លឿននីតិវិធីនៃចំណាត់ការរឿងក្ដី និងចេញសាលក្រម ឬសាលដីកាស្ថាពរដែលសម្រេចរឹបអូសជាទ្រព្យសម្បត្ដិរដ្ឋនូវទ្រព្យសម្បត្ដិដែលកើតចេញពីបទល្មើសគ្រឿងញៀនរបស់ជនល្មើស»។
លើសពីនេះក្រុមការងារនេះក៏មានភារកិច្ចសហការជាមួយលេខាធិការដ្ឋាននៃគណៈកម្មការតាមដាន ការប្រមូល ការគ្រប់គ្រង និងការចាត់ចែងទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះតាមសាលាដំបូងរាជធានី-ខេត្ត ធ្វើការពិនិត្យ និងវាយតម្លៃលើវត្ថុតាងពាក់ព័ន្ធនឹងបទល្មើស គ្រឿងញៀន...ជាដើម។ល។
កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញសារាចរណែនាំដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រសួង និងស្ថាប័នពាក់ព័ន្ធឱ្យពង្រឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រោយពីបានកត់សម្គាល់ឃើញបទល្មើសនេះនៅតែកើតមានជាបន្តបន្ទាប់ និងមានរូបភាពកាន់តែធំព្រមទាំងកំពុងរីករាលដាលក្នុងតំបន់ និងក្នុងប្រទេសកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកនាយករដ្ឋមន្ដ្រីបានបញ្ជាក់ថា ការប្រែប្រួលនេះបានក្លាយជាកត្តាជំរុញធ្វើឱ្យទីផ្សារគ្រឿងញៀនសំយោគរីកកាន់តែធំទាំងក្នុង និងក្រៅតំបន់ដែលក្នុងនោះកម្ពុជាក៏បាន និងកំពុងទទួលរងគ្រោះដោយសារឥទ្ធិពលនៃបទឧក្រិដ្ឋដែលមានលក្ខណៈជាសកលនេះដែរ។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិផ្ដល់ឱ្យភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា រយៈពេល ៩ ខែឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបានជាង ៧ ៨០០ ករណី ក្នុងនោះចាប់ខ្លួនជនសង្ស័យបានចំនួន ១៥ ៩១៥ នាក់រឹបអូស និងដកហូតសារធាតុញៀនគ្រប់ប្រភេទបានចំនួនជាង ៧៥៣ គីឡូក្រាម ដែលករណីនេះបានកើនឡើង ៨ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩៕