ភ្នំពេញៈ ក្រសួង​យុត្តិធម៌​បាន​​បដិសេធថា មិន​មាន​អំពើ​ពុករលួយ និង​ភាពមិនប្រក្រតី​នៅក្នុង​ការប្រឡង​សិស្ស​ចៅក្រម​ជំនាន់​ទី​ ១០ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ខែធ្នូ​ទេ ប៉ុន្តែ​យល់ព្រម​ទទួល​យក​នូវ​ចំណុច​កែលម្អ​​ក្នុង​វិស័យ​យុត្តិធម៌ បន្ទាប់ពី​បាន​ឆ្លើយ​តទល់​គ្នា​ជាមួយ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​កាលពី​ថ្ងៃ​អង្គារ​។


បន្ទាប់ពី​ទទួល​បាន​ការអនុញ្ញាត​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តប​តាម​ការអញ្ជើញ​ពី​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​តាមរយៈ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​កាលពី​​ថ្ងៃ​អង្គារ​លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​លើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​ថា ការប្រទ្បង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​ ១០ ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​អំពើ​ពុករលួយ និង​ត្រឹមត្រូវ​ស្របតាម​ច្បាប់​។

ជាមួយ​គ្នា​នេះ​លោក អង្គ វង្ស វឌ្ឍានា បាន​បកស្រាយ​ពី​​ការរៀបចំ​ប្រឡង​នេះ​ថា បាន​ធ្វើ​ឡើង​ក្រោម​ការពិនិត្យ​យ៉ាង​ល្អិតល្អន់​ដោយ​មាន​ការទទួល​ស្គាល់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ព្រមទាំង​រាជបណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលាការ​។

លោក​ថា​៖ «​ចំពោះ​ករណីនេះ ប្រតិភូ​ក្រសួង​យុតិ្តធម៌​បាន​បកស្រាយ​បំភ្លឺ​យ៉ាងច្បាស់លាស់​ជូន​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​រួចហើយ​។ ប្រតិភូ​ក្រសួង​យុតិ្តធម៌​បាន​ធ្វើការ​បកស្រាយ​បំភ្លឺ​អំពី​គោលការណ៍​​សំខាន់ៗ ដែល​ធានា​បាន​ថា ការប្រទ្បង​ប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព ត្រឹមត្រូវ សុក្រឹត និង​ភាព​អាច​ជឿ​ទុកចិត្ត​បាន​ដោយ​​ផ្អែក​លើ​បទបញ្ជា​ផ្ទៃក្នុង និង​នីតិវិធី​នៃ​ការប្រទ្បង​ប្រជែង​»​។


ក្រៅពី​បកស្រាយ​ករណីនេះ​លោក អង្គ វង្ស វឌ្ឍានា បាន​អះអាង​ថា ក្រសួង​យុតិ្តធម៌​ក៏​បាន​ទទួល​នូវ​មតិយោបល់ ព័ត៌មាន និង​សំណូមពរ​ពី​ប្រតិភូគណបក្ស​មួយ​ចំនួន​ដែល​បាន​លើកទ្បើង​ពី​ភាព​មិនប្រក្រតី​នៃ​ការអនុវត្ត​នីតិវិធី​ច្បាប់ ភាព​អសកម្ម និង​បញ្ហា​ពុករលួយ​នៅក្នុង​ស្ថាប័ន​តុលាការ​ផងដែរ​។


លោក​បន្ថែមថា​៖ «​ក្រសួង​យុត្តិធម៌​រីករាយ និង​សូម​ស្វាគមន៍​ទទួល​យក​នូវ​មតិយោបល់ និង​សំណូមពរ​នានា​ពី​សមាជិក​នៃ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ដែល​ចាត់ទុក​ថា​នេះ​ជាការ​ចូលរួមចំណែក និង​ជា​ធាតុ​ចូល​យ៉ាងសំខាន់​...»​។

យ៉ាងណា​ក្ដី​លោក វឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការអះអាង​របស់​ក្រសួង​យុត្តិធម៌​នេះ​គ្រាន់តែ​ជា​ការដោះសា​ប៉ុណ្ណោះ​។ លោក​ថា​នឹង​តាមដាន​បន្តទៀត​លើ​អ្វីដែល​លោក​បាន​រកឃើញ​ក្នុង​វិស័យ​យុត្តិធម៌​ដែល​រដ្ឋមន្ត្រី​ក្រសួង​នេះ​បាន​ទទួល​ស្គាល់ និង​​សន្យា​កែលម្អ​។

លោក​បញ្ជាក់ថា​៖ «​យើង​ទទួល​បាន​ភាពជោគជ័យ​នោះ​គឺ​ការប្រឡង​ផ្ទៃ​ក្នុង​នៃ​ការជ្រើសរើស​ចៅក្រម និង​ព្រះរាជអាជ្ញា​ក្រោយ​ការជជែក​ដេញដោល​ជិត​ ១ ម៉ោង​ដោយ​ទីបំផុត ក្រសួងយុត្តិធម៌​បាន​ទទួលស្គាល់​ថា ពិតជា​មាន​ភាពខ្វះ​ចន្លោះ​ក្នុង​ការអនុវត្ត​ច្បាប់​ពិតប្រាកដ​មែន​...»​។

ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ក៏​បាន​លើកឡើង​​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ខ្លួន​ផងដែរ ក្រោយ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​កាលពី​ថ្ងៃ​អង្គារ​ថា ភាពមិន​ប្រក្រតី​បញ្ហា​អសកម្ម ការរំលោភ​អំណាច និង​អំពើ​ពុករលួយ​ដោយ​​ជំរុញ​ឲ្យ​ក្រសួង​យុត្តិធម៌​យកចិត្ត​ទុកដាក់​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព និង​ដាក់ទោស​ដល់​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​។

ស្ថាប័ន​នេះ​បញ្ជាក់ថា​៖ «​ដោយសារ​តែមាន​អំពើ​មិន​ប្រក្រតី​ដោយ​បុគ្គល​ទើប​សម្តេច​តេជោ ផ្តួចផ្តើម​គំនិត​បង្កើត​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ដែលមាន​បំណង​រួមគ្នា​តែមួយ​ដើម្បី​ផលប្រយោជន៍​ប្រជាជន​កម្ពុជា​ដោយ​ឈរលើ​​ជំហរ​ពង្រឹង​នីតិរដ្ឋ​... »​។

ទន្ទឹម​នេះ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ក៏​​សំណូមពរ​ឲ្យ​ក្រសួង​យុត្តិធម៌​ពង្រឹង​ដល់​ស្ថាប័ន​អយ្យការ​ឲ្យ​បំពេញការងារ​តាមច្បាប់​ចៀសវាង​ការចាប់​ឃុំខ្លួន​ភាគី​​ទំនាស់​ដីធ្លី ហើយ​ផ្ទុយ​ទៅ​វិញ​ព្រះរាជអាជ្ញា ត្រូវ​រស់​រវើក​ក្នុង​ការកសាង​សំណុំ​រឿង​ព្រហ្មទណ្ឌ ជា​បណ្តឹង​អាជ្ញា​ពាក់ព័ន្ធ​នឹង​​អំពើ​ហិង្សា​លើ​រាងកាយ​ជាដើម​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​លើកឡើង​ថា ជារួម​យន្តការ​នេះ​ហាក់​មិន​សូវ​មាន​ការចាប់អារម្មណ៍​នោះទេ​។ ​លោក​មិន​រំពឹង​ថា យន្តការ​​នេះ​មាន​ប្រសិទ្ធភាព​ដែល​​អាច​ចូលរួម​កែទម្រង់​បាន​ល្អ​ប្រសើរ​ជាង​យន្តការ​ចម្រុះ​ក្នុង​រដ្ឋសភា​ដោយ​មាន​សមាជិក​មក​​ពី​គណបក្ស​ច្រើន​នោះដែរ​។

លោក​បន្ថែមថា​៖ «​បើ​មាន​​ភាគី​ច្រើន​ដូច​ក្នុង​សភា​អី​បាន​​មាន​ការសួរ​ដេញដោល​ប្រកប​ដោយ​ឥទ្ធិពល​ខ្លាំង​។ បើ​ទោះមាន​ការយកចិត្ត​ទុកដាក់​ខ្លះ ប៉ុន្តែ​សម្រាប់​ឧត្តម​ក្រុមប្រឹក្សា​​ពិគ្រោះ និង​ផ្តល់យោបល់​នេះ​គឺ​យើង​ឃើញ​ពួកគេ​ធ្វើការងារ​មិន​ស្ថិត​ក្នុង​កម្រិត​នៃ​ការប្រកួត​ប្រជែង​នោះទេ​»៕