ក្រចេះ: ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​ ២៩ ខែកញ្ញា ថា រដ្ឋបាល​ខេត្តក្រចេះ និង​គណៈកម្មាធិការ​ប្រើប្រាស់ និង​បែងចែក​ដី​ខេត្តក្រចេះ​បាន​រៀបចំ និង​បែងចែក​ដីសម្បទាន​សង្គមកិច្ច​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៣ ​ក្រុម​រួមមាន ក្រុម ៩៩៨ ​គ្រួសារ​, ក្រុម ៣៥៣ ​គ្រួសារ និង​ក្រុម ៣១ ​គ្រួសារ ស្ថិតនៅ​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​កាលពី​ថ្ងៃទី​ ១០ ខែ មិថុនា ឆ្នាំ​ ២០២០ ​នេះ​។


យោង​តាម​សេចក្ដី​ប្រកាស​​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី បាន​ឱ្យ​ដឹង​ថា ការរៀបចំ​បែងចែក​ដីសម្បទាន​សង្គមកិច្ច​ជូន​ដល់​ប្រជាពលរដ្ឋ​សរុប​ទាំង ១ ៣៨២ ​គ្រួសារ​នេះ ​គឺ​ស្របតាម​នីតិវិធីសម្បទាន​ដី​សង្គមកិច្ច និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ដែល​មាន​ជា​ធរមាន​។ ដូច្នេះ​បាន​សម្រេច​បញ្ចប់​ករណី​ខាងលើ​នេះ​។

ដោយឡែក​បើ​មាន​ករណី​តវ៉ា​ទាមទារ​ដីធ្លី​ថ្មីៗ​ដោយ​អះអាង​ថា សាមីខ្លួន​ជា​ក្រុម​ណាមួយ​នៃ​ក្រុម​ទាំង ៣ ​ខាង​លើ​នេះ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់ទុក​ថា ជាការ​បង្កើត​វិវាទ​ដីធ្លី​ថ្មី​ដែល​នឹងមិន​ត្រូវ​លើក​យកមក​ដោះស្រាយ និង​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​។

លោក ហេង សុថា អភិបាលស្រុក​ឆ្លូង​បាន​ថ្លែង​ពី​ម្សិលមិញ​ថា សំណុំរឿង​ទំនាស់​ដីធ្លី​នៅ​ស្រុក​ឆ្លូង​ទាំងមូល​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ជា​ស្ថាពរ​ហើយ ដោយ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៣ ​ក្រុម​រួមមាន ក្រុម ៩៩៨ ​គ្រួសារ​, ក្រុម ៣៥៣ ​គ្រួសារ និង​ក្រុម ៣១ ​គ្រួសារ សុទ្ធតែ​បាន​ទទួល​ដី​ពី​គណៈកម្មាធិការ​ដោះស្រាយ​ទំនាស់​។

គណៈកម្មាធិការ​បាន​ធ្វើការ​ស្រង់​ស្ថិតិ ធ្វើ​អត្តសញ្ញាណកម្ម​ដី និង​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់​មុនពេល​សម្រេច​វាស់វែង ឬ​កាត់​ដី​បែងចែក​ពួកគាត់​។ ប៉ុន្ដែ​ទន្ទឹម​ការបែងចែក​ដី​ក៏​មាន​ក្រុម​មេខ្យល់​ខិលខូច​ញុះញង់​ឱ្យ​ពលរដ្ឋ​បន្ត​ការតវ៉ា​​យក​ដី​កន្លែង​ផ្សេងៗ​ទៀត ដើម្បី​យក​ទៅ​លក់​។


លោក សុថា បញ្ជាក់​ថា​៖ «​យើង​បិទ​បញ្ចប់​សំណុំ​រឿងនេះ​ទាំងស្រុង​គឺ​គ្មាន​អ្នក​តវ៉ា​យក​ដី​ទៀត​ទេ ប៉ុន្ដែ​បើ​តវ៉ា ក៏​យើង​គ្មាន​ដី​បែងចែក​ឱ្យ​ទៀត​ដែរ​។ ក្នុង​ហ្នឹង វា​មាន​អ្នក​ដែល​មិនសូវ​សប្បាយចិត្ត​ជាមួយ​អាជ្ញាធរ​ដែរ ព្រោះ​អ្នកខ្លះ​គាត់​ចង់បាន​ដី​កន្លែង​នេះ កន្លែង​នោះ​តាម​ចិត្ត​របស់គាត់ ប៉ុន្ដែ​ក្នុង​នាម​យើង​អាជ្ញាធរ មិន​អាច​ធ្វើតាម​ចិត្ត​ពួកគាត់​បានទេ គឺ​អ្វីៗ​ធ្វើ​ទៅតាម​នីតិវិធី​ច្បាប់​»​។

អ្នកស្រី យស់ ស្រអែម តំណាង​ពលរដ្ឋ​ក្រុម ៣១ ​គ្រួសារ​ បាន​ឱ្យដឹងពី​ម្សិលមិញ​ថា ពលរដ្ឋ ២០ ​គ្រួសារ​ ក្នុង​ចំណោម ៣១ ​គ្រួសារ​ បាន​ទទួល​ដី​សម្បទាន​សង្គមកិច្ច​ពី​រាជរដ្ឋាភិបាល​ចំនួន ២​ ហិកតា​ ក្នុង​ ១ ​គ្រួសារ​។ ចំណែក ១១ ​គ្រួសារ​ទៀត​មិនទាន់​បាន​ទទួល​ដី​នៅឡើយ ដោយ​អាជ្ញាធរ​អះអាង​ថា ពួកគាត់​មិនមាន​សិទ្ធិ​ទទួល​បាន​ដីសម្បទាន​សង្គមកិច្ច​។

អ្នកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​ទទួលបាន​ដី ២ ​ហិកតា​ពី​អាជ្ញាធរ ប៉ុន្ដែ​ដី​ដែល​បាត់​ចំនួន ៧ ​ហិកតា តែ​ទោះ​យ៉ាងណា​ក៏​សប្បាយចិត្ត​ដែរ ព្រោះ​បាន​ដី​មកវិញ​ខ្លះ​។

ចំណែក​ពលរដ្ឋ​នៅក្នុង​ក្រុម​ខ្ញុំ​នេះ​គឺ​មាន ១១ ​គ្រួសារ​មិនទាន់​បាន​ដី​ទេ សូម​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បន្ត​ការដោះស្រាយ និង​បែងចែក​ដី​ជូន​ពលរដ្ឋ​ដែល​នៅ​សេសសល់​នេះ ព្រោះ​ពួកខ្ញុំ​ក្រីក្រ​ណាស់ គ្មាន​ដី​ធ្វើ​កសិកម្ម ឬ​រស់នៅ​ទេ​»​។

អ្នកស្រី ឈិន សុផាត ពលរដ្ឋ​ទំនាស់​ដីធ្លី​រស់នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង​បាន​និយាយ​ពី​ម្សិលមិញ​ថា អ្នកស្រី​នៅក្នុង​ចំណោម​ពលរដ្ឋ​ទំនាស់​ដីធ្លី​នៅ​ឃុំ​កំពង់ដំរី​ដែរ ប៉ុន្ដែ​អ្នកស្រី​នៅ​មិនទាន់​បាន​ដី​ពី​អាជ្ញាធរ និង​គណៈកម្មាធិការ​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​ទេ​។ ក្រុម​អ្នកស្រី​មាន​គ្នា​ចំនួន ២១ ​គ្រួសារ ប៉ុន្ដែ​អាជ្ញាធរ​បាន​មើលរំលង​ក្រុម​អ្នកស្រី ខណៈ​អ្នកស្រី​បានដាក់​ពាក្យបណ្ដឹង​ទៅ​ក្រសួង​តាំងពី​ដើមឆ្នាំ​ ២០១៩​។

អ្នកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​អត់​ទាន់​បាន​ទទួល​ដី​ពី​អាជ្ញាធរ​ទេ ហើយ​ពួកខ្ញុំ​ចំនួន ២១ ​គ្រួសារ​នេះ​ក៏​ជា​អ្នករងគ្រោះ​ដោយសារ​ដីធ្លី​ដែរ​។ ពួកខ្ញុំ​បាន​ដាក់​ពាក្យ​ទៅ​ក្រសួង​រៀបចំ​ដែនដី​តាំង​ឆ្នាំ​ ២០១៩ តែ​គ្មាន​ដំណឹង​អី្វ​ពី​ក្រសួង​ទេ ហើយ​ពេល​បែងចែក​ដី​នេះ​ក៏​អ៊ីចឹង​ដែរ អាជ្ញាធរ​មិន​កាត់​ដី​ឱ្យ​ពួកខ្ញុំ​ទេ ខ្ញុំ​មិនដឹងថា មាន​មូល​ហេតុអ្វី​ទេ​»​។

ទោះយ៉ាងណា​ក៏ដោយ​លោក ធីម ហ៊ន មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្តក្រចេះ​បាន​ថ្លែង​ដោយ​ជំរុញ​ឱ្យ​អាជ្ញាធរ​សិក្សា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ព្រោះ​នៅ​មាន​ពលរដ្ឋ​មួយចំនួន​ដែល​រស់នៅក្នុង​ឃុំ​កំពង់ដំរី មិន​ទាន់​បានទទួល​ការដោះស្រាយ​ដី​ជូន​ពួកគាត់​គ្រប់គ្នា​នៅឡើយ​។

លោក​ថ្លែងថា​៖ «​ចំពោះ​ការព្រមាន​ចាត់វិធានការ​នេះ​គឺ​ក្នុង​ន័យ​ចាត់វិធានការ​អ្នក​ដែល​ទទួល​បាន​ដី​ហើយ តែ​ពួកគាត់​តវ៉ា​ចង់បាន​ដី​បន្ថែម អាហ្នឹង​ខ្ញុំ​គាំទ្រ​។ ប៉ុន្ដែ​ករណី​អ្នក​ដែល​មិនទាន់​ទទួល​បាន​ដី​ផង ហើយ​អាជ្ញាធរ​ចេញ​សារ​ព្រមាន​បែបនេះ គឺ​ខ្ញុំ​មិន​គាំទ្រ​ទេ​។ អ៊ីចឹង អាជ្ញាធរ​ត្រូវតែ​សើរើ​សំណុំរឿង​ពួកគាត់​មក​ដោះស្រាយ​ឡើងវិញ មិន​អាច​ព្រមាន​ចាត់​វិធានការ​ពួកគាត់​ទេ គឺ​បន្ត​ដោះស្រាយ​ជូន​ពួកគាត់​ទៀត​»​។

ក្រុមហ៊ុន​កាសូទីត​របស់​រុស្ស៊ី​ បាន​បណ្ដេញ​ពលរដ្ឋ​មួយចំនួន​ចេញពី​ដី​ខ្លួន​កាលពី​ឆ្នាំ​ ២០០៧​។ បន្ទាប់មក​ក្រុម​ពលរដ្ឋ​ទាំង​នោះ​បាន​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​ទៅ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​បានសម្រេច​ផ្ដល់​ដីសម្បទាន​សង្គមកិច្ច​នៅ​ឃុំ​កំពង់ដំរី​ជូន​ពលរដ្ឋ​៕