កំពង់ឆ្នាំងៈ ក្រសួងវប្បធម៌និងវិចិត្រសិល្បះ កំពុងផលិតបង្គោលកំណត់ព្រំដែន តំបន់ការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិបន្ថែមទៀត ដើម្បីត្រៀមយកទៅបោះនៅតំបន់ស្ថានីយបុរេប្រវត្តិសាស្ត្របន្ទាយលង្វែក ដែលមានទីតាំងស្ថិតនៅក្នុងស្រុកកំពង់ត្រឡាចនាពេលខាងមុខ។
លោក វឿន វុទ្ធី ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យានៃអគ្គនាយកដ្ឋានបេតិកភណ្ឌប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៥ វិច្ឆិកា ថា បង្គោលកំណត់ព្រំដែនតំបន់ការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដែលកំពុងផលិតនេះមានរាងបួនជ្រុងទ្រវែង កំពស់ ១,៦០ ម៉ែត្រ និងមានរចនាក្រពុំផ្កាឈូក និងស្រទាប់ផ្កាឈូកនៅផ្នែកខាងលើ ដែលតំណាងឲ្យភាពរីកលូតលាស់ ទាំងផ្នែកវប្បធម៌ អរិយធម៌ និងភាពសម្បូរសប្បាយនៃសង្គមជាតិ។
នៅផ្នែកខាងក្រោមនៃក្បាច់រចនាក្រពុំឈូក និងស្រទាប់ផ្កាឈូកនេះ មានចម្លាក់ឡូហ្គោក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ដើម្បីបញ្ជាក់ទីតាំងដែលត្រូវបានបោះបង្គោលនេះថា ជាតំបន់ការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដែលគ្រប់គ្រងដោយក្រសួង វប្បធម៌ និងវិចិត្រសិល្បះ ដែលមិនអាចបំពារបំពានបាន។
នៅខាងក្រោមឡូហ្គូមានចម្លាក់ក្បាលកាឡា (រាហ៊ូ) ដែលតំណាងឲ្យឆ្មាំការពារតំបន់បេតិកភណ្ឌសម្បត្តិវប្បធម៌ជាតិ។ ចំណែកផ្នែកខាងក្រោមចម្លាក់ក្បាលកាឡា រចនាស្រទាប់ផ្កាឈូកផ្កាប់ ដែលតំណាងឲ្យឫសគល់នៃវប្បធម៌ អរិយធម៌ ដ៏រឹងមាំរបស់ខ្មែរ។
លោក វុទ្ធី បន្តថា ក្រៅពីចម្លាក់ក្បាច់រចនាទាំងនេះ បង្គោលនោះក៏មានរចនាអក្សរ «ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ» និង «តំបន់ការពារសម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិ» ផងដែរ។
លោកបញ្ជាក់ថា៖ «នៅពេលនេះ យើងបានផលិតបង្គោលកំណត់ព្រំដែនតំបន់ការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិចំនួនជាង ១៤០ នឹងបានដឹកទៅកាន់តំបន់ស្ថានីយបុរាណដ្ឋានបេតិកភណ្ឌប្រវត្តិសាស្ត្របន្ទាយលង្វែក ដើម្បីត្រៀមជីកដាំនៅពេលឆាប់ៗខាងមុខ»។
យោងតាមឯកសារប្រវត្តិសាស្ត្រ តំបន់បុរាណដ្ឋានបេតិកភណ្ឌវប្បធម៌ជាតិបន្ទាយលង្វែក ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៥២៧ ដោយព្រះបាទ ចន្ទ រាជា ។ បច្ចុបន្ន ទីតាំងតំបន់បុរាណដ្ឋាននេះ ត្រូវបានប្រជាពលរដ្ឋមួយចំនួន ចូលទៅតាំងទីលំនៅនិងអាស្រ័យផលជាបន្តបន្ទាប់។
បើតាមលោក វុទ្ធី ចាប់តាំងពីឆ្នាំ ២០០៧ មក ក្រសួងបានផលិតបង្គោលកំណត់តំបន់ការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ចំនួនរាប់ពាន់ដើមមកហើយ និងបានយកទៅជីកដាំនៅតាមតំបន់បុរេប្រវត្តិសាស្ត្រ និងបុរាណដ្ឋានបេតិកភណ្ឌជាច្រើនកន្លែងនៅតាមបណ្ដារាជធានី-ខេត្ត មួយចំនួនផងដែរ។
លោក វុទ្ធី ថ្លែងថា៖ «យើងដាំបង្គោលកំណត់តំបន់ការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ តែនៅតំបន់ស្ថានីយបុរេប្រវត្តិសាស្ត្រ និងបុរាណដ្ឋានបេតិកភណ្ឌទាំងឡាយណា ដែលមានមនុស្សចូលទៅរំលោភទន្ទ្រានយកដីធ្លី ដោយខុសច្បាប់ប៉ុណ្ណោះ ព្រោះយើងបារម្ភខ្លាចបាត់បង់និងខូចខាតនូវទីតាំងប្រវត្តិសាស្ត្រទាំងនេះ»។
លោក តូច អ៊ី មេឃុំលង្វែកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា កាលពី ២ សប្ដាហ៍មុន ក្រុមមន្ត្រីជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានចុះទៅប្រជុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីបញ្ហានេះរួចហើយ។
លោកបន្តថា៖ «តាមស្មារតីនៃកិច្ចប្រជុំលំនៅដ្ឋានប្រជាពលរដ្ឋក្នុងភូមិចំនួន ៣ រួមមាន ភូមិញ៉ាតាំង ភូមិស្រះចក និងភូមិវត្តិ ដែលស្ថិតនៅក្នុងតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្របន្ទាយលង្វែក គឺអនុញ្ញាតឲ្យរស់នៅបន្ត ប៉ុន្តែផ្ទៃដីអាស្រ័យផលអាចនឹងត្រូវដកហូតឬនិងមិនអនុញ្ញាតឲ្យមានការអភិវឌ្ឍអ្វីបន្ថែមទេ»៕